ផែនដីរបស់យើងកំពុងមានសីតុណ្ហភាពក្តៅជាងមុន។ សីតុណ្ហភាពសាកលជាមធ្យមភាគបានកើនទ្បើង១អង្សាសេចាប់តាំងពីដើមសតវត្សទី២០ ហើយបានកើនទ្បើងតាមអត្រាយ៉ាងលឿនក្នុងប៉ុន្មានទសវត្សមុននេះ។
ពួកអ្នកវិទ្យាសាស្ត្រមានជំនឿថា ធាតុអាកាសសាកលក្តៅជាងមុនទទួលខុសត្រូវដល់កំណើនភាពធ្ងន់ធ្ងរនៃការរាំងស្ងួត ទឹក ជំនន់ ខ្យល់ព្យុះនៅទូទាំងពិភពលោក និងការទ្បើងយឺតៗនៃកម្រិតទឹកមហាសមុទ្រ។ ផលវិបាកដ៏ធ្ងន់ធ្ងរនៃការប្រែប្រួលធាតុអាកាសរបស់ផែនដីជាប្រធានបទនៃខ្សែភាពយន្តឯកសារថ្មីៗបីដែលបានត្រូវផ្តល់ប្រាក់កាសជាផ្នែកដោយមជ្ឈមណ្ឌល Pulitzer ផ្នែករាយការអំពីវិបត្តិ។
សមដូចអ្នកស្រី Rosanne Skirble នៃវីអូអេ រាយការណ៍ថា ខ្សែកុនទាំងនេះនាំយើងទៅកាន់់ខ្សែជួរមុខនៃការប្រែប្រួលធាតុអាកាសនៅក្នុងប្រទេស Papua New Guinea តំបន់ខាងកើតនៃទ្វីបអាហ្វ្រិកនិងប្រទេសBangladesh។ លោក ឈឹម សុមេធ ប្រែសម្រួលរបាយការនេះដូចតទៅ៖
ខ្សែភាពយន្តរឿង Sun Come Up ជារឿងរបស់ប្រជុំកោះ Carteret នៅទល់មុខនឹងឆ្នេរសមុទ្រប្រទេស Papua New Guinea ដែលនៅទីនោះអ្នកផលិតខ្សែកុន Jennifer Redfearn និយាយថា អ្នកកោះទាំងនេះគ្មានជម្រើសទេក្រៅពីការប្តូរកន្លែងទៅរស់នៅឯកន្លែងខ្ពស់ជាងមុន។
«យើងផ្តល់ឯកសារអំពីការខូចខាតខ្លះដែលកើតមានទ្បើងពីការកើនទ្បើងនៃកម្រិតទឹកសមុទ្រ កំណើនខ្យល់ព្យុះច្រើនជាងមុន ការខ្វះប្រភពទឹកសាប និងអំពី ថាតើទឹកសមុទ្រធ្វើឱ្យខូចបែបណាដល់ដីដាំដំណាំរបស់ពួកគេ»។
Ursula Ravokaនិយាយថា «ខ្ញុំធំទ្បើងដោយសប្បាយរីករាយណាស់នៅលើកោះនេះ។ នៅពេលនោះសមុទ្រមិនឃោរឃៅដូចពេលសព្វថ្ងៃនេះទេ»។
មិនហួសពីឆ្នាំ២០១៥ទេ ផ្ទះរបស់អ្នកស្រីនឹងត្រូវរំពឹងថា ឋិតនៅក្រោមទឹក។ នៅពេលនេះ អ្នកស្រីដឹកនាំកិច្ចខិតខំប្រឹងប្រែងតាំងលំនៅដ្ឋានជាថ្មីសម្រាប់មនុស្ស៣ពាន់នាក់។ យើងសម្លឹងមើលនៅពេលដែលអ្នកស្រីរកកន្លែងថ្មីមួយដើម្បីរស់នៅ ហើយនៅតាមផ្លូវយើងបានឮសំទ្បេងសោកស្តាយប្រកបដោយទុក្ខព្រួយពីលោក John Sailik ដែលជាព្រឹទ្ធាចារ្យជាទីគោរពក្នុងកោះCarteret។
«នៅពេលដែលខ្ញុំជាក្មេងប្រុសតូចម្នាក់ កិច្ចការពិសេសបំផុតរបស់ខ្ញុំគឺនេសាទត្រីជាមួយស្នរបស់ខ្ញុំនៅលើរលកសមុទ្រ។ ខ្ញុំនឹងបាត់បង់ទឹករលកនិងការសប្បាយរីករាយនៃកោះនេះ។ ខ្ញុំនឹងបាត់បង់សំទ្បេងទឹករលកនៅពេលយប់ ហើយខ្ញុំនឹងមិនស្តាប់វាទៀតទេ»។
