ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទិវា​ជន​ភៀស​ខ្លួន​ពិភព​លោក​ផ្តល់​នូវ​ភាព​បន្ទាន់​ដោយ​សារ​រដូវ​ផ្ការីក​នៅ​អារ៉ាប់


ជនភៀសខ្លួន​ស៊ីរី​បួងសួង​ក្នុងជំរុំ​ បូយនុយូហ្គុន​ (Boynuyogun) ប្រទេស ​តួគី​ ជិតព្រំដែន​​ប្រទេស​ ស៊ីរី​កាលពី​ថ្ងៃទី១៦​ខែមិថុនា ឆ្នាំ២០១១។
ជនភៀសខ្លួន​ស៊ីរី​បួងសួង​ក្នុងជំរុំ​ បូយនុយូហ្គុន​ (Boynuyogun) ប្រទេស ​តួគី​ ជិតព្រំដែន​​ប្រទេស​ ស៊ីរី​កាលពី​ថ្ងៃទី១៦​ខែមិថុនា ឆ្នាំ២០១១។

ខណៈ​ដែល​ពិភពលោកប្រារព្ធ​ទិវា​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិនៅថ្ងៃ​ទី​២០ ខែ​មិថុនា​នេះ​ ចំនួន​ប្រជា​ពលរដ្ឋដែលរត់គេច​ចេញ​ពីអំពើ​ហិង្សានៅ​ទូទាំង​ពិភពអារ៉ាប់​ កំពុង​កើន​ឡើង។​ ការ​ងើប​បះ​បោរ​របស់ក្រុមគាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យត្រូវ​បាន​បង្ក្រាប​យ៉ាងឃោ​ឃៅ​នៅ​តាម​កន្លែង​ជា​ច្រើន​ មាន​ដូច​ជាប្រទេសលីប៊ី​ (Libya)​ និង​ស៊ីរី​(Syria)​ ដោយ​បង្ខំ​មនុស្ស​រាប់​ម៉ឺន​នាក់​ឲ្យ​ជម្លៀស​ចេញ ​ដោយ​មិន​ដឹង​ថា​អនាគត​នឹងទៅជា​យ៉ាង​ណា​ទេ។​ ជន​ភៀស​ខ្លួន​ជា​ច្រើនមាន​សេចក្តី​សង្ឃឹម​តិច​តួច​ណាស់​ក្នុង​ការ​វិលត្រឡប់​ទៅ​កាន់​ទី​កន្លែងដែល​ពួក​គេ​ធ្លាប់​ហៅ​ថាជាគេហដ្ឋាន។

ជំរុំ​ជន​ភៀស​ខ្លួន​យ៉ាយ​ឡា​ដា​ហ្គី (Yayladagi)​ ស្ថិត​នៅ​ក្បែរ​ព្រំ​ដែន​ប្រទេស​ទួរគី​ជា​មួយ​ប្រទេស​ស៊ីរី​ ត្រូវ​បាន​រៀប​ចំ​នៅ​ក្នុង​អតីត​រោង​ចក្រ​ថ្នាំ​ជក់​មួយ​កន្លែងដែល​នៅសេស​សល់។​ មាន​ជន​ភៀស​ខ្លួនប្រហែល៣​ពាន់​ ៥០០​នាក់​ ដែល​កំពុង​រស់​នៅ​ទី​នេះ។​ មាន​ក្រុម​គ្រួសារ​ជា​ច្រើន​ទៀតកំពុង​ចូល​មក​រស់​នៅ​ ជា​រៀង​រាល់​ថ្ងៃ។

ក្រុម​អ្នក​រស់​នៅ​ក្នុង​ជំរុំ​នេះបានរត់​គេច​ខ្លួន​ប្រកប​ដោយ​ភាពភ័យ​តក់​ស្លុត​ ដោយ​ចាក​ចេញ​ពី​ផ្ទះ​សម្បែងរបស់​ពួក​គេ​ ព្រម​ទាំង​ដី​ធ្លី​ដែល​ពួក​គេ​កាន់​កាប់។

ពួក​គេគឺ​ជា​ចំណែក​មួយ​នៃ​ពលរដ្ឋ​ស៊ីរី​ជា​ច្រើន​ ដែល​រត់​គេច​ចេញ​ពី​ការ​បង្ក្រាប​របស់រដ្ឋាភិបាលទៅ​លើការ​តវ៉ារបស់​ក្រុម​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ ដែល​ជា​ជន​ភៀស​ខ្លួន​ថ្មីៗ​បំផុត​ក្នុង​រដូវ​ផ្កា​រីកនៅ​អារ៉ាប់​ ឬ​ហៅ​ជា​ភាសា​អង់​គ្លេស​ថា​ Arab​ Spring។

ថ្ងៃ​ទី​២០​ ខែ​មិថុនា​ គឺ​ជា​ទិវា​ជន​ភៀស​ខ្លួន​ពិភព​លោករបស់​អង្គការ​សហ​ប្រជាជាតិ​ (UN​ World​ Refugee​ Day)។​ លោក ​ម៉ានស៍​ នីប៊ើក​ (Mans​ Nyberg)​ នៃ​ទី​ភ្នាក់​ងារ​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហ​ប្រជាជាតិ​ ឬ​ហៅ​កាត់​ថា​ UNHCR​ មាន​ប្រសាសន៍​ថា​ ប្រជាពលរដ្ឋរាប់ពាន់នាក់ ​ដែល​ត្រូវ​បង្ខំ​ចិត្ត​ឲ្យ​ភៀស​ខ្លួន​ដោយ​សារ​ការ​ងើប​បះ​បោរ​ និង​ជម្លោះនៅ​ទូទាំងពិភព​អារ៉ាប់​ បាន​ធ្វើ​ឲ្យ​ឆ្នាំ​នេះមាន​ភាព​តាន​តឹង​យ៉ាង​ខ្លាំង។

«ជា​មូល​ដ្ឋាន​ វា​ជា​ការ​ផ្លាស់​ប្តូរ​ចុង​ក្រោយ​ប្រកប​ដោយ​ភាព​អស់​សង្ឃឹម​ដែល​អ្នក​ត្រូវ​តែ​ធ្វើ ​នៅ​ពេល​ដែល​អ្នក​គ្មាន​ជម្រើសអ្វីផ្សេងក្រៅ​ពី​នេះ។​ នៅ​ពេល​ដែល​គេហដ្ឋាន​របស់​អ្នកត្រូវ​ឆេះ​បំផ្លាញ​ អ្នកឃើញ​ក្រុម​ទាហានវាយ​ប្រហារមកលើ​ទី​ក្រុង​របស់​អ្នក​ ដូច្នេះអ្នក​ត្រូវ​តែ​ចាក​ចេញ»។

ព្យុះ​ខ្សាច់​មួយ​កំពុង​កើត​មាន​ឡើង​នៅ​ឯ​ជំរុំ​ជន​ភៀស​ខ្លួន​ស្ស៊ូស្សា​ (Shousha)​ នៅ​តាម​បណ្តោយព្រំ​ដែន​របស់​ប្រទេស​ទុយ​ណេ​ស៊ី​ជា​មួយ​លីប៊ី។

ជន​ភៀស​ខ្លួន​រាប់​សែន​នាក់​បាន​ឆ្លង​កាត់​ទី​នេះ​ ចាប់​តាំង​ពី​ជម្លោះ​នៅ​លី​ប៊ីបាន​ផ្ទុះ​ឡើង​កាល​ពីខែកុម្ភះ​ ដែល​ភាគ​ច្រើន​គឺ​ជាក្រុម​កម្មករ​នៅ​ក្រៅ​ប្រទេសមក​ពី​ទ្វីប​អាហ្វ្រិក។

អំពើ​ហិង្សានៅ​ក្នុង​ជំរំរវាងជន​ជាតិផ្សេង​ៗគ្នា​ បាន​កើន​ឡើង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗនេះ។​ ជន​ភៀស​ខ្លួន​ជា​ច្រើន​ត្រូវបានសម្លាប់​ នៅ​ពេល​ដែលផ្នែក​ខ្លះរបស់​ជំរំ​នេះ ត្រូវ​បាន​ដុត​បំផ្លាញ។

លោក​ស្សីស្សាយ​ ថេសហ្វេ​ (Shishay​ Tesfay)​ ជា​ជន​ភៀស​ខ្លួន​ជន​ជាតិ​អ៊ីរីទ្រា​ (Eritrea)។

«កាល​ពី​១០​ថ្ងៃ​មុន​ យើង​បានបាត់​បង់​បង​ប្អូន​ប្រុសរបស់​យើង​ចំនួន​៤​នាក់។​ ពួក​គេ​ត្រូវ​បាន​ដុតនៅក្នុង​តង់​មួយ។​ ពួក​គេ​មិន​អាច​រត់​គេច​ចេញ​រួច​ទេ​ ដោយ​សារ​តែ​តង់​នោះត្រូវ​បាន​ឆាប​ឆេះ​យ៉ាង​សន្ធោរសន្ធៅ​ ហើយ​អណ្តាត​ភ្លើងមិន​ផ្តល់​ពេល​វេលា​ដល់​អ្នក​ឡើយ។​ តង់​ត្រូវបាន​ឆេះ ​ហើយ​ត្រូវ​បំផ្លាញក្នុង​រយៈ​ពេល​ត្រឹម​តែ​៥​នាទី​ប៉ុណ្ណោះ»។

