សកម្មជននយោបាយម្នាក់មកពីគ្រួសារវរជនវៀតណាមបានត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ៧ឆ្នាំលើបទចោទប្រកាន់ពីការប៉ុនប៉ងធ្វើវិទ្ធង្សនាប្រឆាំងរដ្ឋាភិបាលវៀតណាម។ អ្នកវិភាគនិយាយថាយុទ្ធវិធីប្រឆាំងតវ៉ាខុសពីប្រក្រតីរបស់លោកជំទាស់ប្រឆាំងគណបក្សកំពុងគ្រប់គ្រងអំណាចរបស់វៀតណាម។
សកម្មជននយោបាយវៀតណាមម្នាក់នោះទទួលរងការចោទប្រកាន់ពីការអំពាវនាវឲ្យរំលាយគណបក្សកុម្មុយនិស្តកំពុងកាន់អំណាចរបស់វៀតណាមដោយលោកបានគាំទ្រប្រព័ន្ធនយោបាយពហុបក្សហើយចាត់ទុកសង្គ្រាមវៀតណាមជាសង្គ្រាមស៊ីវិល។ ចៅក្រមម្នាក់និយាយថាការសរសេរនិងការសម្ភាសដែលបានបោះពុម្ភផ្សាយរបស់សកម្មជន Cu Huy Ha Vu បានធ្វើឲ្យខូចដោយប្រយោលនិងដោយមិនប្រយោលដល់គណបក្សកុម្មុយនិស្តដែលកំពុងគ្រប់គ្រងប្រទេសវៀតណាម។
លោក Vu នឹងជាប់ឃុំក្នុងផ្ទះរយៈពេល៣ឆ្នាំបន្ទាប់ពីការដោះលែង។
ពួកអ្នកវិភាគនិយាយថាសកម្មភាពផ្លូវច្បាប់ដ៏គឃ្លើនមិនធម្មតារបស់លោក Vu បានប្រឆាំងអំណាចរបស់បក្ស។ ពួកគេនិយាយថាការកាត់ទោសមនុស្សល្បីល្បាញដូចលោកបានបង្កើននូវការចោទសួរអំពីអនាគតនៃការប្រឆាំងដោយចំហរក្នុងប្រទេសវៀតណាម។
លោក Vu សកម្មជនអាយុ៥៣ឆ្នាំដែលបានសិក្សាច្បាប់ក្នុងប្រទេសបារាំង បានត្រូវចាប់ខ្លួនកាលពីខែវិច្ឆិកាដែលជាផ្នែកមួយនៃការបង្ក្រាបរបស់រដ្ឋាភិបាលប្រឆាំងពួកសកម្មជននិងអ្នកសរសេរប្លុកមុនពេលសមាជគណបក្សកុម្មុយនិស្តកាលពីខែមករា។
លោក Vu បានការពារពួកអ្នករិះគន់រដ្ឋាភិបាល ហើយក្នុងឆ្នាំ២០០៩ លោកបានប៉ុនប៉ងពីរលើកដើម្បីប្តឹងលោក Nguyen Tan Dung នាយករដ្ឋមន្រ្តីវៀតណាមក្នុងការទាក់ទិនគម្រោងអាជីវកម្មរ៉ែបុកស៊ីតដ៏ចម្រូងចម្រាស់មួយដែលលោក Vu បានអះអាងថាបានរំលោភច្បាប់ជាតិ។
បន្ទាប់ពីការចាប់ខ្លួនលោក Vu នៅខែវិច្ឆិកា សារព័ត៌មានដែលត្រួតត្រាដោយរដ្ឋរបស់វៀតណាមបានចោទប្រកាន់លោកពីការផ្សព្វផ្សាយព័ត៌មានគ្មានហេតុផល កុហកនិងមិនពិតអំពីថ្នាក់ដឹកនាំនិងការចាត់ចែងរបស់រដ្ឋ។
សកម្មជនវៀតណាមជាធម្មតាបានត្រូវរងការចោទប្រកាន់ពីការផ្សព្វផ្សាយការឃោសនាប្រឆាំងរដ្ឋ ក៏ប៉ុន្តែ មិនដូចជាសកម្មជនផ្សេងៗទៀត លោក Vuមកពីក្រុមគ្រួសារវរជន។ ឪពុករបស់លោកឈ្មោះ Cu Huy Can ជាទីប្រឹក្សាវីរបុរសជាតិវៀតណាមហូ ជីមិញហើយយោងតាមសេចក្តីរាយការណ៍បណ្តាញផ្សាយព័ត៌មានក្នុងមូលដ្ឋានប្រាប់ឲ្យដឹងថាលោក Xuan Dieu ឪពុកមារបស់លោកជាកវីនិពន្ធដ៏ល្បីល្បាញម្នាក់របស់វៀតណាម។
លោក Carl Thayer ជាសាស្រ្តាចារ្យចូលនិវត្តន៍នៅសកលវិទ្យាល័យ New South Wales នៃប្រទេសអូស្រ្តាលី បានមានប្រសាសន៍មុនពេលកាត់ទោសថាការណ៍ដែលលោក Vu មានជាប់នឹងត្រកូលវរជនបានដាក់ឲ្យពួកកុម្មុយនិស្តវៀតណាមស្ថិតក្នុងស្ថានភាពមិនស្រួល។
«តើអស់លោកអ្នកប្រឆាំងមនុស្សម្នាក់ដែលមានប្រវត្តិបែបនេះយ៉ាងដូចម្តេចហើយនិយាយថាលោកប្រាកដជាអ្នកបង្កវិទ្ធង្សនាប្រឆាំងនឹងរដ្ឋពេលដែលលោកចេញមកពីក្រុមគ្រួសារដែលមានភាពស្មោះត្រង់បែបនោះឬ? រដ្ឋអាជ្ញានិងពួកអាជ្ញាធររដ្ឋ នឹងខិតខំរារាំងមិនឲ្យមានការភ្ជាប់បែបនេះទេ»។
ទោះបីវៀតណាមបានបដិសេធការប៉ុនប៉ងរបស់លោក Vu ដើម្បីដាក់ពាក្យប្តឹងប្រឆាំងគម្រោងអាជីវកម្មរ៉ែបុកស៊ីតក៏ដោយ លោក Thayer និយាយថា ភាពជាសកម្មជនរបស់លោក Vu បានប្រឆាំងអំណាចច្បាប់របស់វៀតណាម។
កាលពីថ្ងៃទី២ ខែមេសា អង្គការសិទ្ធិមនុស្ស Human Rights Watch បានអំពាវនាវឲ្យដោះលែងលោក Vu ដោយអង្គការកត់សម្គាល់ថា លោកជាអ្នកប្រឆាំងដ៏ល្បីល្បាញម្នាក់របស់វៀតណាម។
លោក Phil Robertson ជានាយករងទទួលបន្ទុកតំបន់អាស៊ីនៃអង្គការសិទ្ធិមនុស្ស Human Rights Watch បានប្រាប់ VOA សំឡេងសហរដ្ឋអាមេរិកថាការកាត់ទោសលោក Vu ឆ្លុះបញ្ចាំងពីនយោបាយផ្ទៃក្នុងរបស់វៀតណាមហើយមិនពាក់ព័ន្ធទៅនឹងការបះបោរកាលពីពេលថ្មីៗនេះក្នុងទ្វីបអាហ្រ្វិកនិងមជ្ឈិមបូព៌ាទេ។
ប៉ុន្មានម៉ោងមុនពេលការកាត់ឲ្យលោកជាប់ទោស លោក Robertson បានប្រាប់ VOA សំឡេងសហរដ្ឋអាមេរិកថាការកាត់ទោសលោក Vu អាចធ្វើជាឧទាហរណ៍មួយថាតើវៀតណាមឆ្លើយតបដល់ការរិះគន់របស់សមាជិកវរជនបដិវត្តន៍របស់ខ្លួនយ៉ាងដូចម្តេច។
«ការសន្មត់របស់យើងគឺថាពួកគេកំពុងព្យាយាមបំបិទមាត់លោក ក៏ប៉ុន្តែ ខ្ញុំគិតថាពួកគេប្រហែលមើលហួសពីលោកដល់មនុស្សដទៃទៀតដែលស្ថិតក្នុងវរជនបដិវត្តន៍ដែលអាចចង់ដំឡើងសំឡេងរបស់ខ្លួនអំពីអ្វីដែលកំពុងកើតមានឡើងអំពីអំពើពុករលួយ ការប្រព្រឹត្តិបទអាក្រក់ ការរំលោភសិទ្ធិមនុស្ស ការរឹបអូសយកដីធ្លីហើយនឹងបញ្ហាដទៃទៀតដែលត្រូវបានលើកឡើងកាន់តែច្រើនឡើងដោយក្រុមអង្គការសង្គមស៊ីវិលមកពីវិសាលគមនានាក្នុងប្រទេសវៀតណាម»។
យោងទៅតាមអង្គការសិទ្ធិមនុស្ស Human Rights Watch ប្រាប់ឲ្យដឹងថាពួកអ្នកគាំទ្រជាច្រើនរបស់លោក Vu រួមមានកម្មករ អ្នកសរសេរប្លុក ពួកអ្នកសាសនាកាតូលិកហើយនឹងសកម្មជនសិទ្ធិដីធ្លី៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន