ឡឺគែរ៖ ការប៉ះទង្គិចបានផ្ទុះឡើងនៅក្នុងទីក្រុងឡឺគែរវាងអ្នកគាំទ្រ និងអ្នកប្រឆាំងប្រធានាធិបតីមានជម្លោះហូស្ន៊ី មូបារ៉ាក់។ ការប៉ះទង្គិចទាំងនេះ បានកើតមានឡើងបន្ទាប់ពីកងទ័ពបានអំពាវនាវដល់បាតុករប្រឆាំងរដ្ឋាភិបាលឲ្យបញ្ចប់ការប្រឆាំងតវ៉ារបស់ខ្លួន។
ហ្វូងអ្នកគាំទ្រប្រធានាធិបតី ហូស្ន៊ី មូបារ៉ាក់ បានដើរទៅកាន់ទីលានតាហរីរ៍ ដែលជាចំណុចសំខាន់នៃបាតុកម្មប្រឆាំងរដ្ឋាភិបាលដែលមិនធ្លាប់មានកាលពីពេលមុន ដែលបានរាលដាលពាសពេញប្រទេសអេហ្ស៊ីបក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ។
ពួកបាតុកររាប់ម៉ឺននាក់ដែលបានបោះជំរុំនៅទីនោះ និយាយថា ពួកគេនឹងមិនចាកចេញទេ រហូតទាល់តែប្រធានាធិបតីមូបារ៉ាក់ ចុះចេញពីតំណែងហើយចាកចេញពីប្រទេស។
មនុស្សមួយចំនួនបានត្រូវរបួសនៅពេលដែលបាតុករពីភាគីទាំងពីរបាន
ប្រយុទ្ធគ្នាទៅវិញទៅមកដោយដំបង និងដុំថ្ម។ ទាហាននៅលើរទេះតង់បានឈរមើល។ ផ្សែងបានហុយចេញកណ្តាលទីក្រុងឡឺគែរ ហើយគេអាចឮការបាញ់ប្រហារផ្ទុះឡើងយូរៗម្តង។
មុននេះ កងទ័ពបានប្រាប់បាតុករប្រឆាំងរដ្ឋាភិបាលថា គេបានប្រាប់ពីជំហររបស់គេហើយៗបានអំពាវនាវឲ្យបាតុករបញ្ចប់ការប្រឆាំងតវ៉ារបស់ខ្លួន មួយថ្ងៃបន្ទាប់ពីប្រធានាធិបតី មូបារ៉ាក់បានប្រកាសថា លោកនឹងមិនឈរឈ្មោះបោះឆ្នោតម្តងទៀតទេ។
អ្នកគាំទ្រលោក មូបារ៉ាក់ ដែលបានប្រមូលផ្តុំគ្នាកាលពីថ្ងៃពុធចង់ឲ្យមេដឹកនាំអាយុ៨២ឆ្នាំដែលបានគ្រប់គ្រងប្រទេស៣០ឆ្នាំនៅកាន់ដំណែង។
បុរសជាជាងអគ្គីសនីម្នាក់និយាយថា លោកមានការភ័យខ្លាចថា ការចាកចេញភ្លាមៗរបស់ប្រធានាធិបតីនឹងធ្វើឲ្យគ្រោះថ្នាក់ដល់ប្រទេស។ លោកបន្តថា មនុស្សនឹងស៊ីសាច់គ្នាទៅវិញទៅមក ។ លោកនិយាយទៀតថា លោកមិនចង់ឲ្យលោកប្រធានាធិបតី មូបារ៉ាក់ ចុះចេញពីដំណែងទេ។
ក៏ប៉ុន្តែ ភាពវឹកវរដែលលោក និងអ្នកគាំទ្រផ្សេងទៀតបារម្ភ បានឃើញមានរួចទៅហើយនៅលើផ្លូវនានាក្នុងទីក្រុងឡឺគ័រ ហើយមិនមានសញ្ញានៃ ការបញ្ចប់ការចលាចលនេះទេ។
ប្រធានាធិបតី មូបារ៉ាក់ បានចាត់វិធានការដើម្បីបំបាត់កំហឹងរបស់គណបក្សប្រឆាំង ដោយការប្រកាសរបស់លោកកាលពីថ្ងៃអង្គារថា លោកនឹងមិនស្វះស្វែងឈរឈ្មោះបោះឆ្នោតម្តងទៀតទេនៅឆ្នាំនេះ ។ ជាជាងធ្វើឲ្យពួកគេស្ងប់ស្ងាត់ ការប្រកាសនេះបានបញ្ឆេះឲ្យមានកំហឹងក្នុងចំណោមបាតុករប្រឆាំងរដ្ឋាភិបាល ដែលបានចោទប្រកាន់លោក មូបារ៉ាក់ ពីការលេងល្បិច។
និស្សិតនេះ និយាយនៅជិតទីលានតាហរី ថា នាងចង់ឲ្យប្រធានាធិបតីចាកចេញឥឡូវនេះ។ នាងនិយាយថា៖
«គាត់ត្រូវតែបញ្ចប់ការគ្រប់គ្រងនៅពេលឥឡូវនេះ។ គាត់ត្រូវតែឈប់ហើយខ្ញុំជានិស្សិតមកពីមហាវិទ្យាល័យវិចិត្រសិល្បៈ។ ខ្ញុំបានចំណាយពេលវេលាមួយជីវិតរបស់ខ្ញុំនៅក្រោមច្បាប់គ្រាអាស័ន្នដែលប្រធានាធិបតីរូបនេះដាក់ឲ្យអនុវត្ត។ នេះជាច្បាប់ឆ្កួតៗ។ ប្រធានាធិបតីនេះ ត្រូវតែបញ្ចប់នៅពេលនេះ។ យើងត្រូវការរបៀបរស់នៅរបស់យើង។ យើងត្រូវការសេរីភាពរបស់យើង។ យើងមិនមែនជាសត្វជាម និងសត្វពពែទេ»។
បន្ទាប់ពីការប្រឆាំងតវ៉ាអស់រយៈពេលជាងមួយសប្តាហ៍ គេមិនទាន់ដឹងថាតើលោកមូបារ៉ាក់ ត្រូវគេបណ្តេញចេញពីអំណាច ឬចាកចេញទៅតាមអាណត្តិរបស់លោកនោះទេ។ ឥឡូវនេះ ការប្រយុទ្ធរវាងបាតុករដែលចង់ឲ្យលោកចេញពីអំណាច និងអ្នកដែលចង់ឲ្យលោកនៅកាន់អំណាចកើតមាននៅលើផ្លូវ ៕
ប្រែសម្រួលដោយជឹង ប៉ូជីន