និស្សិតវៀតណាមម្នាក់ និងមិត្តភក្តិម្នាក់ទៀតត្រូវបានកាត់ទោសដាក់ពន្ធនាគារចំនួន៦ខែ ដោយសារការបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) ដែលបានផ្តល់យោបល់ដល់អ្នកបើកបរយានយន្តពីវិធីក្នុងការចៀសវាងកន្លែងត្រួតពិនិត្យចរាចរណ៍បណ្តោះអាសន្ននៅក្នុងទីក្រុង Hai Phong ដែលស្ថិតនៅប៉ែកខាងជើងនៃប្រទេសវៀតណាម។
ក្នុងសប្តាហ៍នេះ តុលាការបានរកឃើញថា និស្សិតឈ្មោះ Nguyen Duc Hao អាយុ២១ឆ្នាំ និងឈ្មោះ Tran Huy Lieu អាយុ២៣ឆ្នាំមានទោសពីបទ «ផ្សាយព័ត៌មានខុសច្បាប់លើប្រព័ន្ធអ៊ីនធឺណិត» រយៈពេល៤ខែបន្ទាប់ពីពួកគេទាំង២នាក់នេះត្រូវបានឃុំឃាំង។
លោកមេធាវី Tran Thu Nam បានមានប្រសាសន៍ថា ការកាត់ទោសនេះគឺជាដំណើរវិវត្តទៅមុខដ៏ប្រថុយប្រថានមួយ។
លោក Nam បានមានប្រសាសន៍ថា «ពួកគេប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកដើម្បីបញ្ចេញទស្សនៈរបស់ពួកគេ» ហើយលោកបានបន្ថែមថា ការកាត់ទោសពួកគេចំពោះការបង្ហោះសារនេះគឺជាការវិនិច្ឆ័យគំរូដ៏គ្រោះថ្នាក់មួយ ហើយអាចបំពានដល់សេរីភាពក្នុងការបញ្ចេញមតិរបស់ពួកគេទៀតផង។
ខណៈដែលនិស្សិតម្នាក់ទៀតត្រូវបានចោទប្រកាន់ពីការផ្សព្វផ្សាយព័ត៌មានបរិហាកេរ្តិ៍និងបង្ខូចកេរ្តិ៍ឈ្មោះប៉ូលិស ប្រជាជនមួយចំនួនក្នុងទីក្រុង Hai Phong និយាយថាគេហទំព័រលើបណ្តាញសង្គមហ្វេសប៊ុកបានលាតត្រដាតអំពីអំពើខុសឆ្គង និងជួយប្រជាជនក្នុងការចៀសវាងពីក្រុមប៉ូលិសចរាចរណ៍ដែលជារឿយៗបានលាក់ខ្លួននៅតាមកន្លែងដែលស្មានមិនដល់មួយចំនួនដើម្បីធ្វើការចាប់ និងផាកពិន័យដល់អ្នកបំពានច្បាប់ទាំងឡាយ៕