ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិធី​បុណ្យ​វិសាខ​បូជា​និង​សូត្រ​ព្រះ​ត្រៃបិដក​នៅ​វត្ត​មុនីសុតារាម​ រដ្ឋ​មីនីសូតា


ផ្លាកបុណ្យវិសាខបូជានៅក្នុងវត្ត មុនីសុតារាម រដ្ឋ មីនីសូតា សហរដ្ឋអាមេរិក កាលពីថ្ងៃ សុក្រ ទី២៤ ដល់ ថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ ២០១៩ ។ (សាយ មុន្នី/VOA)

កម្មវិធី​បុណ្យ​នេះ ​មាន​ព្រះសង្ឃ ​ពុទ្ធបរិស័ទ​ជិតឆ្ងាយ​ជាង​១៤០​ វត្ត ​មកពី​សហរដ្ឋ​អាមេរិក​ និង​មកពី​ប្រទេស​កម្ពុជា​ ដែនដី​កម្ពុជា​ក្រោម​ ហើយនឹង​ប្រទេស​កាណាដា។

ព្រះសង្ឃ​ខ្មែរ​និង​ពុទ្ធបរិស័ទ​ខ្មែរ​មកពី​ប្រទេស​មួយ​ចំនួន ​និង ​តាម​បណ្តា​រដ្ឋ​នានា​ក្នុង​សហរដ្ឋ​អាមេរិក ​បាន​ចូលរួម​ជាមួយ​ពលរដ្ឋ​ខ្មែរ​និង​ពលរដ្ឋ​ប្រទេស​នានា​ក្នុង​ពិភព លោក​ ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​វិសាខបូជា​ដែល​ក្លាយ​ជាពិធី​បុណ្យ​សកល​ និង​ប្រាព្ធ​ពិធី បុណ្យ​សូត្រ​ព្រះត្រៃបិដក​ រួមគ្នា ​ក្នុង​វត្ត​មុនីសុតារាម ​រដ្ឋ​មីនីសូតា ​កាលពី​សប្តាហ៍​ទី៣ ​នៃខែ​ ឧសភា ​ដើម្បី​គោរព​ប្រពៃណី​ ទំនៀម​ទម្លាប់​ ពង្រឹង​ពុទ្ធ​សាសនា​ ថែរក្សា​កេរមរតក​ ហើយនឹង​រក្សា​តម្លៃ ​ព្រះពុទ្ធ​សាសនា ។

ពិធីបុណ្យ​នេះ​ត្រូវបាន​គេ​ប្រារព្ធ​ឡើង​ដើម្បី​រំឭក​ដល់​ព្រឹត្តិការណ៍​ធំៗ៣ ​គឺថ្ងៃ​ដែល​ព្រះពុទ្ធ​ទ្រង់​ប្រសូត​ ទ្រង់បាន​ត្រាស់​ដឹង​ និង​ការ​ចូល​បរិនិព្វាន​របស់​ព្រះសម្មាសម្ពុទ្ធ ​ឬ ព្រះពុទ្ធ​ ដែល​កើតឡើង​នៅថ្ងៃ​ពេញបរមី ​ខែ​វិសាខ​ដូចគ្នា​ ដោយខុស​តែឆ្នាំ ​ហើយ​ដែល​ព្រឹត្តិការណ៍​ដ៏អស្ចារ្យ​ទាំងនេះ​ ត្រូវ​ពលរដ្ឋ​ខ្មែរ​និង​ពលរដ្ឋ​ក្នុង​ប្រទេស​មួយ​ចំនួន ទៀត​គោរព​ដឹងគុណ​ចំពោះ​ការប្រៀន​ប្រដៅ​ គោលលទ្ធិ​ដ៏អស្ចារ្យ ​និង​អច្ឆរិយភាព ទាំង​ឡាយ។

ព្រះ​គ្រូចៅ​អធិការ​វត្តខ្មែរនៅ​ទីក្រុង​ម៉ុងរ៉េអាល់ ​ប្រទេស​កាណាដាគឺ​ព្រះតេជគុណ​បណ្ឌិត​ហុក សាវណ្ណ​ដែល​ចូលរួម​ក្នុង​ពិធីបុណ្យ​នៅវត្ត​មុនីសូតារាម​ផង​នោះ ​បាន​បញ្ជាក់​ត្រួសៗ​ពីអត្តន័យ​នៃ​ពិធីបុណ្យ​វិសាខ​បូជា​ ដោយ​មាន​ថេរដីកា​ថា៖