ខ្សែភាពយន្តរឿង Sun Come Up បានត្រូវបញ្ចាំងដំបូងនៅឯមហោស្រពខ្សែកុនឯកសារ ឈ្មោះ Full Frame Documentary Film Festival នៅឆ្នាំ២០១០នេះ នៅ Durham រដ្ឋ North Carolina។ អ្នកស្រី Redfearn និយាយថា អ្នកកោះ Carteret ឋិតក្នុងចំណោមពួកជនភៀសខ្លួនខាងធាតុអាកាសទីមួយរបស់ពិភពលោក។ អង្គការអន្តរជាតិសម្រាប់ការផ្លាស់លំនៅដ្ឋានទស្សន៍ទាយថា ចំនួនមនុស្សដែលខ្ចាត់ព្រាត់ពីផ្ទះសំបែងដោយសារការកើនទ្បើងនៃកម្រិតទឹកមហាសមុទ្រនឹងទ្បើងដល់២រយលាននាក់ មិនហួសពីឆ្នាំ២០៥០ទេ។ អ្នកស្រី Redfearn សង្ឃឹមថា ខ្សែកុនរបស់អ្នកស្រីនឹងជួយបង្កើនការដឹងយល់ដើម្បីប្រែក្រទ្បះនិន្នាការនេះ។
«ខ្ញុំចង់ឱ្យអ្នកស្រុកដើរចេញពីទីនេះជាមួយការដឹងយ៉ាងជ្រាលជ្រៅមួយអំពីអ្វីដែលមានន័យថា ត្រូវស្វែងរកមាតុភូមិថ្មីមួយ។ ខ្ញុំចង់ឱ្យការណ៍នេះធ្វើឱ្យប្រជារាស្ត្រមានការរំភើបចិត្ត។ ខ្ញុំចង់ឱ្យការណ៍នេះធ្វើឱ្យប្រជារាស្ត្រខឹងសម្បារធ្វើឱ្យអ្នកស្រុកមានទុក្ខព្រួយ ធ្វើឱ្យពួកគេតប់ប្រមល់ក្នុងចិត្ត ហើយខ្ញុំចង់ធ្វើឱ្យកំហឹងនេះ ការតប់ប្រមល់នេះ និងការមានទុក្ខព្រួយនេះឱ្យទៅជាសកម្មភាព។
គម្រោងការ Common Language មានមូលដ្ឋានក្នុងក្រុង Seattle បានផលិតខ្សែភាពយន្តឈ្មោះ Water Wars។ ខ្សែកុននេះពិនិត្យមើលយ៉ាងដិតដល់អំពីការខ្វះទឹកនៅក្នុងផ្នែកខាងត្បូងនៃប្រទេសEthiopie និងការរាំងស្ងួត ដែលបានបណ្តាលឱ្យដីស្រែចម្ការនៅទីនោះគ្មានការផ្តល់ទឹកទ្បើយ។ ពួកអ្នកឃ្វាលសត្វពាហនៈបានត្រូវបង្ខំចិត្តនាំសត្វរបស់ពួកគេទៅកន្លែងឆ្ងាយដើម្បីរកទឹក។ លោក Jon Sawyer និយាយថា ពួកអ្នកនៅជិតខាងគ្នាប្រជែងគ្នាដើម្បីប្រភពទឹកដែលខ្វះខាតនេះ។ លោក Sawyer ជានាយកនៃមជ្ឈមណ្ឌល Pulitzer ស្តីពីការរាយការណ៍អំពីវិបត្តិដែលជាក្រុមដែលបាននាំខ្សែភាពយន្តឈ្មោះ Water Wars ឱ្យចូលរួមក្នុងមហោស្រពខ្សែភាពយន្តបរិដ្ឋានក្នុងរដ្ឋធានីWashington។
«យើងកំពុងពិនិត្យមើលដោយពិតប្រាកដអំពីថា តើពួកអ្នកឃ្វាលសត្វក្នុងវាលស្មៅឋិតនៅបែបណាក្នុងចំណោមពួកជនរងគ្រោះដំបូងៗនៃការប្រែប្រួលធាតុអាកាសសាកល? តើការណ៍នេះមានផលប៉ះពាល់បែបណាដល់របៀបរស់នៅរបស់ពួកគេនិងលទ្ធភាពនៃការមានជម្លោះដែលជាលទ្ធផលមួយ»។
