ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ចាប់​ខ្លួន​មន្ត្រី​ការងារ​វៀតណាម​ដែល​ជា​អ្នក​កែទម្រង់​អាច​ប៉ះពាល់​លក្ខខណ្ឌ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក


រូបឯកសារ៖ ថ្នាក់ដឹកនាំ​សហរដ្ឋ​អាមេរិក​និង​ថ្នាក់ដឹកនាំ​រៀតណាម​ពិភាក្សា​គ្នា​នៅ​ក្នុងជំនួបមួយនៃ​ដំណើរទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក​លោក Joe Biden នៅ​ទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។
រូបឯកសារ៖ ថ្នាក់ដឹកនាំ​សហរដ្ឋ​អាមេរិក​និង​ថ្នាក់ដឹកនាំ​រៀតណាម​ពិភាក្សា​គ្នា​នៅ​ក្នុងជំនួបមួយនៃ​ដំណើរទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក​លោក Joe Biden នៅ​ទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការងារ​វៀតណាម​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ ​«បញ្ចេញ​ការ​សម្ងាត់​រដ្ឋ​ដោយ​ចេតនា»។ ​នេះ​បើ​យោង​តាម​សេចក្តី​រាយ​ការណ៍​របស់​ទី​ភ្នាក់ងារ​សារ​ព័ត៌មាន ​AP ​ដែល​បាន​ដកស្រង់​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​នគរបាល​វៀតណាម ​នៅ​ថ្ងៃ​ទី​ ៩​ ខែ​ឧសភា។ ​ក្រុម​អ្នក​វិភាគ​ថា​ ការ​ចាប់​ខ្លួន​នេះ​អាច​ប៉ះពាល់​កិច្ច​ប្រឹងប្រែង​របស់​វៀតណាម​ក្នុង​ការ​ទទួល​បាន​លក្ខខណ្ឌ​ពាណិជ្ជ​កម្ម​ល្អ​ប្រសើរ​ជាង​មុន​ សម្រាប់​នាំ​ចេញ​ទំនិញ​ទៅ​កាន់​សហ​រដ្ឋ​អាមេរិក។​

គ្មាន​សេចក្តី​ពិស្តារ​អំពី​ការ​ចាប់​ខ្លួន​មេធាវី​លោក ​Nguyen Van Binh ​ក្រៅ​ពី​ការ​ប្រកាស​តាម​គេហ​ទំព័រ​របស់​ប៉ូលិស​ក្នុង​រដ្ឋធានី​ហាណូយ​នោះ​ទេ​ តែ​សកម្មជន​សិទ្ធិ​មនុស្ស​ចោទ​សួរ​ថាតើ លោក​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​សារ​លោក​គាំទ្រ​គំនិត​បង្កើត​សហជីព​ឯករាជ្យ ​ដែល​ត្រូវ​បាន​ហាម​ដោយ​រដ្ឋាភិបាល​កុម្មុយនីស្តឬយ៉ាងណា។​

ក្រុម​សកម្ម​ជន​ក៏​និយាយ​ដែរ​ថា​ នេះ​ជា​សញ្ញា​នៃ​ការ​បន្ត​ការ​គាប​សង្កត់ ​ដែល​ពី​មុន​តម្រង់​គោល​ដៅ​ជា​ពិសេស​លើ​អ្នក​សរសេរ​កំណត់ត្រា​លើ​អ៊ីនធឺណិត ​គឺ​សកម្មជន​បរិស្ថាន​និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល។​

លោក​ Binh ​ដែល​ជា​ប្រធាន​នាយកដ្ឋាន​នីតិកម្ម​នៃ​ក្រសួង​ការងារ ​ទុព្វល​ជន ​និង​សង្គមកិច្ច​វៀតណាម ​អាច​ប្រឈម​ជាប់​ពន្ធនាគារ​ពី​ ២ឆ្នាំ ​ទៅ ​១៥​ឆ្នាំ ​ពី​បទ​បញ្ចេញ​ការ​សម្ងាត់​រដ្ឋ​ក្រោម​ច្បាប់​នៃ​ប្រទេស​ផ្តាច់ការ​ដែល​មាន​បក្ស​តែ​មួយ​នេះ។​

ប្រវត្តិ​រូប​សង្ខេប​របស់​លោក​ Binh ​នៅ​លើ​គេហ​ទំព័រ​របស់​អង្គការ​សហ​ប្រតិបត្តិ​ការ​ សេដ្ឋកិច្ច ​និង​អភិវឌ្ឍន៍​កាល​ពី​ឆ្នាំ​មុន​ (Organization for Economic Cooperation and Development) បង្ហាញ​ថា​ មេធាវី​វ័យ​ ៥១ ​ឆ្នាំ​រូប​នេះ ​ក៏​ធ្វើ​ការ​ឲ្យ​អង្គការ​ពលកម្ម​អន្តរជាតិ​របស់​អង្គការ​សហ​ប្រជាជាតិ​ផង​ដែរ។​

ការ​ចាប់​ខ្លួន​លោក​ត្រូវ​បាន​រាយ​ការណ៍​មុន​គេ​កាលពី​ដើម​ខែ​ឧសភា​ ដោយ​អង្គការ ​The 88 Project ​ជា​អង្គការ​ពហុជាតិ​តូច​មួយ​ដែល​តាម​ដាន​និង​លើក​កម្ពស់​សិទ្ធិ​មនុស្ស​និង​សេរីភាព​ពលរដ្ឋ​ក្នុង​ប្រទេស​វៀតណាម។ ​អង្គការ​នេះ​ហៅ​លោក ​Binh ​ថា​ ជា​អ្នក​កែ​ទម្រង់​ម្នាក់​ដែល​គាំទ្រ​សហជីព​ឯករាជ្យ។​

កាលពីខែ​កុម្ភៈ ​អង្គការ​ The 88 Project ​បាន​ចេញ​ផ្សាយ​អ្វី​ដែល​ អង្គការ​នេះ​ពណ៌នា​ថា​ ជា​សារាចរណ៍​សន្តិសុខ​ជាតិ​សម្ងាត់​ឆ្នាំ​ ២០២៣ ​របស់​បក្ស​កុម្មុយនីស្ត​កាន់​អំណាច​នៅ​ប្រទេស​វៀតណាម ​ដែល​បញ្ជា​ឲ្យ​បង្ក្រាប​លើ​ក្រុម​កម្មករ ​អង្គការ​សង្គម​ស៊ីវិល ​និង​អង្គការ​បរទេស​ទាំង​ឡាយ​ណា ​ដែល​រដ្ឋ​ចាត់​ទុក​ថា​ជា​ការ​គំរាម​ដោយ​សន្តិសុខ​ជាតិ។​

អង្គការ ​The 88 Project​ថា​ លោក ​Binh បាន​ដឹកនាំ​កិច្ច​ខិតខំ​ដើម្បី​ផ្តល់​សច្ចាប័ន​ដល់​អនុសញ្ញា​អង្គការ​ពលកម្ម​អន្តរជាតិ​លេខ​ ៨៧​ របស់​អង្គការ​សហ​ប្រជាជាតិ។ ​បើ​ត្រូវ​បាន​អនុម័ត ​អនុសញ្ញា​នេះ​នឹង​ធានា​សិទ្ធិ​កម្មករ​ក្នុង​ការ​បង្កើត​សហជីព​ឯករាជ្យ​ដោយ​មិន​ចាំបាច់​មាន​ការ​អនុញ្ញាត​ជា​មុន។​

បញ្ហា​កំណែ​ទម្រង់​ការងារ​មាន​សារៈ​សំខាន់​ចំពោះ​ប្រទេស​វៀតណាម ​ដើម្បី​ហេតុផល​សេដ្ឋកិច្ច។​

នៅ​ខែ​កញ្ញា​ឆ្នាំ​មុន ​ពេល​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​លោក ​Joe Biden ​ធ្វើ​ទស្សន​កិច្ច​នៅ​វៀតណាម ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុង​ហាណូយ​បាន​បង្កើន​ទំនាក់ទំនង​ការទូត​ខ្ពស់​បំផុត​របស់​ពួកគេ​រហូត​ដល់​ «ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ»។ ​ក្រុម​អ្នក​វិភាគ​ថា​ ការ​ធ្វើ​បែប​នេះ​ឆ្លុះ​បញ្ចាំង​ពី​បំណង​សហ​រដ្ឋ​អាមេរិក​ក្នុង​ការ​យក​វៀតណាម​ជា​សម្ព័ន្ធ​មិត្ត ប្រឆាំង​គូ​ប្រជែង​មហា​អំណាច​ចិន។​

តែ​វៀតណាម​នៅ​តែ​ស្ថិត​ក្នុង​បញ្ជី​ប្រទេស​ចំនួន ​១២ ​រួម​ទាំង​ចិន​និង​រុស្ស៊ី​ផង​ ដែល​ត្រូវ​បាន​សហ​រដ្ឋ​អាមេរិក​ចាត់​ថ្នាក់​ជា​ប្រទេស​គ្មាន​ទីផ្សារ​សេរី​ ដោយ​ទីផ្សារ​កំណត់​មួយ​ភាគ​ធំ​ដោយ​រដ្ឋ។​

នៅ​ពេល​ដំណាល​គ្នា​នឹង​ទស្សនកិច្ច​របស់​លោក ​Biden ​វៀតណាម​បាន​ស្នើ​ឲ្យ​ក្រសួង​ពាណិជ្ជ​កម្ម​សហ​រដ្ឋ​អាមេរិក​កំណត់​ថា តើ​វៀតណាម​អាច​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​ផ្លូវ​ការ​ថា​ជា​ប្រទេស​មាន​ទីផ្សារ​សេរី​បាន​ដែរ​ឬ​ទេ។ ​ការណ៍​នេះ​អាច​បញ្ចុះ​អត្រា​ពន្ធ​លើ​ទំនិញ​នាំ​ចេញ​ពី​វៀតណាម​ចូល​សហរ​ដ្ឋ​អាមេរិក ​ដែល​ជា​ទីផ្សារ​ធំ​ជាង​គេ​របស់​វៀតណាម។​

ក្រសួង​ពាណិជ្ជ​កម្ម​អាមេរិក​កាល​ពី​ថ្ងៃ​ទី ​៨ ​ខែ​ឧសភា ​បាន​រៀបចំ​វេទិកា​សាធារណៈ​អំពី​ការ​ដំឡើង​កម្រិត​ទំនាក់​ទំនង​នេះ ​ហើយ​រំពឹង​ថា​នឹង​បញ្ចប់​ការ​ពិនិត្យ​របស់​ខ្លួន​នៅ​ខែ​កក្កដា។ ​

ទោះបី​ជា​ការ​កំណត់​ឋានៈ​ត្រូវ​គេ​សន្មត់​ថា​ ​ធ្វើ​ឡើង​តាម​លក្ខខណ្ឌ​តម្រូវ​ខាង​សេដ្ឋកិច្ច​ដ៏​តឹងរឹង​ក៏​ដោយ​ ក៏​កត្តា​ចំហ​មួយ​អនុញ្ញាត​ឲ្យ​ពិចារណា​លើ​បញ្ហា​ដូច​ជា​សិទ្ធិ​ការងារ​ជាដើម​ ដែល​អាច​ថ្លឹង​ថ្លែង​លើ​ការ​ផ្លាស់​ប្តូរ​ទៅ​រក​ឋានៈ​ទីផ្សារ​សេរី។​

វៀតណាម​អះអាង​ថា​ ច្បាប់​ការងារ​របស់​ខ្លួន​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ​រួម​ទាំង​ការ​កំណត់​ប្រាក់​ឈ្នួល​ទៅ​តាម​ការ​ចរចា​ដោយ​សេរី​រវាង​កម្មករ​និង​និយោជក។​

តែ​ក្រសួង​ការ​បរទេស​អាមេរិក​និង​ក្រុម​សិទ្ធិ​មនុស្ស​ថា ការណ៍​នេះ​មិន​ពិត​ទេ។​

លោក ​John Sifton ​នាយក​ខាង​តស៊ូ​មតិ​សម្រាប់​តំបន់​អាស៊ី​នៃ​អង្គការ​ Human Rights Watch ​ថ្លែង​នៅ​ថ្ងៃ​ទី ​៨ ​ខែ​ឧសភា​ថា៖ ​«វា​មិន​ពិត​ទាំង​ស្រុង​ក្នុង​ការ​អះអាង​ថា កម្មករ​វៀតណាម​អាច​រៀបចំ​សហជីព​បាន​ឬ​ថា​ ប្រាក់​ឈ្នួល​របស់​ពួកគេ​គឺ​ជា​លទ្ធផល​នៃ​ការ​ចរចា​ដោយ​សេរី​រវាង​កម្មករ​និង​ថៅកែ​នោះ»។​

លោក​បន្ថែម​ថា៖ ​«គ្មាន​សហជីព​ឯករាជ្យ​នៅ​វៀតណាម​ទេ ​ហើយ​ក៏​គ្មាន​ក្របខណ្ឌ​ច្បាប់​សម្រាប់​បង្កើត​សហជីព ​ឬ​ក៏​មិន​ឲ្យ​កម្មករ​អនុវត្ត​សិទ្ធិ​ការងារ​ដែរ»។

ការ​បង្កើន​កម្រិត​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​ក៏​មាន​សារៈ​សំខាន់​ជា​និម្មិត​រូប​សម្រាប់​រដ្ឋាភិបាល​វៀតណាម​ដែរ។ ​នេះ​បើ​យោង​តាម​លោក​ Murray Hiebert ​អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​កម្មវិធី​អាស៊ី​អាគ្នេយ៍​នៅ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​និង​អន្តរជាតិ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។​

លោក ​Hiebert​ ថា ​មន្ត្រី​វៀតណាម​ចាត់​ទុក​ថា​ ចំណាត់​ថ្នាក់​ជា​បន្ត​របស់​អាមេរិក​ថា វៀតណាម​ជា​ «ប្រទេស​គ្មាន​ទីផ្សារ​សេរី​នោះ​គឺ​ជា​ការ​មាក់ងាយ​និង​ឡប់​សតិ ​បើ​គិត​ពី​សារៈ​សំខាន់​របស់​វៀតណាម​ចំពោះ​សហ​រដ្ឋ​អាមេរិក​ក្នុង​នាម​ជា​ដៃគូ​ពាណិជ្ជ​កម្ម​និង​វិនិយោគ»។​

ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​ហាណូយ​មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ទេ​ ចំពោះ​ការ​ស្នើ​សុំ​អត្ថាធិប្បាយ​របស់ ​AP។​

ប្រែសម្រួល​ដោយ​លោក សាយ មុន្នី

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG