លោក Robert Zoellick ប្រធានធនាគារពិភពលោក កំពុងជម្រុញឲ្យសហរដ្ឋអាមេរិកនាំមុខគេក្នុងការជំរុញការចរចាពាណិជ្ជកម្មសេរីទីក្រុង ដូហាដែលជាប់គាំងឲ្យមានដំណើរការឡើងវិញ។ លោកនិយាយថាការធ្វើពាណិជ្ជកម្មបើកចំហរជាមធ្យោបាយដ៏ល្អបំផុតដើម្បីជួយសេដ្ឋកិច្ចសកលលោកដែលមានការត្រដាបត្រដួសនោះ។
លោក Robert Zoellick ប្រធានធនាគារពិភពលោក មានប្រសាសន៍ថាតាមការពិត ពិភពលោកទាំងមូលមានបញ្ហាសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។ លោកបានកត់សម្គាល់ថា អឺរ៉ុបកំពុងតស៊ូយ៉ាងលំបាកជាមួយតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូ។ សហរដ្ឋអាមេរិក បានជាប់ផុងនឹងប្រាក់បំណុលនិងឱនភាពហើយត្រូវការយុទ្ធសាស្រ្តរីកចម្រើនសេដ្ឋកិច្ចយ៉ាងខ្លាំង។ លោកមានប្រសាសន៍បន្តទៀតថា ជប៉ុនកំពុងចេញផុតពីមហន្តរាយនុយគ្លេអ៊ែរហើយកំពុងប្រឈមមុខទល់និងការរីកចម្រើនទាប។
«ដូច្នេះ ចំពោះខ្ញុំហាក់ដូចថាក្រៅពីការដោះស្រាយបញ្ហាបំណុលនិងឱនភាពក្នុងស្រុក ពិភពលោក ត្រូវការយុទ្ធសាស្រ្តរីកចម្រើនសកលមួយ។ ហើយការធ្វើពាណិជ្ជកម្មបើកចំហរធ្វើឲ្យមានការរីកចម្រើន។ វាជាកម្មវិធីដ៏ល្អបំផុតមួយនៅក្នុងពិភពលោក។ យើងបានឃើញនូវប្រសិទ្ធិភាពរបស់កម្មវិធីនេះ ក្នុងរយៈពេល៦០ឬ៧០ឆ្នាំកន្លងមកនេះ។ ដូច្នេះ តើហេតុអ្វី បានជាមិនធ្វើឲ្យមានការចរចាពាណិជ្ជកម្មសេរីទីក្រុងដូហានេះឡើងវិញ?»។
នេះជាសំណួរដែលស្រួលសួរតែពិបាកឆ្លើយ។ លោក Zoellickបានចំណាយពេលជាច្រើនហើយនឹងមូលធនរបស់លោកជាអ្នកចរចាពាណិជ្ជកម្មក្នុងទីក្រុងដូហា។ លោកបានជួយចាប់ផ្តើមការចរចាពាណិជ្ជកម្មសេរីទីក្រុងដូហានៅឆ្នាំ២០០១ ហើយលោកនៅមានការអាក់អន់ចិត្តយ៉ាងខ្លាំងដែល១០ឆ្នាំក្រោយមក នៅមិនទាន់មានកិច្ចព្រមព្រៀងមួយ។
វិស័យកសិកម្មនៅតែជាការរារាំងដ៏ខ្លាំងមួយដល់កិច្ចព្រមព្រៀងនោះ។ បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ កំពុងទាមទារឲ្យសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប កាត់ជំនួយប្រាក់ដល់កសិកម្មរបស់ខ្លួន។ ប៉ុន្តែ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបកំពុងអំពាវនាវដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ហើយនឹងប្រទេសមានសេដ្ឋកិច្ចងើបឡើង ដូចជាប្រទេសឥណ្ឌា និងប្រស៊ីល បើកទីផ្សាររបស់ខ្លួនដល់ទំនិញឧស្សាហ៍កម្មហើយនឹងផ្តល់លទ្ធភាពកាន់តែច្រើនឡើងចូលក្នុងសេវាកម្មផ្សេងៗ។
