អំពើហិង្សាទៅលើប្រពន្ធពីសំណាក់ប្តីរបស់ខ្លួនបានធ្លាក់ចុះ ដោយសារការខិតខំធ្វើការអប់រំផ្សព្វផ្សាយ បង្កើនការយល់ដឹង ពង្រឹងការអនុវត្តច្បាប់ និងផ្តន្ទាទោសលើអ្នកប្រព្រឹត្តអំពើហិង្សា។ លោកស្រីអ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានថ្លែងនៅថ្ងៃអង្គារនេះថា ការប្រព្រឹត្តអំពើហិង្សាទៅលើប្រពន្ធពីសំណាក់ប្តីរបស់ខ្លួនបាន ធ្លាក់ចុះចំនួន១១ភាគរយនៅក្នុងឆ្នាំ២០០៩ បើប្រៀបធៀបទៅនឹងឆ្នាំ២០០៥ដែលមាន ៦៤ ភាគរយ។
ការស្ទាបស្ទង់មតិអំពីអំពើហិង្សាទៅលើស្ត្រីខ្មែរឆ្នាំ២០០៩ ត្រូវបានធ្វើទៅលើមនុស្សជាង៣.០០០នាក់រួមមាន មន្ត្រីប៉ូលីស១៥០នាក់ និងមន្ត្រីអាជ្ញាធរមូលដ្ឋាន១៥០នាក់ ទូទាំងប្រទេសកម្ពុជា។
លោកស្រីអ៊ឹង កន្ថាផាវី បានថ្លែងនៅក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ការអង្កេតតាមដានឆ្នាំ២០០៩ ស្តីពីអំពើហិង្សាទៅលើស្ត្រីនៅកម្ពុជាថា ក្រសួងកិច្ចការនារីអបអរសាទរលទ្ធផលនៃការធ្លាក់ចុះភាគរយនេះ ប៉ុន្តែក្រសួងត្រូវតែបន្តធ្វើការងារនេះឱ្យកាន់តែប្រាកដប្រជាថែមទៀត។ លោកស្រីបន្តទៀតថា៖
«ស្ថិតិឆ្នាំ២០០៥ បានបង្ហាញថា៦៤ភាគរយនៃប្រជាពលរដ្ឋខ្មែរបានដឹងថា ប្តីម្នាក់បានរំលោភបំពានដោយការវាយដំលើរូបរាងកាយប្រពន្ធរបស់ខ្លួន។ នៅថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយណាស់ដោយសារថា ក្រោយពី៤ឆ្នាំមក ភាគរយនៃប្រជាពលរដ្ឋដែលដឹងថា ប្តីម្នាក់បានរំលោភបំពានទៅលើប្រពន្ធរបស់ ខ្លួនបានធ្លាក់ចុះដល់៥៣ភាគរយ។ ដូច្នេះ បើយើងប្រៀបធៀបនឹងឆ្នាំ២០០៥ យើងឃើញថា មានការធ្លាក់ចុះ១១ភាគរយ»។
ក្រុមមន្ត្រីរាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ បានបញ្ជាក់ថា ការធ្លាក់ចុះពីចំនួន៦៤ភាគរយ នៃអំពើហិង្សាដែលប្រព្រឹត្តដោយប្តីទៅលើប្រពន្ធនៅក្នុងឆ្នាំ២០០៥ មកនៅត្រឹមចំនួន៥៤ភាគរយ នៅក្នុងឆ្នាំ ២០០៩ បានបង្ហាញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិនានា និងដៃគូអភិវឌ្ឍអន្តរជាតិដែលជួយផ្តល់ថវិកា បច្ចេកទេស និងយោបល់ជាដើម ព្រមទាំងរួមគ្នាខិតខំធ្វើការអប់រំផ្សព្វផ្សាយ បង្កើនការយល់ដឹងពង្រឹងការអនុវត្តច្បាប់ និងផ្តន្ទាទោសអ្នកប្រព្រឹត្តអំពើហិង្សា។
លោកហេនរិច ឌ្យឌ្យិន ស្គីលលីង (Heinrich-Jurgen Schilling) នាយក អង្គការកិច្ចសហប្រតិបត្តិការបច្ចេកទេសអាល្លឺម៉ង់ប្រចាំនៅកម្ពុជា បានបញ្ជាក់នៅក្នុងពិធីប្រកាសផ្សព្វផ្សាយរបាការណ៍នេះថា ៥៤ភាគរយ នៃប្រជាពលរដ្ឋខ្មែរបានដឹងថា ប្តីបានរំលោភលើរាងកាយប្រពន្ធរបស់ខ្លួន។ ២២,៥ ភាគរយ នៃស្ត្រីដែលបានឆ្លើយតបថា បានទទួលរងអំពើហិង្សាពីប្តីរបស់ពួកគាត់យ៉ាងហោចណាស់ម្តងក្នុងមួយជីវិតរបស់ពួកគាត់។ បុរសចំនួន ៣០ ភាគរយ និងស្ត្រី ២៦ ភាគរយបាននិយាយថា អំពើហិង្សារបស់ប្តីទៅលើប្រពន្ធដែលអាចបណ្តាលឱ្យស្លាប់ ដូចជាជះទឹកអាស៊ីត ចាក់នឹងកាំបិត ឬ បាញ់នឹងកាំភ្លើង។ លោក ស្គីលលីងថ្លែងថា៖
«ស្ត្រីភាគច្រើនមិនយល់ព្រមថា ប្រពន្ធគួរតែអត់ទ្រាំនឹងការវាយដំលើរូបរាងកាយ ដើម្បីធ្វើឱ្យគ្រួសារនៅជួបជុំគ្នានោះទេ។ ស្ត្រីចំនួន៥៥ភាគរយបានយល់ព្រមជាមួយនឹងហេតុផលយ៉ាងហោចណាស់មួយ ដែលបានបញ្ជាក់ថា ប្តីវាយដំប្រពន្ធរបស់ខ្លួន»។
របាយការណ៍អង្កេតតាមដានឆ្នាំ២០០៩ ស្តីពីអំពើហិង្សាទៅលើស្ត្រីបានបញ្ជាក់ថា អំពើហិង្សានេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថានភាពសុខភាព បញ្ញាស្មារតី សេដ្ឋកិច្ច និងសង្គមកិច្ចរបស់ប្រទេសកម្ពុជា។