វ៉ាស៊ីនតោន៖ អ្នកប្រវត្តិសាស្រ្ត សកម្មជនប្រឆាំងសង្គ្រាម និងអ្នកសង្កេតការណ៍មិនផ្ទាល់ស្តីពីធម្មជាតិមនុស្ស មានឯកសារជាច្រើនដើម្បីត្រិះរិះពិចារណាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារតែក្រុមផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត វីឃីលីក (WikiLeaks)។ គេហទំព័រនេះ បានផ្សព្វផ្សាយឯកសារយោធា និងការទូតរបស់សហរដ្ឋអាមេរិកដែលលួចបាន ចំនួនរាប់សែនទំព័រ ដែលមានកាលបរិច្ឆេទថ្មីបំផុតត្រឹមខែកុម្ភៈ និងយូរបំផុតរហូតដល់ទសវត្សរ៍១៩៦០។ ការលេចធ្លាយថ្មីៗបំផុតដែលពាក់ព័ន្ធជាមួយនឹងសារទូរលេខផ្នែកការទូតនេះ បានពង្រឹងកិច្ចប្រឹងប្រែងឡើងវិញរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីរឹតបន្តឹងសន្តិសុខលើប្រព័ន្ធកុំព្យូទ័រ។
ការប្រព្រឹត្តិល្មើសផ្នែកព័ត៌មានយ៉ាងធំបំផុតមួយ នៅក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាមេរិក មានសូរសំឡេងមួយ នោះគឺបទចម្រៀងសម័យកំពុងពេញនិយមរបស់ ឡេឌី ហ្គាហ្គា (Lady Gaga) ដែលមានចំណងជើងថា «ទូរស័ព្ទ»។
ពលទោ ប្រាដលី ម៉ានីង (Bradley Manning) អ្នកជំនាញផ្នែកស៊ើបការសម្ងាត់កងទ័ពសហរដ្ឋអាមេរិក និយាយថា លោកបានធ្វើមាត់ម្ហបៗច្រៀងត្រាប់តាមបទចម្រៀងនេះ ខណៈពេលដែលលោកកំពុងទាញយកសារទូរលេខការទូតសម្ងាត់ចំនួន២៥០,០០០ ទំព័រ ចេញពីបណ្តាញទិន្នន័យរបស់ក្រសួងការពារជាតិដាក់នៅលើថាសចម្រៀងរបស់ឡេឌី ហ្គាហ្គា។
ឥឡូវនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងប្រញាប់ប្រញាល់ពង្រឹងសន្តិសុខដល់បណ្តាញកុំព្យូទ័ររបស់ខ្លួន។ ប៉ុន្តែ លោក ប៊្រូស ស្ហឹណាយយឺ (Bruce Schneier) ប្រធានខាងបច្ចេកវិទ្យាសន្តិសុខនៃទូរគមនាគមន៍អង់គ្លេស បានថ្លែងថា សូម្បីប្រព័ន្ធសុវត្ថិភាពបំផុត ក៏នៅតែទទួលរងគ្រោះដោយសារមនុស្សជាដដែល។
«អ្នកអាចយកកុំព្យូទ័រ ទៅកប់ចោលក្នុងដី ហើយធានាឲ្យប្រាកដថា អ្នកមិនបើកកុំព្យូទ័រនោះទេ។ ចូរ! កុំប្រាប់នរណាពីកន្លែងកប់កុំព្យូទ័រនោះ ហើយនោះប្រហែលជាមានសុវត្ថិភាព។ ប៉ុន្តែ នៅពេលណាដែលអ្នកបើកកុំព្យូទ័រ ហើយមានមនុស្សមើលឯកសារក្នុងកុំព្យូទ័រនោះ អ្នកត្រូវតែជឿជាក់លើអ្នកនោះឯង»។
ក្រសួងការពារជាតិ និងក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ពួកគេកំពុងធ្វើការ ដើម្បីកម្រិតលទ្ធភាពរបស់អ្នកប្រើប្រាស់ ក្នុងការទាញយកឯកសារដាក់នៅលើប្រព័ន្ធផ្ទុកឯកសារយកតាមខ្លួនបាន ដែលមានដូចជា CD និង USB។ ហើយពួកគេកំពុងធ្វើការ ដើម្បីបង្កើនការតាមដានទៅលើឥរិយាបថណាដែលគួរឲ្យសង្ស័យ។ លោក ស្ហឹណាយយឹ និយាយថា សម្រាប់វិធានការបណ្តោះអាសន្ន កិច្ចការនេះ ហាក់ដូចជាដំណោះស្រាយយ៉ាងឆាប់រហ័ស។