ដោយសារតែការទាមទារទាំងសង្ខាង ទំនងជាមិនអាចដោះស្រាយបាន ពួកអ្នកចរចាទីក្រុងដូហា កំពុងពិភាក្សាកម្មវិធីសម្បទានពាណិជ្ជកម្មតូចជាង ក៏ប៉ុន្តែគេមិនបានយល់ស្របគ្នាលើអ្វីដែលត្រូវគេដាក់បញ្ចូលក្នុងកម្មវិធីនោះទេ។
លោក Zoellickមិនមែនជាអ្នកគាំទ្រកិច្ចព្រមព្រៀងតូចតាចដែលលោកនិយាយថាវានឹងមានការពិបាកដើម្បីធ្វើឲ្យសម្រេចដូចជាកិច្ចព្រមព្រៀងធំ។ លោកហៅថាវាជាការបន្ទាបបន្ថោកដល់ការចរចារទីក្រុងដូហា។
«ដូច្នេះ ខ្ញុំជំរុញឲ្យមានការចរចា។ ឥឡូវនេះ ខ្ញុំប្រាកដជាយល់ថាកិច្ចព្រមព្រៀងនេះ តម្រូវឲ្យមានការដឹកនាំហើយវាត្រូវកើតចេញពីប្រទេសអភិវឌ្ឍន៍សំខាន់ៗក៏ដូចជាប្រទេសមានទីផ្សារកំពុងងើបឡើង។ នេះជាពិភពលោកដែលមានការខុសផ្លែកពី១៥ឆ្នាំឬ២០ឆ្នាំមុន។ ហើយជាការពិត សហរដ្ឋអាមេរិកដែលមានសេដ្ឋកិច្ចដ៏ធំបង្អស់របស់ពិភពលោក ជាបេក្ខជនដ៏ល្អមួយ។សហរដ្ឋអាមេរិក នឹងត្រូវកាត់ប្រាក់ជំនួយកសិកម្ម ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងថវិការរបស់ខ្លួន។ ទើបនិងមានកិច្ចព្រមព្រៀងក្នុងសភាសហរដ្ឋអាមេរិក ដើម្បីកាត់មិនត្រឹមតែពន្ធលើប្រេងអេតាណុលប៉ុណ្នោះទេ ប៉ុន្តែក៏លើប្រាក់ជំនួយអេតាណុលដែរ»។ប្រធានធនាគារពិភពលោក Zoellickបានថ្លែងថាមានសារៈសំខាន់នៅពេលនេះ។ លោកព្រមានថាបរាជ័យរបស់ប្រទេសជាតិធ្វើពាណិជ្ជកម្មសំខាន់ដើម្បីធ្វើការចរចាអំពីការបញ្ចុះឧបសគ្គពាណិជ្ជកម្មសកលលោក នឹងដាក់ការរីកលូតលាស់សេដ្ឋកិច្ចឲ្យស្ថិតក្នុងភាពគ្រោះថ្នាក់ ជាពិសេសសម្រាប់ប្រទេសក្រីក្របំផុត។
លោកមានប្រសាសន៍បន្តទៀតថាវានឹងក្លាយជាកំហុសដ៏ធំមួយសម្រាប់ប្រទេសនានាដែលអនុញ្ញាតិឲ្យការចរចាពាណិជ្ជកម្មទីក្រុងដូហាបរាជ័យនោះ។ លោកមានប្រសាសន៍បន្តទៀតថានៅពេលដែលពិភពលោក ត្រូវការយ៉ាងខ្លាំងនូវយុទ្ធសាស្រ្តរីកចម្រើន ការបិទ ជាជាងការបើកទីផ្សារ នឹងក្លាយបញ្ហាដ៏អាក្រក់បំផុត។
ប្រែសម្រួលដោយ ជឹង ប៉ូជីន