ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្រាវជ្រាវ​រក​ឃើញ​ថា ចំណូល​ទទួល​បាន​ដោយ​សកម្មភាព​ខុស​ច្បាប់​កើន​ឡើង​ខ្ពស់


រូបឯកសារ៖ ក្រុមអ្នក​ជំនាញ​និយាយ​ថា ព្រៃឈើ​ដែល​នៅសេសសល់​មាន​ប្រមាណ​តែ៣០%​ប៉ុណ្ណោះ ខណៈដែល​ការ​កាប់នៅតែបន្ត​ជាបញ្ហា។
រូបឯកសារ៖ ក្រុមអ្នក​ជំនាញ​និយាយ​ថា ព្រៃឈើ​ដែល​នៅសេសសល់​មាន​ប្រមាណ​តែ៣០%​ប៉ុណ្ណោះ ខណៈដែល​ការ​កាប់នៅតែបន្ត​ជាបញ្ហា។

ក្នុង​ចន្លោះ​ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៤ ការ​ធ្វើ​ជំនួញ​ខុស​ច្បាប់​ទាំង​នេះ​មាន​ទឹក​ប្រាក់​៦៥០ពាន់​លាន​ដុល្លារ ហើយ​សម្រាប់​ឆ្នាំ​២០១៥​នេះ ក្រុម​ប្រឹក្សា​របៀប​វារៈ​សកលបាន​សន្និដ្ឋាន​ថា ជំនួញ​បែប​ខុស​ច្បាប់​នេះ​នឹង​កើន​ដល់​១,៧៧​ទ្រីលាន​ដុល្លារ ដែល​ស្មើ​នឹង​១០ភាគរយ​នៃ​សេដ្ឋកិច្ច​ពិភព​លោក។

ការ​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ថា ទឹកប្រាក់​រាប់​លាន​ដុល្លារ​បាន​បាត់​បង់​ក្នុង​សន្ទុះ​ដ៏​លឿន ដោយ​សារ​សកម្មភាព​ជំនួញ​បែប​ខុស​ច្បាប់។ ហើយ​យន្តការ​ទប់ស្កាត់​សកម្មភាព​ទាំង​នោះ​ត្រូវការ​ការ​ចូលរួម​យ៉ាង​សកម្ម​ពី​សំណាក់​រដ្ឋាភិបាល ក្រុមហ៊ុន​ជំនួញ សង្គម​ស៊ីវិល និង​ប្រជា​ពលរដ្ឋ​ផងដែរ។

ការ​ស្រាវជ្រាវ​របស់​ក្រុម​ប្រឹក្សា Meta Council នៃ​វេទិកា​សេដ្ឋកិច្ច​សកល​លោក បាន​ឲ្យ​ដឹង​ថា ចំណូល​ដែល​ទទួល​បាន​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ជំនួញ​បែប​ខុស​ច្បាប់​បាន​កើន​ឡើង​ក្នុង​សន្ទុះ​គួរ​ឲ្យ​កត់​សម្គាល់។ ការ​ធ្វើ​ជំនួញ​ខុស​ច្បាប់​នេះ​ប៉ះពាល់​គ្រប់​វិស័យ​ទាំង​អស់​ក្នុង​សង្គម ទាំង​លើ​បុគ្គល និង​ស្ថាប័ន​រដ្ឋាភិបាល។ ជំនួញ​បែប​ខុស​ច្បាប់​ទាំង​នេះ​ធ្វើ​ឡើង​ក្នុង​រូបភាព​ផ្សេងៗ ដូច​ជា​សកម្មភាព​ឧក្រិដ្ឋកម្ម ការ​ជួញ​ដូរ​មនុស្ស ការ​ជួញ​ដូរ​អាវុធ ការ​ជួញ​ដូរ​សត្វ​ព្រៃ​ដោយ​ខុស​ច្បាប់ ការ​ក្លែង​បន្លំ និង​ការ​លាង​លុយ​កខ្វក់​ជាដើម។

