ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងកម្លាំង​សន្តិសុខ​វៀតណាម​ឃុំ​ខ្លួន​អ្នកតវ៉ា​ប្រឆាំង​នឹង​ប្រទេស​ចិន


ប៉ូលីសវៀតណាម​ចាប់​បាតុករ​ដាក់​រថយន្ដ​បឹស​ក្រោយ​ពី​បំបែក​ជួរ​ពួក​គេ​ ដែល​បាន​តវ៉ា​ប្រឆាំង​ប្រទេស​ចិន​នៅ​ទីក្រុង​ហាណូយ​នៅ​ថ្ងៃ​អាទិត្យ​ទី២១​សីហា​ឆ្នាំ​២០១១។
ប៉ូលីសវៀតណាម​ចាប់​បាតុករ​ដាក់​រថយន្ដ​បឹស​ក្រោយ​ពី​បំបែក​ជួរ​ពួក​គេ​ ដែល​បាន​តវ៉ា​ប្រឆាំង​ប្រទេស​ចិន​នៅ​ទីក្រុង​ហាណូយ​នៅ​ថ្ងៃ​អាទិត្យ​ទី២១​សីហា​ឆ្នាំ​២០១១។

កាលពី​ថ្ងៃអាទិត្យ​ ប៉ូលីស​ក្នុង​ទីក្រុង​ហាណូយ​បាន​ចាប់ខ្លួន​មនុស្ស​ជាច្រើន​នៅឯ​ការជួបជុំ​តវ៉ា​ប្រឆាំង​ប្រទេស​ចិន​ក្នុង​កណ្តាល​ទីក្រុង​ហាណូយ​ ដោយសារ​ពួកគេ​បាន​ប្រមូលផ្តុំ​គ្នា​ធ្វើ​ការតវ៉ា​ក្នុង​សប្តាហ៍​ទី​ ១១។

មនុស្ស​ចំនួន​ ៥០​នាក់​ បាន​ប្រមូលផ្តុំគ្នា​នៅឯ​ជ្រុង​ម្ខាង​នៃ​បឹង​ហ៊ាន់​គាម​ (Hoan Kiem)​ ក្នុង​រដ្ឋធានី​ហាណូយ​សម្រាប់​ព្រឹត្តិការណ៍​មួយ​ដែល​បាន​ក្លាយជា​ ការកើតឡើង​ជា​ប្រក្រតី​ក្នុង​រដ្ឋធានី​ហាណូយ​កាលពី​ប៉ុន្មាន​ខែ​កន្លង​មក។

ក្បួន​តវ៉ា​បាន​ដើរ​កាត់​ក្រុម​ប៉ូលីស​ស្លៀកពាក់​ស៊ីវិល​ និង​ប៉ូលីស​ស្លៀកពាក់​ ឯកសណ្ឋាន​ជាច្រើន​នាក់​ ដោយ​ក្រុម​តវ៉ា​បាន​គ្រវី​បដា​ និង​ស្រែក​នូវ​ពាក្យស្លោក​ ដែលថា​បណ្តុំ​កោះ​ផារ៉ាសែល​ និង​ស្ព្រាតលី​ (Paracel and Spratly islands)​ ជា​របស់​ប្រទេស​វៀតណាម។

ពួក​បាតុករ​បាន​ប្រមូលផ្តុំ​ក្នុង​ទីក្រុង​ហាណូយ​រៀងរាល់​ថ្ងៃ​អាទិត្យ​អស់​រយៈពេល​ ប្រមាណ​ ១០​ សប្តាហ៍​ដើម្បី​ប្រឆាំង​នឹង​សកម្មភាព​របស់​ប្រទេស​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង។​ រដ្ឋាភិបាល​បាន​ឲ្យដឹង​ថា​ នាវា​របស់​ប្រទេស​ចិន​បាន​ជ្រៀតជ្រែក​ដោយ​ចេតនា​នៅក្នុង​សកម្មភាព​រុករក​ប្រេង​នៅក្នុង​តំបន់​ទឹក​ជម្លោះ​ក្បែរ​ឆ្នេរសមុទ្រ​របស់​ខ្លួន។

សម្រាប់​ការតវ៉ា​លើកមុន​ៗ​ គេ​ឃើញ​មាន​ការចូលរួម​យ៉ាង​សប្បាយ​ក្នុងចំណោម​ ហ្វូង​អ្នកតវ៉ា​ ដោយ​អ្នកតវ៉ា​ច្រៀង​ចំរៀង​ និង​និយាយ​លេង​ជាមួយ​មិត្តភ័ក្រ្ត។​ ប៉ុន្តែ​ពេលនេះ​ បរិយាកាស​នៃ​ការតវ៉ា​មាន​លក្ខណៈ​សាហាវ​ជាងមុន។

រយៈពេល​ប៉ុន្មាន​នាទី​ក្រោយមក​ រថយន្ត​ទ្រុង​របស់​ប៉ូលីស​ទទេរ​មួយ​បាន​ឈប់​ក្បែរ​ពួក​អ្នកតវ៉ា។​ មនុស្ស​មួយក្រុម​ក្នុង​សំលៀកបំពាក់​ស៊ីវិល​បាន​ចាប់ខ្លួន​អ្នកតវ៉ា​មួយចំនួន​ភ្លាមៗ​ និង​រុញ​បញ្ចូល​ទៅក្នុង​រថយន្ត​នោះ។​ មួយសន្ទុះ​ក្រោយមក​ រថយន្ត​នោះ​ផ្ទុក​ពេញ​ទៅដោយ​មនុស្ស​ រីឯ​អ្នកតវ៉ា​ជាច្រើន​ទៀត​នៅតែ​ស្រែក​តវ៉ា​ដដែល។

ការបង្រ្កាប​បាន​កើតឡើង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​គណៈកម្មការ​ប្រជាជន​ ហាណូយ​ប្រកាស​ឲ្យ​បញ្ឈប់​ការតវ៉ា​ ដោយ​ធ្វើការ​ព្រមាន​ថា​រដ្ឋាភិបាល​នឹង​អនុវត្ត​នូវ​ «វិធានការ​ចាំបាច់»​ ដើម្បី​ប្រឆាំង​អ្នក​ដែល​មិន​គោរព​តាម។

សេចក្តីប្រកាស​បាន​ចោទប្រកាន់​ថា​ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ​ ពួកប្រឆាំង​នៅ​ក្នុង​ និង​ក្រៅ​ប្រទេស​បាន​ញុះញង់​ឲ្យមាន​បាតុកម្ម​ និង​ដឹកនាំ​បាតុកម្ម។​ សេចក្តីប្រកាស​ទាមទារ​ឲ្យ​អ្នកចូលរួម​បញ្ឈប់​នូវ​រាល់​សកម្មភាព​ និង​ការជួបជុំ​ ទាំងអស់​នៅក្នុង​ទីក្រុង។

លោក​ ហ្វីល​ រ៉ូបឺតសឹន​ (Phil Robertson)​ មកពី​អង្គការ​ Human​ Rights​ Watch​ ប្រឆាំង​នឹង​សេចក្តីប្រកាស​នេះ។

«ក្នុង​ករណី​ភាគច្រើន​ ដោយ​ផុសចេញ​ពី​អារម្មណ៍​ស្នេហា​ជាតិ​ គេ​ឃើញ​ប្រជាពលរដ្ឋ​វៀតណាម​សាមញ្ញ​មិន​សប្បាយចិត្ត​ជាមួយ​នឹង​អ្វី​ដែល​ប្រទេសចិន​កំពុង​ធ្វើ​ ហើយ​ពួកគេ​គឺជា​អ្នក​ដែល​ចូលរួម​នៅក្នុង​ការតវ៉ា​នេះ។​ ដើម្បី​លាភ​ពណ៌​អ្នក​ទាំងនោះ​ថា​ជា​ផ្នែក​នៃ​បដិវត្ត​ យើង​មិន​ឃើញ​មាន​ភស្តុតាង​ណាមួយ​គាំទ្រ​ការ​ចោទប្រកាន់​នេះ​ទេ»។

កាលពី​ថ្ងៃសុក្រ​ ក្រុម​បញ្ញវ័ន្ត​ដ៏​ល្បី​ឈ្មោះ​ចំនួន​ ២៥​ នាក់​ រួមទាំង​វីរបុរស​សង្រ្គាម​ ចូលនិវត្តន៍​បាន​ផ្ញើរ​ញត្តិ​ទៅកាន់​គណៈកម្មការ​ប្រជាជន​ទីក្រុង​ហាណូយ​តវ៉ា​នឹង​ បទបញ្ជា​របស់​គណៈកម្មការ​នោះ។​ ញត្តិ​នេះ​បដិសេធ​ថា​ការតវ៉ា​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​នៅ​ក្រៅ​ប្រទេស​នោះទេ​ ដោយ​បរិយាយ​ថា​ ការ​តវ៉ា​នេះ​បាន​បង្ហាញ​នូវ​រូបភាព​ដ៏​ល្អ​នៃ​ការស្នេហា​ជាតិ​របស់​ប្រជាពលរដ្ឋ។​ លោក​ រ៉ូបឺតសឹន​ (Robertson)​ បាន​និយាយ​ថា​ ក្រុម​មន្រ្តី​រដ្ឋាភិបាល​ខ្លួនឯង​អាច​នឹង​បែកបាក់​ ដោយសារ​អ្វី​ដែល​ត្រូវ​ធ្វើ​ជាមួយនឹង​អ្នកតវ៉ា។

«រឿង​ដែល​គួរឲ្យ​ចាប់អារម្មណ៍​បំផុតនោះ​គឺ​ថា​ចំពោះ​បទបញ្ជា​ផ្លូវការ​ គេ​ឃើញ​មាន​បិទ​តែម៍​ផ្លូវការ​ ប៉ុន្តែ​គេ​មិន​ឃើញ​នរណា​ម្នាក់​ចុះ​ហត្ថលេខា​លើ​បទបញ្ជា​នោះទេ។​ គេ​ឆ្ងល់​ថា​ តើ​អាច​មាន​ការបែកបាក់​ខ្លះ​នៅក្នុង​ក្រុម​មន្រ្តី​រដ្ឋាភិបាល​វៀតណាម​ឬ​ក៏​អត់​ ស្រប​ពេល​ដែល​រដ្ឋាភិបាល​កំពុង​ព្យាយាម​ចាប់​ដាក់​ឃុំ​ចំពោះ​ជនណា​ ដែល​លើកឡើង​ពី​ការខ្វាយខ្វល់​ចំពោះ​បញ្ហា​គោលនយោបាយ​ការបរទេស​ចិន​ចំពោះ​ប្រទេស​វៀតណាម»។

ការ​ចាប់ខ្លួន​កាលពី​ថ្ងៃអាទិត្យ​បាន​កើតឡើង​ស្រដៀង​គ្នា​នឹង​ការបង្រ្កាប​កាលពី​ថ្ងៃ​ទី​ ១៧​ ខែ​កក្កដា​ ដោយ​នៅពេល​នោះ​ អ្នកតវ៉ា​ចំនួន​ ៤០ នាក់​ត្រូវបាន​គេ​រុញ​បញ្ចូល​ទៅក្នុង​រថយន្ត​ទ្រុង​របស់​ប៉ូលីស​ បញ្ចូន​ទៅកាន់​ប៉ុស្តិ៍​ប៉ូលីស​ និង​ដាក់ឃុំ​អស់​រយៈពេល​ជាច្រើន​ម៉ោង។

ហេតុការណ៍​នេះ​បាន​កើតឡើង​បន្ទាប់ពី​ការចរចារ​លើកដំបូង​រវាង​ប្រទេស​ចិន​ និង​ប្រទេស​វៀតណាម​អំពី​ជម្លោះ​ដែន​សមុទ្រ​ ដោយ​ភាគី​ទាំងពីរ​យល់ស្រប​លើ​ការ​ «ពន្យល់​សាធារណជន​ឲ្យ​យល់​ពី​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល»។

ទោះបីជា​វីដេអូ​ខ្លី​អំពី​មន្ត្រី​ប៉ូលីស​មួយ​រូប​វាយ​ទៅលើ​អ្នកតវ៉ា​ម្នាក់​ ដែល​បាន​ទាញ​ ចំណាប់​អារម្មណ៍​ឲ្យមាន​ការថ្កោលទោស​ជា​សាធារណៈ​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​ត្រូវបាន​ដាក់​បង្ហាញ​តាម​អ៊ីនធឺណែត​ក៏ដោយ​ ក៏​គេ​អនុញ្ញាត​ឲ្យ​បន្ត​ការតវ៉ា​ដដែល។

លោក​សាស្ត្រាចារ្យ​ ខាល​ ថេអឺរ៍​ (Carl Thayer)​ មកពី​សាកលវិទ្យាល័យ​ New​ South​ Wales​ នៃ​ប្រទេស​អូស្រ្តាលី​មាន​ប្រសាសន៍​ថា​ ការ​គាបសង្កត់​លើ​ការតវ៉ា​ស្រដៀងគ្នា​នេះ​នៅក្នុង​ទីក្រុង​ហូជីម៉ិញ​ បន្ទាប់ពី​រយៈពេល​ពីរ​សប្តាហ៍​កន្លងមក​ក៏​បាន​ធ្វើឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​និយាយ​អាក្រក់​ពី​រដ្ឋាភិបាល​ផងដែរ។

«ភាពឃោរឃៅ​នៃ​ការបង្រ្កាប​នៅក្នុង​ទីក្រុង​ហូជីម៉ិញ​ធ្វើឲ្យ​ប៉ះពាល់​ដល់​រដ្ឋាភិបាល​ ដោយ​យើង​ឃើញមាន​កំហឹង​ដ៏​ពិតប្រាកដ​ផ្ទុះឡើង​ចំពោះ​ភាពឃោរឃៅ​នោះ»។

ប៉ុន្តែ​ការបង្រ្កាប​នៅ​ភាគខាងត្បូង​ប្រទេស​វៀតណាម​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​បង្កើត​ការតវ៉ា​បន្ថែម​ទៀត។

ស្របពេល​ដែល​សាច់ញាតិ​ និង​មិត្តភ័ក្រ្ត​របស់​អ្នកជាប់ឃុំ​នៅក្នុង​ទីក្រុង​ហាណូយ​រងចាំ​ដំណឹង​ពី​គ្រួសារ​ និង​មិត្តភ័ក្រ្ត​ គេ​នៅតែ​មិន​ច្បាស់​អំពី​ថាតើ​ការបង្ក្រាប​ថ្មីៗ​នេះ​បាន​បញ្ចប់​ការធ្វើ​បាតុកម្ម​ជា​សាធារណៈ​ដ៏​កំរ​ដែល​មាន​រយៈពេល​ ១០​ សប្តាហ៍​នៅក្នុង​ប្រទេស​កុម្មុយនីស្ត​នេះ​ ឬ​យ៉ាងណា​នោះ៕

ប្រែសម្រួល​ដោយ​ ភី​ សុភាដា

XS
SM
MD
LG