ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គេហទំព័រ​វីគីលីកស៍​បង្ហាញ​ការ​រិះគន់​ការ​តែង​តាំង​ចៅក្រម​សាលាក្តី​ខ្មែរ​ក្រហម


ឯកសារ​​វីគីលីកស៍​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃពុធ​ បាន​បរិយាយ​ពី​ការ​រិះគន់​ការ​តែងតាំង​ចៅក្រម​ខាង​ភាគី​កម្ពុជា​​ដែល​មាន​កេរ្តិ៍​ឈ្មោះ​មិនល្អ។
ឯកសារ​​វីគីលីកស៍​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃពុធ​ បាន​បរិយាយ​ពី​ការ​រិះគន់​ការ​តែងតាំង​ចៅក្រម​ខាង​ភាគី​កម្ពុជា​​ដែល​មាន​កេរ្តិ៍​ឈ្មោះ​មិនល្អ។

មុន​នឹង​សាលាក្តី​ខ្មែរ​ក្រហម​ចាប់ផ្តើម​ជំនុំ​ជម្រះ​ពេញអង្គ​សេចក្តី​លើ​សំណុំ​រឿង​០០២​ ដ៏​មាន​សារៈ សំខាន់​បំផុត​ គេហទំព័រ វីគីលីកស៍ (Wikileaks) បាន​បញ្ចេញ​ឯកសារ​សម្ងាត់​ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ ដែល​ទាក់​ទងនឹង​ការ​តែងតាំង​ចៅ​ក្រម​របស់​សាលាក្តី​ខ្មែរ​ក្រហម។

ឯកសារ​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃពុធ​ បាន​បរិយាយ​ពី​ការ​រិះគន់​ការ​តែងតាំង​ចៅក្រម​ខាង​ភាគី​កម្ពុជា​ ដែល​មាន​កេរ្តិ៍​ឈ្មោះ​មិនល្អ។

គេហទំព័រ​វីគីលីកស៍​បាន​យោង​ទៅ​ដល់​ឯកសារ​ដែល​ត្រូវ​បាន​ទម្លាយ​ចេញ​នៅ​ឆ្នាំ២០០៦​ ថា​ការ​តែង​តាំង​ចៅក្រម​កម្ពុជា​ពីរ​រូប ​គឺ​លោក​ធូ មុន្នី ​និង​លោកយ៉ា សុខន​ ទៅ​កាន់​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​របស់​សាលាក្តី​ខ្មែរ​ក្រហម​ គឺ​ជា​ជម្រើស​ដ៏​អាក្រក់ ដោយ​ហេតុថា ចៅក្រម​ទាំង​ពីរ​រូប​ត្រូវ​បាន​ចាត់ទុក​ថា​ ជា​ចៅក្រម​ដែល​មាន​និន្នាការ​នយោបាយ។

លោក​ចៅក្រម​ធូ មុន្នី​ ធ្លាប់​បាន​ដោះលែង​ក្មួយ​ប្រុស​របស់​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ​នៅ​ក្នុង​ ការ​ជំនុំ​ជម្រះ​ដោយ​សាលា​ឧទ្ធរណ៍។ ក្មួយ​ប្រុស​របស់​លោក​ហ៊ុន សែន ​ដែល​បាន​បាញ់​ប្រហារ​ជនស៊ីវិល​នៅ​ក្បែរ​ស្តាត​អូឡាំពិក​ កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​ ដែល​បាន​បង្ក​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​បីនាក់។ ដោយ​ឡែក​លោក​ចៅក្រម​យ៉ា សុខន​ ធ្លាប់​ត្រូវ​បាន​ដាក់​ពិន័យ​ដោយ​ក្រុម​ប្រឹក្សា​អង្គ​ចៅក្រម​កាល​ពី​ឆ្នាំ​២០០៥។

ជាមួយ​គ្នា​នេះ​ដែរ វីគីលីកស៍ ​ក៏​បាន​លើក​ពី​ការ​រិះគន់​ផង​ដែរ​ចំពោះ​ចៅក្រម​ហួត វុទ្ធី ​នៅ​អង្គបុរេ​ជំនុំជម្រះ​ដែល​ត្រូវ​បាន​ដាក់​ពិន័យ​ដោយ​ឧត្តម​ក្រុម​ប្រឹក្សា​ដូចគ្នា។

ចៅក្រម​ម្នាក់ទៀត​គឹ​លោក​ថោង អុល​ ត្រូវចាត់​ទុកថា​ គឺជា​មនុស្ស​ដែល​ស្និទ្ធ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​ធ្លាប់​បាន​កាត់ទោស​ឲ្យ​លោក​ម៉ម សូណង់ដូ ​នាយក​វិទ្យុ​សំបុក​ឃ្មុំ​ឲ្យ​ជាប់​ពន្ធនាគារ​ដោយសារ​ការ​បញ្ចេញ​មតិ​របស់​លោក។