សម្រាប់​ជន​ភៀស​ខ្លួន​ប្រហែល​ ៣​ពាន់​ ៥០០​នាក់​ ក្នុង​ចំណោម​ជន​ភៀស​ខ្លួន​ទាំង​អស់នៅ​ក្នុង​ជំរុំស្ស៊ូ​ស្ស៊ា​ ដែល​មក​ពី​ប្រទេស​មួយ​ចំនួន​ ​មាន​ដូច​ជាអ៊ីរីទ្រា​(Eritrea)​ សូម៉ាលី​(Somalia)​ និង​ស៊ូដង់​(Sudan)​ គ្មាន​កន្លែង​ណា​ផ្សេងដើម្បី​ទៅ​ទេ។​ វា​មាន​គ្រោះ​ថ្នាក់ខ្លាំង​ពេក​រហូត​ដល់​មិន​អាច​វិល​ត្រឡប់ទៅ​កាន់​ប្រទេស​កំណើត​របស់ខ្លួន​បាន​ ហើយមាន​គ្រោះ​ថ្នាក់​ខ្លាំង​ពេក​នៅ​ឯ​ប្រទេស​លីប៊ី។​ លោកស្សីស្សេ​ ថេសហ្វេ​ ជា​ជន​ភៀស​ខ្លួន​អ៊ីរីទ្រា​ ថ្លែង​បន្ត​ទៀត​ថាៈ

«មនុស្ស​ទាំង​អស់​អាច​ឃើញ​រូបភាព​នៅ​លីប៊ី។​ វា​ដូច​ជា​សង្គ្រាម​ស៊ីវិល​មួយ​អី​ចឹង។​ ហើយ​ ប្រជា​ពលរដ្ឋ​លីប៊ី​មិន​ចូល​ចិត្ត​ពលរដ្ឋ​អាហ្វ្រិក​ទេ។​ ពួកគេ​គិត​ថា ​ពួក​គេ​មិនមែនជា​ជន​ជាតិ​អាហ្វ្រិក​ទេ។​ ហើយ​ប្រសិន​បើ​ខ្ញុំ​វិល​ត្រឡប់​ទៅ​លីប៊ី​វិញ​ នោះ​វា​ជា​អំពើ​ដ៏​ល្ងង់​ខ្លៅនិង​ឆ្កូត​បំផុត​មួយ»។

អង្គការ​សហ​ប្រជាជាតិបាន​ប៉ាន់​ស្មាន​ថា ​មាន​ជន​ភៀស​ខ្លួន​ចំនួន​៧​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​ ដូច​ករណី​លោក​ស្សី​ស្សេ​ដែរ​ ដែល​គ្មាន​កន្លែង​ផ្សេង​ដើម្បី​វិល​ត្រឡប់​ទៅ​វិញ​ទេ។​ លោក​ នីប៊ើក​ នៃ​ទី​ភ្នាក់​ងារ​ UNHCR​ ថ្លែង​ថា​៖

«បញ្ហា​ធំ​បំផុត​នា​ពេល​សព្វ​ថ្ងៃ​នេះ​គឺ​អ្វី​ដែល​ហៅ​ថា​សភាពការណ៍​ជន​ភៀស​ខ្លួន​អូស​បន្លាយ​ ដែល​ប្រជាពលរដ្ឋបាន​រស់​ក្នុង​នាម​ជា​ជន​ភៀស​ខ្លួនអស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​ ជា​ច្រើន​ជំនាន់​មនុស្ស​ ហើយ​គ្មាន​ដំណោះ​ស្រាយ​ច្បាស់​លាស់សម្រាប់​ពួកគេ​ឡើយ»។

អង្គការ​សហ​ប្រជាជាតិ​បាន​ប៉ាន់​ស្មាន​ថា​មាន​ប្រជារាស្ត្រ​ចំនួន​៤៣​លាន​នាក់​ ដែល​ត្រូវ​បង្ខំ​ចិត្ត​ភៀស​ខ្លួននៅ​លើ​ផែន​ដី​នេះ។​ ពួក​គេ​និយាយ​ថា​មាន​តែ​ដំណោះ​ស្រាយយូរ​អង្វែង​ទេ​ទើប​អាច​បញ្ចប់​ជម្លោះ​ ដែល​បង្ខំ​ឲ្យ​ពលរដ្ឋ​ភៀស​ខ្លួន​ចេញ​ពី​ផ្ទះ​សម្បែង ​ដោយមិ​នដឹងថាអនាគតនឹង​ទៅជា​យ៉ាង​ណា​នោះ៕

ប្រែ​សម្រួល​ដោយ​ លី​ សុខ​ឃាង

XS
SM
MD
LG