ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​កុម្មុយនិស្ត​វៀតណាម​ជ្រើស​រើស​​ក្រុម​មេ​ដឹក​នាំ​ថ្មី​​


នាយករដ្ឋមន្រ្តី​វៀតណាមលោក វៀង​ តាន់​ហ្ស៊ុង​ (Nguyen Tan Dung)។
នាយករដ្ឋមន្រ្តី​វៀតណាមលោក វៀង​ តាន់​ហ្ស៊ុង​ (Nguyen Tan Dung)។

បាំងកក៖​ គណបក្ស​កុម្មុយនិស្ត​គ្រប់​គ្រង​អំណាចរបស់​វៀតណាម​បាន​ជ្រើស​រើស​ក្រុម​មេ​ដឹក​នាំ​ថ្មី​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​រដ្ឋធានី​ហាណូយ។

ក្រុម​អ្នក​វិភាគ​និយាយ​ថា​ ទោះ​បី​មាន​ការព្រួយ​បារម្ភ​អំពី​អស្ថេរភាព​សេដ្ឋកិច្ចក៏ដោយ ក៏​គ្មាន​ការ​ភ្ញាក់​ផ្អើល​អ្វី​ដែរ ហើយ​នាយក​រដ្ឋ​មន្រ្តី​បច្ចុប្បន្ន​ លោក​ វៀង​ តាន់​ហ្ស៊ុង​ (Nguyen​ Tan​ Dung)​ នឹង​នៅ​កាន់​តំណែង​របស់​លោក​ត​ទៅ​ទៀត។​ ក៏ប៉ុន្តែ​ មេ​ដឹកនាំ​នឹង​ត្រូវ​គ្រប់​គ្រង​បញ្ហា​អតិផរណា​ បើ​មិន​ដូច្នោះ​ទេ​ នឹង​មាន​គ្រោះ​ថ្នាក់​ដល់​ការ​លូត​លាស់​ទៅ​អនាគត។

សមាជ​គណបក្ស​កុម្មុយនិស្ត​របស់​វៀតណាម​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ពុធ​ ដោយ​សេចក្តី​ប្រកាស​មេ​ដឹក​នាំ​កំពូល​ថ្មីរបស់​ខ្លួន។ គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​បាន​ជ្រើស​តាំង​លោក​នាយក​រដ្ឋ​មន្រ្តី​វៀង​ តាន់​ហ្ស៊ុង​ជា​ថ្មី​ទៀត​ឲ្យ​បម្រើ​ក្នុងការិយាល័យ​មជ្ឈឹម​បក្ស។​ ទោះ​បី​ជា​ប្រទេស​នេះមាន​បញ្ហា​សេដ្ឋកិច្ច​ក៏​ដោយ​ ក៏​គេ​រំពឹង​ជា​ទូ​ទៅ​ថា លោក​នឹង​បាន​ទទួល​ការ​តែង​តាំង​ជា​ថ្មី​ឲ្យ​កាន់​តំណែង​មួយ​អាណត្តិ​ទៀត​នៅ​ក្នុង (ខែឧសភា) ឆ្នាំ​នេះដែរ។

ក៏​ប៉ុន្តែ​គណៈកម្មាធិការ​កណ្តាលបាន​តែង​តាំង​គូ​ប្រជែង​របស់​លោកពីរ​នាក់​ឲ្យ​កាន់​តំណែង​កំពូល​នៅ​ក្នុង​ការិយាល័យ​មជ្ឈឹមបក្ស។​ នេះ​ជា​សញ្ញា​មួយ​ដែល​ក្រុម​អ្នក​វិភាគ​នយោបាយ​ខ្លះ​និយាយ​ថា​ ជា​ការ​ប៉ុន​ប៉ង​របស់​គណបក្ស​ដើម្បី​ឲ្យ​មាន​តុល្យភាព​អំណាច​របស់​នាយក​រដ្ឋមន្រ្តី។

