ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​តវ៉ា​ប្រឆាំង​ចិន​ក្នុង​ប្រទេស​វៀតណាម​កាន់​តែ​មាន​ភាព​ច្នៃប្រឌិត


នៅ⁣ផ្សារមួយនៅ⁣រដ្ឋធានីហាណូយ អ្នកទិញ⁣ទំនិញ⁣ចាប់អារម្មណ៍ គុណភាព⁣ជាងនយោបាយ។ (M. Brown/VOA)
នៅ⁣ផ្សារមួយនៅ⁣រដ្ឋធានីហាណូយ អ្នកទិញ⁣ទំនិញ⁣ចាប់អារម្មណ៍ គុណភាព⁣ជាងនយោបាយ។ (M. Brown/VOA)
Marianne Brown​
សម្រួល​ដោយ ជឹង ប៉ូជីន​
ហាណូយ៖ ​ដោយ​មាន​ការ​ប្រឈម​មុខ​ចំពោះ​ការ​ដាក់​កំហិត​កាន់​តែ​កើន​ឡើងនៃ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ដោយអាជ្ញាធរ​វៀតណាម អ្នក​តវ៉ា​ដែល​ប្រឆាំង​គោលនយោបាយ​និង​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ចិន​ កំពុង​ស្វែង​រកមធ្យោបាយ​បែប​ច្នៃប្រឌិត​ផ្សេងៗ​ដើម្បី​បញ្ចេញមតិ​ដោយ​ខ្លួនឯង។

ដោយសារ​បណ្តាញ​ផ្សាយ​ព័ត៌មាន​វៀតណាម​បាន​ផ្សាយ​ច្រើន​អំពី​រឿង​អាវ​ទ្រនាប់ដែល​បណ្តាល​ឲ្យ​កើត​ជំងឺ​មហារីក​និង​ផ្លែ​ប៉ម​ពុលមក​ពី​ប្រទេស​ចិន ​មនុស្ស​ជា​ច្រើន​បាន​ព្យាយាម​មិន​ទិញទំនិញ​ចិន។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ​មនុស្ស​មួយ​ចំនួន​តូច​ទៀត ​បាន​ចាត់​វិធានការ​មួយ​ជំហាន​បន្ថែម​ទៀត​ហើយ​កំពុង​ប្រើប្រាស់​ជម្រើស​អតិថិជន​ជា​វិធី​មួយ​ដើម្បី​សម្តែង​ទស្សនៈ​នយោបាយ​របស់​ខ្លួន។
លោក​ Paulo Nguyen Thanh គ្រប់គ្រង​គេហទំព័រ​មាន​ឈ្មោះ​ថា​ «មិន​ទិញ​ទំនិញ​ចិន» ​ឬ​ជា​ភាសា​អង់គ្លេស​ថា​ No China Shopដែល​អនុញ្ញាតិ​ឲ្យផលិតករ​ក្នុង​ស្រុក​ដែល​មាន​ឈ្មោះ​ល្អ​ លក់ផលិតផល​ធ្វើ​នៅ​ក្នុង​ប្រទេស​វៀតណាម ​រួមមាន​តាំងពី​កាបូបរហូត​ដល់បន្លែ​ប្រើ​ជី​ធម្មជាតិ។ លោក​និយាយ​ទៀត​ថា​ លោក​មាន​អតិថិជន​២​ប្រភេទ​ អ្នក​ដែល​ព្រួយ​កង្វល់​អំពី​ផល​ប៉ះពាល់​អាក្រក់​លើ​ទំនិញ​ខ្វះ​ស្តង់ដារ​ ហើយ​អ្នក​ដែល​ចង់​សម្តែង​គំនិត​ជាតិនិយម។

លោក​ Thanh និយាយ​ថា​ គេហទំព័រ​នោះ​ ជា​ប្រភេទ​គេហទំព័រ​ ដែល​មាន​តែ​មួយនៅ​វៀតណាម​ ប៉ុន្តែ​គេហទំព័រ​នោះ​កំពុង​បង្ហាញ​ប្រជាប្រិយភាព។ ​ក្នុង​រយៈ​ពេល​២​ថ្ងៃ​ លោក​និយាយ​ថា​គេហទំព័រ​បាន​លក់​ទំនិញ​ប្រហែល​៤.០០០​មុខ។​ លោក ​Thanh ​និយាយ​ថា ផលិតផលចិន​មាន​ចំនួន​៩៥​ភាគរយនៃ​ទំនិញ​លើ​ទី​ផ្សារវៀតណាម។ លោក​និយាយ​ទៀត​ថា មនុស្ស​ជា​ច្រើន​នឹង​ចូលចិត្ត​ទិញ​ទំនិញ​ដែល​មិន​ធ្វើ​នៅ​ប្រទេស​ចិន​ ប៉ុន្តែ​ពួកគេ​គ្មាន​ជម្រើស។

ផលិតផល​ផ្តល់​ថ្មី​បំផុត​របស់​លោក​គឺ​ប្រភេទ​អាំងប៉ាវ​ពិសេស ដែល​គេស្កាល់​ថា​ Bao Li Xi ដែល​ដាក់​លុយ​ហើយ​នឹង​ឲ្យ​ជា​រង្វាន់​ក្នុង​អំឡុង​ពិធីចូល​ឆ្នាំ​ថ្មី​ចិន​ វៀតណាម​តាម​ប្រតិទិន​ចន្ទគតិ។

ប៉ុន្តែ​បន្ថែម​ពី​លើ​សារ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ ​មាន​ការ​រចនា​ដែល​រួមមាន​ផែនទី​វៀតណាម​និង​ពាក្យ​ផ្សេងៗ​ទៀត​ដូច​ជា «Hoang Sa, Truong Sa, Vietnam»​ដែល​មាន​ន័យ​ថា«ប្រជុំ​កោះ​ Paracel និង​ Spratly ជា​របស់​វៀតណាម»។ ​ចិន​បាន​ទាមទារ​ប្រជុំ​កោះ​ទាំង​នោះ​ហើយ​នឹង​សមុទ្រ​នៅ​ជុំវិញ​នោះ។

លោក​និយាយ​ថា​ នៅ​ពេល​ដែល​ទិញ​ទំនិញ​នៅ​ផ្សារ​ទំនើប (supermarkets)​លោក​កត់​សម្គាល់​ថា​ អាំងប៉ាវ​ដាក់​លុយ​ពេល​ចូល​ឆ្នាំ​វៀតណាម (Tet) ​ស្ទើរ​ទាំង​អស់​នាំ​ចូល​មក​ពី​ប្រទេស​ចិន​ដោយ​មាន​សរសេរ​អក្សរ​ចិន។ លោក​និយាយ​ទៀត​ថា បុណ្យ​ចូល​ឆ្នាំ​ Tet ជា​ពិធី​បុណ្យ​វៀតណាម​ ដូច្នេះ​ការ​រចនា​ត្រូវ​តែ​សរសេរ​ជា​ភាសា​វៀតណាម»។​

លោក​ Jonathan London ​អ្នក​ជំនាញការ​ខាង​ប្រទេស​វៀតណាម​និង​ជា​សាស្រ្តាចារ្យ​ជំនួយ​នៅ​សាកលវិទ្យាល័យ​ទី​ក្រុង​ហុងកុង និយាយ​ថា​ ការ​ត្អូញត្អែរអំពី​ការ​បំផ្លិច​បំផ្លាញ​របស់​ចិន​ដល់​សេដ្ឋកិច្ច​វៀតណាម​មាន​រាប់​ពាន់​ឆ្នាំ​មក​ហើយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ការ​ធ្វើ​ពហិការ​នា​ពេល​ថ្មីៗ​នេះ ​មួយផ្នែក​បាន​ត្រូវ​បណ្តុះ​គំនិតដោយ​នយោបាយ​ការបរទេសដ៏​គគ្លើន​របស់​ចិន។

ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ពួក​អាជ្ញាធរ​(វៀតណាម)​បាន​ឃុំ​ឃាំងពួក​បាតុករ​នៅ​ឯ​ការ​ប្រជុំ​មហាជន​ប្រឆាំង​ចិន​ បាន​ចាប់​ពួក​សកម្មជន​កាតូលិក​១៣​នាក់​ដាក់​គុកហើយ​នឹង​ចាប់​ខ្លួន​មេធាវី​ Le Quoc Quan ​សកម្មជន​ដ៏​ល្បីល្បាញ​ម្នាក់​ដែល​សកម្មភាព​នេះធ្វើ​ឲ្យ​មាន​ការ​បកស្រាយដោយ​មនុស្ស​ខ្លះ​ថា​ជា​ផ្នែក​មួយ​នៃ​ការ​បង្កើន​ការ​បង្ក្រាបលើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។

លោក​ London មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ ក្នុង​បរិយាកាស​នៃ​ការ​រឹតត្បិត​នេះ​ ជម្រើស​នៃ​ការ​ប្រើប្រាស់​ទំនិញ​ជា​មធ្យោបាយ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​វៀតណាម​សម្តែង​នូវ​ការ​បញ្ចេញ​មតិ​របស់​ខ្លួន។

«រដ្ឋ​មិន​អាច​ត្រួតត្រា​ការ​ប្រើប្រាស់​ទំនិញ​របស់​ប្រជាពលរដ្ឋ​ឲ្យ​តឹងតែង​ដូចពួក​គេ​ត្រួតត្រាការ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ​ទេ... ប្រជាពលរដ្ឋ​ទូទៅ​របស់​វៀតណាម ​បាន​ត្រូវ​រុញ​ឲ្យ​ទៅ​ដល់​ចំណុច​មួយ​ដែល​ចលនា​ផ្អែក​លើ​អ្នក​ប្រើប្រាស់​ទំនិញ​ ​ជា​ជម្រើសតែ​មួយ​គត់ដែល​ពួកគេអាច​ធ្វើ​បាន»។

អ្នក​ប្រើ​ប្រាស់​ទំនិញ​ភាគ​ច្រើន​មាន​ការ​ព្រួយ​កង្វល់អំពី​គុណ​ភាព​ជាង​គោល​នយោបាយ​ការបរទេស។

នៅ​ទី​ផ្សារ​កណ្តាល​វាល​មួយក្នុង​ទីក្រុង​ហាណូយ​ អ្នកស្រី Ngoc ​អាយុ​៣២ឆ្នាំ​ ​ជា​ម្ចាស់​តូប ​និយាយ​ថា​ ប្រជាពលរដ្ឋ​វៀតណាម​ជា​ច្រើន​មិន​ចូល​ចិត្ត​ទិញ​ទំនិញ​របស់​ចិន​ទេ ​ជា​ពិសេស​សត្វ​ស្លាប​ ផ្លែឈើ​និង​បន្លែ ប៉ុន្តែ​អ្នកស្រី​និយាយ​បន្ថែម​ទៀត​ថា អ្នកស្រី​និង​មិត្តភ័ក្រ្តរបស់​អ្នកស្រី​ មិន​មាន​យោបល់​ពី​បញ្ហា​នយោបាយ​ទេ។

អ្នកស្រី​និយាយ​ថា​ ​កាល​ពី​អតីតកាល​ ពលរដ្ឋ​វៀតណាម​ ​ទិញ​ទំនិញ​របស់​ចិន​ប៉ុន្តែ ពួកគេ​យល់​ដឹង​កាន់​តែ​ច្រើន​ហើយ​នៅ​ពេល​បច្ចុប្បន្ន​នេះ។ ​មនុស្ស​ជា​ច្រើន​ ​មាន​ការ​ព្រួយ​កង្វល់អំពី​ភាព​គ្រោះថ្នាក់​នៃ​ការ​ប្រើប្រាស់​សារធាតុ​គីមីដើម្បី​ធ្វើ​ឲ្យ​ទំនិញ​នៅ​ស្រស់ៗ»។

ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បង្អស់របស់​វៀតណាម​ ដោយ​មាន​ពាណិជ្ជកម្ម​ទ្វេភាគីឡើង​ដល់​៤១​ពាន់​លាន​ដុល្លា​នៅ​ឆ្នាំ​២០១២ ​ដោយ​កើន​ឡើង​ពី​ចំនួន៣៦​ពាន់​លាន​ដុល្លា​កាល​ពី​មួយ​ឆ្នាំ​មុន។ ​ការ​ពឹង​ផ្អែក​របស់​វៀតណាម​លើ​សេដ្ឋកិច្ច​របស់​ចិន​ ​បាន​ដាក់​ឲ្យ​ខ្លួនស្ថិត​ក្នុង​ស្ថានភាព​ដ៏ពិបាកខាង​នយោបាយ។ ប្រតិកម្ម​ប្រឆាំងរបស់​អ្នក​ប្រើ​ប្រាស់​ទំនិញ​ក្នុង​ប្រទេស​ចិន​លើ​ផលិត​ផល​របស់​ជប៉ុន កើត​មាន​ឡើង​បន្ទាប់ពី​មាន​ជម្លោះទឹក​ដីមួយ​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យក្រុមហ៊ុន​ជប៉ុន​សំខាន់ៗ​ ​ខាត​បង់ប្រាក់​ចំណេញ​យ៉ាង​ច្រើន។

ទោះ​ជាយ៉ាង​ណា​ក៏​ដោយ​ លោក​ London និយាយ​បន្ត​ទៀត​ថា​ ការ​ធ្វើ​ពហិការ​មិនប្រើ​ប្រាស់​ផលិតផល​របស់​ចិន​ក្នុង​ប្រ​ទេសវៀតណាម មិន​ទំនង​មាន​ផល​ប៉ះ​ពាល់​ធំ​ដុំ​ទេ។

«បើ​ពហិការ​នេះ​មាន​ល្បឿន​ទៅ​មុខ​ហើយដឹង​ឮ​ច្រើន​នៅ​ក្នុង​ប្រទេស​ចិន​ ​ដូច្នេះ​ខ្ញុំ​គិត​ថា​ វា​អាចក្លាយ​ជា​មាន​ឥទ្ធិពល ប៉ុន្តែ​តាម​ការ​វិនិច្ឆ័យ​របស់​ខ្ញុំ​ គឺ​ថា​ នៅ​ពេល​បច្ចុប្បន្ន​នេះ​វា​គ្រាន់​ជា​ការ​សម្តែង​ការ​ប្រឆាំងនិង​ការ​ខឹង​សម្បារ​ដល់​គោល​នយោបាយ​ការបរទេស​របស់​ចិន​នៅ​ក្នុង​វៀតណាម»។

លោក London​ និយាយ​ថា ស្ថានភាព​ដែល​មាន​នៅ​ពេល​សព្វ​ថ្ងៃ​របស់​វៀតណាម​ដែលធ្លាប់​មាន​ជា​ដរាប​មក ​ហើយ​នឹង​មាន​ជានិច្ចកាល​ទៅ​អនាគត​ គឺ​ការណ៍​ដែល​(ប្រជាជាតិ)​ត្រូវ​មាន​ទំនាក់ទំនង​ជាមួយ​ចិន។ ទោះ​បី​មាន​ការ​គៀប​សង្កត់​ពី​អាជ្ញាធរ​ក្តី​ ក៏​មនុស្ស​ជា​ច្រើន​ទំនង​ជា​បន្តស្វែង​រក​មធ្យោបាយឆ្នៃ​ប្រឌិត​នានាដើម្បី​សម្តែង​មតិ​របស់​ខ្លួន៕
XS
SM
MD
LG