ក្នុង​ចន្លោះ​ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៤ ការ​ធ្វើ​ជំនួញ​ខុស​ច្បាប់​ទាំង​នេះ​មាន​ទឹក​ប្រាក់​៦៥០ពាន់​លាន​ដុល្លារ ហើយ​សម្រាប់​ឆ្នាំ​២០១៥​នេះ ក្រុម​ប្រឹក្សា​របៀប​វារៈ​សកល (Global Agenda Council) បាន​សន្និដ្ឋាន​ថា ជំនួញ​បែប​ខុស​ច្បាប់​នេះ​នឹង​កើន​ដល់​១,៧៧​ទ្រីលាន​ដុល្លារ ដែល​ស្មើ​នឹង​១០ភាគរយ​នៃ​សេដ្ឋកិច្ច​ពិភព​លោក។ ក្នុង​នោះ សកម្មភាព​ខុស​ច្បាប់​បី​ដែល​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់​បំផុត​រួម​មាន៖ ការ​ជួញ​ដូរ​ថ្នាំ​ញៀន ការ​ក្លែង​បន្លំ​ប្រាក់ និង​ការ​ជួញ​ដូរ​មនុស្ស។ នេះ​បើ​យោង​តាម​វេទិកា​សេដ្ឋកិច្ច​សកល​លោក។

លោកស្រី Sarah Chayes អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​ទាយជ្ជទាន​ Carnegie សម្រាប់​សន្តិភាព​ពិភពលោក (Carnegie Endowment for International Peace) បាន​ប្រាប់ VOA ថា ចំណូល​ដែល​ទទួល​បាន​ពី​សកម្មភាព​ធ្វើ​ជំនួញ​ដោយ​ខុស​ច្បាប់​នេះ​មិន​ទាន់​បាន​កំណត់​ទំហំ និង​រូបរាង​ឲ្យ​បាន​ច្បាស់លាស់​នៅ​ឡើយ​ទេ ដោយសារ​តែ​ថវិកា​ជា​សាច់ប្រាក់​សុទ្ធ​តាម​រយៈ​អំពើ​ពុក​រលួយ​រវាង​រដ្ឋាភិបាល និង​អ្នក​ជំនួញ ​មិន​ត្រូវ​បាន​រាប់​បញ្ចូល។

«‍ថវិកា​មួយ​ចំនួន​ធំ​កំពុង​តែ​ត្រូវបាន​លួច​ប្លន់​ក្នុង​ប្រទេស​ជា​ច្រើន ដោយ​មន្ត្រី​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​នោះ ហើយ​ថវិកា​ទាំង​អស់​នោះ​មិន​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ហិរញ្ញ​វត្ថុ​ដោយ​សកម្មភាព​ខុស​ច្បាប់​ទេ»។

រូបឯកសារ៖ បុគ្គលិក​ធនាគារVietinbank រាប់​ប្រាក់​ដុល្លារ​អាមេរិកាំង​នៅ​កន្លែង​ប្តូរ​រូបិយវត្ថុនៃ​មជ្ឈមណ្ឌល​សន្និបាត​ជាតិ នៅក្នុងទី​ក្រុង​ហាណូយ​ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១១។
រូបឯកសារ៖ បុគ្គលិក​ធនាគារVietinbank រាប់​ប្រាក់​ដុល្លារ​អាមេរិកាំង​នៅ​កន្លែង​ប្តូរ​រូបិយវត្ថុនៃ​មជ្ឈមណ្ឌល​សន្និបាត​ជាតិ នៅក្នុងទី​ក្រុង​ហាណូយ​ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១១។

លោក​ស្រី បាន​បន្ថែម​ថា សព្វថ្ងៃ​នេះ​ក្រុមហ៊ុន​ជា​ច្រើន​បាន​បន្លំ​ចុះ​ឈ្មោះ​ក្នុង​នាម​ជា​ក្រុមហ៊ុន​ដែល​បំរើ​ប្រយោជន៍​ប្រជា​ពលរដ្ឋ ហើយ​ធ្វើ​ជំនួញ​បែប​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​គេច​វេស​ពី​ការ​បង់​ពន្ធ​ជូន​រដ្ឋ។

ជាក់ស្តែង កម្ពុជា​បាន​បាត់បង់​ទឹក​ប្រាក់​ប្រមាណ​១៥ពាន់​លាន​ដុល្លារ ហើយ​ក្នុង​ឆ្នាំ​២០១៣ ទឹកប្រាក់​ចំនួន​៤ពាន់​លាន​ដុល្លារ​បាន​ហូរ​ចេញ​ទៅ​ក្រៅ​ប្រទេស​ដោយ​ខុស​ច្បាប់ តាមរយៈ​ការ​ក្លែង​បន្លំ​វិក័យប័ត្រ​ស្តី​ពី​ការ​នាំ​ចេញ​ទំនិញ​ទៅ​ក្រៅ​ប្រទេស។ នេះ​បើ​យោង​តាម​ការ​រកឃើញ​របស់​អង្គការ​សុចរិតភាព​ហិរញ្ញ​វត្ថុ​សកល (Global Financial Integrity)។

ដោយ​ឡែក​ ក្នុង​មួយ​ឆ្នាំៗ មនុស្ស​ជាង​២០លាន​នាក់​ត្រូវ​បាន​ជួញ​ដូរ​ដើម្បី​កម្លាំង​ពលកម្ម និង​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ ហើយ​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​ទទួល​បាន​ពី​ការ​ជួញ​ដូរ​មនុស្ស​នេះ។

លោក ជុំ ផល្លី អ្នកប្រឹក្សា​បច្ចេកទេស​ស្តី​ពី​ការ​ជួញ​ដូរ​កម្លាំង​ពលកម្ម​នៃ​អង្គការ Winrockបកស្រាយ​ប្រាប់ VOA ថា បញ្ហា​ចំណាក​ស្រុក​ដោយ​ប្រថុយ​ប្រថាន​នេះ ជាក់ស្តែង​នៅ​កម្ពុជា គឺជា​កត្តា​ដើម​ចមដែល​បណ្តាល​ឲ្យ​មាន​ការ​ជួញ​ដូរ​មនុស្ស។

«‍ការ​ជួញ​ដូរ​ដើម្បី​កម្លាំង​ពលកម្ម​នៅ​កម្ពុជា យើង​ឃើញ​ថា នៅ​ក្នុង​រូបភាព​បច្ចុប្បន្ន​នេះ​គឺ​មាន​លក្ខណៈ​រូបភាព​ធំ ដោយសារ​ការ​ធ្វើ​ចំណាក​ស្រុក​ដ៏​ធំ​របស់​ប្រជា​ពលរដ្ឋ»។

លោក​បាន​សង្កត់​ធ្ងន់​ថា អ្នក​ដែល​ខាត​បង់​ធំ​ពី​បញ្ហា​ទាំង​អស់​នេះ​គឺ​រដ្ឋាភិបាល ដោយ​សារ​ពួក​គេ​ខាត​ទាំង​ខាង​ថវិកា និង​ធនធាន​មនុស្ស។

«‍រដ្ឋាភិបាល​គឺ​គាត់​ទទួល​បន្ទុក​ធ្ងន់។ ទីមួយ​គឺ​ថវិកា​បាត់​បង់ នៅ​ពេល​ដែល​ប្រជា​ពលរដ្ឋ​ធ្វើ​ចំណាក​ស្រុក ដោយ​មិន​មាន​ការ​គ្រប់គ្រង​ដោយ​ច្បាស់​លាស់​ហ្នឹង។ ថវិកា​ដែល​បាន​មក​វិញ​មាន​កម្រិត​តូច​ណាស់​សម្រាប់​ជួយ​ទៅ​ដល់​ការ​អភិវឌ្ឍ​សង្គម​ ក៏​ដូច​ជា​ការ​អភិវឌ្ឍ​របស់​គ្រួសារ​ពលករ»។

ដោយ​សារ​តែ​ការ​ធ្វើ​ជំនួញ​បែប​ខុស​ច្បាប់​នេះ​មាន​ទំហំ​ធំធេង ហើយ​មាន​សន្ទុះ​ដ៏​លឿន នោះ​វា​មាន​ការ​លំបាក​ខ្លាំង​ក្នុង​ការ​ទប់ស្កាត់ និង​លុប​បំបាត់​ជំនួញ​បែប​នេះ។

​លោក​ស្រី Sarah Chayes បាន​បញ្ជាក់​ថា ការ​ទប់​ស្កាត់​នេះ​កំពុង​ស្ថិត​ក្នុង​ដំណើរការ​តាក់តែង​គោល​នយោបាយ​នៅ​ឡើយ។

«‍ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ការ​ពង្រឹង​លើ​ការ​ត្រួត​ពិនិត្យ​លើ​ប្រព័ន្ធ​ធនាគារ​នៅ​តាម​បណ្តា​ប្រទេស​ជា​ច្រើន។ តែ​កិច្ចការ​ដែល​កំពុង​តែ​ធ្វើ​នេះ​គឺ​គ្រាន់​តែ​ការ​ពិនិត្យ​មើល​បញ្ជី ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​របស់​ធនាគារ​តែ​ប៉ុណ្ណោះ ហើយ​កិច្ចការ​នេះ​ត្រូវការ​ធនធាន​ច្រើន​ណាស់»។

