ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្រ្តី​វៀតណាម​អា​ច​រក្សា​ដំណែង ខណៈ​ដែល​ការ​តស៊ូ​​ផ្នែក​​សេដ្ឋកិច្ច​កំពុង​បន្ត


លោក​នាយករដ្ឋមន្រ្តី ង្វៀន តាន់ឌុង (Nguyen Tan Dung) (កណ្តាល)
លោក​នាយករដ្ឋមន្រ្តី ង្វៀន តាន់ឌុង (Nguyen Tan Dung) (កណ្តាល)
ដោយ Marianne Brown
ប្រែសម្រួល​ដោយ​ ឌី ខាំ​បូលី
នាយករដ្ឋមន្រ្តី​វៀតណាមបង្ហាញ​ឱ្យឃើញ​ពី​ការ​រួចផុត​ពីបញ្ហាប្រឈមស្តីពីភាព​ជាអ្នកដឹកនាំ​កាលពី​សប្តាហ៍​មុន ជុំវិញ​ការ​ដោះ​ស្រាយ​របស់​លោកចំពោះវិស័យសេដ្ឋកិច្ច​ដែល​អនុវត្ត​មិនសូវ​ល្អ។
ក្រុមមន្រ្តី​បក្សកុម្មុយនីស្ត បាន​បញ្ចប់​ការប៉ាន់ស្មានដែល​ថា លោក​នាយករដ្ឋមន្រ្តី ង្វៀន តាន់ឌុង (Nguyen Tan Dung) អាចបាត់បង់​ការងារ​របស់​លោក នៅពេល​ដែល​ក្រុមមន្រ្តី​ទាំងនេះ​បាន​បញ្ចប់កិច្ច​ប្រជុំ​បក្ស​កម្រិត​ខ្ពស់​មួយ​កាលពី​ថ្ងៃច័ន្ទ។
គណៈកម្មាធិការ​មជ្ឈិមបក្ស​ដែល​មាន​សមាជិកចំនួន​១៧៥​នាក់ បាន​ជួប​ជុំគ្នា​រយៈពេល​ពីរសប្តាហ៍ ដើម្បី​ពិភាក្សា​អំពី​ប្រធានបទ​នៅក្នុង​បញ្ជី​យ៉ាង​វែង​ រាប់​ចាប់តាំងពី​កំណែ​ទម្រង់​សេដ្ឋកិច្ច​រហូតដល់​ ការ​ប្រើប្រាស់​ដីធ្លី​និង​ការអប់រំជាដើម។
ដំណោះស្រាយចំពោះអ្វី​ដែល​ជាទូទៅ​គឺជាព្រឹត្តិការ​តូចមួយ បាន​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​អន្តរជាតិ បន្ទាប់ពី​មាន​ការចាប់ខ្លួន​ជាច្រើន ជុំវិញ​រឿង​អាស្រូវ​ធនាគារ​ និង​ការបោះពុម្ព​ផ្សាយ​នៅក្នុង​គេហទំព័រ​នយោបាយ​នៃ​ឯកសារ​ដែលបាន​រិះគន់​ខ្លាំងៗ​ទៅលើ​លោក​នាយករដ្ឋមន្រ្តី​ដែលមាន​វ័យ​៦២​ឆ្នាំរូបនេះ​ ដែល​មនុស្ស​ជាច្រើន​បាន​ស្តីបន្ទោស​ចំពោះ​វិបត្តិ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ។
នៅក្នុង​សុន្ទរកថា​មួយ​ដែល​ត្រូវបាន​ចាក់ផ្សាយ​នៅទូទាំង​ប្រទេស នៅពេល​បញ្ចប់កិច្ច​ប្រជុំ លោក ង្វៀន ភូត្រុង (Nguyen Phu Trong) ដែល​ជា​លេខាបក្ស​ បាន​សុំ​អភ័យទោស​ចំពោះ​ការគ្រប់គ្រង​មិនបាន​ល្អ ផ្នែកសេដ្ឋកិច្ច​ដែល​កំពុងតែ​មានភាពត្រដាប​ត្រដួស។
