ប្រតិកម្មចំពោះទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតីចិន ហ៊ូ ជិនតៅ មានភាពវិជ្ជមានទាំងនៅក្នុងសរអា និងនៅក្នុងប្រទេសចិន តែមានហេតុផលខុសពីគ្នា។
ទស្សនកិច្ចរបស់លោក ហ៊ូ ជិនតៅ ទៅកាន់សេតវិមាន មានផ្សព្វផ្សាយយ៉ាងល្អិតល្អន់នៅក្នុងបណ្តាញព័ត៌មានរបស់ប្រទេសចិន ដោយមានអេក្រង់ទូរទស្សន៍សាធារណៈនៅក្នុងរដ្ឋធានីបញ្ចាំងផ្សាយទស្សនកិច្ចរបស់លោក និងរូបថតរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាមា និងលោកប្រធានាធិបតី ហ៊ូ មានផ្តិតនៅលើទំព័រទីមួយ គ្រប់សារព័ត៌មានធំៗទាំងអស់។
នៅថ្ងៃពុធ លោក ហ៊ូ បាននៅស្ងៀមអំពីបញ្ហារូបិយប័ណ្ណចិនដែលមានតម្លៃថោកពេក ហើយពីដំបូងមិនបានឆ្លើយសំណួររបស់អ្នកយកព័ត៌មានម្នាក់អំពីបញ្ហាសិទ្ធិមនុស្សទេ។ ក្រោយមកទើបលោក ហ៊ូ មានប្រសាសន៍ថា លោកមិនបានឮច្បាស់ដោយមកពីមានបញ្ហាបកប្រែភាសា រួចលោកបានសារភាពថាប្រទេសចិនមានកិច្ចការច្រើនដែលត្រូវធ្វើ ដើម្បីធ្វើឲ្យស្ថានភាពសិទ្ធិមនុស្សរបស់ខ្លួនបានប្រសើរឡើង។
អ្នកនាំពាក្យសេតវិមាន លោក រ៉បឺត ហ្គិបស៍ បានថ្លែងនៅថ្ងៃព្រហស្បតិ៍ថា នៅពេលដែលលោកប្រធានាធិបតី អូបាមា មានការពេញចិត្តដោយបានឮអត្ថាធិប្បាយរបស់លោក ហ៊ូ សរអានិងតាមមើលសកម្មភាពដើម្បីគាំទ្រអត្ថាធិប្បាយនេះ។ លោកបន្តថា៖
«ការទទួលស្គាល់ថា លោកអ្នកនឹងធ្វើឲ្យស្ថានភាពប្រសើរឡើង ជាផ្នែកមួយនៃបញ្ហា។ ក៏ប៉ុន្តែជាផ្នែកតូចមួយ បើប្រៀបធៀបទៅនឹងកិច្ចការដែលលោកអ្នកត្រូវធ្វើ ដើម្បីឲ្យមានការជឿនលឿន។ នេះជាចំណុចដែលយើងនឹងតាមមើល»។
បញ្ហាសិទ្ធិមនុស្សត្រូវបានគេសង្កេតឃើញខុសគ្នានៅតាមផ្លូវនៃទីក្រុងប៉េកាំង ដោយមាននាង ឆិន យីសៀន និស្សិតមហាវិទ្យាល័យម្នាក់ បញ្ចេញទស្សនៈរបស់នាងយ៉ាងដូច្នេះ។ នាងនិយាយថា៖
«ពួកគេគ្រាន់តែប្រើរឿងនេះជាលេសមួយដើម្បីរិះគន់ប្រទេសចិន។ សរអាចេញផ្សាយសេចក្តីរាយការណ៍ជាសកលមួយអំពីសិទ្ធិមនុស្សជារៀងរាល់ឆ្នាំ ក៏ប៉ុន្តែមិនដែលនិយាយអំពីខ្លួនឯងនៅក្នុងសេចក្តីរាយការណ៍នោះទេ។ រួចមួយថ្ងៃក្រោយមក ប្រទេសចិនចេញសេចក្តីរាយការណ៍ស្រដៀងគ្នាមួយ ពីសរអាវិញ។ ខ្ញុំគិតថាសិទ្ធិមនុស្សនៅក្នុងប្រទេសទាំងអស់មានភាពប្រសើរជាងមុន ក៏ប៉ុន្តែនៅមានកំហុស។ ភាពមិនដូចគ្នានេះគឺជៀសមិនរួចទេ»។
