ខ្សែភាពយន្ត ១៤៤ ជុំវិញពិភពលោក នឹងចាក់បញ្ចាំងក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១១
មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ១១ ឆ្នាំ ២០២២ នឹងប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ២៨ ខែមិថុនា ដល់ថ្ងៃទី ៣ ខែកក្កដា។ មហោស្រពនេះនឹងដាក់បញ្ចាំងខ្សែភាពយន្តជាតិ និងអន្តរជាតិមកពីជុំវិញពិភពលោកចំនួន ១៤៤ ជូនសាធារណជនទស្សនាដោយសេរីភាពយន្តខ្នាតខ្លី ភាពយន្តឯកសារ និងគំនូរជីវចលទាំង ១៤៤ នោះ នឹងត្រូវដាក់បញ្ចាំងនៅទីតាំងធំៗក្នុងរាជធានីភ្នំពេញ រួមមានវិទ្យាស្ថានបារាំង មជ្ឈមណ្ឌលបុប្ផាណា មហោស្រពចតុមុខ សណ្ឋាគារ Rosewood ភ្នំពេញ ហាង Java Creative Café មជ្ឈមណ្ឌលThe Factory Phnom Penh និង រោងភាពយន្ត Legend, Major Cineplex និង Prime Cineplex ។ អ្នកនាង កាន់ វិច្ឆិកា នៃវីអូអេ បានសម្ភាសន៍លោក ជា សុភាព នាយកមជ្ឈមណ្ឌលបុប្ផាណា និងជាអ្នកសហការរៀបចំមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១១ អំពីព័ត៌មានលម្អិតនៃការរៀបចំមហោស្រពនេះឡើង។ លោក ជា សុភាព បានឲ្យដឹងថា គោលបំណងសំខាន់ៗនៃមហោស្រពនេះ រួមមានការផ្សារភ្ជាប់ទំនាក់ទំនងរវាងសមិទ្ធករភាពយន្តជាតិជាមួយសមិទ្ធករភាពយន្តអន្តរជាតិ និងលើកកម្ពស់វិស័យភាពយន្តនៅកម្ពុជាជាដើម៕