លោក ត្រុង បាន​ថ្លែង​ថា បក្ស​បាន​ប្រព្រឹត្ត​កំហុស​ធំៗ​មួយចំនួន ជាពិសេស មិនបាន​ទប់ស្កាត់​អំពើពុករលួយ និង​ភាព​បែក​ខ្ញែកនៅក្នុង​ចំណោម​សមាជិក​បក្ស​មួយចំនួន។ ទោះជាយ៉ាងនេះក្តី លោក​បាន​បន្ថែម​ថា សមាជិក​មួយរូប​ដែល​សមនឹង​ទទួលបាន​ការដាក់​ទណ្ឌកម្ម នឹង​ត្រូវបាន​លើកលែង។
មនុស្ស​ជាច្រើន​ជឿជាក់​ថា មនុស្ស​ម្នាក់​នោះ​គឺ​លោក​នាយករដ្ឋមន្រ្តី។
អ្នក​វិភាគ​ស្តីពី​ប្រទេស​វៀតណាម លោក ទួង វូ (Tuong Vu) ដែល​ជា​សាស្រ្តាចារ្យ​នៃ​សាកលវិទ្យា​ល័យ អូរីហ្គិន (University of Oregon) និយាយ​ថា គូបដិបក្ខ​របស់​លោកឌុង​ ខក​ខាន​មិន​បាន​បណ្តេញ​លោក​ចេញពី​អំណាច ប៉ុន្តែ ការថ្លែង​របស់​លោក ត្រុង គួរ​ត្រូវបាន​បកស្រាយ​ថា​ជាការព្រមាន​មួយ​ដល់​ក្រុម​អ្នកគាំទ្រ​លោក​នាយករដ្ឋមន្រ្តី។
«ដំបូង ពួកគេ​បាន​ព្យាយាម​នៅឯការិយាល័យ​នយោបាយ ហើយ​ពួកគេ​បាន​បរាជ័យ។ ពួកគេ​បាន​នាំ​យក​រឿងនេះ​ទៅ​គណៈមជ្ឈិមបក្ស ហើយ​ពួកគេ​បាន​បរាជ័យទៀត។ ហើយ​ឥឡូវនេះ ពួកគេ​ត្រូវតែ​ធ្វើការផ្លាស់ប្តូរ​ទៅលើ​រឿងនេះ ដូច្នេះ ពួកគេ​នឹង​ព្យាយាម​សារភាព​អំពី​ភាពបរាជ័យនេះ​ ហើយ​ព្យាយាម​ប្រមូល​ការគាំទ្រ​សម្រាប់​ក្រុម​របស់​ពួកគេ ហើយ​ផ្ញើ​សារ​ព្រមាន​មួយ ទៅឱ្យ​ក្រុម​របស់​លោក​នាយក​រដ្ឋមន្រ្តី»។
លោក ឌុង បាន​បង្កើត​មូលដ្ឋានទ្រទ្រង់​នយោបាយ​របស់​លោក ដោយសម្រេចបាន​នូវ​អត្រា​កំណើន​សេដ្ឋកិច្ច​ខ្ពស់។ នៅក្រោម​ការ​ដឹកនាំរបស់​លោក ប្រទេស​វៀតណាម ផ្តោត​ទៅលើ​ការក្លាយ​ទៅជា​អ្នក​ផលិត​កប៉ាល់​នាំមុខគេ​នៅក្នុង​ពិភពលោក។ គោលដៅ​នេះ​ត្រូវបាន​បរាជ័យទៅវិញ ដោយសារតែ​បញ្ហា​វិបត្តិ​ហិរញ្ញវត្ថុ​សកលលោក​ ហើយបន្ទាប់មកដោយសាររឿង​អាស្រូវ​អំពើ​ពុករលួយយ៉ាង​ធំធេង។