លោកស្រី​បាន​បន្ថែម​ថា មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​ច្រើន​ក្នុង​ការ​ពង្រឹង​ច្បាប់ ជាពិសេស​ក្នុង​ការ​លុប​បំបាត់​ក្រុមហ៊ុន​ដែល​ក្លែង​បន្លំ​ចំណូល និង​ការ​បង់​ពន្ធ​ជូន​រដ្ឋ​ជាដើម។ ក៏​ប៉ុន្តែ បញ្ហា​ដ៏​ចម្បង​មួយ​ដែល​ជួប​ការ​លំបាក​ក្នុង​ការ​អនុវត្ត​ច្បាប់​គឺ​ការ​ពិនិត្យ​លើ​ការ​លាង​លុយ​កខ្វក់ ដូច​ជា​ការ​ធ្វើ​ជំនួញ​ខាង​អចលទ្រព្យ​ជា​ដើម។

លោក ជុំ ផល្លី នៃ​អង្គការ Winrock ក៏​បាន​បញ្ជាក់​ថា សម្រាប់​វិធានការ​ទប់​ស្កាត់​ការ​ជួញ​ដូរ​មនុស្ស​វិញ ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ធ្វើការ​ជាមួយ​នឹង​អង្គការ​សង្គម​ស៊ីវិល​ ដោយ​ខិតខំ​បង្កើត​យន្តការ​ថ្នាក់​ជាតិ​ តាមរយៈ​ការ​ផ្តល់​ការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ដល់​មន្ត្រីថ្នាក់​មូលដ្ឋាន ក្នុង​ការ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ ហើយ​និង​ស្វែង​យល់​ពី​ឬសគល់​នៃ​បញ្ហា និង​ស្វែង​រក​ដំណោះ​ស្រាយ។

ប៉ុន្តែ លោក​បាន​បន្ថែម​ថា ការ​មាន​តែ​ឆន្ទៈ​នេះ​មិន​គ្រប់គ្រាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជួញ​ដូរ​មនុស្ស​នេះ​បាន​ឡើយ។

«‍ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទាំង​អស់​កំពុង​តែ​បង្ហាញ​ឆន្ទៈ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស។ អញ្ចឹង​យើង​ត្រូវ​តែ​មើល​លើ​រឿង​ហ្នឹង។ បើ​សិន​ជា​រដ្ឋាភិបាល​គាត់​មាន​ឆន្ទៈ​ហ្នឹង រដ្ឋាភិបាល​ត្រូវ​តែ​មាន​ថវិកា​សម្រាប់​អនុវត្ត​ការងារ​។ អញ្ចឹង​យើង​រក​វិធី ជជែក​ជាមួយ​រដ្ឋាភិបាល​ ដើម្បី​ឲ្យ​គាត់​មាន​ថវិកា​សម្រាប់​អនុវត្ត​ផែន​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​នៅ​ថ្នាក់​មូល​ដ្ឋាន​តែ​ម្តង»។

ដើម្បី​ទប់ស្កាត់​ការ​កើន​ឡើង​នៃ​ចំណូល​តាមរយៈ​សកម្មភាព​ខុស​ច្បាប់​ទាំង​នេះ ​ការ​ស្រាវជ្រាវ​វេទិកា​សេដ្ឋកិច្ច​សកល​លោក​នេះ​ បាន​ណែនាំ​យន្តការ​មួយ​ចំនួន ដូចជា​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​អន្តរជាតិ​ ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ឆ្លង​ព្រំដែន​ ការ​ចងក្រង​ឯកសារ​ស្តី​ពី​កម្មសិទ្ធិ ​ចំណូល​និង​ចំណាយ និង​ឯកសារ​ពន្ធដា​របស់​ក្រុមហ៊ុន ហើយ​និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឲ្យ​មាន​ប្រសិទ្ធិភាព ​ដើម្បី​លុប​បំបាត់​សកម្មភាព​ជំនួញ​ខុស​ច្បាប់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ជា​ដើម៕

XS
SM
MD
LG