ហ្សឺណែវ ប្រទេសស្វីស៖ របាយការណ៍របស់អង្គការសុខភាពពិភពលោក បង្ហាញថាមានភាពប្រសើរឡើងខាងគុណភាពនៃការថែទាំជម្ងឺរបេងចាប់តាំងពីឆ្នាំ១៩៩៥ ជាពិសេសនៅក្នុងប្រទេសក្រីក្របំផុត។ របាយការណ៍រកឃើញថា មានអ្នកជម្ងឺរបេងជាង៤០លាននាក់ ត្រូវបានព្យាបាលដោយជោគជ័យនៅក្នុង១៥ឆ្នាំកន្លងទៅនេះ ដែលជាលទ្ធផលមនុស្ស៦លាននាក់ ត្រូវបានជួយសង្គ្រោះជីវិត ។
អង្គការសុខភាពពិភពលោកបានហៅរបាយការណ៍នេះថា ជារបាយការណ៍ស្តីអំពីជំងឺរបេងដ៏ទូលំទូលាយបំផុតមិនដែលធ្លាប់មាន។ របាយការណ៍លើកយកប្រទេសចំនួន២២ដែលមានអតា្រជំងឺរបេងខ្ពស់ ដើម្បីធ្វើការវិភាគលើប្រសិទ្ធភាពនៃវិធានការត្រួតពិនិត្យជំងឺរបេង។
លោកហ្វ៊ីលីផ ហ្ក្លាហ្ស៊ីអ៊ូ (Philippe Glaziou) សហអ្នកនិពន្ធរបាយការណ៍នេះ និយាយថា ការវិភាគបង្ហាញថា ជម្ងឺរបេងកំពុងធ្លាក់ចុះ ឬនៅត្រឹងនៅក្នុងប្រទេសទាំង២២ លើកលែងតែប្រទេសអាហ្វ្រិកខាងត្បូង។ លោក ហ្ក្លាហ្ស៊ីអ៊ូ និយាយថា ប្រទេស ដូចជាប្រទេសប្រស៊ីល កម្ពុជា ចិន តានហ្សានី អ៊ូហ្កានដា និងម៉ូហ្សាមប៊ីក មានជោគជ័យជាពិសេសក្នុងការធ្វើឲ្យធ្លាក់ចុះនៃជម្ងឺរបេង។ លោក ហ្ក្លាហ្ស៊ីអ៊ូ ថ្លែងដូច្នេះថា៖
«ការកើនឡើងនៃការរកឃើញជំងឺ រួមនឹងការថែទាំប្រកបដោយគុណភាពដ៏ប្រសើរ បានធ្វើឲ្យការស្លាប់ដោយជំងឺរបេងធ្លាក់ចុះ។ ឧទាហរណ៍ នៅប្រទេសចិន ការស្លាប់ដោយជម្ងឺរបេងបានធ្លាក់ចុះប្រមាណ៥០ភាគរយក្នុងមួយទសវត្សរ៍កន្លងមកនេះ។ នេះគឺជាជោគជ័យដ៏សំខាន់មួយ ។ នៅក្នុងប្រទេសប្រេស៊ីល និងកម្ពុជា ការស្លាប់ដោយជំងឺរបេងមានត្រឹមតែពាក់កណ្តាល នៃការស្លាប់ដែលមាននៅក្នុងឆ្នាំ១៩៩០»។
របាយការណ៍បង្ហាញថា មនុស្សកាន់តែច្រើនឡើងនៅតំបន់វាលខ្សាច់សាហារ៉ានៃទ្វីបអាហ្វ្រិក កំពុងត្រូវបានពិនិត្យរកមើលជម្ងឺ HIV/AIDS ហើយចំនួនមនុស្ស ដែលទទួលបានការព្យាបាលដោយប្រើថ្នាំពន្យាអាយុនោះកំពុងកើនឡើង។ របាយការណ៍នេះបង្ហាញថា វិធានការនេះ បានសង្គ្រោះជីវិតមនុស្សដែលមានជំងឺរបេងជាច្រើន ហើយថា ការព្យាបាលដោយប្រើថ្នាំពន្យាអាយុ ត្រូវបានធ្វើឡើងនៅក្នុងប្រទេសក្នុងទ្វីបអាហ្វ្រិកចំនួន១១ ដែលឥឡូវនេះ លើស៤០ភាគរយហើយ។
ទោះបីជាមានការជឿនលឿនដូច្នេះក្តី លោក ម៉ារីយ៉ូ រ៉ាវីហ្គ្លីអូន (Mario Raviglione) នាយកផ្នែកបញ្ឈប់ជម្ងឺរបេងនៃអង្គការសុខភាពពិភពលោកមានប្រសាសន៍ថា ជោគជ័យទាំងនេះមិនស្ថិតស្ថេរទេ។ លោកនិយាយថា នៅមានការប្រឈមដែលនៅសល់យ៉ាងច្រើនទៀត។
«ដូចដែលខ្ញុំបានបញ្ជាក់ខាងដើមអញ្ចឹងថា នៅតែមានអ្នកស្លាប់១លាន៧សែននាក់រាល់ឆ្នាំដោយជម្ងឺមួយ ដែលអាចព្យាបាលបានដ៏ពិតប្រាកដនៅក្នុងឆ្នាំ២០១០នេះ។ ការស្លាប់ដែលខ្ញុំបាននិយាយនោះ កំពុងធ្លាក់ចុះ ក៏ប៉ុន្តែវាកំពុងធ្លាក់ចុះយឺតៗពេក ពោលគឺតិចជាង១ភាគរយក្នុងមួយឆ្នាំ។ ក្នុងកម្រិតនេះ ក្នុងជំហាននេះ វានឹងប្រើពេល១ពាន់ឆ្នាំដើម្បីបំបាត់ជំងឺរបេង ។ ដូច្នេះ គោលបំណងកំចាត់អាចមិនប្រាកដថា ធ្វើបាននៅក្នុងរយៈពេលខ្លីទេ។ ហើយនៅទីបញ្ចប់ ការប្រឈមដ៏ធំបំផុត គឺបញ្ហាជំងឺរបេងដែលស៊ាំនឹងឱសថច្រើនមុខ»។
មនុស្សជិតកន្លះលានមានជំងឺរបេងដែលស៊ាំនឹងឱសថច្រើនមុខ ដែលតម្រូវឲ្យមានការព្យាបាលដ៏ស្មុគស្មាញ ប្រើពេលយូរមានតម្លៃខ្ពស់ និងប្រកបដោយជាតិពុល។
របាយការណ៍បង្ហាញថា ប្រទេសទាំងឡាយនៅក្នុងសកលលោក មានគោលដៅបញ្ឈប់ និងចាប់ផ្តើមធ្វើឲ្យឧប្បត្តិហេតុនៃជម្ងឺរបេងនេះធ្លាក់ចុះឲ្យបាន មិនឲ្យហួសពីឆ្នាំ២០១៥ ដែលជាកាលកំណត់របស់គោលដៅអភិវឌ្ឍសហសវត្យរ៍។
ក្រុមអ្នកនិពន្ធរបាយការណ៍នេះ និយាយថា បើសិនជាមានការផ្តល់ថវិកាពេញលេញ និងដោយអនុវត្តផែនការសកលដើម្បីបញ្ឈប់ជំងឺរបេង មនុស្ស៥លាននាក់អាចត្រូវបានជួយសង្គ្រោះជីវិតបាន រវាងពីឥឡូវនេះ និងឆ្នាំ២០១៥។
ប្រែសម្រួល ដោយ នុច សារីតា