មុន​ពេល​ឈាន​ដល់​ការប្រជុំនេះ​ អ្នក​វិភាគ​មួយចំនួន​បាន​ទស្សទាយ​ថា លោក ឌុង នឹង​ត្រូវបាន​បណ្តេញ​ចេញ​ពីអំណាច ដោយ​គូបដិបក្ខ​របស់​លោក គឺ​លោក​ប្រធានាធិបតី ត្រួង តានសាង (Truong Tan Sang) និង​លេខាបក្ស លោក ត្រុង។
ទោះជាយ៉ាងនេះក្តី អ្នកវិភាគ​ផ្នែក​សន្តិសុខ​តំបន់​ ​សាស្រ្តាចារ្យ ខាល ថៃយ័រ (Carl Thayer) និយាយ​ថា ការផ្លាស់ប្តូរ​ដ៏គួរ​ឲ្យ​កត់​សម្គាល់មួយ​ នឹង​មិនអាច​ទៅរួចទេ បើ​ពិនិត្យ​មើល​ពីការសមាសភាពគណៈកម្មាធិការ​មជ្ឈិម​ដ៏មាន​អំណាច​របស់​ប្រទេស​នេះ។
«ប្រហែល​៤០​ភាគរយ​នៃ​សមាជិក​គណៈកម្មាធិការ​មជ្ឈិម បាន​ចូល​ក្នុងគណៈកម្មាធិការ​នេះ​ដោយ​សារ​តែ​រូបលោក។ នេះ​គឺ​គ្រាន់តែជា​តួរលេខប៉ាន់ស្មាន​តែប៉ុណ្ណោះ។ អ្នក​ទាំងនេះ​នឹង​ប្រឆាំង​ទៅនឹង​ការដកលោក​ចេញដំណែង​ ពីព្រោះ​វានឹង​មិនអាច​ដោះស្រាយ​បញ្ហា​បានទេ។ បញ្ហាជាមួយ​ប្រព័ន្ធ​ប្រភេទនេះ គឺមិនមាន​អ្វី​ឯករាជ្យ​នោះទេ។ អ្វីៗគ្រប់យ៉ាង​គឺ​អាស្រ័យលើ​បក្សទាំង​អស់។»
លោក ថៃយ័រ និយាយ​ថា លោក​នាយករដ្ឋមន្រ្តី​ប្រហែលជាអាចរក្សា​ដំណែង​របស់​លោកបាន ប៉ុន្តែ អំណាច​របស់​លោក​ត្រូវបាន​បំផ្លាញ។
លោក​នាយករដ្ឋមន្រ្តី ឌុង ត្រូវបាន​ផ្តល់ឱ្យ​នូវ​របៀប​វារៈ​មួយ ដើម្បី​ធ្វើ​កំណែទម្រង់​សហគ្រាស​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ និង​ដោះស្រាយ​ប្រព័ន្ធ​ធនាគារ។ ការស៊ើបអង្កេត​បន្ថែមទៀតទៅលើ​ក្រុមហ៊ុន​ផលិត​កប៉ាល់​យ៉ាង​ធំ ឈ្មោះ​ក្រុមហ៊ុន វីណាស្សីន (Vanashin) និង វីណាឡាញស៍ (Vanalines) ក៏ត្រូវបាន​ជ្រើសរើស​យក​មកពិភាក្សា​ផងដែរ។
ក្រុមសេដ្ឋវិទូនិយាយ​ថា លទ្ធផល​នៃ​កិច្ច​ប្រជុំ​គឺជា​ដំណឹង​ល្អ​សម្រាប់​ក្រុម​វិនិយោគិន ដែល​អាច​មាន​ទំនុក​ចិត្តជាង​មុន ដែលថានៅទីបញ្ចប់​ កំណែ​ទម្រង់សេដ្ឋកិច្ច​ ​ត្រូវបាន​ដោះស្រាយ។
ឥឡូវនេះ​ លោក ឌុង ​ស្ថិតក្នុង​អាណត្តិ​ទីពីរ​របស់​លោក ហើយ​នឹង​ត្រូវ​ចូល​ដល់​អាយុ​ចូលនិវត្តន៍ នៅត្រឹម​ពេល​ដែល​មហាសន្និបាត​បក្ស​លើក​ក្រោយ​នឹង​ត្រូវបាន​ធ្វើឡើង។ លោក ថៃយ័រ និយាយ​ថា ប្រការ​នេះ​ក៏នឹង​ប៉ះពាល់​ដល់អំណាច​នយោបាយ​របស់​លោក​ផងដែរ ដោយសារ​ប្រជាពលរដ្ឋ​ប្រហែលជា​នឹង​មិនសូវ​ចង់ចងសម្ព័ន្ធភាពជាមួយ​លោក​ឡើយ។
