ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកសេដ្ឋសាស្ត្រ​ធនាគារ​ពិភពលោក​បារម្ភ​​ថា​ប្រេងឥន្ទនៈ​នៅតែ​ថ្លៃ​ទៅថ្ងៃមុខ


អ្នកសេដ្ឋសាស្ត្រ​ធនាគារ​ពិភពលោក​បារម្ភ​​ថា​ប្រេងឥន្ទនៈ​នៅតែ​ថ្លៃ​ទៅថ្ងៃមុខ
អ្នកសេដ្ឋសាស្ត្រ​ធនាគារ​ពិភពលោក​បារម្ភ​​ថា​ប្រេងឥន្ទនៈ​នៅតែ​ថ្លៃ​ទៅថ្ងៃមុខ

តម្លៃប្រេង​ឥន្ធន:​ នៅ​ក្នុង​សកលលោក​ ឥឡូវ​នេះ​ ឡើង​ជិត​ដល់​ ១១០​ដុល្លា​មួយ​ធុង​ ហើយ​បើ​បូក​រួម​ជា​មួយ​អតិផរណា​ទៀត​ ​ចោទ​ជា​ការ​គំរាម​ដល់​ការ​ងើប​ឡើង​វិញ​នូវ​សេដ្ឋកិច្ច​សកលលោក អ្នកសេដ្ឋសាស្ដ្រ​ម្នាក់​នៃធនាគារ​ពិភពលោក​ នៅក្នុង​ប្រទេស​ថៃកំពុង​ព្រមាន​ថា​ ទោះបី​ការតានតឹង​បាន​ធូរស្រាល​នៅ​ក្នុង​មជ្ឈឹម​បូព៌ា​ក៏ដោយ​ ប្រេង​ឥន្ធន:​ នឹង​នៅតែ​ថ្លៃ​ដដែល​ ដោយ​មកពី​សេចក្ដី​ត្រូវការ​យ៉ាងច្រើន​ពី​ប្រទេស​ចិន​ ឥណ្ឌា ហើយនឹង​ប្រទេស​មាន​ឧស្សាហកម្ម​ដទៃៗ​ទៀត។ តម្លៃប្រេង​ឥន្ធន:​ ហើយ​នឹង​វត្ថុ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ បណ្ដាល​ឲ្យ​មាន​អតិផរណា​ ដែល​ឥឡូវនេះ​ គេ​មើល​ឃើញ​ថា​ ជា​សេចក្ដី​ព្រួយ​បារម្ម​ចំបង​មួយ​នៅ​ប្រទេស​ថៃ​ ហើយ​នឹង​នៅ​ទូទាំង​តំបន់​នេះ។

នៅ​ក្នុង​សេចក្ដី​រាយការណ៍​តាម​ឃ្លាំ​មើល​មួយ​ស្ដី​ពី​សេដ្ឋកិច្ច​នៃ​ប្រទេស​ថៃ​ ធនាគារ​ពិភពលោក​ឲ្យ​ដឹង​ថា​ តម្លៃប្រេង​ឥន្ធន:​ នៅ​ក្នុង​សកលលោក​ ឥឡូវ​នេះ​ ឡើង​ជិត​ដល់​ ១១០​ដុល្លា​មួយ​ធុង​ ហើយ​បើ​បូក​រួម​ជា​មួយ​អតិផរណា​ទៀត​ ​ចោទ​ជា​ការ​គំរាម​ដល់​ការ​ងើប​ឡើង​វិញ​នូវ​សេដ្ឋកិច្ច​សកលលោក។

តម្លៃប្រេង​ឥន្ធន:​ អន្ដរជាតិ នៅ​តែ​មាន​ជិត​ដល់​កម្រិត​ខ្ពស់​បំផុត ចាប់​តាំង​ពី​ឆ្នាំ​២០០៨​មក។​ តម្លៃប្រេង​ឥន្ធន: ​នៅ​ក្នុង​សកលលោក​ ឡើង​យ៉ាង​ខ្ពស់ដល់​ ១៤៧​ដុល្លា​ក្នុង​មួយ​ធុង​ នៅ​ឆ្នាំ​២០០៧​ មុន​នឹង​ចុះ​នៅ​តិច​ជាង​៥០​ដុល្លា​នៅ​ចុង​ឆ្នាំ​២០០៨។

សេដ្ឋកិច្ច​នៃ​ស.រ.អ.​ ហើយ​នឹង​ប្រទេស​មាន​ឧស្សាហកម្ម​ធំៗ នៅ​ទ្វីបអឺរ៉ុប​ កំពុង​តែ​ខិត​ទៅមុខនៅ​ក្នុង​អ្វី​ដែល​ជា​ការងើប​ឡើងរបស់​សេដ្ឋកិច្ចមិនរឹងមាំ​ ក្រោយ​ពី​វិបត្ដិ​ហិរញ្ញវត្ថុ​ឆ្នាំ​២០០៨-២០០៩។​ ប៉ុន្ដែ​លោក Frederico Gil Sander​ អ្នក​សេដ្ឋសាស្ដ្រ​ សម្រាប់​ប្រទេស​ថៃក្នុង​តំបន់និយាយ​ថា​ ការ​កើនឡើង​នៃ​តម្លៃប្រេង​ឥន្ធន:តទៅ​ទៀត​ នឹង​គំរាម​ដល់​ការ​ងើប​ឡើង​របស់​សេដ្ឋកិច្ច​ ហើយ​ជំរុញ​ឲ្យ​មាន​អតិផរណា។

