បើតាមសេចក្តីរាយការណ៍ព័ត៌មានថា ក្រុមមន្ត្រីជាន់ខ្ពស់សេតវិមាននិងសមាជិកសភាខាងគណបក្សសាធារណរដ្ឋកាលពីយប់ថ្ងៃព្រហស្បតិ៍ជិតសម្រេចបានកិច្ចព្រមព្រៀងមួយ ដែលនឹងបង្កើនកម្រិតបំណុលសម្រាប់ពេលពីរឆ្នាំ ហើយក៏កម្រិតការចំណាយសហព័ន្ធលើវិស័យទាំងអស់ លើកលែងតែផ្នែកយោធានិងទាហានជើងចាស់។
ប្រសិនបើមានការយល់ព្រមគ្នាអំពីកិច្ចព្រមព្រៀងនេះនិងមានការអនុវត្ត វានឹងបង្កើនការកម្រិតការខ្ចីប្រាក់ដោយរដ្ឋាភិបាលសម្រាប់ពេលពីរឆ្នាំ គឺហួសពីការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ ២០២៤។
បើតាមកាសែត New York Times ដែលបានផ្សាយមុនគេអំពីរឿងនេះ ការសម្របសម្រួលគ្នានេះអនុញ្ញាតឱ្យក្រុមគណបក្សប្រជាធិបតេយ្យអាចនិយាយថា ពួកគេបានធ្វើមិនឱ្យមានការកាត់បន្ថយច្រើនដល់កម្មវិធីក្នុងប្រទេសភាគច្រើន ហើយក្រុមគណបក្សសាធារណរដ្ឋវិញអាចថ្លែងថា ពួកគេបានបន្ថយការចំណាយខ្លះរបស់រដ្ឋាភិបាលសហព័ន្ធ។
សារព័ត៌មាន New York Times បានឱ្យដឹងទៀតថា ការចរចាគ្នាបានធ្វើកាលពីយប់ថ្ងៃព្រហស្បតិ៍ហើយក៏មានការចាប់ផ្តើមព្រាងខ្លឹមសារនីតិបញ្ញត្តិផងដែរ។
លោក Kevin McCarthy ប្រធានរដ្ឋសភាបាននិយាយប្រាប់ក្រុមអ្នកកាសែត នៅពេលលោកចាកចេញពីវិមានសភាកាលពីយប់ថ្ងៃព្រហស្បតិ៍ថា៖ «យើងបាននិយាយជាមួយសេតវិមានពេញមួយថ្ងៃ យើងបានឆ្លើយឆ្លងគ្នាច្រើនដង ហើយនេះមិនមែនជាការងាយស្រួលទេ។ វាត្រូវការពេលមួយរយៈដើម្បីឱ្យសម្រេចកិច្ចការនេះ ហើយយើងបានខំធ្វើការខ្លាំងដើម្បីឱ្យមានការព្រមព្រៀងគ្នានេះ»។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតី Joe Biden បានមានប្រសាសន៍ថា ការចរចាជាមួយសមាជិកសភាសាធារណរដ្ឋដើម្បីបង្កើនការកម្រិតការខ្ចីប្រាក់ដោយរដ្ឋាភិបាលអាមេរិកនិងកំណត់កម្រិតចំណាយក្នុងពេលអនាគតមានដំណើរការល្អ ហើយលោកបានធានារ៉ាប់រងដល់ប្រជាជនអាមេរិកថា ប្រទេសជាតិនឹងមានប្រាក់សម្រាប់បំពេញកាតព្វកិច្ចសងបំណុលខ្លួន។
ក្រុមអ្នកចរចាខាងថវិការបស់សេតវិមានបានបន្តនិយាយជាមួយក្រុមអ្នកតំណាងលោក McCarthy ដើម្បីដោះស្រាយសេចក្ដីលម្អិតចុងក្រោយបង្អស់នៃកិច្ចព្រមព្រៀងគ្នាមួយ តែគ្មានការប្រកាសអំពីកិច្ចព្រមព្រៀងគ្នាទេ ពីព្រោះក្រុមសមាជិកសភាបានចាប់ផ្តើមចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោននៅមុនដំណាច់សប្ដាហ៍នេះ នៃបុណ្យទិវារំឭកវិញ្ញាណក្ខន្ធយុទ្ធជន ឬ Memorial Day ប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិក៕