«ប្រទេស​ខ្មែរ​យើង​ជាអ្នក​កាន់​ព្រះពុទ្ធ​សាសនា​ថេរវាទ ​គ្រប់​វត្ត​អារាម​ទាំងអស់​តែង​តែ ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​វិសាខ​បូជា​ទាំង​ក្នុង​ប្រទេស ​ទាំងក្រៅ​ប្រទេស ​ដែលជា​បុណ្យ សំខាន់​របស់​ព្រះពុទ្ធ​សាសនា​យើង​ គឺយើង​គោរព​ព្រះអង្គ​ប្រសូត្រ ​ត្រាស់​ដឹង​ និង បរិនិញ្វន។​ ការរម្លឹក​នេះ​ គឺ​ដើម្បី​រម្លឹក​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះពុទ្ធ​ទ្រង់​ធ្វើ​ឲ្យ​ពិភព​លោក​ រួមទាំង​ប្រទេស​ខ្មែរ​យើង​ផង​ អនុវត្ត​តាម​ព្រះអង្គ​នឹង​បាន​សុខ​សន្តិភាព‍»។

ព្រះ​តេជគុណ​បណ្ឌិត​ហុក សាវណ្ណ ​បាន​បញ្ជាក់​ដោយ​ថេរដីកា​ថា ​ពិធីបុណ្យ​វិសាខ បូជា​ត្រូវ​បាន​ប្រទេស​ជិត​២០០​ ដែលជា​សមាជិក​អង្គការ​សហប្រជាជាតិ​បាន​អនុម័ត ទទួល​ស្គាល់​កាលពី​ចុងឆ្នាំ​១៩៩៩​ ចំពោះការ​ប្រារព្ធ​ពិធី​បុណ្យ​ជា​អន្តរជាតិ​ របស់ ប្រទេស​អាស៊ី​មួយចំនួន​ដែល​គោរព​ប្រតិបត្តិ​តាម​ព្រះពុទ្ធ​សាសនា​ រួមទាំង​កម្ពុជា​ ចិន ស្រីលង្កា ​ថៃ ​វៀតណាម ​ឡាវ ​ភូមា​ផងដែរ។

រូបឯកសារ៖ ព្រះសង្ឃមកពីវត្តផ្សេងៗក្នុងសហរដ្ឋអាមេរិក កាណាដា កម្ពុជា ដែនដីកម្ពុជាក្រោម ហែប្រទក្សិណ ក្នុងថ្ងៃបុណ្យវិសាខបូជា នៅថ្ងៃ សៅរ៍ ទី២៥ ខែ ឧសភា ឆ្នាំ ២០១៩ ក្នុងវត្ត មុនីសុតារាម រដ្ឋ មីនីសូតា សហរដ្ឋអាមេរិក។ (សាយ មុន្នី/VOA)
រូបឯកសារ៖ ព្រះសង្ឃមកពីវត្តផ្សេងៗក្នុងសហរដ្ឋអាមេរិក កាណាដា កម្ពុជា ដែនដីកម្ពុជាក្រោម ហែប្រទក្សិណ ក្នុងថ្ងៃបុណ្យវិសាខបូជា នៅថ្ងៃ សៅរ៍ ទី២៥ ខែ ឧសភា ឆ្នាំ ២០១៩ ក្នុងវត្ត មុនីសុតារាម រដ្ឋ មីនីសូតា សហរដ្ឋអាមេរិក។ (សាយ មុន្នី/VOA)

