ទីក្រុងបាងកក៖ នៅពេលដែលប្រទេសនេះប្រឈមមុខអតិផរណាយ៉ាងខ្លាំង ឱនភាពកើនឡើងហើយនឹងការធ្លាក់ចុះប្រាក់បម្រុងការប្តូរប្រាក់បរទេសនោះ ពួកអ្នកវិភាគហិរញ្ញវត្ថុនិងនយោបាយនិយាយថា បញ្ហាទាំងនេះជាសញ្ញានៃការរីកលូតលាស់ដ៏ឆាប់រហ័សរបស់វៀតណាម។
សេដ្ឋកិច្ចវៀតណាមជារឿយៗត្រូវបានគេសសើរថា ជាប្រទេសមួយមានសេដ្ឋកិច្ចរើបឡើងប្រកបដោយជោគជ័យបំផុតនៅក្នុងទ្វីបអាស៊ី។ សេដ្ឋកិច្ចវៀតណាមបានរីកលូតលាស់ប្រហែល៦,៥%ក្នុងឆ្នាំ២០១០ដែលកំពុងបន្តការរីកលូតលាស់ដ៏ខ្លាំងក្នុងរយៈពេល ១ទសវត្សរ៍។
ក៏ប៉ុន្តែ ប្រទេសនេះរកមធ្យោបាយដោះស្រាយបញ្ហាដ៏ធ្ងន់ធ្ងរ រួមមានទាំងឱនភាពពាណិជ្ជកម្មនៅឆ្នាំនេះដែលឡើងដល់កំពូលចំនួន ១២ពាន់លានដុល្លាររ។
ឱនភាពពាណិជ្ជកម្ម និងអតិផរណាដែលបានកើតឡើងដោយសារការរីកលូតលាស់សេដ្ឋកិច្ចបានដាក់សម្ពាធលើប្រាក់ដុង ដែលជារូបិយប័ណ្ណរបស់ប្រទេសនោះ។ រដ្ឋាភិបាលដែលត្រួតត្រាយ៉ាងតឹងរឹងលើចលនាប្រាក់ដុងបានបញ្ចុះតម្លៃប្រាក់ដុងចំនួន៣ដងក្នុងរយៈពេល១៣ខែកន្លងមកនេះ។ ទោះបីអតិផរណានៅបន្តក្តី ក៏តម្លៃទំនិញប្រើប្រាស់បានកើនឡើង១១%នៅឆ្នាំនេះ។
មួយផ្នែកដើម្បីដំឡើងរូបិយប័ណ្ណ វៀតណាមបានចំណាយប្រាក់បម្រុងបរទេសរបស់ខ្លួន ដោយទម្លាក់ទឹកប្រាក់ពីចំនួនខ្ពស់បំផុតពី២៤ពាន់លានដុល្លារក្នុងឆ្នាំ២០០៨មកចំនួន១៤ពាន់លានដុល្លារនៅក្នុងខែកញ្ញា។
លោក Tom Byrne ជាអនុប្រធានជាន់ខ្ពស់នៃទីភ្នាក់ងារផ្តល់ការវាយតម្លៃលើសញ្ញាប័ណ្ណគឺ Moodys Investors Service ក្នុងប្រទេសសឹង្ហបូរី។ លោកនិយាយថា មានការដាក់សម្ពាធកាន់តែខ្លាំងឡើងលើប្រាក់ដុង ហើយប្រសិនបើប្រាក់បម្រុងធ្លាក់តទៅទៀតនោះ ភាពគ្រោះថ្នាក់នៃវិបត្តិសងប្រាក់បំណុលនឹងកើនឡើង។
«ប្រសិនបើ អត្រាប្តូរប្រាក់មិនចុះខ្សោយតទៅទៀតទេ ជាការណ៍ពិតវានាំឲ្យមានហេតុផលកើតឡើងជាបន្តបន្ទាប់ក្នុងរយៈពេលខ្លីលើអតិផរណា ហើយអាចធ្វើឲ្យមូលធនហូរចេញកាន់តែច្រើន។ ក៏ប៉ុន្តែ ក្នុងរយៈពេលយូរ វានឹងជួយឲ្យមានការកើននូវការប្រណាំងប្រជែងខ្លះនូវការនាំចេញរបស់វៀតណាម»។
ក៏ប៉ុន្តែ ចំណុចសំខាន់គឺថា អ្វីៗដែលពួកអាជ្ញាធរធ្វើ អ្វីៗដែលពួកគេគិតថានឹងគាំទ្រអត្រា នឹងធ្វើឲ្យមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចកាន់តែធំឡើង។
មានការរីកលូតលាស់ខ្លាំង ក៏ប៉ុន្តែប្រហែលមិនខ្លាំងពេកដែលវានាំឲ្យមានអតិផរណាខ្ពស់នោះទេ។
