ការបូជាសពជាទំនៀមទម្លាប់មួយដែលប្រជាពលរដ្ឋខ្មែរភាគច្រើន តែងតែធ្វើតាម នៅពេលមានក្រុមគ្រួសារទទួលមរណភាព។ អាចារ្យព្លុក ឬគេហៅថា អាចារ្យដុតសព បានដើរតួនាទីសំខាន់មួយក្នុងការបូជាសពនៅតាមឈាបនដ្ឋាននានា នៅក្នុងវត្ត ឬនៅមេរុខាងមុខផ្ទះ។
លោក ម៉ៅ ស៊ឹម រស់នៅក្នុងខេត្តពោធិ៍សាត់ បានធ្វើជាអាចារ្យព្លុកនៅវត្តបន្ទាយដី បានប្រមាណ៣៥ឆ្នាំមកហើយ។ លោកបានលើកឡើងថា លោកមិនមានភាពភ័យខ្លាច និងខ្ពើមរអើមសាកសពនោះទេ។ លោកបានបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ លោករំលាយសពបានប្រមាណ៧០០នាក់ហើយ។
លោក ម៉ៅ ស៊ឹម អាយុ៨២ឆ្នាំ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧បានបូជាសពមនុស្សពីរនាក់គឺម្នាក់អាយុ៩២ឆ្នាំ ដែលទទួលមរណភាព ដោយជរាពាធ និងម្នាក់ទៀតជាយុវជនអាយុ២៧ឆ្នាំ ដែលស្លាប់ដោយសារធ្វើអត្តឃាត ចងកសម្លាប់ខ្លួន។
លោកម៉ៅ ស៊ឹម អាចារ្យព្លុកនៅមានសុខភាពរឹងមាំនៅឡើយទោះមានអាយុច្រើនក្តី។ លោកតាធ្លាប់បួសជាព្រះសង្ឃកាលពីមុនឆ្នាំ១៩៧៩មុននឹងក្លាយជាអាចារ្យព្លុក។ លោកបានរំឭកថា លោកបានធ្វើជាអាចារ្យរំលាយសពតាំងពីឆ្នាំ១៩៨២ ហើយបានដុតសពប្រមាណ៧០០ហើយ រហូតមកដល់ពេលនេះ។
ស្លៀកពាក់ខោខ្មៅ អាវសដៃវែង អាចារ្យរូបនោះបានឲ្យដឹងថា លោកបានមករស់នៅក្នុងវត្តបន្ទាយដី នៅខេត្តពោធិ៍សាត់ ក្នុងឆ្នាំ១៩៧៩ ហើយបន្ទាប់មកព្រះចៅអធិការវត្តបានសួរលោកថា ហ៊ានបូជាសពដែរ ឬទេ?
លោកមានប្រសាសន៍ថា៖
«លោកឲ្យមក(ដុតសព) ឃើញខ្ញុំ (ហើយសួរ)ថា ខ្ញុំហ៊ានដែរអី? ខ្ញុំថា អត់ខ្លាចទេខ្មោច។ ដល់អីចឹងលោកឲ្យកាន់កាប់ដុតហ្នឹងតែម្តងទៅ»។
លោកបានបញ្ជាក់ទៀតថា ឪពុករបស់លោកក៏ធ្លាប់ជាអ្នករំលាយសពផងដែរ។
ព្រះពុទ្ធសាសនា ជាសាសនារដ្ឋរបស់ប្រទេសកម្ពុជា ដែលប្រជាពលរដ្ឋភាគច្រើនប្រតិបត្តិតាម។ នៅពេលមានមនុស្សស្លាប់ ក្រុមគ្រួសារតែងតែអនុវត្តការរំលាយសព។ អាចារ្យ និងព្រះសង្ឃបានដើរតួនាទីសំខាន់ក្នុងការប្រោសព្រំដល់សព និងរៀបចំពិធីផ្សេងៗតាមបែបព្រះពុទ្ធសាសនា មុននឹងសពត្រូវបានរំលាយ។
ការរំលាយសពអាចធ្វើឡើងនៅវត្តដែលមានឈាបនដ្ឋាន ឬអាចធ្វើនៅខាងមុខផ្ទះ ដោយមានការរៀបចំមេរុពិសេសមួយសម្រាប់បូជាសព។ បច្ចុប្បន្ននេះ ឈាបនដ្ឋានខ្លះនៅតាមវត្តអារាមត្រូវបានហាមឃាត់មិនឲ្យបូជាសពនោះទេ ដោយសារខ្លាចប៉ះពាល់ដល់បរិស្ថាននៅជុំវិញ។
ឈាបនដ្ឋានដែលលោក ម៉ៅ ស៊ឹម រំលាយសពមានភាពចំណាស់ទៅហើយ។ នៅជុំវិញនោះ ពោរពេញដោយផ្នូរខ្មោច។ នៅពេលដុតសពម្តងៗ លោក ម៉ៅ ស៊ឹមបានសួរអំពីអាយុមនុស្សដែលស្លាប់ និងមូលហេតុនៃការស្លាប់។ លោកពន្យល់ថា ការសាកសួរនេះគឺដើម្បីឲ្យលោកមានការប្រុងប្រយ័ត្នជាមុន ជាមួយសាកសពមួយចំនួន ដែលមានជំងឺទាចទឹក និងសពដែលជាអ្នកមានមន្តអាគម ដែលលោកថា ពិបាកដុត។
លោកមានប្រសាសន៍ថា៖
«បើភ្លើងយើងឆេះ ដូចថា កំពុងធ្លោ វាឆេះក្តៅពុះ ហើយវាធ្លាយបែកទឹកហោះផុតអាហ្នឹង។ ស្រោចមកសុទ្ធតែឈាម បើយើងកុំក្រាបផុត ជោគយើងទាំងអស់។ ខ្មោចកើតទាច ខ្ញុំប្រយ័ត្នណាស់»។
លោកបានរំឭកថា លោកបានជួបសពមួយដែលដុតមិនឆេះគឺសពមានអាយុប្រហែល៥០ឆ្នាំ មានសក់កណ្តាញ់ និងជាមនុស្សទាបតឿ ដែលលោកថា ជាអ្នកមានមន្តអាគមម្នាក់។ លោកបញ្ជាក់ថា រាងកាយសាកសពនោះ លោកមិនអាចដុតឲ្យឆេះអស់នោះទេ ដូច្នេះលោកបានប្រើក្បួនខ្នាត និងធម៌ដែលលោកចេះតាំងពីដើមមក។
លោកមានប្រសាសន៍ថា៖
«ខ្ញុំថា សង្ស័យសក់កណ្តាញ់ហ្នឹង អានេះគ្រូចេះអាគមគាថាអីហើយ។ ខ្ញុំកាប់កូនត្នោតតូចៗយើងហ្នឹង ៧ធាង ហើយត្រកួនកន្ទែក បោចដាក់ ហើយនិងដាក់អំបិល ទឹកនោម»។
ក្នុងការបូជាសពប្រមាណ៣៥ឆ្នាំមកនេះ លោក ស៊ឹម បានជួបប្រទះសាកសពគ្រប់ប្រភេទ រួមមានសពមនុស្សមានជំងឺផ្សេងៗ ដូចជាជំងឺទាចទឹក កើតអេដស៍ សាកសពលង់ទឹក ចងកសម្លាប់ខ្លួន ឆក់ខ្សែភ្លើង និងគ្រោះថ្នាក់ចរាចរណ៍ជាដើម។
នៅពេលសពមកដល់កន្លែងរំលាយសព ក្រុមគ្រួសារ សាច់ញាតិ និងអ្នកចូលរួមហែសព ជាអ្នកជិតខាងរបងជាមួយ បានដើរជុំវិញកន្លែងរំលាយសពចំនួន៣ជុំ បន្ទាប់មកសពត្រូវបានរំកិលចូលកន្លែងរំលាយ ដែលអាចារ្យព្លុកបានរៀបចំឧសជាឈើត្បែង ដាក់ខាងក្រោមមឈូស រួចជាស្រេច។