កម្មវិធី​បុណ្យ​នេះ ​មាន​ព្រះសង្ឃ ​ពុទ្ធបរិស័ទ​ជិតឆ្ងាយ​ជាង​១៤០​ វត្ត ​មកពី​សហរដ្ឋ​អាមេរិក​ និង​មកពី​ប្រទេស​កម្ពុជា​ ដែនដី​កម្ពុជា​ក្រោម​ ហើយនឹង​ប្រទេស​កាណាដា បានប្រារព្ធ​ពិធី​បុណ្យ​វិសាខ​បូជា​និង​ សូត្រព្រះ​ត្រៃបិដក​រួមគ្នា ​សម​ដូចព្រះគ្រូ​ចៅ អធិការ​វត្ត​ មុនីសុតារាម ​រដ្ឋ​មីនីសូតា ​បាន​បញ្ជាក់​ដោយ​ថេរដីកា​ថា ​មាន​ការ​ជួប​ជុំ​ព្រះ សង្ឃ ​ពុទ្ធបរិស័ទ​ សូត្រធម៌ ​នមស្ការ​ រម្លឹក​ដល់គុណ​ បារមី ​ដែល​ព្រះអង្គ​ប្រសូត្រ ត្រាស់ដឹង​ និង​ បរិនិពា្វន ​ការដង្ហែ​ក្បួន​បង្ហាញ​នូវភាព​អស្ចារ្យ​ទាក់ទង​នឹង​អត្តន័យ វិសាខបូជា​ ដង្ហែ​ព្រះបរម​សារីរិក​ធាតុ ​ព្រះពុទ្ធ ​ដែល​ទទួល​បាន​ពី​ប្រទេស​ស្រីលង្កា ព្រម​ទាំង​រូបភាព​ផ្សេងៗ ​ដែល​ព្រះសង្ឃ​ជាច្រើន​រយអង្គ ​និងបរិស័ទ​ជាច្រើន​ពាន់នាក់ បាន​ដង្ហែ​ប្រទក្សិណ។

«ពេលនោះ​គឺថា​យើង​មាន​ការ​ស្វាធ្យាយ​ធម៌​ផង​ មាន​និយាយ​រៀបរាប់​បញ្ជាក់​ពី​អត្ត​ន័យ​ នៃ​ព្រះសម្មាសម្ពុទ្ធ ​ព្រះអង្គ​ត្រាស់ដឹង​ផង​ ហើយដោយ​មាន​ការ​ពន្យល់ ​បញ្ជាក់​នៅក្នុង​ព្រះវិហារ​នេះ​ ដោយ​មាន​វាគ្មិន​ដែល​ចេះដឹង​ខ្ពស់​ហ្នឹង​គឺ​ពន្យល់​ពី​ព្រះអង្គ ប្រសូត្រ​មាន​ន័យ​យ៉ាង​ម៉េច ​ព្រះអង្គ​ត្រាស់ដឹង​ហ្នឹង ​មាន​ប្រយោជន៍​យ៉ាងម៉េច​ ព្រះអង្គ ចូល​បរិនិព្វាន​យ៉ាងម៉េច​ ហើយក៏​មាន​ធម្មកថិក​ដែល​ទេសនា​ល្បីៗ​ហ្នឹង​៥ព្រះអង្គ ​ដែល​ស្តីអំពី​ព្រះត្រៃបិដក ​ព្រះវិន័យ ​ព្រះសូត្រ ​ព្រះអភិធម្ម‍»។

លោក ​ម៉ីយ សុផល​ អគ្គលេខាធិការ​វត្ត​មុនីសុតារាម ​បានថ្លែង​កោត​សរសើរ​ពីការ ចូលរួម​របស់​ពុទ្ធបរិស័ទ​ចំពោះ​ការ​ជួយ​ជ្រោមជ្រែង​ក្នុង​ពិធី​បុណ្យ​ធំៗ។

«ពិសេស​នោះ​គឺវត្ត​មុនីសុតារាម​គឺថា​ពុទ្ធបរិស័ទ​មានការ​គាំទ្រ​សាសនា​យ៉ាង​មុតមាំ រាល់​ពេល​ពិធី​ចូល​ឆ្នាំ​ឬក៏​ពិធីធំៗ​ម្តងៗ​ គាត់តែង​តែ​បំពេញ​កុសល​និង​ជួយ​កិច្ចការ​វត្ត មិនថា​យប់ឬថ្ងៃ ​ជាពិសេស​អ្នក​ស័គ្រចិត្ត​គឺថា​គាត់មាន​ការយល់​ដឹង​ពី​សាសនា​ផង ជួយ​ជ្រោមជ្រែង​លើក​ស្ទួយ​អរិយធម៌​ជាតិ​ផង​ គឺថា​ទោះបី​គាត់​មាន​ការ​រវល់​ក្នុង​កិច្ច ការងារ​ចញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ​យ៉ាងណា​ក៏ដោយ​ក៏គាត់​នៅតែ​ឆ្លៀត។​ជួនកាល​អាច​ធ្វើ​ដល់ យប់​អាធ្រាត​ក៏មាន​ដែរ​ដើម្បី​ជួយ​កិច្ចការ​វត្តឲ្យ​ចប់​ ហើយ​បាន​ជោគជ័យ​ជាស្ថាពរ។ ហើយ​ជាពិសេស​ពិធីបុណ្យ​យើង​ក្នុង​រយៈពេល​បីថ្ងៃនេះ ​ភាគច្រើន​គាត់​យក​ថ្ងៃ​ឈប់ គឺថា​ត្រៀមខ្លួន​ចាំបំរើ​កិច្ចការវត្ត ​និងបំរើ​សង្គម​យើង​ឲ្យបាន​ល្អ​បំផុត‍»។