«ប្រសិនបើ​អ្នក​បន្ត​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​លោក ង្វៀន តានឌុង អំណាច​របស់​លោក​កំពុង​ត្រូវបាន​កាត់បន្ថយ។ លោក​នឹង​មាន​អាយុ​៦៥​ឆ្នាំ នៅត្រឹម​មហាសន្និបាតលើក​ក្រោយ។ លោក​កាន់មុខ​ដំណែងរបស់​លោកចំនួនពីរអាណត្តិ​រួចមកហើយ ដូច​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដែរ ដែល​លោក​មាន​អាណត្តិ​ទីពីរគត់។ នៅទីបញ្ចប់ អំណាច​ចាប់ផ្តើម​សាបរលាប​ទៅវិញ»។
អ្នកផ្សេងទៀត​មិនយល់ស្របទេ ដោយ​និយាយ​ថា លោក ឌុង អាចបន្ត​នៅក្នុង​អំណាច​បាន​យ៉ាងល្អ ប៉ុន្តែដោយ​មានដំណែង​ផ្សេង​មួយ ដែល​អាច​ស្ថិត​នៅក្នុង​ដំណែង​ជាលេខាបក្ស។
ក្រុម​អ្នកវិភាគ​និយាយ​ថា ការប្រឆាំង​គ្នា​ប្រកបដោយ​ភាព​តានតឹង​ខ្ពស់ រវាងក្រុម​មេដឹកនាំ​ជាន់ខ្ពស់​របស់​ប្រទេស​នេះ គឺ​ជា​សញ្ញា​មួយ​នៃ​ការផ្លាស់ប្តូរ​ទំនាក់ទំនង​រវាង​រដ្ឋ​និង​បក្ស។ សាស្រ្តាចារ្យ វូ និយាយ​ថា រដ្ឋ​មានប្រាក់យ៉ាង​ច្រើនហើយ​មានអំណាច​យ៉ាងខ្លាំង នៅក្នុង​រយៈពេលប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដែល​ក្រុម​មេដឹកនាំ​បក្ស​ដូចជា​លោក ត្រុង កំពុង​បាត់បង់​ការគ្រប់គ្រង។
«មាន​ដំណើរការ​ជាធម្មជាតិ​មួយ​នៃ​កំណែទម្រង់​សេដ្ឋកិច្ច ដែល​ផ្តល់អំណាច​ច្រើនជាង​មុន​ទៅឱ្យ​រដ្ឋ ​ហើយ​ដែល​បណ្តាល​ឱ្យ​មនោគមវិជ្ជា ដែល​ថា​បក្សគឺ​ជា​ប្រព័ន្ធមួយ​ ដែល​ការគ្រប់គ្រង​របស់​បក្ស​កំពុង​បាត់បង់​ភាព​សមស្របរបស់ខ្លួន»។
វា​អាច​មាន​រយៈ​ពេល​ច្រើនឆ្នាំ​ នា​ពេលអនាគត ប៉ុន្តែ ក្រុម​អ្នក​សង្កេត​និយាយ​ថា ការផ្លាស់ប្តូរ​គឺមិនអាច​ជៀសផុត​ទេ ​សម្រាប់​ប្រទេស​វៀតណាម ខណៈពេល​ដែល​កំណែ​ទម្រង់​សេដ្ឋកិច្ច​លុបលើ​មនោគម​វិជ្ជា​កុម្មុយនីស្ត និង​ភាព​ស្របច្បាប់​របស់​បក្ស៕
XS
SM
MD
LG