ប្រទេសវៀតណាមនិងសហរដ្ឋអាមេរិកបានប្រកាសថា កិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងព្រំដែន បានឈានឲ្យមានការចោទប្រកាន់ជាផ្លូវការលើគ្រូបង្រៀនជនជាតិអាមេរិកាំងម្នាក់ពីបទធ្វើដំណើរទៅកាន់ប្រទេសវៀតណាមដើម្បីរួមភេទជាមួយនឹងអនីតិជន។
ការិយាល័យមេធាវីរបស់សហរដ្ឋអាមេរិកនៅក្នុងសង្កាត់ភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ាបានចោទប្រកាន់ថា គ្រូបង្រៀនឈ្មោះថា Paul Marshall Bodner នៃទីក្រុង San Francisco រដ្ឋកាលីហ្វ័រញ៉ា «បានជួបជាមួយនឹងកុមារាវៀតណាមអាយុ១១ឬ១២ឆ្នាំ និងបានធ្វើសកម្មភាពផ្លូវភេទជាមួយនឹងពួកគេនៅឯសណ្ឋាគារមួយក្នុងទីក្រុងហូជីមិញ ក្នុងអំឡុងពេលដែលលោកធ្វើដំណើរទៅកាន់ប្រទេសវៀតណាមកាលពីចន្លោះខែកក្កដាឆ្នាំ២០១៥ដល់ខែសីហាឆ្នាំ២០១៦។ ប្រសិនបើត្រូវបានកាត់ទោស លោក Paul ត្រូវប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល៣០ឆ្នាំនិងត្រូវពិន័យជាប្រាក់ចំនួន២សែន៥ម៉ឺនដុល្លារ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសវៀតណាម លោក Daniel J. Kritenbrink បានថ្លែងថា ការស៊ើបអង្កេតនេះត្រូវបានសហការយ៉ាងជិតដិតរវាងប្រទេសទាំងពីរ ដែលបានចាប់ផ្ដើមធ្វើឲ្យចំណងទាក់ទងត្រឡប់ទៅរកភាពប្រក្រតីឡើងវិញកាលពីឆ្នាំ១៩៩៥ ដែលមានរយៈពេល២០ឆ្នាំក្រោយសង្គ្រាមវៀតណាមបញ្ចប់។ វៀតណាមនិងសហរដ្ឋអាមេរិកបានក្លាយជាដៃគូសហការគ្នាលើវិស័យនានា ដូចជាវិស័យសន្ដិសុខ ពាណិជ្ជកម្មនិងវប្បធម៌ជាដើម។
ការដោះស្រាយបញ្ហាការជួយដូរមនុស្សបានក្លាយជាអាទិភាពចម្បងសម្រាប់វៀតណាម ចាប់តាំងពីខែតុលាឆ្នាំមុនមក នៅពេលដែលពលរដ្ឋវៀតណាមចំនួន៣៩នាក់ត្រូវបានរកឃើញស្លាប់នៅក្នុងរថយន្ដដឹកទំនិញមួយគ្រឿងនៅក្នុងចក្រភពអង់គ្លេស។ គេជឿថា អ្នកដំណើរទាំងនោះបានថប់ដង្ហើមស្លាប់ ក្រោយពីត្រូវបានដឹកជញ្ជូនចេញពីវៀតណាម៕