អ្នកស្រី ចៅ រតនៈ៖ ទោះមិនជោគជ័យក្លាយជាចៅសង្កាត់ ក៏នៅតែប្រឹងបម្រើសហគមន៍ឲ្យអស់ពីលទ្ធភាព
សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានភូមិចំនួន ៦ ដែលស្ថិតនៅក្រោមការដឹកនាំរបស់ក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ១១ អាសនៈ។ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ កន្លងទៅនេះ គណបក្សនយោបាយចំនួន ៥ បានចូលរួមប្រកួតប្រជែងយកតំណែងជាមេឃុំចៅសង្កាត់នៅក្នុងសង្កាត់នេះ។ បើតាមលទ្ធផលបឋមនៃការបោះឆ្នោត គណបក្សប្រជាជនកម្ពុជាឈ្នះបាន ៨ អាសនៈ ហើយគណបក្សភ្លើងទៀត ឈ្នះបាន ៣ អាសនៈ។ អ្នកស្រី ធីតា វីន នៃវីអូអេ បានសម្ភាសន៍អ្នកស្រី ចៅ រតនៈ អាយុ ៣៥ ឆ្នាំ ដែលជាបេក្ខជនចៅសង្កាត់ប៉ោយប៉ែតម្នាក់ មកពីគណបក្សភ្លើងទៀន ដែលបានជាប់ជាជំទប់ទី ២ នៃក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត។ អ្នកស្រី ចៅ រតនៈ បានឲ្យដឹងថា ទោះបីជាមិនទទួលបានជោគជ័យកាន់តំណែងជាចៅសង្កាត់ក្តី ក៏អ្នកស្រីនៅតែតាំងចិត្តបម្រើសហគមន៍របស់អ្នកស្រីឲ្យអស់ពីលទ្ធភាព៕