ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វេទិកា​សេដ្ឋកិច្ច​សកល​លោក៖​ការប្តូរ​អំណាច​នយោបាយ​និង​សេដ្ឋកិច្ចប្តូរ


លោក​ ក្លូស ស្វ័ប(Klaus Schwab) ​ជា​ស្ថាបនិក​វេទិកា​សេដ្ឋកិច្ច​សកលលោក។
លោក​ ក្លូស ស្វ័ប(Klaus Schwab) ​ជា​ស្ថាបនិក​វេទិកា​សេដ្ឋកិច្ច​សកលលោក។

ទីក្រុង​ហ្សឺណែវ៖ ​វេទិកា​សេដ្ឋ​កិច្ច​សកលលោក​នៅ​ឆ្នាំ​នេះ​ នឹង​បកស្រាយអំពី​សារៈសំខាន់​នៃ​ការ​ផ្លាស់ប្តូរ​អំណាច​នយោបាយ​ និង​សេដ្ឋកិច្ច​ពី​ប្រទេស​អភិវឌ្ឍន៍​ទៅ​ប្រ​ទេសជាតិ​កំពុង​មាន​សេដ្ឋកិច្ច​ងើបឡើង​នៅក្នុង​ពិភពលោក​កំពុង​អភិវឌ្ឍន៍។​ មេដឹកនាំ​ពាណិជ្ជកម្ម​ រដ្ឋាភិ​បាល​និង​សង្គម​ស៊ីវិល​ជាង​២​៥០០​នាក់​នឹង​ជួបជុំគ្នា​នៅ​ក្នុង​ភូមិ​លើ​កំពូលភ្នំ​ប្រទេស​ស្វីស​នៅ​សប្តាហ៍​ក្រោយ។

ពិភពលោក​កំពុង​ងើបចេញ​ពីអ្វី​ដែល​ត្រូវ​គេ​មើលឃើញ​ថា​ ​ជា​ការ​ធ្លាក់ចុះ​ផ្នែក​សេដ្ឋ​កិច្ច​ដ៏​យូរ​បំផុត​និង​ដ៏​ខ្លាំង​បំផុត​ចាប់តាំង​ពី​ទសវត្សរ៍​១៩៣០​មក។ អ្វី​ដែល​កំពុង​លេចចេញ​ឡើង​ក្រោយ​ពី​វិបត្តិ​ហិរញ្ញវត្ថុ​គឺ​ពិភពលោក​កាន់តែ​ស្មុគ្រស្មាញ​និង​ពឹងពាក់​គ្នា​ទៅវិញ​ទៅមក​កាន់​តែ​ខ្លាំង​ឡើង។

លោក​ ក្លូស ស្វ័ប(Klaus Schwab) ​ជា​ស្ថាបនិក​វេទិកា​សេដ្ឋកិច្ច​សកលលោក​ និយាយ​ថា​ ​សន្ទុះ​នៃ​ការផ្លាស់ប្តូរ​និង​ការបញ្ចូល​របៀប​បច្ចេក​វិទ្យា​ថ្មី​ដែល​កើតមាន​ឡើង​គឺ​ជា​ការ​អស្ចារ្យ​មួយ​ហើយ​នឹង​កំពុង​បង្កើត​ការពិត​ដ៏​ថ្មី​មួយ។ លោក ​ប្រាប់ វីអូអេ​ថា​កត្តា​ដ៏​សំខាន់​បំផុត​មួយ​នៃ​ការពិត​ថ្មី​គឺ​ការ​ផ្លាស់ប្តូរ​អំណាច​ភូមិ​សាស្រ្ត​នយោ​បាយ​ ហើយ​នឹង​អំណាច​ភូមិសាស្រ្ត​សេដ្ឋកិច្ច​ពី​ខាងជើង​ទៅ​ខាងត្បូង​និង​ពីខាង​លិច​ទៅ​ខាងកើត។

"នេះ​មិនមែន​ត្រឹមតែ​ផលវិបាក​ខាង​នយោបាយ​និង​សេដ្ឋកិច្ចប៉ុណ្ណោះ​ទេ​ ​ខ្ញុំ​គិតថា​ ​ពិភពលោក​នឹង​សម្រប​ទៅតាម​ការផ្ទុះ​ឡើង​នូ​វការផ្លាស់ប្តូរ​យ៉ាង​ខ្លាំង។​ ខ្ញុំ​មាន​ការ​រីករាយ​យ៉ាងខ្លាំង​រង់ចាំ​មើល​លទ្ធផល​នៃ​ជំនួប​រវាង​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​និង​ប្រធានាធិបតី​ប្រទេស​ចិន​ ដែល​នឹង​ក្លាយ​ជាសូច​នាករមួយ​វាស់ស្ទង់​កម្រិត​ដែល​យើង​អាច​ស្ថាបនា​ពិភពលោក​ ​ដែល​យើង​អាច​រស់នៅ​សុខដម​រមនា​នឹង​គ្នា​ ​ ទោះបី​មាន​ការផ្លាស់ប្តូរ​អំណាច​នេះ​ក្តី។​ ដូច្នេះ​ ​បញ្ហា​នេះ​នឹង​ក្លាយ​ជា​បញ្ហា​គ្រប​ដណ្តប់​ក្នុង​វេទិកា​សេដ្ឋ​កិច្ច​នៅ​ទីក្រុង​ ដាវូស(Davos)"។

ការ​ប្រជុំ​រាប់រយ​លើ​បញ្ហា​នយោបាយ​ ​ពាណិជ្ជកម្ម​ ​វិទ្យាសាស្រ្ត​និង​វប្បធ៌ម​នឹង​កើត​មាន​ឡើងក្នុង​រយៈពេល​ជាង​៥​ថ្ងៃ​នេះ។​ ការជួបប្រជុំ​ដែល​ត្រូវ​បាន​រៀបចំទាំងនេះ​ធ្វើ​ស្របពេល​ជាមួយគ្នា​នឹង​កិច្ចសន្ទនា​ក្រៅផ្លូវការ​ ​ឯកជន​ក្នុង​ចំណោម​មេ​ដឹកនាំ​ពិភព​លោក។​ កិច្ច​ប្រជុំ​ទាំង​នេះ​ត្រូវ​បាន​ហៅ​ថា​ ​ការសន្ទនា​នៅតាម​របៀង​ ​ជួនកាល​បង្កើត​គំនិត​ផ្តួចផ្តើម​សម្រាប់​ផ្លាស់ប្តូរ​យ៉ាង​សំខាន់៕

ប្រែសម្រួល​ដោយ​លោក​ជឹង ប៉ូជីន

XS
SM
MD
LG