ខ្សែកុន Water Wars ចូលរួមជាមួយពួកអ្នកឃ្វាលសត្វក្នុងវាលស្មៅនៅក្នុងកន្លែងសោះកក្រោះមានស្មៅងាប់ មានដើមឈើស្ងួតក្រេះ និងមានដីហុយ។ ពួកអ្នកជំនាញការទស្សន៍ទាយថា ការរាំងស្ងួតនឹងមានភាពធ្ងន់ធ្ងរថែមទៀតជាមួយការប្រែប្រួលធាតុអាកាស ហើយពួកប្រទេសក្រីក្រ ដូចជាប្រទេស Ethiopie ជាដើមនឹងមានផលប៉ះពាល់ធ្ងន់ធ្ងរបំផុត។
ខ្សែភាពយន្តទីបីឈ្មោះ Easy Like Water ពិនិត្យមើលអំពីវិបត្តិទឹកក្នុងប្រទេស Bangladesh។ ប្រទេសជាតិតូចនេះក្នុងទ្វីបអាស៊ីខាងត្បូងមានប្រជារាស្ត្រ១៥០លាននាក់នៅលើឆ្នេរឆកសមុទ្រ Bengal បានប្រឈមមុខនឹងទឹកជំនន់ និងខ្យល់ព្យុះខ្លាំងទ្បើងៗ។ យើងបានដឹងអំពីវិបត្តិនេះដែលកំពុងកើនខ្លាំងទ្បើងៗពីលោកស្ថាបត្យករ Mohammed Rezwan ដែលបានផលិតទូកមួយចំនួនដើរដោយចំណាំងព្រះអាទិត្យនិងមានការទាក់ទងជាមួយបណ្តាញ Internet ផងដែរ។
«ខ្ញុំមានជំនឿថា ប្រសិនបើក្រុមកុមារមិនអាចទៅសាលារៀនបានទេ នោះសាលារៀនគួរទៅរកពួកគេ»។
ផ្លូវមានទឹកលិចអាចបិទសាលារៀនរហូតដល់បួនខែក្នុងមួយឆ្នាំ។ អ្នកផលិតខ្សែភាពយន្ត Glenn Baker និយាយថា ទូកដើរដោយកម្លាំងចំណាំងព្រះអាទិត្យជួយបំពេញការខ្វះខាតខាងការសិក្សាអប់រំនិងជួយបំពេញសេចក្តីត្រូវការឯទៀតៗរបស់សហគមន៍ផងដែរ។
«មិនមែនមានតែសាលារៀនបណ្តែតទឹកប៉ុណ្ណោះទេដែលលោក Rezwan បានធ្វើឱ្យមានភាពខុសប្លែកមួយ។ លោកមានបណ្ណាល័យបណ្តែតទឹក មន្ទីរ clinics បណ្តែតទឹក ទីជម្រកធាតុអាកាសបណ្តែតទឹក សួនដាំដំណាំបណ្តែតទឹក។ ហើយលោកមានទស្សនៈវិស័យអំពីសហគមន៍ទាំងមូលដែលនឹងអណ្តែតលើទឹក។ នៅពេលនេះ ខ្ញុំមិននិយាយថា នេះជាចម្លើយតែមួយគត់ដល់ការប្រែប្រួលធាតុអាកាសទេ ក៏ប៉ុន្តែនេះជាប្រជារាស្ត្រដែលប្រកាន់យកយុទ្ធសាស្ត្រសម្របសម្រួលមួយ ដោយធ្វើអ្វីដែលពួកគេត្រូវធ្វើដើម្បីរស់»។
មជ្ឈមណ្ឌល Pulitzer ស្តីពីការរាយការណ៍អំពីវិបត្តិបានគាំទ្រជាផ្នែកដល់ខ្សែកុនឯកសារទាំងបីនេះគឺ រឿង Easy Like Water, Water Wars និងរឿង Sun Come Up។ លោក Jon Sawyer នាយកនៃមជ្ឈមណ្ឌលនេះសង្ឃឹមថា ខ្សែភាពយន្តទាំងនេះនឹងជំរុញឱ្យមានភាពនិយមសកម្មភាពសាធាណៈច្រើនជាងមុនដល់បញ្ហាធាតុអាកាសប្រែប្រួលនិងបញ្ហាទឹក។ រូបកាត់ចេញពីខ្សែកុនទាំងនេះមានផ្សាយក្នុងគេហទំព័រនៃមជ្ឈមណ្ឌល Pulitzer គឺ www.PulizerCenter.org៕