ប្រែសម្រួលដោយលី សុឃាង
វាជាការលំបាក ក្នុងការធ្វើឲ្យសត្វក្រៀលកវែង បង្កើតកូនឡើងវិញ ប៉ុន្តែនៅក្នុងតំបន់ បារាប៊ូ (Baraboo) ក្នុងរដ្ឋវីស្កន់សិន (Wisconsin) ក្រុមអ្នកស្រាវជ្រាវ បានទទួលជោគជ័យក្នុងការធ្វើ ឲ្យសត្វក្រៀលនៅក្នុងទ្រុង ភ្ញាស់កូនបាន។
រយៈពេល១០ឆ្នាំចុងក្រោយនេះ អង្គការភាពជាដៃគូ សត្វក្រៀលកវែងភាគខាងកើត (Whooping Crane Eastern Partnership) បាន បង្កើតហ្វូងសត្វក្រៀលកវែងជាង១០០ក្បាល។ ក្រុមអ្នកស្រាវជ្រាវបានភ្ញាស់សត្វស្លាបទាំងអស់នោះ ហើយបង្ហាត់ពួកវាឲ្យចេះបំលាស់ទី ដោយហើរតាមក្រោយយន្តហោះធន្តស្រាល ឬហើរតាមក្រោយសត្វក្រៀលពេញវ័យ។ ឥឡូវនេះ សត្វស្លាបទាំងនេះ ហោះហើរនៅចន្លោះភាគបស្ចិមកណ្តាល និងភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិក។
ប៉ុន្តែគោលដៅមួយ របស់អង្គការភាពជាដៃគូ គឺត្រូវធ្វើឲ្យ សត្វក្រៀលកាន់តែច្រើនថែមទៀត អាចចិញ្ចឹមកូននៅក្នុងព្រៃ។ រហូតមកដល់ពេលនេះ មានតែកូនសត្វក្រៀលតែមួយគត់ បានញាស់ដោយជោគជ័យ ហើយចេះបំលាស់ទី។
លោកចិប បារហ្សិន (Jeb Barzen) ធ្វើការឲ្យ មូលនិធិសត្វក្រៀលអន្តរជាតិ (International Crane Foundation)។ គាត់និយាយថា ពួកគេមិនអាចបន្តជួយហ្វូងសត្វនេះ ដោយភ្ញាស់កូននៅក្នុងទ្រុងរហូតបាននោះទេ។ លោកបារហ្សិនមានប្រសាសន៍ថា៖
“វាត្រូវការចំណាយច្រើន។ វាត្រូវចំណាយពេលវេលាច្រើន ចំណាយថវិកា ច្រើន ចំណាយច្រើនក្នុងកិច្ចខិតខំប្រឹងប្រែងអភិរក្សទាំងអស់ ដោយសារអ្វីដែលអ្នកអាចចំណាយក្នុងការ អភិរក្ស សត្វក្រៀលកវែង អ្នកមិនអាចចំណាយទៅលើគម្រោងអភិរក្សផ្សេងៗទៀតក្នុងពេលនោះបាន ឡើយ។ ដូច្នេះ ដើម្បីឲ្យទទួលបានជោគជ័យទាំងស្រុង អ្នកត្រូវធ្វើឲ្យសត្វទាំងនោះមានលទ្ធភាពរស់បានដោយខ្លួនឯង ”។
រហូតមកដល់ពេលនេះ ទឹកប្រាក់ចំនួនប្រហែល១៦លានដុល្លារ ត្រូវបានចំណាយលើការនាំសត្វក្រៀលកវែងទៅកាន់តំបន់ភាគខាងកើតនៃ សហរដ្ឋអាមេរិក។ ជាងពាក់កណ្តាល នៃថវិកានេះបានមកពីម្ចាស់ជំនួយឯកជន។
ជំរករដូវក្តៅសំខាន់របស់ សត្វស្លាប ទាំងនេះ គឺនៅជម្រកសត្វព្រៃជាតិ ណេស៊ីដាស (Necedah National Wildlife Refuge) នៅក្នុងរដ្ឋវីស្កន់ស៊ីន។
វាមិនមែនថា សត្វក្រៀលមិនអាចចូលជិតគ្នាបានទេ។ ប្រសិនបើអ្នកសម្លឹងមើលសត្វក្រៀលនៅទីនេះ អ្នកអាចឃើញសត្វក្រៀល គ្មានគូ និង មានគូម្តងម្កាល។ លោកចិប បារហ្សិន ឈប់បន្តិច រួចក្រឡេកមើលទៅសត្វក្រៀលពណ៌សខ្ពស់ៗចំនួនពីរ ដែលកំពុងមានជម្លោះដណ្តើមទី ។ លោកបារហ្សិន ថ្លែងថា៖