ព្រះសង្ឃ៥អង្គបានសូត្រធម៌ដល់សពជាលើកចុងក្រោយ។ បន្ទាប់ពីសូត្រធម៌ហើយ អាចារ្យព្លុកបានបើកមុខសពឲ្យក្រុមគ្រួសារ និងបងប្អូនសព មើលមុខជាលើកចុងក្រោយ។ បន្ទាប់មកលោកបានដាក់សពឲ្យផ្អៀងខ្លួនពាក់កណ្តាល ដែលលោកថា ដើម្បីងាយស្រួលបូជា។ លោកមានប្រសាសន៍ថា សពមិនអាចដាក់ឲ្យផ្ងារ ឬផ្កាប់មុខបានទេ ដោយសារខ្លាចពេលដុត សរសៃវាទាញ នាំឲ្យសពអាចងើបឡើង។
នៅពេលសាកសពឆេះអស់ និងសល់ឆ្អឹងមួយចំនួន លោកម៉ៅ ស៊ឹមបានយកទឹកសូត្រធម៌ ប្រោះព្រំ ហើយលោកបានឧបកិច្ចថា លោករើសបានឆ្អឹងគ្រប់នៃរាងកាយរបស់មនុស្ស ដូចជាឆ្អឹងម្រាមដៃ ម្រាមជើង ច្រមុះ មាត់ ត្រកៀក និងភ្លៅជាដើម។
បន្ទាប់មក លោកក៏បាននិយាយទៅកាន់ឆ្អឹងរបស់សាកសពថា កុំឲ្យបៀតបៀនអ្នកដទៃ ដោយសារខ្លួនបានស្លាប់ជាខ្មោច លែងជាមនុស្សទៀតហើយ។
លោកបាននិយាយទៅកាន់ឆ្អឹងសពថា៖
«នែ! ពីដើមមក បងឯងជាមនុស្ស ឥឡូវជាខ្មោចហើយ! ចាប់ពីថ្ងៃនេះតទៅ អត់មានមកយាយីញាតិមិត្តជិតខាង ក្រុមគ្រួសារអីទេណា! មានតែជួយចម្រុងចម្រើនក្រុមគ្រួសារ កូនចៅទាំងប៉ុន្មាននេះ មានតែជួយថែរក្សាឲ្យបានសេចក្តីសុខ សេចក្តីចម្រើន ដ្បិតអីបានបែកកាយរំលាយក្ខន្ធទៅកាន់លោកខាងមុខហើយ។ បើអីចឹងទេ កុំមកយាយីណា! ព្រោះយើងជាខ្មោចហើយ ចាប់ពីថ្ងៃនេះតទៅ អត់មានមកបៀតបៀនទេ។ ទៅចាប់ភពកន្លែងណាដែលមានសីលទាន រក្សាសីលធម៌។ ទៅចាប់ភពហ្នឹងទៅ! បានសេចក្តីសុខ សេចក្តីចម្រើន! ពីថ្ងៃនេះទៅ អត់មានមកយាយីបានទេណា! ខ្ញុំនិយាយប្រាប់ឲ្យហើយ អីចឹងតែហ្មង»។
បន្ទាប់មក ក្រុមគ្រួសារបានរើសយកធាតុទៅដាក់ក្នុងកោដិមួយ ហើយយកទៅតម្កល់នៅវត្ត ឬផ្ទះរបស់ពួកគេ។
ព្រះតេជគុណ វ៉ង់ សុភស្ត មានសង្ឃដីកាថា តាំងពីដើម ប្រជាជនខ្មែរមានទំនៀមទម្លាប់ធ្វើការបូជាសព ដោយទទួលឥទ្ធិពលពីព្រះពុទ្ធសាសនា។ ព្រះអង្គបន្តថា ការប្រព្រឹត្តអំពើល្អក៏នាំឲ្យមនុស្សទៅកាន់ឋានបរមសុខផងដែរ។
ព្រះអង្គមានសង្ឃដីកាថា៖
«វាទៅតាមកម្មដែលយើងធ្វើ។ បើសិនជាយើងធ្វើអំពើល្អ អំពើល្អនឹងនាំយើងទៅកើតនៅកន្លែងល្អ។ តែបើយើងធ្វើអំពើអាក្រក់ អំពើអាក្រក់នឹងនាំយើងទៅកើតនៅកន្លែងមិនល្អ កន្លែងអាក្រក់»។
ព្រតេជគុណ វ៉ង់ សុភស្ត មានសង្ឃដីកាបន្ថែមថា អាចារ្យរំលាយសពសព្វថ្ងៃនេះនៅមានចំណុចខ្វះខាតនៅឡើយ ដែលមិនទាន់អាចអនុវត្តការងារដុតសពនេះបានល្អនៅឡើយទេ។
ព្រះអង្គមានសង្ឃដីកាថា៖
«ពីដើម គេប្រកាន់ណាស់ ទាល់តែអ្នកនោះធ្លាប់បានបួសរៀនចេះដឹង ហើយមានសីលច្បាស់លាស់ បានគេឲ្យដឹកនាំធ្វើជាអាចារ្យព្លុក តែយើងឥឡូវអត់ទេ ចេះធម៌អីតិចតួច អ្នកផឹកស្រាក៏អាចបានដែរ»។
មានអាជីពជាអាចារ្យព្លុក លោកម៉ៅ ស៊ឹម អាចរកប្រាក់បានចន្លោះពី១២ទៅ១៤ម៉ឺនរៀលសម្រាប់ការដុតសាកសពមួយ។ លោកបានចំណាយប្រាក់ទៅលើថ្លៃឧសចំនួន២៥.០០០រៀល ថ្លៃប្រេង១លីត្រកន្លះ និងប្រគេនវត្តចំនួន២ម៉ឺនរៀល។ ពេលខ្លះ គ្រួសារសពអាចឲ្យលុយបន្ថែមលើសនេះសម្រាប់ការងារបូជាសព។
លោកស៊ឹមមានកូន៥នាក់ តែទោះជាយ៉ាងណាក្តីលោកបានលើកឡើងថា មិនមានកូនណាម្នាក់ចាប់អារម្មណ៍នឹងអាជីពជាអាចារ្យអាចារ្យព្លុករំលាយសពនោះទេ។ លោកមានប្រសាសន៍ថា លោកធ្លាប់ហៅកូនទៅជួយក្នុងការងារដុតសពនេះ តែពួកគេបានបដិសេធ ដោយសារខ្លាច និងខ្ពើមរអើមការដុតសព។
លោកមានប្រសាសន៍ថា៖
«កូនវាអត់ទេ។ វាចេះតែខ្លាច។ ឲ្យវាទៅជួយដែរ វាថា អត់ទៅទេ ខ្លាច ហើយខ្ពើម»។
លោក ម៉ៅ ស៊ឹម យល់ថា ការងាររំលាយសពនេះក៏ជាចំណែកមួយឲ្យលោកទទួលបានផលបុណ្យផងដែរ។ លោកមានប្រសាសន៍ថា៖
«បាន ដូចយើងជួយគេ ចេះតែបានបុណ្យហើយ បានព្រោះយើងធ្វើកិច្ចហ្នឹង យើងមិនមែនថា ធ្វើយកតែនេះណា(លុយ) ធ្វើយកបុណ្យផង អីផងទៅ»។
បើទោះជាប្រកបការងារនេះច្រើនឆ្នាំមកហើយ លោកមានប្រសាសន៍ថា លោកមិនដែលបានឃើញខ្មោច ឬខ្មោចលង ឬយល់សប្តិឃើញខ្មោចនោះទេ។ លោកមានប្រសាសន៍ថា លោកនឹងបន្តកិច្ចការងារនេះតទៅទៀត រហូតដល់លោកធ្វើលែងកើត៕