ការប្រគល់ដីសម្បទានសេដ្ឋកិច្ចធំៗ និងការបរបាញ់ខុសច្បាប់បាននិងកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សត្វទន្សោងនៅកម្ពុជា។ សត្វទន្សោងកម្ពុជាដែលមានចំនួនច្រើនជាងគេបំផុតនៅក្នុងពិភពលោក។ នេះបើយោងតាមរបាយការណ៍របស់អង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) នៅថ្ងៃច័ន្ទនេះ។
របាយការណ៍ដែលធ្វើឡើងបន្ទាប់ពីបានធ្វើការសិក្សារួមគ្នាជាមួយភ្នាក់ងាររដ្ឋាភិបាលកម្ពុជា បានទាមទារឲ្យរដ្ឋាភិបាលធ្វើការអភិរក្សសត្វទន្សោងនេះជាបន្ទាន់ដើម្បីរក្សាតុល្យភាពនៃសត្វព្រៃដែលកំពុងទទួលរងការគំរាមកំហែងពីការផុតពូជនៅកម្ពុជា។
របាយកាណ៍ដដែលបង្ហាញថា សត្វទន្សោងនៅកម្ពុជាក្នុងពេលបច្ចុប្បន្នមានចំនួនចន្លោះពី២.៧០០ ទៅ៥.៧០០ក្បាលខណៈដែលសត្វប្រភេទនេះមានចំនួនសរុបពី៥.៧០០ ទៅ ១១.០០០ ក្បាលក្នុងពិភពលោក។ ក៏ប៉ុន្ដែចំនួននេះបានធ្លាក់ចុះជាង៩០ភាគរយចាប់តាំងពីទសវត្សឆ្នាំ១៩៦០ មកម៉្លេះ។
លោក ទេព អស្នារិទ្ធ មន្រ្តីផ្នែកទំនាក់ទំនងព័ត៌មានរបស់អង្គការ WWF មានប្រសាសន៍ថា ការបាត់បង់ជម្រកសត្វទន្សោង គឺជាកង្វល់ធ្ងន់ធ្ងរជាងការបាត់បង់សត្វទន្សោងដោយការប្រមាញ់ខុសច្បាប់។
«ការបាត់បង់ទីជម្រកនេះ បច្ចុប្បន្នគឺជាកត្តាគំរាមកំហែងមួយដែលយើងមានការព្រួយបារម្ភជាងគេ។ គឺស្ដែងឡើងតាមរូបភាពសម្បទានដីកសិកម្ម។ សម្ពាធចេញពីការវិនិយោគជាតិ និងអន្ដរជាតិ ពាក់ពន្ធ័ទៅនឹងការវិនិយោគកសិកម្មធ្វើឲ្យមានការព្រួយបារម្ភចំពោះការងារអភិរក្ស»។
សត្វទន្សោងគឺជាអម្បូរសត្វគោ។ វាមានពណ៌លឿងចាស់ ហើយប្រែទៅជាពណ៌ប្រផេះនៅពេលដែលវាមានវ័យចំណាស់។ អង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) និងភ្នាក់ងាររដ្ឋាភិបាលមកពីក្រសួងបរិស្ថាន និងក្រសួងកសិកម្មបានធ្វើការសិក្សាលើព្រៃទំហំសរុប៦.០០០ គីឡូម៉ែត្រក្រឡា ក្នុងតំបន់អភិរក្សសត្វព្រៃភ្នំព្រិច និងព្រៃអភិរក្សមណ្ឌលគិរី ដែលតំបន់ទាំងពីរនេះស្ថិតក្នុងខេត្តមណ្ឌលគិរី។ ការសិក្សាចាប់ផ្ដើមតាំងឆ្នាំ២០០៩ មកម៉្លេះមុននឹងឈានដល់ការធ្វើសេចក្ដីសន្និដ្ឋានក្នុងថ្ងៃនេះ។
ការសិក្សានោះបង្ហាញទៀតថា ក្រៅពីសត្វទន្សោង ពពួកសត្វជ្រូកព្រៃ និងសត្វឈ្លូសក៏កំពុងទទួលរងការវិនាសផងដែរ។ អង្គការ WWF បញ្ជាក់ថា សត្វទាំងនេះគឺជាចំណីរបស់សត្វខ្លាធំ ហើយការបាត់បង់សត្វដែលជាចំណីសត្វខ្លាទាំងនេះនឹងធ្វើឲ្យបាត់បង់តុល្យភាពសត្វព្រៃកម្ពុជា។ ជាពិសេស ការបាត់បង់សត្វខ្លាធំដែលនៅសេសសល់ប្រមាណតែជាង៣.០០០ ក្បាលតែប៉ុណ្ណោះក្នុងពិភពលោក។ នេះបើយោងតាមការបញ្ជាក់របស់ទេព អស្នារិទ្ធ។
លោក ផាន់ ចាន់ណា មន្ដ្រីជំនាញនៃនាយកដ្ឋានឧទ្យានជាតិរបស់ក្រសួងបរិស្ថាន និងជាអ្នកចូលរួមស្រាវជ្រាវជាមួយនិងអង្គការ WWF មានប្រសាសន៍ថា ប្រសិនបើការបរបាញ់ខុសច្បាប់នៅតែបន្ដ សត្វទាំងនេះនឹងទទួលរងការផុតពូជ។
«បើសិនជាការបរបាញ់នៅតែបន្តនោះ វាអាចធ្វើឲ្យបាត់បង់។ ជាពិសេសពពួកដែលងាយទទួលរងគ្រោះហ្នឹង! ជាពពួកប្រភេទខ្លាធំ ខ្លារខិនអីហ្នឹង។ នៅពេលដែលចំអីវាថយចុះទៅ អាចពួកវាក៏ថយតាមហ្នឹងដែរ។ ដូចជាករណីទន្សោងដែលពួកខ្ញុំរកឃើញហ្នឹង ព្រោះលើពិភពលោកហ្នឹងគឺចំនួនរបស់ពួកវាគឺថយចុះខ្លាំង»។
មន្ដ្រីក្រសួងកសិកម្មមិនអាចទាក់ទងសុំសេចក្ដីអត្ថាធិបាយបានទេនៅថ្ងៃនេះ។ ទោះជាយ៉ាងណា លោក ទេព អស្នារិទ្ធ មានប្រសាសន៍ថា រដ្ឋាភិបាលបានបង្ហាញការប្រឹងប្រែងការស្ដារឲ្យចំនួនសត្វខ្លាឲ្យមានចំនួនកើនឡើង។ អង្គការ WWF ជំរុញឲ្យមានការជួយទប់ស្កាត់បទល្មើសព្រៃឈើ និងបទល្មើសលើសត្វព្រៃ៕