“អូហ៍! សត្វស្លាបទាំងនេះកំពុងគម្រាមគ្នាហើយ។ នោះជាការបង្អួតរោម ក្រោយពីការគម្រាម ដោយស្លាបដែលសត្វស្លាបទីពីរកំពុងធ្វើ ។ ដូច្នេះទាំងនេះ មិនមែនជាសត្វស្លាបប្រភេទដូចគ្នាទេ ”។
ក្រុមអ្នកស្រាវជ្រាវ មិនដឹងអំពីមូលហេតុដែល សត្វស្លាបទាំងនេះមិនចិញ្ចឹមកូន ថែមទៀតនៅក្នុងព្រៃបាននោះទេ ។ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវពិតជាមានទ្រឹស្តីមួយចំនួនដែរ។ សូម្បីតែនៅពេលដែលសត្វក្រៀលអាច ពងមកបានល្អ សត្វក្រៀលដែលមានអាយុតិច ប្រហែលជា គ្មានបទពិសោធន៍នឹងអាច ធ្វើជាមេបា ប្រកបដោយភាពអត់ធ្មត់។ រុយ ពណ៌ខ្មៅ អាចជាកត្តាធ្វើឲ្យ សត្វស្លាបទាំងនេះចេញពីសំបុក។ ឬក៏ មេ និង បាអាចស្រកជាតិខ្លាញ់នៅក្នុងខ្លួន ហើយហើរចេញទៅរកអាហារ។ ក្រុមអ្នកស្រាវជ្រាវខាងសត្វក្រៀល កំពុងប្រមូលទិន្នន័យ ដើម្បីស្វែងយល់អំពី អ្វីដែលសត្វក្រៀលត្រូវការក្នុងការ ធ្វើសំបុកបានល្អ ។ ពួកគេប្រើប្រាស់វិទ្យុដើម្បីតាមដានសត្វស្លាបមួយចំនួន។
ការស្រាវជ្រាវប្រភេទនេះ កំពុង ត្រូវបានពង្រីកបន្ថែមទៀតនៅក្នុងនិទាឃរដូវនេះ។ នោះក៏ដោយសារតែរបាយការណ៍ឯករាជ្យមួយ បានលើកឡើងពីការព្រួយបារម្ភមួយចំនួន ទាក់ទងទៅនឹងកិច្ចខិតខំប្រឹងប្រែងស្រោចស្រង់សត្វក្រៀល។ របាយការណ៍នេះ ត្រូវបាន រៀបចំឡើងដោយក្រុមអ្នកផ្តល់យោបល់ ដែលជួលដោយ អង្គការភាពជាដៃគូសត្វក្រៀលកវែងភាគខាងកើត។ របាយការណ៍នេះ លើកឡើងពីបញ្ហាមួយចំនួន រួមមានការពិនិត្យ មើលហិរញ្ញវត្ថុ ការសម្របសម្រួលខាងវិទ្យាសាស្ត្រ និងថាតើជំរករដូវក្តៅសំខាន់របស់សត្វស្លាបនេះ ដែលស្ថិតនៅ ជម្រកសត្វព្រៃនីសេដាក ជាទីកន្លែងដ៏ប្រសើរបំផុតសម្រាប់សត្វទាំងអស់នេះដែរឬអត់។
លោកស្រីល្វីស ក្លេមិនស៊ី ( Louise Clemency) ធ្វើការនៅសេវាកម្មជលផល និងសត្វព្រៃសហរដ្ឋអាមេរិក។ លោកស្រីក៏ជាសហប្រធានអង្គការភាពជាដៃគូភាគខាងកើតដែរ។ លោកស្រី បានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងស្រោចស្រង់សត្វក្រៀល នឹងមិនមានការផ្លាស់ប្តូរទ្រង់ទ្រាយធំៗណាមួយ ភ្លាមៗនោះទេ។ លោកស្រីល្វីស ក្លេមិនស៊ីមានប្រសាសន៍ថា៖
“យើងកំពុងព្យាយាមប្រើប្រាស់ពេលវេលាដើម្បីធ្វើសេចក្តីសន្និដ្ឋានដ៏ត្រឹមត្រូវមួយ ដូច្នេះយើងអាចបោះជំហានទៅមុខដ៏ត្រឹមត្រូវដែរ”។
លោកស្រីក្លេមិនស៊ីនិយាយថា សេចក្តីសម្រេចចិត្តទៅលើការធ្វើពិសោធន៍សត្វក្រៀលកវែង អាចធ្វើឡើងនៅឆ្នាំក្រោយ។ ពេលនេះ លោកស្រីសង្ឃឹមថា ស៊ុតរបស់សត្វក្រៀលខ្លះៗ ដែលពងនៅក្នុងនិទាឃរដូវ នៅឯជម្រក ណេស៊ីដាស នឹងញាស់។