លោក Byrne និយាយទៀតថា នយោបាយរបស់រដ្ឋាភិបាលពេញចិត្តការរីកលូតលាស់ដ៏ឆាប់រហ័ស ដែលជាការល្អសម្រាប់ការងារធ្វើនិងការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលខ្លី ក៏ប៉ុន្តែវាមិនមានចីរភាពទេ។
«មនុស្សជាច្រើនភ័យខ្លាចថា ប្រាក់ដុងអាចចុះថ្លៃបន្ថែមទៀត ហើយពួកគេកំពុងវិនិយោគទុនលើមាសនិងប្រាក់ដុល្លារ ដែលនឹងបន្ថែមសម្ពាធលើប្រាក់ដុងដែរ»។
ទីភ្នាក់ងារ Moodys និងទីភ្នាក់ងារផ្តល់ការវាយតម្លៃលើសញ្ញាប័ណ្ណបានទម្លាក់អត្រាឥណទានរបស់វៀតណាមនៅខែនេះ ពីព្រោះទិន្នន័យអតុល្យភាពសេដ្ឋកិច្ចហើយនិងសេចក្តីប្រកាសថា ក្រុមហ៊ុនស្ថាបនាកប៉ាល់ដែលរដ្ឋកាន់កាប់ខកខានមិនបានសងប្រាក់កម្ចីបរទេស។
Vinashin ដែលជាក្រុមហ៊ុនដ៏ធំបង្អស់របស់វៀតណាមខកខានមិនបានសងប្រាក់កម្ចីចំនួន៦រយលានដុល្លារ។ ការិយាល័យបក្សកុម្មយនិស្តបានប្រាប់ក្រុមហ៊ុននោះឲ្យរៀបចំរចនាសម្ព័ន្ធសាជាថ្មី។
ការខកខានមិនបានសងបំណុលបានបង្កើនការព្រួយកង្វល់ថា រដ្ឋាភិបាលឥឡូវនេះអាចមានលទ្ធភាពតិចដើម្បីផ្តល់ការគាំទ្រខាងហិរញ្ញវត្ថុដល់សហគ្រាសដែលកាន់កាប់ដោយរដ្ឋដែលពោរពេញទៅដោយបំណុល។
ក៏ប៉ុន្តែ លោក Carl Thayer ជាសាស្រ្តាចារ្យខាងនយោបាយនៅបណ្ឌិត្យសភាការពារប្រទេសអូស្រ្តាលី និយាយថា ការសម្រេចនេះទំនងជារឿងនយោបាយជាងបញ្ហាសេដ្ឋកិច្ច។ លោកនិយាយទៀតថា ពួកមេដឹកនាំជាន់ខ្ពស់ប្រហែលសម្រេចរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុន Vinashin សាជាថ្មីដែលជាការបង្ហាញនូវការមិនសប្បាយចិត្តជាមួយនយោបាយសេដ្ឋកិច្ចរីកលូតលាស់ដ៏ឆាប់រហ័សរបស់នាយករដ្ឋមន្រ្តី Nguyen Tan Dung។
«បញ្ហាក្រុមហ៊ុន Vinashin ជាការបង្ហាញពីភាពខ្លាំងរបស់នាយករដ្ឋមន្រ្តី។ ដូច្នេះវាជាការពិបាកមួយសម្រាប់ខ្ញុំដែលមើលមិនឃើញថា បញ្ហានេះជារឿងនយោបាយនោះ។ ខ្ញុំប្រាកដជាមិនគិតថា មេដឹកនាំវៀតណាមបានប្រកាន់យកជំហរដែលបានបណ្តាលឲ្យមានគ្រោះថ្នាក់សីលធ៌មមួយទេ ហើយនិយាយថា សហគ្រាសរដ្ឋត្រូវតែការពារខ្លួនអ្នក។ ខ្ញុំចង់និយាយថា មានអារម្មណ៍បែបនេះ ក៏ប៉ុន្តែមិនមានច្រើនទេ ពីព្រោះនេះជាការធ្វើឲ្យគ្រោះថ្នាក់ដល់ខ្លួនឯងពីព្រោះនេះជាអ្វីដែលរដ្ឋាភិបាលពឹងពាក់។ ពួកគេចង់ឲ្យសហគ្រាសរដ្ឋមានប្រសិទ្ធិភាពហើយពួកគេបានសម្រួលបញ្ហានេះ។ ក៏ប៉ុន្តែ ក្រុមហ៊ុន Vinishin ជាក្រុមហ៊ុនដ៏ធំបំផុតដែលមិនអាចឲ្យបាត់បង់បាន»។
កាលពីខែមុន នាយករដ្ឋមន្រ្តីបានសុខចិត្តទទួលយកការខុសត្រូវចំពោះបញ្ហាក្រុមហ៊ុន Vinishin ដែលបំណុលរបស់ក្រុមហ៊ុននោះមានប្រហែល៤,៥ពាន់លានដុល្លារ។