«ប៉ុន្តែ សម្រាប់រយៈពេលវែងវិញ វាហាក់ដូចជាមិនឆ្លាតទេ»។
លោកបានថ្លែងថា ដំណោះស្រាយប្រសើរជាងមុន គឺត្រូវកម្រិតតាំងពីដំបូងនូវអ្នកមានសិទ្ធិអាចចូលទៅមើលសារទូរលេខការទូត។
«ចូរ! ធានាឲ្យប្រាកដថា អ្នកដែលត្រូវការចង់ដឹងពីកិច្ចការនោះ អាចមានសិទ្ធិមើលឯកសារនោះ។ ហើយធានាឲ្យប្រាកដថា អ្នកមានសិទ្ធិអានឯកសារត្រូវចុះកំណត់ហេតុបញ្ជីត្រួតពិនិត្យ»។
ប្រសិនបើអាចធ្វើដូច្នេះបាន គ្មានផ្លូវណាមួយដែលអាចឲ្យពលទោ ម៉ានីង និងបទភ្លេង ឡេឌី ហ្គាហ្គា របស់លោក អាចប៉ះដល់បណ្តាញទិន្នន័យសម្ងាត់របស់កងទ័ព ព្រមទាំងសារទូរលេខការទូតទាំងអស់ដែលត្រូវបានរក្សាទុកនោះទេ។ ប៉ុន្តែ លោក ម៉ានីង អាចចូលបាន នេះគឺដោយសារតែការវាយប្រហារដោយភេរវករកាលពីថ្ងៃទី១១ ខែកញ្ញា ក្នុងឆ្នាំ២០០១ បានជំរុញទីភ្នាក់ងាររដ្ឋាភិបាលទាំងឡាយ ឲ្យចែករំលែកកិច្ចការសម្ងាត់កាន់តែច្រើនដល់គ្នាទៅវិញទៅមក។
លោករដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក រ៉ូប៊ឺត ហ្គេតស៍ (Robert Gates) បានប្រាប់ក្រុមអ្នកយកព័ត៌មានក្នុងសប្តាហ៍នេះថានីតិវិធីនោះ បានផ្សព្វផ្សាយព័ត៌មានទូលំទូលាយខ្លាំងពេក។ លោកស្ទីវិន អាហ្វធឺហ្គុឌ (Steven Aftergood) ដែលដឹកនាំគម្រោងស្តីពីកិច្ចការសម្ងាត់រដ្ឋាភិបាលនៅឯសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិកាំង (Federation of American Scientists) បានថ្លែងថា ជំនួសឲ្យការកាត់បន្ថយការចែករំលែកព័ត៌មាន រដ្ឋាភិបាលគួរតែរក្សាការសម្ងាត់តិចជាងមុន។
«ប្រសិនបើយើងរក្សាទុកព័ត៌មានតិចជាងមុនជាការសម្ងាត់ វាជាភារកិច្ចដ៏ងាយស្រួល និងអាចចាត់ចែងបានល្អជាងមុន ដើម្បីការពារបរិមាណព័ត៌មានតិចតួចនោះ។ នៅពេលដែលអ្នកចាប់ផ្តើមទទួលបានឯកសារសម្ងាត់រាប់សិបលានច្បាប់ ដែលចេញមកជារៀងរាល់ឆ្នាំ អ្នកអាចធ្វើឲ្យកើនឡើងយ៉ាងសន្ធឹកសន្ធាប់នៅក្នុងប្រព័ន្ធ ហើយបាត់បង់ការគ្រប់គ្រងទៅលើអ្វីដែលអ្នកកំពុងព្យាយាមការពារតែម្តង»។
ប្រព័ន្ធកិច្ចការសម្ងាត់ ដែលកំពុងដំណើរការរាល់ថ្ងៃនេះ មានឬសគល់ចេញពីសង្គ្រាមត្រជាក់ ដែលនៅពេលនោះលោកប្រធានាធិបតីសហរដ្ឋអាមេរិក ហារី ធ្រូម៉ាន (Harry Truman) បានចុះហត្ថលេខាលើច្បាប់មួយក្នុងឆ្នាំ១៩៥១ ដែលបង្កើតឲ្យមានបទដ្ឋាន ដើម្បីកំណត់ប្រភេទ និងគ្រប់គ្រងព័ត៌មាន សម្រាប់វិស័យសន្តិសុខជាតិ។
លោក អាហ្វធឺហ្គុឌ មានប្រសាសន៍ថា ឥឡូវនេះ ការិយាធិបតេយ្យរបស់ផ្នែកការពារជាតិ និងកិច្ចការសម្ងាត់ មានទំហំធំពេកដែលនាំឲ្យកើនឡើងខ្លាំង និងហួសកាលកំណត់លើសពីប្រព័ន្ធក្នុងសករាជសង្គ្រាមត្រជាក់នោះ។
«ព័ត៌មាន ត្រូវបានបង្កើតឡើង និងប្រើប្រាស់ ហើយផ្ទេរក្នុងទម្រង់ខុសប្លែកគ្នាទាំងស្រុង ពីអ្វីដែលជាធាតុពិតកាលពី១០ ២០ ឬ៣០ឆ្នាំកន្លងទៅ។ ហើយប្រព័ន្ធចាត់ថ្នាក់នេះ មិនទាន់បានសម្របតាមនៅឡើយ»។
តែទោះយ៉ាងណា ការរក្សាទុកឯកសារសម្ងាត់តិចជាងមុន ក៏នៅមិនអាចបញ្ឈប់អ្នកលួចជ្រៀតចូលក្នុងកម្មវិធីកុំព្យូទ័រ មិនឲ្យព្យាយាមចូលទៅក្នុងបណ្តាញសុវត្ថិភាពឡើយ។
លោកដេវីឌ ហ្គូវឺតស៍ (David Gewirtz) នាយកវិទ្យាស្ថានចក្ខុវិស័យយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក (U.S. Strategic Perspective Institute) បានថ្លែងថា ការវាយប្រហារលើប្រព័ន្ធអេឡិចត្រូនិក មិនអាចចៀសផុតឡើយ ដោយសារតែ វាមានភាពងាយស្រួល និងមានប្រសិទ្ធភាព។
«ភេរវកម្មលើប្រព័ន្ធអេឡិចត្រូនិក មានភាពស្រដៀងគ្នាច្រើនទៅនឹងមេរោគមហារីក។ មេរោគនេះស៊ីរូងអ្នកពីក្នុងខ្លួន ដែលផ្ទុយពីភេរវកម្មជាធម្មតា ដែលអ្នកអាចមើលឃើញអណ្តាតភ្លើងពិតប្រាកដ»។
លោកហ្គូវឺតស៍ មានប្រសាសន៍ថា ឥឡូវនេះ សហរដ្ឋអាមេរិក បានផ្តោតទៅលើការធ្វើឱ្យប្រសើរឡើងនូវការការពារលើប្រព័ន្ធអេឡិចត្រូនិករបស់ខ្លួន ប៉ុន្តែវាជាភារកិច្ចដ៏លំបាកមួយ ដោយសារតែមានភាពងាយទទួលរងគ្រោះមួយចំនួន។ បណ្តាញកុំព្យូទ័ររបស់រដ្ឋាភិបាល មិនគ្រាន់តែត្រូវការការពារប្រឆាំងនឹងការវាយប្រហារដែលមានការគាំទ្រពីរដ្ឋផ្សេងលើប្រព័ន្ធអេឡិចត្រូនិក និងពួកជនទុច្ចរិតលួចជ្រៀតចូលក្នុងកម្មវិធីកុំព្យូទ័រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រឆាំងទៅនឹងការគំរាមកំហែងផ្ទៃក្នុង ដូចករណីពលទោម៉ានីងជាដើម។ ឧបករណ៍អេឡិចត្រូនិកតម្លៃថោកសម្រាប់អ្នកប្រើប្រាស់ មានដូចជា USB ដែលជាឧបករណ៍ផ្ទុកទិន្នន័យ ម៉ាស៊ីនថតវីដេអូ និងឧបករណ៍ mp3 អាចប្រែក្លាយអ្នកប្រើប្រាស់បណ្តាញណាមួយទៅជាការគំរាមកំហែង។
ឥឡូវនេះ ពលទោម៉ានីង ជាប់នៅក្នុងកន្លែងឃុំខ្លួនយោធា ដែលលោកប្រឈមនឹងការចោទប្រកាន់ពីបទលេចធ្លាយឯកសារសម្ងាត់។ ខណៈដែលលោកកំពុងរង់ចាំការកាត់ទោស ក្រុមមន្ត្រីសហរដ្ឋអាមេរិក កំពុងដោះស្រាយបញ្ហាសន្តិសុខដែលបច្ចេកវិទ្យា តែមួយមុខមិនអាចដោះស្រាយបានឡើយ៕
ប្រែសម្រួលដោយ លី សុខឃាង