ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ខ្វះខាត​ទឹក​ជា​ឫសគល់​នៃ​ជម្លោះ​នៅ​​តំបន់​ដាហ្វួរ


ស្រី្ត​ដាហ្វួរ​ម្នាក់​កំពុង​យួរ​ធុង​ទឹក។ ការខ្វះ​សិទ្ធិ​​ទទួល​បាន​ទឹក​នៅ​តែ​ជា​កម្លាំង​ចលករ​ដ៏​​សំខាន់​មួយ​ក្នុង​ជម្លោះ​ដែល​កំពុង​បន្ត​នៅ​តំបន់​ដាហ្វួរ ប្រទេស​ស៊ូដង់។
ស្រី្ត​ដាហ្វួរ​ម្នាក់​កំពុង​យួរ​ធុង​ទឹក។ ការខ្វះ​សិទ្ធិ​​ទទួល​បាន​ទឹក​នៅ​តែ​ជា​កម្លាំង​ចលករ​ដ៏​​សំខាន់​មួយ​ក្នុង​ជម្លោះ​ដែល​កំពុង​បន្ត​នៅ​តំបន់​ដាហ្វួរ ប្រទេស​ស៊ូដង់។

ជម្លោះ​នៅ​តំបន់​ដាហ្វួរ​ក្នុង​ប្រទេស​ស៊ូដង់​ភាគ​ខាង​លិច​បាន​ផ្ទុះ​ឡើង​កាល​ពី​ជាង៨​ឆ្នាំ​មុន។ ជម្លោះ​នេះបាន​ឆក់​យក​ជីវិត​មនុស្ស​រាប់​សែន​នាក់​ និង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន​ប្រហែលពីរលាននាក់បាត់បង់ទីជម្រក។​ សង្គ្រាម​នេះ​បាន​បង្កឡើង​ដោយ​សារ​ការដណ្តើម​សិទ្ធិ​គ្រប់គ្រង​ធនធាន​ទឹក​ដ៏​ខ្សត់ខ្សោយ​និង​ដី​ដែល​សម្បូរ​ស្មៅ​រវាង​កសិករ​អាហ្វ្រិក​ស្បែក​ខ្មៅ​និង​សហគមន៍​ចិញ្ចឹម​សត្វ​ចៀមជាតិ​អារ៉ាប់។ ការខ្វះ​សិទ្ធិទទួល​បាន​ទឹក​នៅ​តែ​ជា​កម្លាំង​ចលករ​ដ៏សំខាន់​មួយ​ក្នុង​ជម្លោះ​ដែល​កំពុង​បន្ត​នៅ​តំបន់​ដាហ្វួរ។ សន្និសីទ​អន្តរជាតិ​នៅ​ទីក្រុង​ខាទុម (Khartoum) នៅ​ចុង​ខែ​មិថុនា​នេះនឹង​ផ្តោត​ទៅ​លើ​បញ្ហា​សំខាន់​ គឺទឹក និង​ថា​តើ​ការប្រើប្រាស់​និង​គ្រប់​គ្រង​ប្រកប​ដោយ​ស្មើភាព​គ្នា​ទៅ​លើ​ប្រភព​ធនធាន​ដែល​មាន​កម្រិត​នេះ ​អាច​ជួយ​កសាង​សន្តិភាព​នៅ​ក្នុង​តំបន់​មាន​វិបត្តិ​មួយ​នេះ​យ៉ាង​ដូចម្តេច។

នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​ត្រូវ​ការ​ទឹក​ ពួក​គេ​អាច​បើក​ក្បាលរ៉ូប៊ីណេ ​ប៉ុន្តែ​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​នៅ​តំបន់​ដាហ្វួរ​ត្រូវការ​ទឹក​វិញ​ ពួកគេ​ត្រូវ​ដើរ​ស្វែងរក​ទឹក​គ្រប់​ច្រក​ល្ហក។

ខ្សែ​វីដេអូ​មួយ​របស់​អង្គការ​សហ​ប្រជាជាតិ​បង្ហាញ​រូបភាព​ស្ត្រី​និង​កុមារ​ដើរ​យ៉ាង​ឆ្ងាយ​ឆ្លង​កាត់​វាល​រហោឋាន​ស្ងួត​ហែង​ដើម្បី​ដង​ទឹក​នៅ​តំបន់​ដាហ្វួរ។ ពួកគេ​រង់ចាំ​នៅ​ក្នុង​ជួរ​យ៉ាង​វែង​នៅ​ឯ​អណ្តូង​ទឹក​របស់​ឃុំ​ដើម្បី​ច្រក​ទឹក​ក្នុង​កាដុង​សម្រាប់​បរិភោគ​និង​ដុស​លាង​សម្ភារៈ​ប្រើប្រាស់។ ដំណើរការនេះ​កើត​ឡើង​រៀង​រាល់​បី​ឬ​បួន​ថ្ងៃ​ម្តង។