អ្នកស្រី​ សឿ សុខខុម ​ពុទ្ធបរិស័ទ​មកពី ​ទីក្រុង​ម៉ុងរ៉េអាល់ ​ប្រទេស​កាណាដា​ បាន​ថ្លែង ពីភាព​រីករាយ​ ដែល​បាន​មក​ចូលរួម​ក្នុង​ព្រះពុទ្ធសាសនា​ដ៏ធំ​ទូលំ​ទូលាយ ​ហើយ​មាន កម្មវិធី​ជាអធិក​អធម​សម្រាប់​ព្រះពុទ្ធ​សាសនា ​ក្នុង​ពិធី​បុណ្យ​ធំៗ​ទាំងបី​រួម​ទាំង​វិសាខ បូជា ​និង​សូត្រ​ព្រះត្រៃបិដក។

«ច៎ា ​អរគុណ​ណាស់​គឺថា​ពួកនាង​ខ្ញុំ​មកនេះ​សំដៅ​ថាសុំ​សន្សំ​កុសល​ អំពើ​ល្អ ​(នៅក្នុង )ព្រះពុទ្ធ​សាសនា ​ហើយ​នឹង​បាន​ត្រឡប់​ទៅវិញ​គឺ​អំពើ​ល្អ​ ដើម្បី​យក​ទៅ​ផ្សព្វផ្សាយ​ក្នុង ប្រទេស​កម្ពុជា​យើង​ផង​ និង​ដើម្បី​ឲ្យកូន​ខ្មែរ​នៅ​ប្រទេស​កម្ពុជា ​កុំឲ្យ​បំភ្លេច​ព្រះពុទ្ធ សាសនា​យើង​ ដើម្បី​ឲ្យកូន​ខ្មែរ​យើង​ចេះគោរព​ព្រះពុទ្ធ​សាសនា​ជារៀង​រហូត​ទៅ‍»។

ព្រះសង្ឃនិងពុទ្ធបរិស័ទចូលរួមពិធីបញ្ចប់ការតែងតាំងជាប្រធាន និងអនុប្រធាន ពុទ្ធិកសមាគមព្រះសង្ឃខ្មែរ សហរដ្ឋអាមេរិក និងទទួលការប្រោះព្រំព្រះសុគន្ធវារី នៅថ្ងៃ សុក្រ ទី២៤ ខែ ឧសភា ឆ្នាំ ២០១៩ ក្នុងវត្ត មុនីសុតារាម រដ្ឋ មីនីសូតា សហរដ្ឋអាមេរិក។ (សាយមុន្នី/VOA)
ព្រះសង្ឃនិងពុទ្ធបរិស័ទចូលរួមពិធីបញ្ចប់ការតែងតាំងជាប្រធាន និងអនុប្រធាន ពុទ្ធិកសមាគមព្រះសង្ឃខ្មែរ សហរដ្ឋអាមេរិក និងទទួលការប្រោះព្រំព្រះសុគន្ធវារី នៅថ្ងៃ សុក្រ ទី២៤ ខែ ឧសភា ឆ្នាំ ២០១៩ ក្នុងវត្ត មុនីសុតារាម រដ្ឋ មីនីសូតា សហរដ្ឋអាមេរិក។ (សាយមុន្នី/VOA)

អ្នកស្រី​ បាន​ទទូច​ដល់​ពលរដ្ឋ​ខ្មែរ​ជំនាន់​ក្រោយ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ឲ្យ​ប្រណិប័តន៍​ ព្រះពុទ្ធ​សាសនា​ខ្មែរ​ ថែរក្សា​ពុទ្ធសាសនា​ខ្មែរ​ និង​ផ្តោត​លើការ​ប្រៀន​ប្រដៅ​របស់​ព្រះពុទ្ធ​សាសនា​គឺ​អំពើ​ល្អ។

