ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិភពលោក​មាន​ប្រតិកម្ម​លើ​មរណភាព​របស់​លោក​ហូលប្រ៊ុក


លោក រីឆាដ ហូលប្រ៊ុក (​Richard ​Holbrooke)  កាល​នៅមាន​ជីវិត​នៅ​ឡើយ។
លោក រីឆាដ ហូលប្រ៊ុក (​Richard ​Holbrooke)  កាល​នៅមាន​ជីវិត​នៅ​ឡើយ។

ទីក្រុង​ប៉ារីស៖ លោក រីឆាដ ហូលប្រ៊ុក (​Richard ​Holbrooke) ដែល​ជា​ប្រេសិត​ពិសេស​របស់សហរដ្ឋ​អាមេរិក​សម្រាប់​ប្រទេស​អាហ្វហ្គានីស្ថាន​ និង​ប៉ាគីស្ថាន​ បាន​ទទួល​មរណភាពកាល​ពី​ថ្ងៃច័ន្ទ​ក្នុង​ជន្មាយុ ​៦៩​ឆ្នាំ​ក្រោយ​ពី​បាន​វះ​កាត់​បេះដូង​រួចមក។

មរណភាព​របស់​អ្នក​ការ​ទូត​ជើង​ចាស់នេះ ធ្វើ​ឲ្យ​មាន​ប្រតិកម្មពីទូទាំង​ពិភពលោក។ ​ពាក្យ​ពេចន៍កោត​សរសើរ​បានចេញ​មកពីទីក្រុង​អ៊ីស្លាម៉ាបាដ ​រហូត​ដល់​ក្រុងប៊្រុសសែល​ ដល់លោក​ឯកអគ្គរដ្ឋទូត​រីឆាដ ហូលប្រ៊ុក​ ដែលបាន​ស្លាប់​កាល​ពីថ្ងៃ​ច័ន្ទ​នៅ​ក្រុង​វ៉ាស៊ីន​តោន។

លោក​ស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) រដ្ឋមន្រ្តីការបរទេស​សហរដ្ឋ​អាមេរិក ​បាន​គោរព​លោកហូលប្រ៊ុក ​ដែល​បាន​ធ្វើ​ការ​យ៉ាង​ស្វិត​ស្វាញ​ និង​ប្រកប​ដោយ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​កិច្ច​ការ​ទូត។

នៅ​ប្រទេស​ប៉ាគីស្ថាន​វិញ លោក អាស៊ីហ្វ អាលី ហ្សាដារី (Asif Ali Zadari) ​បាន​ហៅ​លោកហូលប្រ៊ុកថា​ជា​មិត្ត​មួយ​រូប។ ​ហើយ​នៅ​ក្រុង​ប៊្រុសសែល លោក អានដឺរ ហ្វក់ រ៉ាសមូសេន​ (Anders Fogh Rasmussen) ​ជា​ប្រធាន​អង្គការ​អូតង់ ​បាន​គោរព​ការ​មើល​ឃើញ​វែង​ឆ្ងាយ​របស់​លោក ​ហូលប៊្រុក ​ហើយ​នឹង​ការ​ប្តេជ្ញា​របស់​លោក ​ហើយ​ក្នុង​ខណៈពេ​លជា​មួយ​គ្នា​នោះ​ដែរ អ្នក​ការទូតជា​ច្រើន​ទៀត​នៅ​ក្នុង​សហគមន៍​អឺរ៉ុប ​ក៏​បាន​គោរព​ដឹង​គុណ​លោក​ផង​ដែរ។

លោក ​ដេវិដ លីឌីងតុន ( David Lidington) ជា​អនុរដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស ​ទទួល​បន្ទុក​កិច្ចការ​អឺរ៉ុប និង​អង្គការ​អូតង់ ​បាន​គោរព​តួនាទី​របស់​លោកហូល​ប៊្រុកជា​អ្នកផ្ចុងផ្តើមក្នុង​ការ​រៀបចំ​កិច្ច​ព្រម​ព្រៀង​សន្តិភាពដេតុនឆ្នាំ១៩៩៥ ​ដែល​បញ្ចប់​សង្គ្រាម​នៅ​បូស្នៀ។

«កិច្ចការ​ទូត​ដ៏​ខ្លាំង​ក្លា​របស់​លោក​ បាន​ជួយ​បញ្ចប់​សង្រ្គាម​នោះ។​ លោក​បាន​ជួយ​សង្គ្រោះ​ជីវិត​ជា​ច្រើនហើយ​នាំ​សន្តិភាព​ឲ្យ​កើត​មាន​នៅ​ទ្វីប​របស់​យើង ​ដែល​សង្គ្រាមស៊ីវិល ​និង​ទំនាស់​យ៉ាង​ជូរ​ចត់ ​បានបំផ្លាញ​ ​ហើយ​ប្រជា​ពលរដ្ឋ​ទាំង​អស់​នៅ​អឺរ៉ុបត្រូវ​ជំពាក់​គុណ​លោក»។

សូម្បី​តែ​លោក​រ៉ា​ដូវាន់ ​ការ៉ា​ស៊ីគ​ (Radovan Karadzic) ជា​អតីត​មេដឹកនាំ ​បូស្នៀ​ស៊ែប ដែល​ត្រូវ​ឡើង​តុលាការពី​បទ​ប្រល័យ​ពូជសាសន៍ ​ក៏​បាន​សម្តែង​ក្តី​ទុក្ខ​សោក​របស់​ខ្លួន​ ចំពោះ​មរ​ណភាព​របស់លោក​ហូល​ប៊្រុក​ផង​ដែរ។

ចំពោះ​ អ្នក​វិភាគ​ ដូច​លោក​អាន់​តូនី ដ្វ័រគិន ​( Anthony Dworkin) នៃក្រុម​ប្រឹក្សា​អឺរ៉ុបផ្នែក​កិច្ចការ​ទំនាក់​ទំនង​បរទេស ​កិច្ច​ព្រមព្រៀង​ដេតុន ​គឺ​ប្រហែល​ជា​ការ​សម្រេច​បាន​យ៉ាង​សំខាន់​ជាង​គេ​របស់​លោកហូល​ប៊្រុក។

«ខ្ញុំ​គិត​ថា​ លោក​ហូលប៊្រុក ​គឺពិត​ជា​មនុស្ស​ម្នាក់​ដែល​ដឹក​នាំ​ឲ្យ​មាន​ការ​បែរ​ទៅរកចម្លើយ​មួយ​ខ្លាំង​ និង​មាន​ប្រសិទ្ធភាពផ្នែក​នយោបាយ​ ហើយ​តួនាទី​របស់​លោក​ក្នុង​ដំណើរ​ការ​សន្តិភាព​ដេតុន គឺពិត​ជា​ឧទាហរណ៍​គំរូ​សំខាន់​ក្នុង​ការ​បង្កើត​ឲ្យមាន​ការ​យល់​ព្រមដោះស្រាយ​ទំនាស់​នោះ»។

ក្នុង​អំឡុង​អាជីពរបស់​លោក លោក​ហូលប៊្រុក​ បាន​បន្សល់ទុក​ស្នាម​កិច្ចការ​របស់​លោក​នៅ​ស្ទើរ​គ្រប់​ទ្វីប ​ដោយ​លោក​ធ្វើការ​ជា​ឯកអគ្គរដ្ឋទូតនៅក្រុង​ព្រៃនគរ​ ​ក្នុងសម័យ​សង្គ្រាម​វៀតណាម។ លោក​ បានបម្រើការ​ជា​ឯកអគ្គរដ្ឋទូតនៅ​ប្រទេស​អាល្លឺម៉ង់។ លោក​បាន​ព្យាយាម​ដោះស្រាយ​ទំនាស់នៅ​អាហ្វ្រិក ហើយ​ពេល​ថ្មីៗ​នេះ ​លោក​បាន​បម្រើ​ការជា​អ្នក​តំណាងពិសេស​មួយ​រូប​សម្រាប់​ប្រទេស​អាហ្វហ្គា​នីស្ថាន ​និង​ប៉ាគីស្ថានក្នុង​រដ្ឋបាល​លោក​អូបាម៉ា។

លោក ​ដ្វ័រគិន​ជា​អ្នក​វិភាគ​ថ្លែង​ថា ​ជាមួយ​នឹង​ការ​កោត​សរសើរ ​ ​លោក ហូលប៊្រុក ក៏​បាន​ត្រូវ​គេ​រិះគន់​ពីរបៀបធ្វើការយ៉ាង​បង្ខំ ​របស់លោក ហើយ​នឹងពី​របៀប​ចរចារបស់​លោក ​ដែល​ពេល​ខ្លះ​នាំ​ឲ្យ​ឃើញ​មិន​សមរម្យ។

«លោក ​បាន​បង្កើតសត្រូវ​ តែលោក​ក៏បានធ្វើ​ឲ្យ​កិច្ចការ​បាន​សម្រេច​ហើយ ​ក្នុងន័យ​នេះ​លោក​ជា​អ្នក​ចរចា​មួយ​រូប ​ដែល​មាន​ប្រសិទ្ធភាព»។

តែ​លោក ​ដ្វ័គិន ​និយាយ​ថា ​ទំនាស់​យ៉ាង​ស្មុគស្មាញ ​និង​អូស​បន្លាយ​នៅ​អាហ្វហ្គា​នីស្ថាន ​បាន​បង្ហាញ​ពីកម្រិត​នៃ​របៀបចរចា​ យ៉ាង​បង្ខំ​ និង​ស្វាហាប់របស់​លោក​ហូលប៊្រុក​ ដែល​លោក​ ដ្វ័រគិន ​ថ្លែង​ថា​ ជាតួយ៉ាងរបស់កិច្ចការ​ទូត​សហរដ្ឋ​អាមេរិក​កាល​ពី ​ពេល​មុន ​អាចមិនសូវ​មានប្រសិទ្ធភាព​ក្នុង​សម័យ​បច្ចុប្បន្ន ​ដែល​មាន​ការផ្លាស់​ប្តូរ ​ដែល​មាន​ការចរចា​ពហុភាគី​ក្នុងពិភពលោក។

តែ លោក រ៉ូប៊ិន សិបហ្វឺដ (Robin Shepherd) ជា​នាយក​កិច្ច​ការអន្តរជាតិ​នៃ​សមាគម ហង់រី ​ស៊ាកសុន ​ដែល​មាន​ទីស្នាក់​ការ​នៅ​ក្រុងឡុងដ៍ ​មានជំនឿថា​ពេល​ខ្លះ របៀប​ចរចា​ការទូត​របស់​លោក​ ហូលប៊្រុក ​ដែល​ធ្វើឲ្យ​គេ​ជិន​ឆ្អន់​នោះ​អាច​គេត្រូវ​ការ​ជា​និច្ច។

«ពិត​មែន​ភាពប្រដំ​ប្រសង​គ្នា​ជា​ការ​សំខាន់​ ក៏​ប៉ុន្តែ​មាន​មនុស្ស​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ និង​មនុស្ស​ពិបាក​ជាច្រើន​ក្នុង​ពិភពលោក​ដែល​យើង​ជួប​ប្រទះ​នៅក្នុង​ការចរចា​របស់​យើង ​ហើយ​លោក​អ្នក​ចាំបាច់​ត្រូវការអ្នក​ចរចា ដែ

ល​ស្វិតស្វាញ​សម្រាប់​ឲ្យ​មាន​ការ​រួម​យោបល់​គ្នា»។

លោក​ សិបហ្វឺដ ថ្លែង​ថា លោក​ហូលប៊្រុក ជា​មនុស្ស​ដែល​ធ្វើ​កិច្ចការ​នេះ​បាន៕

ប្រែសម្រួលដោយ​ អ្នកស្រី នៅ​ សារឹម

XS
SM
MD
LG