«អតិផរណា​បាន​ក្លាយ​ទៅ​ជា​សេចក្ដី​ព្រួយ​បារម្ភ​ចំបង​មួយ​ ចំពោះ​អ្នក​ធ្វើ​គោល​នយោបាយ​ ទាំង​នៅ​ក្នុង​ប្រទេស​ថៃ​និង​នៅ​នាយ​សមុទ្រ។​ ហើយ​ សេចក្ដី​ព្រួយ​បារម្ភ​អំពី​អតិផរណា​ ពិត​ជា​ពាក់​ព័ន្ធ​ទៅ​នឹងប្រេង​ឥន្ធន:​ឡើង​ថ្លៃ។ ហើយ​យើង​មិន​គួររំពឹង​ថា​ តម្លៃប្រេង​ឥន្ធន:នឹង​ចាប់​ផ្ដើម​ចុះ​ថយ​យ៉ាង​ឆាប់រហ័ស​ទេ​ ទោះ​បីគេ​ដោះស្រាយ​ស្ថានការណ៍​នៅក្នុង​មជ្ឈឹម​បូព៌ាក៏ដោយ។​ ហេតុដូច្នេះ​ហើយ​ នៅ​ក្នុង​ស្ថាន​ភាព​នេះ​ សារ​មួយ​គឺយើង​ប្រហែល​ជា​មិន​គូររំពឹងថា​ តម្លៃប្រេង​ឥន្ធន:នឹង​ចុះ​ថយ​ច្រើន​ទេ ។​ តាមពិត​ទៅ​តម្លៃ​នោះ​ទំនង​ដូច​ជា​នឹង​នៅ​តែ​មាន​កម្រិត​ខ្ពស់»។

លោក​ Sander មាន​ប្រសាសន៍​ថា​ តម្លៃប្រេង​ឥន្ធន:ខ្ពស់​ ក៏​បណ្ដាល​ផង​ដែរ​ មក​ពី​ សេចក្ដី​ត្រូវ​ការ​កើន​ឡើង​ មក​ពី​ក្រុម​ប្រទេស​មាន​ឧស្សាហកម្ម​ថ្មី​ ដូច​ជា​ប្រទេស​ឥណ្ឌា​ និង​ប្រទេស​ចិន។​ ប្រេង​ឥន្ធន:​ឡើង​ថ្លៃ​ចំ​ពេលដែល​ ផលិតផល​កសិកម្មប្រើប្រាស់​ឡើងថ្លៃ​ដែរ​ ទោះបី​ការ​កើន​ឡើង​នៃ​ ផលិតផលទាំងនោះ​ ជំរុញ​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​ដូច​ជា​ ប្រទេស​ថៃ​ ដោយបង្កើន​អត្រា​ប្រាក់​ចំណូល​កសិករ​និង​ប្រាក់​ម៉ោង​ ក៏​ដោយ។

តម្លៃប្រេង​ឥន្ធន:​ទំនង​ដូច​ជា​នៅ​តែ​ខ្ពស់ ដោយសារ​សេចក្ដី​ត្រូវការ​កើនឡើង​ពី​ប្រទេស​ជប៉ុន​ ដែល​នៅ​ក្នុង​ប្រទេស​នេះ​ ការ​ខូចខាត​ដោយសារ​ការ​រញ្ជួយ​ផែនដី​ ហើយ​នឹង​រលក​ស៊ូណាមី​ នៅ​ថ្ងៃទី​១១​ ខែ​មីនាបណ្ដាល​ឲ្យ​មាន​ការ​បិទ​អាគារ​ថាមពល​នុយគ្លេ​អ៊ែរ​មួយ។​ តាមធម្មតា​ សេចក្ដី​ត្រូវការ​ថាមពល​ប្រមាណ​៣០​ភាគរយរបស់​ប្រទេស​ជប៉ុន​ ត្រូវ​បាន​បំពេញ​ដោយ​ថាមពល​នុយ​គ្លេអ៊ែរ។​ ផល​វិបាក​នៃ​ ការ​រញ្ជួយ​ផែនដី​ ទំនង​ដូចជា​បង្ករ​ឲ្យមាន​សេចក្ដី​ត្រូវការប្រេង​ឥន្ធន:​ ថែមទៀត​នៅក្នុង​ប្រទេស​ជប៉ុន​ នៅ​ក្នុង​រយ:​ពេលមធ្យម​។

អ្នកសេដ្ឋសាស្ដ្រ​ លោក Sander ​មាន​ប្រសាសន៍ថា​ ការ​ឡើងថ្លៃ​ប្រេងឥន្ធន:​ថែម​ទៀត​ អាច​ចោទ​ជា​ការប្រថុយ​គ្រោះថ្នាក់​ជាក់ស្ដែង ចំពោះ​សេដ្ឋកិច្ច​សកលលោក​ និង​ចំពោះ​សេដ្ឋកិច្ច​នៃ​ប្រទេស​ថៃ។​ ប្រទេស​អឺរ៉ុប​ ដែល​កំពុង​តែងើប​ឡើងវិញ​ ពី​វិបត្ដិ​ប្រាក់​បំណុល​ធំធេង​ អាច​បាត់បង់​ទំនុក​ទុកចិត្ដ​ បើ​ពួក​គេ​មាន​ការ​លំបាក​ក្នុង​ការសម្រួលសេដ្ឋកិច្ច​ជាថ្មី​ម្ដងទៀត​នោះ៕

ប្រែ​សម្រួល​ដោយ​ កងស៊ីវន

XS
SM
MD
LG