ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទូក​បរទេស​នេសាទ​​​ខុសច្បាប់​​​​ក្នុង​​ដែន​​ទឹក​​អាហ្វ្រិក​​ខាងលិច


អ្នកនេសាទនៅអាហ្វ្រិក​ខាងលិចនិយាយ​ថា​ ការ​នេសាទ​ខុស​ច្បាប់​ ពី​សំណាក់ទូក​នេសាទ​អឺរ៉ុប ​និង​អាស៊ី​កំពុងធ្វើ​ឲ្យ​ហិន​ហោច​ដល់​ប្រភព​ស្បៀង​របស់​ពួកគេ​ហើយ​។

នៅ​គ្រប់​កន្លែង​ទាំង​អស់​នៃ​ឆ្នេរ​សមុទ្រ​អាហ្វ្រិក​ខាងលិច ​អ្នក​នេសាទ ​បាន​ត្អូញត្អែរថា​ ទីតាំង​នេសាទ​ជា​ប្រពៃណី​របស់​ពួកគេ ​កំពុង​ត្រូវ​បាន​នេសាទ​ខុសច្បាប់​ហួស​ប្រមាណ​ដោយកប៉ាល់​អន្តរជាតិ។

លោកជីនសុន ជូបូ អានវ្រ៉ាន (Jeanson Djobo Anvran) ជានាយក​ទី​ភ្នាក់ងារ​ដាក់​បញ្ញតិលើការនេសាទនៅ​ក្នុង​ប្រទេស​អាយវ្រីខូសត៍ (Ivory Coast)។ លោក អានវ្រ៉ាន និយាយ​ថា មាន​ចោរ​សមុទ្រ​ និង​ទូក​នេសាទ​មកពី​គ្រប់​សញ្ជាតិ​ទាំង​អស់​។ ប៉ុន្តែ គាត់​មិន​អាច​និយាយ​ឲ្យ​បាន​ច្បាស់​ថា​ មក​ពី​ប្រទេស​ណាមួយ​ទេ​ ដោយ​សារ​តែ​មានប្រទេស​ជា​ច្រើន​ ដែល​ត្រូវ​បាន​រក​ឃើញ​ថា​ បាន​ឆក់​ប្លន់​ប្រភព​ធនធាន​របស់​ប្រទេសអាយវ្រីខូសត៍។

អ្នកវិ​ភាគ​មួយចំនួន​ខាងឧស្សាហកម្មនិយាយ​ថា កង​នាវា​របស់​អឺរ៉ុប​ និង​អាស៊ី​ ដែល​ទាញយក​ប្រយោជន៍​ពីការ​ត្រួត​ពិនិត្យដែលមាន​ដ៏​សមត្ថភាព​ទន់​ខ្សោយ នៅ​តាមដែន​សមុទ្រ​នៅ​អាហ្វ្រិក​ខាង​លិច​ កំពុងនេសាទ​ដោយ​ខុស​ច្បាប់​ ដែលមាន​ទឹក​ប្រាក់​រហូតដល់១​ពាន់លាន​ដុល្លារជា​រៀង​រាល់​ឆ្នាំ​។

ប្រទេសអាយវ្រីខូសត៍​បាន​ឲ្យ​ដឹង​ថា​ ការ​នេសាទ​ត្រីបាន​ថយ​ចុះ​៣០​ភាគរយ​ កាលពី​ឆ្នាំ​កន្លង​ទៅ។​ នៅ​ក្នុង​ភូមិ​អាយ​វូរ៉ាន (Ivorian) តំបន់​ឡា​ហ៊ូ (Lahou) បុរសអ្នកនេសាទ​ឈ្មោះ​ជឺ​មែន​ បាមូនី (Germain Bamouni) បាន​ស្តី​បន្ទោស​អ្វី​ដែល​គាត់​ហៅ​ថា​ ជា​ទូក​របស់ «ចិន»។ លោក​និយាយថា​ ដោយ​សារភាគ​ច្រើននៃ​ក្រុម​នាវិក មើល​ទៅ​ដូច​ជា​ជន​ជាតិ​អាស៊ី​ខាងកើត​។ បាមូនី និយាយថា កាល​ពី​មុន​ មាន​ត្រី តែ​សព្វថ្ងៃ​នេះ​គ្មាន​ទេ​។ គាត់​បាន​បន្ត​ថា​ ទូក​របស់​ចិនប្រមូល​យកអ្វីៗ​ទាំង​អស់ ​ដែល​ស្ថិត​នៅ​ក្នុង​គន្លង​ផ្លូវ​។ លោក​បា​មូនី​ បាន​ឲ្យ​ដឹង​ទៀតថា ជួន​កាល​អ្នក​នេសាទ​នៅ​តាម​មូលដ្ឋាន​ ត្រូវ​ចេញទៅ​ចម្ងាយ២០​គីឡូម៉ែត្រ​ ដើម្បី​រក​បាន​ត្រី​ខ្លះ​មក​ផ្ទះ​វិញ​។

ក្រុម​គាំពារ​ដែល​ជា​មូល​និធិ​យុត្តិធម៌​បរិស្ថាន (Environmental Justice Foundation) ឲ្យ​ដឹង​ថា កប៉ាល់នេសាទ​រហូត​ដល់​៦០​ភាគរយនៅ​ឯ​ម្តុំ​ឆ្នេរ​ហ្គី​ណេ​គ្មាន​អាជ្ញាប័​ណ្ណ​ទេ។

សភាពអឺរ៉ុប​ឲ្យ​ដឹងថា ខ្លួន​មាន​បទបញ្ញត្តិ​ដ៏​តឹង​រឹងប្រឆាំង​នឹង​ការ​នេសាទ​ខុស​ច្បាប់។ ប៉ុន្តែ​ក្រុម​បរិស្ថាន​មួយ​ចំនួ​នបាន​ឲ្យ​ដឹង​ថា ​ទូក​នេសាទបាន​ប្រើប្រាស់​ការ​អនុវត្ត​ដែល​មាន​ភាព​ធូរ​រលុងនៅ​ឯកំពង់​ផែ​នៃ​កោះ​ខាណារី (Canary Islands) ដើម្បី​ច្របល់​បញ្ចូលគ្នា​ត្រី​ដែល​នេសាទ​មក​ដោយ​ខុស​ច្បាប់​ ជាមួយ​នឹង​ត្រី​ដែល​នេសាទ​ស្រប​ច្បាប់ មុន​ពេលបញ្ជូន​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​។ អ្នក​ដាក់​បញ្ញត្តិ អានវ្រ៉ាន និយាយ​ថា កប៉ាល់​បរទេសមាន​បំពាក់​ឧបករណ៍​ទំនើប​ និង​មាន​ទំ​ហំ​ធំ​។ គាត់និយាយ​ថា កប៉ាល់​ទាំងអស់​នេះ​ ច្រើនតែ​ចូល​មកនៅពេល​យប់​ ដោយ​មាន​ក្រុមនារិក​រហូត​ដល់​២​ពាន់​នាក់​ ដែល​ចូល​មក​ក្បែរៗ​ឆ្នេរ​។

បាមូនីនិយាយទៀតថា មន្រ្តី​មូល​ដ្ឋានត្រូវ​មាន​ចំណែកក្នុង​ការ​ទទួលការស្តី​បន្ទោស​ អំពី​ការ​នេសាទ​ហួស​ប្រមាណនេះ​ ដោយ​សារ​តែ​ពួកគេមិន​បាន​ធ្វើ​ការ​ឲ្យ​បាន​ដិត​ដល់​គ្រប់​គ្រាន់ដើម្បី​ ត្រួត​ពិនិត្យមើល​កប៉ាល់​បរទេស​នៅ​អាហ្វ្រិក​ខាងលិច។

លោក ​បាមូនី និយាយ​ថា​ គឺ​អាជ្ញាធរ​ហ្នឹងហើយ ​ដែល​គួរ​ត្រូវបានធ្វើការ​ស៊ើប​អង្កេត​ដោយសារ​តែពេល​ដែល​ចិន​ចូល​មក​ ពួកគេ​បាន​បង់​លុយ​យ៉ាង​ច្រើន​ដើម្បី​នេសាទ​ត្រី​ ហើយ​អាជ្ញាធរ​មិន​បា​នតាម​មើល​ពួក​គេ​ ដើម្បី​ឲ្យ​ដឹង​ថា​ពួកគេ​កំពុង​ធ្វើអ្វី​។ គាត់​និយាយ​ថា​ នៅ​ពេល​ចិន​នេសាទត្រីពួកគេ​បោស​សម្អាត​អ្វីៗ​ទាំង​អស់​។

លោកអានវ្រ៉ាន អ្នក​ធ្វើ​បទ​បញ្ញត្តិ​ខាង​ការ​នេសាទ​ជនជាតិ​អាយវ្រីខូសត៍​ ឲ្យ​ដឹង​ថា​ ការសម្រប​សម្រួល​មិន​បានគ្រប់​គ្រាន់ដើម្បី​ការពារ​ប្រភព​ត្រី​ដ៏សម្បូរ​បែប​ ដែល​លាត​សន្ធឹង​ជាង៥​ពាន់​គីឡូម៉ែត្រ​ ចាប់​តាំង​ពី​ប្រទេស​ម៉ូរីតានៀ (Mauritania) ទៅ​ប្រទេស​អង់ហ្គោឡា (Angola)នោះទេ។ លោក​អានវ្រ៉ាន និយាយ​ថា​ ការ​ការ​ពារ​នឹង​ទាម​ទារ​ឲ្យ​មាន​កិច្ច​សហ​ប្រតិបត្តិការពី​អន្តរជាតិ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​នេសាទ​ខុស​ច្បាប់​។ គាត់បានឲ្យ​ដឹង​ទៀត​ថា​ ប្រទេស​អាយ​វ្រី​ខូសត៍ តែ​ឯងមិន​អាចការពារ​បាន​ទេ ហើយ​ថា ​គួរ​តែ​មាន​ប្រតិបតិ្ត​ការ​រួមគ្នានៅ​ក្នុង​អនុ​តំបន់​នេះ​។

ទីបញ្ជាការ​យោធា​សហរដ្ឋ​អាមេរិក​ប្រចាំ​ទី្វប​អាហ្វ្រិក​កំពុង​ដំណើការ​ កម្មវិធី​បណ្តុះ​បណ្តាល​ដល់​កង​ទាហាន​ជើង​ទឹក​អាហ្វ្រិក​ខាង​លិច ​និងឆ្មាំសមុទ្រ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើប្លន់​តាម​សមុទ្រ ​និង​ការ​នេសាទ​ខុស​ច្បាប់។ ​ឧបសគ្គ​ដ៏​ធំ​បំផុត​មួយ​នោះ​ គឺ​ភាព​ខ្វះខាត​ទូក ​និង​ខ្វះខាត​ប្រាក់​ដើម្បី​ចាក់​សាំង៕

ប្រែសម្រួលដោយ លី សុខឃាង

XS
SM
MD
LG