លោក Thayer និយាយថា សមាជគណៈបក្សកុម្មុយនិស្តនៅក្នុងខែមករា មិនទំនងធ្វើការប្រកាសសំខាន់ណាមួយលើបញ្ហាសេដ្ឋកិច្ចនោះទេ។ ហើយ លោកនិយាយទៀតថា ទោះបីមានការរិះគន់លើបញ្ហាសេដ្ឋកិច្ចក៏ដោយ នាយករដ្ឋមន្រ្តីទំនងនៅតែរក្សាតួនាទីរបស់លោក ពីព្រោះលោកមានគូប្រគួតប្រជែងតិចតួចប៉ុណ្ណោះ។
«ទោះបីពួកគេបានប្រឈមមុខសន្និសីទរបស់ម្ចាស់ជំនួយនៅឆ្នាំនេះក៏ដោយ ទោះបីមានការរិះគន់របស់ពួកគេក៏ដោយ ហើយខ្ញុំកំពុងបញ្ចាំងឲ្យឃើញថា នាយករដ្ឋមន្រ្តីប្រាកដជានិយាយថា យើងអាចធ្វើឲ្យរីកលូតលាស់ យើងមានស្ថិរភាពខាងម៉ាក្រូសេដ្ឋកិច្ច ហើយនឹងរក្សាស្ថិរភាពខាងនយោបាយ នៅពេលជាមួយគ្នានោះដែរ។ ដូច្នេះលោកកំពុងត្រេះបាល់៣ ហើយភាពប្លែកនោះគឺថា វាទំនងដូចជាបាល់មួយអាចត្រូវទម្លាក់ចោល។ ហើយថា លោកអាចធ្វើឲ្យមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច»។
ពួកអ្នកវិភាគហិរញ្ញវត្ថុនិងតំបន់និយាយថា បញ្ហាកាលពីពេលថ្មីៗនេះក្នុងប្រទេសវៀតណាម រួមមានការខកខានមិនសងប្រាក់របស់ក្រុមហ៊ុន Vinashin អាចបន្លាចពួកអ្នកវិនិយោគទុនបរទេសខ្លះ។ ក៏ប៉ុន្តែ លោក Byrne នៅទីភ្នាក់ងារ Moodys និយាយថា ទិដ្ឋភាពសេដ្ឋកិច្ចរយៈពេលយូររបស់វៀតណាម នៅមានភាពវិជ្ជមាននៅឡើយ។
«វៀតណាមបានធ្វើវិធានការណ៍ បានចាត់វិធានការណ៍ដើម្បីស្វាគមន៍ការវិនិយោគទុនបរទេសដោយផ្ទាល់ ហើយដូច្នេះ ខ្ញុំគិតពីការជួយជ្រោមជ្រែង សក្តានុពលការរីកលូតលាស់រយៈពេលយូរ។ អ្វីដែលប្រាកដជាបានផ្តល់ការ លើកទឹកចិត្តដល់ប្រទេសវៀតណាមគឺទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីជាមួយសហរដ្ឋអាមេរិកដែលត្រូវបានចុះហត្ថលេខាកាលពីប៉ុន្មានឆ្នាំកន្លងមកនេះ ដែលធ្វើឲ្យវៀតណាមអាចដឹកទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក»។
លោក Byrn និយាយថា ក្រៅពីការសងប្រាក់ វៀតណាមចាំបាច់ធ្វើឲ្យមានតម្លាភាពកាន់តែប្រសើរឡើងលើទិន្នន័យសេដ្ឋកិច្ចនិងនយោបាយ។ ឧទាហរណ៍ លោកនិយាយថា ព័ត៌មានថ្មីៗស្តីពីប្រាក់បម្រុងបរទេសត្រូវបានផ្សព្វផ្សាយមានការយឺតយ៉ាវជាងប្រទេសផ្សេងៗដែលស្ថិតក្នុងតំណាក់ការអភិវឌ្ឍន៍ប្រហាក់ប្រហែលគ្នា។ លោកនិយាយទៀតថា ព័ត៌មានជាច្រើនស្តីពីបំណុលនិងការឧបត្ថម្ភក្រុមហ៊ុនដែលរដ្ឋកាន់កាប់ ក៏នឹងធ្វើឲ្យល្អប្រសើរឡើងនូវបរិកាសវិនិយោគទុនដែរ។
ប្រែសម្រួលដោយលោកជឹង ប៉ូជីន៕