ក៏ប៉ុន្តែ​វីគីលីកស៍ បាន​បន្ថែមថា​ ការ​តែងតាំង​ដ៏ស្មោកគ្រោក​ជាង​នេះ​ គឺ​ការ​តែងតាំង​ចៅក្រម នៃ ថុល​ អតីត​ប្រធាន​តុលាការ​យោធា​ឲ្យ​ធ្វើ​ជាចៅក្រម​នៃ​អង្គបុរេ​ជំនុំ​ជម្រះ។ ​ចៅក្រម​នៃ ថុល ធ្លាប់​កាត់​ទោស​តំណាងរាស្រ្ត​គណបក្ស​សម រង្ស៊ី ​លោក​ជាម ចន្នី ​ឲ្យ​ជាប់​ពន្ធនាគារ​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​ ប្រកប​ទៅ​ដោយ​ការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ។

ទូរសារ​លេច​ធ្លាយ​ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​ភ្នំពេញ​ ដែល​ត្រូវ​បាន​លាតត្រដាង​ដោយ វីគីលីកស៍ បាន​បន្ថែម​ថា​ ការ​តែង​តាំង​លោកស្រី​ជា លាង​ ដែល​ត្រូវ​ជា​ក្មួយ​របស់​លោក​សុខ អាន​ តាមរយៈ​ចំណង​អាពាហ៍ពិពាហ៍ ឲ្យ​ធ្វើ​ជា​សហ​ព្រះរាជ​អាជ្ញា​កម្ពុជា បាន​រង​នូវ​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រកាន់​បក្ខពួក។

វីគីលីកស៍ ក៏​បាន​ស្រង់​សម្កី​តាម​ទូរសារ​ដែរ​ថា ​អង្គការ​សហប្រជាជាតិ​ក្នុងរដ្ឋធានី​ភ្នំពេញ ​ស្ថានទូត​កាណាដា អាល្លឺម៉ង់ បារាំង អង់គ្លេស​ និងស្ថានទូត​ជប៉ុន​ សុទ្ឋតែ​មិន​មាន​ចេតនា​រិះគន់​ជាចំហ​ចំពោះ​ការ​តែងតាំង​ចៅក្រម និង​ព្រះរាជអាជ្ញា​កម្ពុជា​នៅ​សាលាក្តី​ខ្មែរ​ក្រហម​នោះ​ទេ។

យ៉ាងណា​ក៏​ដោយ​ ក៏​វីគីលីកស៍ ​បាន​សង្ខេប​ថា ​ឯកសារ​ដែល​លេច​ធ្លាយ​បាន​បង្ហាញ​ថា ​ឯកអគ្គរាជទូត​ ជប៉ុន ​បាន​ជួប​ផ្ទាល់​ជាមួយ​លោក​ហ៊ុន សែន ​កាលពី​ខែ​ឧសភា​ ឆ្នាំ​២០០៦ ​ហើយ​បាន​លើក​អំពី​កង្វល់​ទាក់ទង​ទៅ​នឹង​ឈ្មោះ​របស់​ចៅក្រម​ខ្មែរ​មួយ​ចំនួន​នៅក្នុង​សាលាក្តី​ខ្មែរ​ក្រហម។

ជាមួយគ្នា​នេះ ​វីគីលីកស៍ បាន​លើក​ពី​ទស្សនៈ​របស់​អង្គការ​គំនិត​ផ្តួចផ្តើម​យុត្តិធម៌​សង្គម​សេរី​ (OSJI) នៅ​ក្នុង​ទូរសារ​សម្ងាត់​ថា ​ការ​ជ្រើស​រើស​លោក​យូ ប៊ុនឡេង ​ឲ្យ​ធ្វើ​ជា​សហ​ចៅក្រម​ស៊ើប​អង្កេត​ និង​លោក​គង់ ស្រ៊ីម ​ជា​ប្រធាន​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​របស់​សាលាក្តី​ខ្មែរក្រហម​ គឺជា​ជម្រើស​ល្អ​បំផុត ។

លោក​ឌឹម សុវណ្ណារុំ ​មន្រ្តី​ទទួល​បន្ទុក​ផ្នែក​កិច្ចការ​សាធារណៈ​របស់​សាលាក្តី​ខ្មែរ​ក្រហម​មិន​ធ្វើ​អត្ថាធិប្បាយ​ការ​ទម្លាយ​ឯកសារ​សម្ងាត់​របស់​វីគីលីកស៍​នេះ​ទេ។ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«អាហ្នឹង​ខាង​ផ្នែក​កិច្ចការ​សាធារណៈ​អត់​មាន​ការ​អត្ថាធិប្បាយ​អ្វីទេ​ ជុំវិញ​ឯកសារ​សម្ងាត់​លេច​ធ្លាយ​ដោយវីគីលីកស៍​នេះ»។

លោក​ ម៉ាក វ៉េនិហ្ក (Mark Wenig) អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​រដ្ឋធានី​ភ្នំពេញ​ និង​លោក​កុយ គួង ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​សុទ្ធ​តែ​បាន​អះអាង​ថា​ ការ​លេច​ធ្លាយ​ឯកសារ​សម្ងាត់​ពី​ស្ថានទូត​សហរដ្ឋអាមេរិក ​នឹង​មិន​ធ្វើឲ្យ​ប៉ះពាល់​ទៅ​ដល់​ទំនាក់ទំនង​ទ្វេភាគី​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា​នោះ​ទេ៕

XS
SM
MD
LG