អ្នកនាំពាក្យសេតវិមាន រ៉បឺត ហ្គិបស៍ ក៏បាននិយាយដែរថា មានការជឿនលឿននៅក្នុងបញ្ហាសន្តិសុខ និងមធ្យោបាយប្តូរតម្លៃប្រាក់ យ័ន យោងតាមទីផ្សារ។ លោកហ្គិបស៍មានប្រសាសន៍ថា៖
«ជំហានបន្ទាប់គឺ ប្រទេសចិនត្រូវចាត់វិធានការ និងបន្តចាត់វិធានការឲ្យបានលឿនជាងមុន ដើម្បីដំឡើងតម្លៃរូបិយប័ណ្ណរបស់ខ្លួន»។
ជាថ្មីម្តងទៀតនៅក្រុងប៉េកាំង អ្នកស្រុកដូចជា គួ សៅគិន បានគាំទ្រប្រធានាធិតីរបស់គេ ហើយបញ្ចេញទស្សនៈផ្សេង អំពីបញ្ហាអត្រាប្តូរប្រាក់។ សៅគិនបន្តថា៖
«សរអាកំពុងជំរុញឲ្យមានការដំឡើងអត្រាប្តូរប្រាក់ រ៉ិនមិនប៊ី (renminbi) ហៅ យ័ន ដើម្បីហេតុផលអត្តទត្ថភាព។ គេមិនខ្វល់ពីអ្នកដទៃទៀតទេ។ គេគ្រាន់តែចង់ត្រួតត្រា ហើយឲ្យអ្នកឯទៀតធ្វើតាម។ គ្មានអ្នកណាស្តាប់លោកអ្នកទេ បើសិនជាលោកអ្នកធ្វើកិច្ចការ ដែលធ្វើឲ្យខូចខាតដល់ប្រយោជន៍ជាតិរបស់អ្នកដទៃទៀតនោះ»។
ទោះជាយ៉ាងណាក៏ដោយទស្សនកិច្ចនេះត្រូវភាគីទាំងសង្ខាងព៌ណនាថាជាជំហានវិជ្ជមាន ហើយនៅប្រទេសចិន អ្នកនាំពាក្យក្រសួងការបរទេស លោក ហុង ឡេ (Hong Lei) បានបន្ទរទស្សនៈជាវិជ្ជមាននេះ។ លោកឡេ ថ្លែងថា៖
«លោកប្រធានាធិបតី ហ៊ូ បានធ្វើកិច្ចចរចាប្រកបជោគជ័យជាមួយលោកប្រធានាធិបតី អូបាម៉ា។ ភាគីទាំងពីរបានយល់ព្រមធ្វើការដើម្បីស្ថាបនាភាពជាដៃគូរវាងចិននិងអាមេរិក ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក និងជាការគោរពគ្នាទៅវិញទៅមក ជានិន្នាការមួយក្នុងពេលឥឡូវនេះ»។
បញ្ហាពាណិជ្ជកម្មនិងសន្តិសុខបានធ្វើឲ្យទំនាក់ទនងរវាងចិននិងសរអាមានភាពធ្ងន់ធ្ងរក្នុងពេលមួយឆ្នាំកន្លងទៅនេះ។ ក៏ប៉ុន្តែនៅក្នុងទស្សនកិច្ចរបស់លោកប្រធានាធិបតី ហ៊ូ ប្រទេសទាំងពីរបានសម្រេចកិច្ចព្រមព្រៀងមួយសម្រាប់ទំនិញនាំចេញរបស់សរអា ដែលមានតម្លៃទឹកប្រាក់ ៤៥ពាន់លានដុល្លារ៕
ប្រែសម្រួលដោយ កែរ យ៉ាន