ថ្លែង​ប្រាប់ ​VOA ​នៅក្នុង​វត្ត​មុនីសូតារាម ​រដ្ឋ​មីនីសូតា​ អ្នកស្រី​ ព្រីស៊្សីឡា ​សារុំសាង​ជា​ពុទ្ធសាសនិក​ជន​មក​ពីទីក្រុង ​ស៊ីអាថុល ​រដ្ឋ ​វ៉ាស៊ីនតោនស្តេត​ បានធ្វើ​ដំណើរ​មក​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ធំៗ​ ដូចជា​ពិធី​បុណ្យ​វិសាខបូជា ​និង​ពិធី​បុណ្យ​សូត្រ​ព្រះត្រៃបិដក​ ដែល​អ្នកស្រី អះអាង​ថា​តាំងពី​បាន​ចាកចេញ​ពី​ប្រទេស​កំណើត​ជា​ជនភៀស​ខ្លួន​មករស់​នៅ​សហរដ្ឋអាមេរិក​តាំង​ពីតូចៗ។ អ្នក​ស្រី មិន​ធ្លាប់​បាន​ចូលរួម​ពិធីបុណ្យ​ធំៗ​បែប​នេះ។

«ច៎ា! ​មកពី​ខ្ញុំ​អត់​ដែល​បាន​ធ្វើ​បុណ្យ​វិសាខបូជា​ធំអីចឹង​ទេ​ ដល់​ពេលខ្ញុំ​ឮថា​នៅវត្ត មុនីសុតារាម​ហ្នឹង​ធ្វើ​បុណ្យ​វិសាខបូជា ​ដូចខ្ញុំ​មាន​សេចក្តី​រីករាយ​នឹង​បន្ត​ដើម្បី​ចង់​ដឹង​អំពី​ទំនៀម​ទម្លាប់​ខ្មែរ​យើង​ព្រោះថា​យើង​ចេញ​ពីស្រុកខ្មែរ​នៅ​តូច ​អត់សូវ​ដឹង​អំពី​រឿង វប្បធម៌​និង​ព្រះពុទ្ធសាសនា ​ម្ល៉ោះ​ហើយខ្ញុំ​ចង់​បន្ត​រៀន​សូត្រ ​ដើម្បី​រៀន​ធ្វើ​បុណ្យ​បន្ត កេរដំណែល​ពីជីដូន​ជីតា​យើង‍»។

ក្រៅពី​ពិធី​បុណ្យ​នេះ​ ព្រះសង្ឃ​ និង ​ពុទ្ធបរិស័ទ​ក៏បាន​ចូលរួម​សូត្រ​ព្រះត្រៃបិដក​ ដែល​នេះជា​គំនិត​ផ្តួចផ្តើម​ឲ្យមាន​ការ​ធ្វើការ​សូត្រ​នេះជាទៀត​ទាត់​នៅក្នុង​ពេល​បុណ្យ​ធំៗ ដើម្បី​ឲ្យ​មាន​ការ​យល់​ដឹង​ជ្រៅជ្រះ​ផ្នែក​ធម៌ ​វិន័យ ​អច្ឆរិយភាព​របស់​ព្រះពុទ្ធ។

ព្រះ​តេជគុណ​ សែម ចន្ទធីរ៍​ អគ្គលេខាធិការ​នៃ​ពុទ្ធិក​សមាគម​ព្រះសង្ឃ​ខ្មែរ ​សហរដ្ឋ អាមេរិក​ ដែលទើប​បង្កើត​ជា​ផ្លូវការ ​បាន​បញ្ជាក់​អំពីការ​រៀបចំ​ការ​សូត្រ​គម្ពីរ​ព្រះត្រៃ បិដក​ ជា​សង្ខេប ​ចេញ​ពីព្រះវិន័យ ​ព្រះសូត្រ​ និង​ព្រះអភិធម្ម។ ព្រះតេជគុណមាន​ថេរដីកា​ថា៖

«ព្រះវិន័យ​យើង​យក​១៥ទំព័រ‍ ​ទាំង​បាលី ​ទាំង​សម្រាយ​ ពីវិន័យ​បិដក​លេខ១​ និយាយ​អំពី​ពុទ្ធគុណ ​គុណ​របស់​ព្រះពុទ្ធ​ជាម្ចាស់​ ហើយនឹង​ហេតុអី​បានជា​ព្រះពុទ្ធ​លោក បញ្ញត្តិវិន័យ។​នេះគឺ​ជា​ចំណុច​ទី១ ​ហើយ​ វា​មាន​សារៈ​សំខាន់​ណាស់​ដើម្បី​រក្សា​នូវ​ច្បាប់ ទម្លាប់​ដល់​ពុទ្ធសាសនិក​និង​សកល​លោក​ទូទៅ។​ ហើយ ​ព្រះសូត្រ ​យើង​យក​ព្រះ សូត្រ ​ទី១ ​ដែរ​ នៅក្នុង​គម្ពីរ​ទីឃនិកាយ​ និយាយ​អំពី​ទស្សនៈ​ឬក៏​សាសនា​ទាំង​៦២ នៅក្នុង​ប្រទេស​ឥណ្ឌា​សម័យ​នោះ​ ហើយនឹង​និយាយ​ពីចំណុច​សីល ​សីលតូច​ សីលធំ និង​សីល​កណ្តាល ​នេះ​ក្នុង​ព្រះសូត្រ​ទី១។​ អភិធម្ម ​យើង​និយាយ​ពី​មាតិកា​ទាំងអស់ មាន​១៦៤​ មាតិកា ​គឺយើង​យក​មក​សូត្រ​សិន ​មិនទាន់​មាន​សេចក្តី​អត្ថាធិប្បាយ​ទេ»។

ព្រះតេជគុណ ​បាន​បន្តថា​ការរៀន​សូត្រព្រះ​ត្រៃបិដក ​មាន​ផលប្រយោជន៍​ដល់ ព្រះសង្ឃ ​ពុទ្ធបរិស័ទ​យ៉ាង​ខ្លាំង​ចំពោះ​ធម៌វិន័យ​របស់​ព្រះពុទ្ធ។

«ប្រសិន​បើ​ពុទ្ធ​បរិស័ទ ​បាន​សិក្សា​ដោយ​យកចិត្ត​ទុកដាក់ ​ពុទ្ធបរិស័ទ​ នឹងយល់​ជ្រាប អំពី​ ទី១​ គុណ​របស់​ព្រះពុទ្ធ ​ទី២ ​តម្លៃ​នៃការ​សិក្សា​ព្រះត្រៃបីដក​ សិក្សា​ព្រះវិន័យ​របស់​ព្រះពុទ្ធ​ជាម្ចាស់​ ហើយ​មួយទៀត​នោះ​ យើង​យល់​អំពី​ទិដ្ឋិខុស​និង​ទិដ្ឋិត្រូវ ​គឺ​សំខាន់​ណាស់​ការយល់​ឃើញ​ យល់ខុស​និង​យល់ត្រូវ ​គឺជា​រឿង​សំខាន់។ ​បើយើង សិក្សា​ដោយ​យក​ចិត្ត​ទុកដាក់ ​យើង​យល់​ច្បាស់​កន្លែង​ហ្នឹង ​យក​ទៅ​ប្រណិប័តន៍​ ធ្វើអ្វីៗ មានការ​គិត​រំពឹង​ទុកមុន ​ទើប​យើង​សម្រេច​ជាក្រោយ។​នេះជា​ចំណុច​សំខាន់»។​

ពិធីបុណ្យ​បីក្នុង​ពេល​តែមួយ​ និង​កន្លែង​តែមួយ ​នៅវត្ត​មុនីសូតារាម ​រដ្ឋមុនីសូតា ​ដើម្បី​ ​បង្កើត​ពុទ្ធិក​សមាគម​ព្រះសង្ឃខ្មែរ​ នៅសហរដ្ឋ​អាមេរិក ​បុណ្យ​វិសាខបូជា ​ហើយនឹង បុណ្យ​សូត្រ​ព្រះត្រៃបិដក ​ចាប់​ពី​ថ្ងៃទី ​២៤ ​ដល់​ ថ្ងៃទី​២៨ ​ខែឧសភា​ ឆ្នាំ​២០១៩ ​នេះ ត្រូវ​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ជាច្រើន​ចាត់ទុក​ថា​ជា​លើក​ទី១​ ក្នុង​ប្រវត្តិសាស្ត្រ​ពលរដ្ឋ ខ្មែរ ​នៅប្រទេស​អាមេរិក​ ដែលមាន​ពិធី​បុណ្យ​ព្រះពុទ្ធសាសនា​ធំៗ ​ដើម្បី​ប្រារព្ធ​រួមគ្នា ក្នុងគោល​បំណង​ជាច្រើន​រួមទាំង​ ថែរក្សា​ប្រពៃណី ​ទំនៀម​ទម្លាប់​ សាសនា​ បន្ត​ទៅ កូនចៅ​ជំនាន់​ក្រោយ៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG