ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អំណាច​សហជីព​ជួប​បញ្ហា​ក្នុង​វិវាទ​នៅ​រដ្ឋ​វីស្កន់ស៊ីន


អ្នក​ជំទាស់​នឹង​សំណើ​របស់​អភិបាល​រដ្ឋ​​ឲ្យសហជីព​​បោះបង់​ចោល​​សិទ្ធិ​​​ចរចា​​សមូហភាព​សម្រាប់​កម្មកររដ្ឋ​ជា​ច្រើន​នាក់​ដែល​ទទួល​ទាន​ដំណេក​នៅ​លើ​ក្ដារបន្ទប់​រាង​ក្រឡូម​​នៅ​វិមានរដ្ឋ​នា​ទីក្រុង​ម៉ាឌីសុន​ រដ្ឋ​​វីស្កន់ស៊ីន នៅ​ថ្ងៃ​ទី​២៤​កុម្ភ:ឆ្នាំ​២០១១ នៅ​ថ្ង
អ្នក​ជំទាស់​នឹង​សំណើ​របស់​អភិបាល​រដ្ឋ​​ឲ្យសហជីព​​បោះបង់​ចោល​​សិទ្ធិ​​​ចរចា​​សមូហភាព​សម្រាប់​កម្មកររដ្ឋ​ជា​ច្រើន​នាក់​ដែល​ទទួល​ទាន​ដំណេក​នៅ​លើ​ក្ដារបន្ទប់​រាង​ក្រឡូម​​នៅ​វិមានរដ្ឋ​នា​ទីក្រុង​ម៉ាឌីសុន​ រដ្ឋ​​វីស្កន់ស៊ីន នៅ​ថ្ងៃ​ទី​២៤​កុម្ភ:ឆ្នាំ​២០១១ នៅ​ថ្ង

នៅ​ក្នុង​នយោបាយ​សហរដ្ឋ​អាមេរិក​ក្រសែ​ភ្នែក​ទាំងឡាយ​កំពុង​ផ្តោត​ទៅ​លើ​រដ្ឋ ​វីស្កន់ស៊ីន (Wisconsin)​ ដែល​ស្ថិតនៅពាក់​កណ្តាល​ភាគខាងលិច​ដែលការតស៊ូ​ផ្នែក​ថវិកា​បាន​ផ្ទុះ​ឡើង​ហើយ​អាចជះ​ឥទ្ធិពល​យ៉ាង​ខ្លាំងទៅ​លើ​អំណាច​របស់​សហជីព​ការងារ​នៅ​ទូទាំង​ប្រទេស។ លោក​ ស្កត់ វ៉ក​ឃើ (Scott Walker) អភិបាល​រដ្ឋ​វីស្កន់ស៊ីន​មកពី​គណបក្ស​សាធារណ​រដ្ឋ​និយម​ចង់​រារាំង​អំណាច​ចរចា​សមូហភាព​របស់​សហជីព​ដែល​តំណាង​ឲ្យ​និយោជិត​នៅក្នុង​រដ្ឋ​ដែល​ជា​ផែ្នក​មួយ​នៃ​ផែនការ ​ដើម្បី​ធ្វើ​ឲ្យ​មាន​តុល្យភាព​ថវិកា​រដ្ឋ។ សមាជិក​សហជីពក្នុង​រដ្ឋ​វីស្កន់ស៊ីន​កំពុង​តវ៉ា​ប្រឆាំង​នឹង​វិធានការ​នេះ​ហើយកំពុង​ទទួល​បាន​ការគាំទ្រ​ពី​សកម្មជន​សហជីព​ទាំងឡាយ​នៅ​ទូទាំង​ប្រទេស។

ចាប់ពី​ឥឡូវ​នេះ​ទៅ ​រដ្ឋវីស្កន់ស៊ីន​ក្លាយជា​ចំណុច​សំខាន់​នៃការពិភាក្សា​ថ្នាក់​ជាតិ​យ៉ាង​ខ្លាំង​ក្លា​ លើ​បញ្ហាថា​តើរដ្ឋ​នីមួយៗ​គួរតែ​មាន​លទ្ធភាពបង្ខំ​សហជីព​ឲ្យ​បោះបង់​ចោលសិទ្ធិ​ចរចាសមូហភាព​ដើម្បីកាត់​បន្ថយការចំណាយ​របស់​រដ្ឋាភិបាល​ដែល​ចេះ​តែ​កើន​ឡើង​ដែរ​ឬ​អត់។

លោក ស្កត់ វ៉កឃើ អភិបាល​រដ្ឋ​ថ្មី​នៃ​គណបក្ស​សាធារណ​រដ្ឋ​ក្នុង​រដ្ឋវីស្កន់ស៊ីន​កំពុង​ទាមទារ​ឲ្យ​មាន​សម្បទានពី​សហជីព​ទៅ​លើអំណាច​ចរចាសមូហភាព​ដែល​ជា​ផ្នែក​មួយ​នៃ​ផែនការដើម្បី​ធ្វើ​ឲ្យ​មាន​តុល្យភាព​ថវិកា​រដ្ឋ។

«យើង​អស់​ថវិកា​នៅ​ក្នុង​រដ្ឋ​នេះ​ហើយ​ដោយសារ​តែ ជា​រឿយៗ ​ក្រុម​អ្នកនយោបាយ​របស់​គណបក្សនយោបាយ​ទាំង​ពីរ​ព្យាយាម​គេច​ចេញ​ពី​ការធ្វើ​សេចក្តី​សម្រេច​ចិត្ត​ដ៏​តានតឹង​ហើយទុកចោល​សេចក្តី​សម្រេច​ចិត្ត​នោះនៅ​ពេលក្រោយ​វិញ»។

មនុស្ស​រាប់​ពាន់​នាក់ បាន​តវ៉ាប្រឆាំង​នឹងសំណើ​នេះ​នៅ​ទីក្រុង​ម៉ាឌីសុន​របស់​រដ្ឋ​នេះ​ហើយការតស៊ូ​ស្រដៀង​គ្នា​ស្តី​ពី​វិសាលភាព​និង​អំណាចនៃ​ការចរចារបស់​សហជីព​បាន​លេច​ឡើង​នៅ​តាម​បណ្តា​រដ្ឋ​ដទៃ​ទៀត​មាន​ដូចជា​រដ្ឋអូហៃយ៉ូ (Ohio) អ៊ីនឌីយ៉ាណា (Indiana) និង​ញ៉ូជឺស៊ី (New Jersey)​ ជា​ដើម។

មេដឹកនាំ​សហជីព​ការងារ​ថ្នាក់​ជាតិ​កំពុង​កត់​សម្គាល់​ពី​ការប្រឈម​មុខ​នៅ​ក្នុងរដ្ឋ​វីស្កន់ស៊ីន​ដែល​ក្រុម​សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ប្រជាធិបតេយ្យក្នុង​រដ្ឋ​នេះ​បាន​គេច​ខ្លួន​ចូល​ទៅ​កាន់​រដ្ឋ​អ៊ីលីណយ (Illinois) ដែល​ស្ថិត​នៅ​ក្បែរ​ខាង​ដើម្បីកុំ​ឲ្យ​ក្រុម​គណបក្ស​សាធារណ​រដ្ឋ​មាន​សមាជិកអង្គ​ប្រជុំ​គ្រប់​គ្រាន់​សម្រាប់​ការបោះឆ្នោត​ទៅ​លើ​សំណើ​របស់​លោក​អភិបាល​រដ្ឋ។

លោក រីឆាត ទ្រូមកា (Richard Trumka) ជា​ប្រធាន​សហព័ន្ធការងារធំ​ជាង​គេ​បំផុត​របស់​ថ្នាក់​ជាតិ ឈ្មោះ AFL-CIO ដែល​តំណាង​ឲ្យ​ពលករ​ជាង​១២​លាន​នាក់​នៅ​ទូទាំង​ប្រទេស។

លោក ទ្រូមកា ​បាន​និយាយ​នៅ​តាម​បណ្តាញ​កិច្ចការ​សាធារណៈ​របស់ទូរទស្សន៍ ​CSPAN ថា៖

«វា​ជា​ការធ្វើឱ្យ​សហជីពចុះ​ខ្សោយ​ប៉ុណ្ណោះ ​ដោយ​សារ​តែ​ថា​ ការលុប​បំបាត់​សិទ្ធិ​ចរចាសមូហភាព​ជារឿង​មួយ​មិនជួយ​អ្វី​ដល់​ការស្រោចស្រង់ឱនភាពថវិកា​នោះ​ទេ។ នៅ​ពេលដែល​អ្នក​អាច​ចរចា​សម្រាប់សហជីព​និង​សមូហភាព​ អ្នក​អាច​ធ្វើ​កិច្ចការ​រួម​គ្នា​ដើម្បីធ្វើការ​កាត់បន្ថយឱនភាព​ទាំងអស់នោះ​បាន»។

ក្រុម​អ្នក​សាធារណ​រដ្ឋ​ជាច្រើន​នៅ​ទូទាំង​ប្រទេស​កំពុង​អបអរ​លោក​អភិបាលរដ្ឋ​វ៉កឃើ ​ថា​ជា​វីរបុរសចំពោះ​ការទាមទារ​ឲ្យ​សហជីពបោះបង់​ចោល​សិទ្ធិចរចា​សមូហភាព​មួយ​ចំនួន។

អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​លោក ​វ៉កឃើ នៅ​ក្នុង​រដ្ឋ​វីស្កន់ស៊ីន ​កំពុង​ត្រូវ​បាន​ឃ្លាំមើល​យ៉ាង​ដិត​ដល់ ពី​សំណាក់អភិបាល​រដ្ឋដទៃ​ទៀត​មកពី​គណបក្ស​សាធារណ​រដ្ឋ​ដែលជំរុញ​ឲ្យ​មាន​សម្បទានពី​សហជីព​នៅ​ក្នុង​រដ្ឋ​របស់​ខ្លួន​ដោយ​រាប់​បញ្ចូល​ទាំង​លោក ចន កាស៊ីក (John Kasich) អភិបាល​រដ្ឋ​អូហៃយ៉ូ ​នៃ​គណបក្ស​សាធារណ​រដ្ឋ​ផង។

អ្នក​ជំនាញ​ខាង​ការងារ​ថ្លែង​ថា ​ការតស៊ូ​នៅ​ក្នុង​រដ្ឋ​វីស្កន់ស៊ីន ​កំពុង​ក្លាយជា​ការដាស់​ឲ្យ​ភ្ញាក់​រលឹក​ឡើង​សម្រាប់​សហជីព​ទាំង​ឡាយ​នៅ​ទូទាំង​ប្រទេស​ដើម្បី​ពង្រឹង​ការប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការតស៊ូទាក់ទង​នឹងសិទ្ធិចរចា​សមូហភាព​របស់​ខ្លួន។

លោក​សាស្ត្រាចារ្យ ​ហាលី ហ្សៃកេន (Harley Shaiken) ជា​អ្នក​ជំនាញ​ខាង​សហជីព នៅ​ឯ​សាកល​វិទ្យាល័យ​កាលីហ្វ័រនីញ៉ា ​នៅប៊ើឃ្លី។

«រដ្ឋ​វីស្កន់ស៊ីន កំពុង​ក្លាយ​ជា​ឱកាស​ដាស់ស្មារតី​មួយ​សម្រាប់​ក្រុម​សហជីព​ការងារ។ គ្មាន​មេ​ដឹកនាំ​សហជីព​ណា​ម្នាក់​ចង់​បាន​នោះ​ទេ​ប៉ុន្តែ​រដ្ឋ​វីស្កន់ស៊ីន​ កំពុងបណ្តាល​ឲ្យ​មេ​ដឹកនាំ​និង​សមាជិក​សហជីព​ជាច្រើន​ព្រម​ទាំង​អ្នក​ដទៃ​ទៀត​នៅ​តាម​សហគមន៍ ​ក្រោក​ឈរ​ឡើង​ប្រឆាំង​ទៅ​នឹង​អ្វី​ដែល​ពួកគេ​ចាត់ទុក​ថា​ជា​ការប្រព្រឹត្តិ​មិន​សមស្រប»។

ទោះបី​ជាការតស៊ូ​នៅ​ក្នុង​រដ្ឋ​វីស្កន់ស៊ីន​និង​រដ្ឋ​ផ្សេងៗ​ទៀត​ ​ត្រូវបាន​ពិពណ៌នា​ថា​មាន​លក្ខណៈ​បក្ស​ពួក​ក៏​ដោយ​ ក៏​រដ្ឋ​ជាច្រើនដែល​មាន​អភិបាល​រដ្ឋ​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ក៏​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​លំបាកខាងថវិកា​ដ៏​គួរ​ឲ្យ​បាក់​ទឹក​ចិត្ត​ហើយ​កំពុង​ទាម​ទារ​ឲ្យមាន​ការធ្វើ​សម្បទាន​មួយ​ចំនួន​ពី​សហជីព​ទោះ​បី​ជា ​រដ្ឋ​ទាំង​នោះ​មិន​ស្ថិត​នៅ​ក្នុង​ចំណុចចរចាសមូហ​ភាព​ក៏​ដោយ។

លោក​អភិបាល​រដ្ឋ​ញ៉ូជើស៊ី គ្រីស គ្រីស្ទី (Chris Christie) អ្នក​សាធារណ​រដ្ឋ​បាន​ក្លាយ​ជា​មេដឹកនាំ​ម្នាក់​ ក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​ទាមទារ​ឲ្យ​មាន​សម្បទាន​ពី​សហជីព​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចប្រឹងប្រែង​របស់​លោក​ក្នុង​ការភ្ជិត​ចន្លោះ​ផ្នែក​មូលនិធិ​របស់​រដ្ឋ។

លោក​គ្រីស្ទី កត់​សម្គាល់​ឃើញ​ថា អភិបាល​រដ្ឋ​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុងទីក្រុង​ញូយ៉ក និង​រដ្ឋ​កាលីហ្វ័រញ៉ា កំពុង​ទាម​ទារ​ឲ្យ​មាន​សម្បទាន​ប្រាក់​បៀវត្សរ៍​ពី​បុគ្គលិក​សហជីព។ លោក​គ្រីស្ទី មាន​ប្រសាសន៍​ថា វា​ដល់​ពេល​ហើយ ​សម្រាប់​មេ​ដឹក​នាំ​នយោ​បាយ ក្នុង​ការបង្កើត​និង​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ដ៏​លំបាក​ស្តីពី​ការកាត់​បន្ថយ​ថវិកា ដែល​ពួក​គេ​គ្មាន​ឆន្ទៈ​ក្នុង​ការដោះ​ស្រាយ​ជា​យូរ​មក​ហើយ។

«សព្វ​ថ្ងៃ​នេះ មេ​ដឹក​នាំ​នៅ​អាមេរិក ត្រូវ​តែ​ធ្វើ​កិច្ចការ​ធំៗ​និង​មាន​សេចក្តី​ក្លាហាន។ ប្រទេស​របស់​យើង និង​រដ្ឋ​របស់​យើង ត្រូវរួត​រឹតដោយ​ការ​មិន​ទទួល​ខុសត្រូវ​ដែល​បាន​បង្ខំ​ឲ្យ​យើងជា​មេដឹកនាំ​ទទួល​យក​ហើយ​ក្នុង​នាម​ជា​ពលរដ្ឋ​លោក​អ្នក​បានអនុញ្ញាតឲ្យ​យើង​ទទួលយក​ការទទួល​ខុសត្រូវនោះ»។

ភាគី​ទាំង​ពីរ​នៅ​ក្នុង​ជម្លោះ​ស្តី​ពី​អំណាច​របស់​សហជីព​នឹង​តាម​ឃ្លាំ​មើល​យ៉ាង​ដិត​ដល់ទៅ​លើ​សាធារណមតិ។ ការស្ទាប​ស្ទង់មតិ​ថ្មី​មួយ​របស់​ហ្គាឡាប់ (Gallup) បាន​រក​ឃើញ​ថា ​៦១​ភាគរយ​នៃ​អ្នក​ដែល​ត្រូវ​បានសួរ​សំណួរ​បាន​ប្រឆាំង​ទៅ​នឹង​ច្បាប់​នេះ​នៅ​ក្នុង​រដ្ឋ​របស់​ពួក​គេ​ដែល​បាន​រឹតត្បិត​អំណាច​ចរចាសមូហភាព​របស់​សហជីព។ ប៉ុន្តែ​ការស្ទាប​ស្ទង់​មតិ​របស់​ រ៉ាស្មូសេន​ (Rasmussen) បាន​រក​ឃើញ​ថា ៤៨​ភាគ​រយ​នៃ​ក្រុម​អ្នកបោះឆ្នោត​នា​ពេល​ខាង​មុខ​គាំ​ទ្រ​លោក​អភិបាល​រដ្ឋ វ៉កឃើ ក្នុង​ជម្លោះ​នៅ​រដ្ឋ​វីស្កន់ស៊ីន ខណៈ​ដែល​៣៨​ភាគ​រយ​ បាន​គាំ​ទ្រសហជីព៕

ប្រែសម្រួល​ដោយ លី សុខឃាង

XS
SM
MD
LG