លោក​ ខាល​ ថេយ័រ​ (Carl​ Thayer)​ អ្នក​ជំនាញ​ខាង​កិច្ចការ​វៀតណាម​ នៅ​បណ្ឌិតសភា​កង​កម្លាំង​ការពារ​របស់​អូស្រ្តាលី​ (Australia)​ និយាយ​ថា​ ការ​ផ្លាស់​ប្តូរ​ក្រុម​មេ​ដឹក​នាំ​ទាំង​នេះ​បាន​ប្រព្រឹត្ត​ធ្វើ​ជា​ទូទៅ​ ដូច​សេចក្តី​រំពឹង​ទុក​ជា​មុន។ លោក​មាន​ប្រសាសន៍​ថា៖

«នេះ​ជា​ប្រព័ន្ធ​មួយ​ដែល​តែង​តែ​ស្វែង​រក​ផ្លូវ​កណ្តាល​ ហើយ​មិន​ងាក​ទៅ​រក​មាគ៌ា​ជ្រុល​និយម​ទេ។​ ប្រព័ន្ធ​នេះ​តែង​តែ​ឈាន​ជើងទៅ​មុខ​មួយៗ​ ដោយ​ប្រុង​ប្រយ័ត្ន។​ ដូច្នេះ​ នេះ​ជា​អ្វី​ដែល​យើង​បាន​មើល​ឃើញ​នៅ​ក្នុង​សមាជ​នេះ។​ ជា​ការ​បំពេញកិច្ច​ការ​ដូចប្រក្រតី​ ហើយ​ជា​មនុស្ស​ដែល​យើង​ធ្លាប់​ស្គាល់។​ ហើយ​សូម្បី​តែ​សមាជិក​ថ្មី​នៃ​ការិយាល័យ​មជ្ឈឹមបក្ស​ក៏​នឹង​ត្រូវ​ការ​ពេល​វេលា​យូរ​ ដើម្បី​សង្កត់​ឥទ្ធពល​របស់​ខ្លួន​ដែរ។​ នេះ​ជា​វប្បធម៌​មួយ​ដែល​ភាព​ចាស់​ឆ្នាំ​ជាង ​មាន​សារៈសំខាន់​ណាស់»។

លោក​ ថេយ័រ​ ពោល​ថា​ ក្រោយ​ពី​បាន​ទទួល​ការ​តែង​តាំង​ លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊្សុង​ ប្រហែល​ជា​បន្ត​គោល​នយោបាយ​របស់​លោក​អំពី​ការ​ផ្តល់​ថវិកា​ដល់​គម្រោងរដ្ឋ​ធំៗ​ ដូច​ជា​អយស្ម័យយាន​ល្បឿន​លឿន​មួយ​ជា​ដើម។ លោក​បាន​ទទួល​ការ​រិះ​គន់​កាល​ពី​ឆ្នាំ​ទៅ​ នៅ​ពេល​ដែល​ក្រុម​ហ៊ុន​សង់​នាវា​មួយ​របស់រដ្ឋ​ដែល​ជំពាក់​បំណុល​ច្រើន​ពេក​ បាន​ឈប់​សង​បំណុលអន្តរជាតិ​តាម​សន្យា​ ហើយ​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​ខ្ចី​ប្រាក់​របស់​វៀតណាម​ធ្លាក់​ចុះ។

វៀតណាម​ជា​រដ្ឋ​មាន​គណបក្ស​តែ​មួយ​ ហើយ​សមាជ​គណបក្ស​ ក្រៅ​ពី​ជ្រើស​រើស​ក្រុម​មេ​ដឹក​នាំ​ ជា​អ្នក​រៀបចំ​ធ្វើ​ផែន​ការ​ប្រាំ​ឆ្នាំ​សម្រាប់​ប្រទេស។​ ប្រតិភូ​ប្រមាណ​ ១៤០០​ នាក់​បាន​ជួប​ជុំ​គ្នា​នៅ​ទី​ក្រុង​ហាណូយ​ក្នុង​សប្តាហ៍​នេះ​សម្រាប់​សមាជ​គណបក្ស។​ សមាជ​បាន​បើក​ធ្វើ​ នៅ​ពេល​ដែល​ប្រទេស​វៀតណាម​ប្រឈមនឹង​បញ្ហា​ម៉ាក្រូ​សេដ្ឋកិច្ច​ដ៏​ធ្ងន់​ធ្ងរ​ រួម​មាន ​ឱនភាព​ពាណិជ្ជកម្មកាន់​តែ​ធំ​ឡើង និង​បញ្ហា​អតិផរណា​យ៉ាង​ឆាប់ ទោះ​បី​ជា​ប្រទេស​នេះ​មាន​ការ​លូត​លាស់​យ៉ាង​លឿន​នោះ​ក៏​ដោយ។

លោក​ ចនណឺថាន​ ពីងកឹស​ (Jonathan​ Pincus)​ ជា​អ្នក​សេដ្ឋសាស្រ្តម្នាក់​នៃ​កម្មវិធី​សកលវិទ្យាល័យ​ហាវដ (Harvard) ​ជាមួយ​វៀតណាម​ នៅ​ក្រុង​ហាណូយ។​ លោក​ថ្លែង​ថា​ គំនាប​សកលលោក​ទៅ​លើ​តម្លៃ​វត្ថុ​ប្រើ​ប្រាស់​រំពឹង​ថា​នឹង​ឡើង​ក្នុង​ឆ្នាំ​នេះ​ ដែល​ធ្វើ​ឲ្យ​ការ​គ្រប់​គ្រងរបស់​វៀតណាម​ទៅ​លើ​នយោបាយ​សារពើពន្ធ​ និង​រូបិយវត្ថុ​របស់​ខ្លួន​ មាន​សារៈសំខាន់​កាន់​តែ​ខ្លាំង​ឡើង​ទៀត។ លោក​បន្ត​ថា

«ខ្ញុំ​គិត​ថា ​រឿង​នេះមិន​តម្រូវ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ច្រើន​នៅ​ក្នុង​គោល​នយោបាយ​ទេ។​ ខ្ញុំ​គិត​ថា​ ដើម្បី​បង្កើត​ឲ្យ​មាន​ស្ថេរភាព​ឡើង​វិញ​ គឺ​គ្រាន់​តែ​តម្រូវ​ឲ្យ​មាន​គោលនយោបាយ​សារពើពន្ធ​ដែល​អភិរក្ស​ជាង​មុន​តែ​ប៉ុណ្ណោះ។ និយាយ​ឲ្យ​ខ្លី​គឺ​កាត់​បន្ថយ​ឱនភាពសារពើពន្ធ​របស់​រដ្ឋាភិបាល​ ហើយ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ទៅ​លើ​គោល​នយោបាយ​រូបិយវត្ថុ​ ដើម្បី​ឲ្យ​ប្រាកដ​ថា ការ​រីកចម្រើន​ឥណទាន​មិន​ឡើង​លើស​ពី​ព្រំដែន​ដែល​រដ្ឋាភិបាល​បាន​ដាក់កម្រិត​ទេ​ ដើម្បី​កុំ​ឲ្យ​តម្លៃ​ឡើង​ខ្ពស់​មិន​អាច​គ្រប់​គ្រង​បាន»។

ក្រោយ​ពី​ការ​គ្រប់​គ្រង​ដោយ​រដ្ឋ​អស់​រយៈ​ពីរ​ទសវត្សរ៍​ សេដ្ឋកិច្ច​វៀតណាម​បាន​ប្តូរ​ជា​លំដាប់​ទៅ​រក​នយោបាយ​សេរីនិយម។​ ក៏​ប៉ុន្តែ​ក្រុម​ហ៊ុន​រដ្ឋ​ធំៗ​ខ្លះ​នៅ​តែ​ពឹង​ផ្អែកទៅ​លើ​ជំនួយ​រដ្ឋាភិបាល​នៅ​ឡើយ។​ នៅ​ពេល​ដែល​វៀតណាម​បើក​ទ្វារ​ចំហរ​សម្រាប់​កម្លាំង​ទី​ផ្សារ និង​សេដ្ឋកិច្ច​សកលលោក ពាណិជ្ជកម្ម​ឯកជន​បាន​ក្លាយ​ទៅ​ជា​កម្លាំង​នាំ​មុខ​គេ​នៃ​ការ​លូត​លាស់​ប្រចាំ​ឆ្នាំ​ ដែល​មាន​កម្រិត​ជា​មធ្យម​ ៧%​ ក្នុង​ពេល​ ២០ ​ឆ្នាំ​កន្លង​ទៅ​នេះ។

នៅ​ក្នុង​សមាជ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​គណបក្ស​កុម្មុយនិស្ត​បាន​បោះ​ឆ្នោត​បញ្ចូល​ម្ចាស់​ក្រុម​ហ៊ុន​ឯកជន​ជា​សមាជិក​ ដែល​ជា​ការ​ទទួល​ស្គាល់​ដល់​សារៈសំខាន់​របស់​ពួក​គេ​នៅ​ក្នុង​សេដ្ឋកិច្ច។ ក៏​ប៉ុន្តែ​សហគ្រាស​រដ្ឋ​នៅ​តែ​ជា​ស្នូល​នៃ​ឧស្សាហកម្ម​ធំៗ​ដដែល​ ដូច​ជា​ថាមពល និង​ទូរគមនាគមន៍​ជា​ដើម។​ អ្នក​សេដ្ឋសាស្រ្ត​មួយ​ចំនួន​និយាយ​ថា សហគ្រាស​ទាំង​នេះ​ជា​ក្រុម​ហ៊ុន​ដាច់​មុខ​គ្មាន​ប្រសិទ្ធភាព​ ដែល​ជញ្ជក់​ថវិកា​រដ្ឋ។

លោក លី​ ដាំងជាន់​ (Le​ Dang​ Doanh)​ ជា​ទី​ប្រឹក្សា​ចូល​និវត្ត​ន៍ម្នាក់​របស់​រដ្ឋាភិបាល​អំពី​បញ្ហា​សេដ្ឋកិច្ច។​ លោក​ថ្លែង​ថា​ ការ​ខ្វះ​ប្រសិទ្ធភាព​របស់​ក្រុម​ហ៊ុន​រដ្ឋ​ធំៗ​ជា​បញ្ហា​ដ៏​ធំ​មហិមា​នៅ​ក្នុង​សេដ្ឋកិច្ច​របស់​វៀតណាម។ លោក​បន្ត​ថា៖

«វៀតណាម​ត្រូវ​ការធ្វើ​កំណែ​ទម្រង់​យ៉ាង​ខ្លាំង​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​អស្ថេរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ ហើយ​ដើម្បី​ប្រមែ​ប្រមូល​ធនធានដែល​អាច​មាន​ផង។​ បើ​សិន​ជា​វៀតណាម​អាច​អនុវត្ត​កំណែ​ទម្រង់​ដែល​ចាំ​បាច់​បាន​ សេដ្ឋកិច្ច​នឹង​នៅ​តែលូត​លាស់​ជា​បន្ត។​ បើ​មិន​ដូច្នោះ​ទេ​ វៀតណាម​នឹង​ប្រឈម​មុខ​នឹង​បញ្ហា​ច្រើន​ចំពូក»។

សមាជ​គណបក្សបាន​សម្តែង​ការ​ព្រួយ​បារម្ភអំពី​សេដ្ឋកិច្ច​ ប៉ុន្តែ​ក៏បានសម្តែង​សុទិដ្ឋិនិយម​ផង​ដែរ​ថា អតុល្យភាព​នឹង​អាច​គ្រប់​គ្រង​បាន។

លោក លី​ ដាំងជាន់​ថ្លែង​ថា​ ក្រុម​ប្រតិភូ​មាន​សុទិដ្ឋិនិយម​យ៉ាង​ខ្លាំង​អំពី​ស្ថានការណ៍​នេះ​ ហើយ​ថា វៀតណាម​ត្រូវ​ការ​ធ្វើ​ឲ្យ​មាន​តុល្យភាពរវាង​មេ​ដឹក​នាំ​មាន​ការ​ពិសោធន៍ និង​មេ​ដឹក​នាំ​ក្មេងៗ​ ដែល​ជា​អ្នក​និយម​កំណែ​ទម្រង់​ដើម្បី​ឲ្យ​អាច​ដោះស្រាយ​បញ្ហា​ថ្មីៗបាន​ប្រសើរ​ជាង​មុន​ នៅ​ពេល​ដែល​ប្រទេស​នេះ​ពង្រីក​សេដ្ឋកិច្ច​របស់​ខ្លួន​នៅ​ក្នុង​ទី​ផ្សារ​សកលលោក៕

ប្រែ​សម្រួល​ដោយ កែរ ​យ៉ាន

XS
SM
MD
LG