យោង​តាម​អង្គការ​សហ​ប្រជាជាតិ ​មនុស្ស​ម្នាក់​ប្រើ​ទឹក​អស់​ជិត​៤០០​លីត្រ​ក្នុង​មួយ​ថ្ងៃ នៅ​តាម​បណ្តា​ប្រទេស​អ្នកមាន​បំផុត​នៅ​ក្នុង​ពិភព​លោក។ នៅ​តំបន់​ដាហ្វួរ ​ទឹក​៤០០​លីត្រ​ត្រូវ​ចែក​រំលែក​ទៅ​មនុស្ស​ចំនួន​២០​នាក់។

លោក ​មហាមេដ យ៉ុនីស (Mohamed Yonis) ជា​អនុប្រធាន​នៃ​អ្នកតំណាង​ពិសេស​រួមគ្នា ​សម្រាប់​បេកកម្ម​សហភាព​អាហ្វ្រិកនិង​អង្គការ​សហ​ប្រជាជាតិ​នៅ​ដាហ្វួរ។

«ទឹក​គឺជា​ឫស​គល់​ដ៏​ចម្បង​មួយ​នៅ​ក្នុង​ជម្លោះ​នេះ។ វា​មាន​ភាពចាំ​បាច់​ក្នុង​ការដោះ​ស្រាយ​បញ្ហា​នេះ ​ហើយ​យើង​ពិត​ជា​ជឿ​ថាទឹក​នឹង​មាន​តួនាទី​ជា​ឧបករណ៍​ដើម្បី​សន្តិភាព»។

បេសកកម្ម​អង្គការ​សហ​ប្រជាជាតិ​នៅ​តំបន់ដាហ្វួរ ​ឬ​ហៅកាត់​ថា UNAMID ស្ថិត​នៅ​តំបន់​ដាហ្វួរ​អស់​រយៈ​ពេល​បី​ឆ្នាំ​កន្លះ​មក​ហើយ។ លោក​យ៉ុនីស ​មាន​ប្រសាសន៍ថា​ ប្រភព​ទឹក​ដែល​មាន​ការគ្រប់​គ្រង​យ៉ាង​ត្រឹម​ត្រូវ ​និង​បែង​ចែក​ឲ្យ​បាន​ស្មើគ្នា​អាច​ធានា​ឲ្យ​មានសន្តិភាព​ប្រកប​ដោយ​និរន្តភាព​សម្រាប់​ប្រជា​ពលរដ្ឋ​នៅ​ដាហ្វួរ។

«យើង​ជឿ​ថា ​ទឹក​គឺ​ជា​ជីវិត ​ហើយ​យើង​ជឿ​ទៀត​ថា ​ទឹក​អាច​រួម​ចំណែក​ដល់​ការផ្តួច​ផ្តើម​គំនិត​ ដែល​អង្គការ​សហ​ប្រជាជាតិ​កំពុង​ធ្វើ​ឡើង ​ទាក់ទង​នឹង​ការ​ព្យាយាម​ដើម្បីឲ្យ​សម្រេច​បាន​នូវ​សន្តិភាព​ជាមួយ​ប្រជា​ពលរដ្ឋ​នៅ​ដាហ្វួរ»។

អង្គការ​សហ​ប្រជាជាតិ​កំពុង​សម្របសម្រួល​ការ​ចរចា​សន្តិភាព​របស់​ស៊ូដង់ ​នៅ​ទីក្រុង​ដូហា (Doha) ​ប្រទេស​កាតា ​(Qatar)។​ ប៉ុន្តែដំណោះស្រាយ​នយោបាយពិបាក​សម្រេចបានណាស់។ អង្គការ​ពិភពលោក​នេះ​កំពុង​សង្ឃឹម​ថា​នឹង​ទទួល​បាន​លទ្ធផល​ប្រសើរ​ជាង​មុន​ នៅ​ក្នុង​សន្និសីទ​ស្តីពី​ទឹក ​ដែល​អង្គការ​នេះ​កំពុង​រៀបចំ​រួមគ្នា​ជាមួយ​រដ្ឋាភិបាល​ស៊ូដង់​នៅ​ចុងខែ​នេះ។

សន្និសីទ​នេះ​នឹង​ស្វែងរក​ថវិកា​ចំនួន​១,៥០០​លាន​ដុល្លារ​ពី​ក្រុមប្រទេស​ផ្តល់​ជំនួយ​ ដើម្បី​គាំទ្រ​ដល់​គម្រោង​គ្រប់គ្រង​ទឹក​ចំនួន​៥៦​ ក្នុង​រយៈពេល​៦​ឆ្នាំ​ខាង​មុខ។​ គម្រោង​ទាំងនេះនឹង​ផ្តោតទៅ​លើ​ការកសាង​ឡើង​វិញ​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទឹក ​ដែល​ត្រូវ​បំផ្លាញ​ដោយសារ​ជម្លោះនិងការបោះបង់​ចោល។ គម្រោង​ទាំង​នេះនឹង​ណែនាំ​ឲ្យ​ប្រើ​បច្ចេកវិទ្យា​និង​ប្រព័ន្ធ​ថ្មីៗ​ ដើម្បី​គ្រប់គ្រង​ទឹកត្រៀមទប់ទល់គ្រោះ​រាំង​ស្ងួត ​និង​ជួយ​កសិករ​ឲ្យ​សម្រប​ទៅ​តាមការ​ផ្លាស់ប្តូរអាកាសធាតុ។

លោក រ៉ូប៊ីន បូវ៉េ (Robin Bovey) នាយក​កម្មវិធី​ស៊ូដង់​សម្រាប់​កម្មវិធី​បរិស្ថានរបស់​អង្គការ​សហ​ប្រជាជាតិ ​ថ្លែង​ថា​ការផ្គត់ផ្គង់​ទឹក​នៅតំបន់​សាហេល (Sahel) មាន​ការ​លំបាក​ដោយសារ​តែ​មិន​សូវ​មាន​ទឹក​ច្រើន​នោះ​ទេ។ លោកបាន​ពិពណ៌នា​ការគ្រប់​គ្រង​ធនធាន​ទឹក​ថា​ជា​ការអនុវត្ត​យ៉ាង​ធំធេង​ដែល​មិន​អាច​ធ្វើ​ដាច់​ដោយ​ឡែកៗ​ពី​គ្នា​បាន​ទេ។

«បច្ចុប្បន្ននេះ ​យើង​កំពុង​បង្កើត​គណៈកម្មាធិការ​គ្រោះ​រាំង​ស្ងួត​នៅ​តាម​ជំរំ។ វា​នឹង​មានគ្រោះរាំង​ស្ងួត​មួយ​ទៀត។ ខ្ញុំ​ចង់​និយាយ​ថា​នឹង​មាន​គ្រោះ​រាំង​ស្ងួត​កើត​ឡើង​ម្តង​ទៀត។​ នេះ​គឺ​គ្រាន់​ជាអ្វី​ដែល​បាន​កើត​ឡើង​យ៉ាង​ទៀង​ទាត់​ប៉ុណ្ណោះ។ ប៉ុន្តែ​នៅ​កន្លែង​ណា​ដែល​អ្នក​ចង់​ឲ្យ​មានប្រជាពលរដ្ឋមាន​ការផ្លាស់​ប្តូរ ​អ្នក​ត្រូវតែ​ធានា​ឲ្យ​ប្រាកដ​ថា​ប្រជា​ពលរដ្ឋ​ទាំងនោះ​បាន​ត្រៀម​ខ្លួន​រួច​ហើយ»។

លោក ណីល ខាស្តប៊ើក (Nils Kastberg) អ្នកតំណាង​មកពីមូលនិធិ​កុមារ​របស់​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​ស៊ូដង់ ​បាន​ថ្លែង​ថា ​សិទ្ធិ​ទទួល​បាន​ទឹក​នោះតម្រូវ​ឲ្យ​មាន​សន្តិភាព។ ហើយ​សន្តិភាពអាច​សម្រេចបានយ៉ាង​ល្អ​បំផុត ​ក្នុង​កម្រិត​មូលដ្ឋាន។

«ប្រសិន​បើ​យើ​ង​ជីកអណ្តូង​ទឹក​មួយ​កន្លែង ​ហើយ​អណ្តូង​នោះនាំឲ្យ​មាន​ក្រុមមនុស្ស​ផ្សេងៗ​គ្នាប្រយុទ្ធ​គ្នា​ពី​រឿង​សិទ្ធិ​ប្រើ​ប្រាស់​ទឹក​ អញ្ចឹង​គឺយើង​រួម​ចំណែកដល់​ជម្លោះ។ ជា​ជំនួស​វិញ​ ប្រសិន​បើ​យើង​អាច​ប្រើ​សិទ្ធិ​ទទួល​បាន​ទឹក​ ជា​វិធីសាស្រ្ត​មួយ​ដើម្បីបង្កើត​ការពិភាក្សា​រវាង​ក្រុម​មនុស្ស​ផ្សេងៗ​គ្នា​វិញ​ ដូចជា ​តាម​រយៈ​ការពិភាក្សា​នោះ​ដែលយើង​អាចផ្តល់​សិទ្ធិ​ក្នុង​ការប្រើ​ទឹក ​ប៉ុន្តែ​ស្រប​ពេល​ជាមួយ​គ្នា​នោះដែរ​ ត្រូវ​ឲ្យ​ការពិភាក្សា​គ្នា​នោះ​បន្ត​ទៅ​មុខ​ដែល​ជាតម្រូវការ​ចាំ​បាច់។ ដូច្នេះយើងកំពុង​ស្ថាបនាសន្តិភាព​ចេញ​ពី​ថ្នាក់​មូលដ្ឋាន​វិញ»។

ប៉ុន្តែ​ទីភ្នាក់ងារ​ផ្តល់​ជំនួយយល់​ស្រប​ថា នៅ​ទី​បញ្ចប់ ការផ្តួច​ផ្តើម​សន្តិភាព​ទាំង​នេះ​នឹងមិន​អាចសម្រេចអ្វី​មួយរួច​ទេ ​ប្រសិន​បើ​គ្មាន​កិច្ច​សហការ​ពី​រដ្ឋាភិបាលស៊ូដង់។ ទីភ្នាក់ងារ​ទាំង​នោះកំពុង​ទទូច​ដល់​រដ្ឋាភិបាលឲ្យ​ផ្តល់​សេវាកម្ម​ស្មើភាព​គ្នាទៅ​ដល់​ពលរដ្ឋ​គ្រប់​រូប​នៅ​តំបន់ដាហ្វួរ​ ហើយ​ផ្តល់​សេរីភាព​ក្នុង​ការធ្វើ​ដំណើរ​ដល់​ពួកគេ ​ដែលពួកគេអាចបែងចែកជំនួយសង្គ្រោះនិងការថែ​រក្សានានា​ដែល​មាន​សារៈសំខាន់។

ពួកគេ​ជឿ​ថា ទស្សនវិស័យ​ដ៏​ប្រសើរ​បំផុតសម្រាប់​សន្តិភាព ស្ថិត​នៅ​លើ​សហគមន៍​មូលដ្ឋាន​ មិនមែន​ស្ថិត​នៅ​លើ​រដ្ឋាភិបាល​កណ្តាល​នោះ​ទេ។ ពួកគេ​និយាយ​ថា ​ប្រជាពលរដ្ឋ​នឿយ​ណាយ​នឹង​ការ​ប្រយុទ្ធ​គ្នា។ ពួកគេ​ចង់​ធ្វើ​ពាណិជ្ជ​កម្ម​ដោះដូរ​ទំនិញ​របស់​ខ្លួន។ ពួកគេ​ចង់​បាន​ទីផ្សារនិងមាន​ទឹក​ប្រើប្រាស់។

ហើយ ​បុគ្គលិក​ខាងផ្នែក​ជំនួយ​មនុស្ស​ធម៌និយាយ​ថា ​ប្រការ​នេះកំពុង​ជំរុញ​សហគមន៍​ជាច្រើនឲ្យ​សម្រេចកិច្ចព្រមព្រៀង​សន្តិភាព​របស់​ខ្លួន។ ពួកគេ​បញ្ជាក់​ទៀត​ថា ប្រសិនបើ​ដំណើការ​នេះ​រីក​ចម្រើន​ និង​រីកដុះដាល​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ទៀត ​កិច្ច​ព្រម​ព្រៀង​នៅ​ថ្នាក់​មូលដ្ឋាន​ទាំង​នេះអាចប្រែ​ក្លាយ​ទៅ​ជា​សន្តិភាព​ដ៏​មាន​សារៈ​សំខាន់​ទូទាំង​តំបន់​ដាហ្វួរ៕

ប្រែសម្រួល​ដោយ លី សុខឃាង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG