ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​កសិកម្ម​សម្រាប់​អតីត​ទាហាន​អាមេរិកាំង


ក្រោយពី​បាន​ធ្វើ​ជាទាហាន​បម្រើ​ទ័ព​ចំនួន​បីដង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​មក​នោះ​ ​ពលបាលឯក​ Colin Archipley​នៃ​កងម៉ារីន​ បាន​រៀបចំ​ខ្លួន​វិល​ត្រឡប់​​មក​ជីវិត​ស៊ីវិល​វិញ។
ក្រោយពី​បាន​ធ្វើ​ជាទាហាន​បម្រើ​ទ័ព​ចំនួន​បីដង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​មក​នោះ​ ​ពលបាលឯក​ Colin Archipley​នៃ​កងម៉ារីន​ បាន​រៀបចំ​ខ្លួន​វិល​ត្រឡប់​​មក​ជីវិត​ស៊ីវិល​វិញ។

កាលីហ្វ័រនីញ៉ា៖ ចំពោះ​ទាហាន​អាមេរិកាំង​រាប់​ម៉ឺននាក់​ ការ​ផ្លាស់ប្តូរ​ពីជីវិត​យោធា​ទៅ​ស៊ីវិល​វិញ​មិនមែន​ជាការ​ងាយស្រួល​ទេ។ ​អត្រា​អតីត​យុទ្ធជន​គ្មាន​ការងារ​ធ្វើ​មាន​ចំនួន​៣៥% ​ហើយ​គេ​បាន​ប៉ាន់ស្មាន​ថា​ ​មនុស្ស​ជាង​មួយ​សែននាក់​ ​គ្មាន​ដំបូលជ្រក​ នៅ​ពេលយប់។​ រដ្ឋាភិបាល​បាន​ផ្តល់​កម្មវិធី​ជួយ​អតីត​យុទ្ធជន​ ហើយ​មាន​អង្គការ​ឯកជន​ជាច្រើនក៏​បាន​ផ្ដល់​ជំនួយ​ដល់​ជន​ទាំង​នោះ​ដែរ។

ដូច្នោះ​ ​Jan Sluizer ​បាន​ចូលទៅ​ទស្សនា​អង្គការ​មួយហៅ​ Archi ‘s Acres​ ដែល​ជា​កម្មវិធី​ថ្មីដំបូង​ ធ្វើឡើង​នៅ​លើដី​កសិកម្ម​ប្រមាណ​២ហិចតា​កន្លះ​នៅ​តំបន់​ភាគ​ខាងត្បូង​រដ្ឋកាលីហ្វ័រនីញ៉ា។

ក្រោយពី​បាន​ធ្វើ​ជាទាហាន​បម្រើ​ទ័ព​ចំនួន​បីដង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​មកនោះ​ ពលបាលឯក​ Colin Archipley ​នៃ​កងម៉ារីន​ បាន​រៀបចំ​ខ្លួន​វិលត្រឡប់​មក​ជីវិត​ស៊ីវិល​វិញ។

លោក​ និង​ភរិយា​គឺ​អ្នកស្រី​ Karen​ បាន​ទិញ​កសិដ្ឋាន​មួយ​ឋិតនៅ​ភាគ​ខាងត្បូង​រដ្ឋកាលីហ្វ័រនីញ៉ា​ ​ហើយ​បាន​ចាប់ផ្ដើម​ដាំ​ដំណាំ​កសិកម្ម​ប្រើ​ជីរ​ធម្មជាតិ។​ ដោយ​មិន​ដាំលើ​ដីដំណាំ​របស់​គាត់​ប្រើ​ទឹកសុទ្ធ​ដែល​ត្រង់​រួច​ហើយ។​ ក្រៅពី​ដំណាំ​ជីរ ស្ពៃ សាឡាត់​ ​និង​ផ្លែប៉េងប៉ោះ​ កសិដ្ឋាន​ Archi’s Acres​ បាន​យកចិត្ដ​ទុកដាក់​លើអតីត​យុទ្ធជន​ដោយ​បណ្ដុះ​ អ្វីដែល​លោក ​Archipley មើល​ឃើញ​ថា ជា​សហគ្រិន​កសិកម្ម​សម្រាប់​មនុស្ស​ជំនាន់ក្រោយ។​ នាង Karen ​បាន​ពន្យល់​ថា​ ​ប្ដីរបស់​នាង​ចង់​ចែក​រំលែក​សេចក្តី​ស្ងប់ចិត្ដ​ ដែល​គាត់​រកឃើញ​នៅលើ​កសិដ្ឋាន​នេះ​ ​ជាមួយ​អតីត​មិត្ដ​យុទ្ធជន​របស់​គាត់។

«ពេល​ដែល ​Colin​ ថែទាំ​មើល​ដើមឈើ ​និង​រុក្ខជាតិ ​គាត់​មាន​អារម្ភថា​ គាត់​បាន​ជា​សះស្បើយ​គួរឲ្យ​អស្ចារ្យ ​រួចគាត់​ផ្ដើម​និយាយ​ជាមួយ​ជនអ្នក​ធ្លាប់​ធ្វើ​ទាហាន​ជាមួយ​គាត់។​ អ្នក​ទាំង​នោះ​ចូល​ធ្វើ​ទាហាន​វិញ មិនមែន​ដោយសារ​គេ​ចង់​ទេ ​គឺ​ដោយសារ​គេ​មិន​អាច​ចិញ្ចឹម​ជីវិត​ខ្លួន​ឯង​បាន។ ​ពេល​នោះ​យើង​បាន​វិល​មកវិញ​ជាប្ដី​ប្រពន្ធ​ ហើយ​យើង​យល់​ឃើញ​ថា​ ​យើង​អាច​ធ្វើ​ឲ្យមាន​ការ​ផ្លាស់ប្តូរ​នៅ​ទីនេះ។​ វាមិន​យុត្ដិធម៌​ទេ»។

ដូច្នោះ​ហើយ​ ទើប​គ្រួសារ​ Archipleys​ បាន​ធ្វើការ​ជាមួយ​ការិយា​ល័យ​អតីត​យុទ្ធជន​តំបន់​ ​ដើម្បីជួយ​ឲ្យ​ទាហាន​ដែល​វិល​ត្រឡប់​ ​អាច​ប្រើ​ចំណេះ​ជា​មេដឹកនាំ​ ដែល​គេរៀន​នៅក្នុង​កងទ័ពយកមក​ប្រើ​ក្នុង​ផ្នែក​ឯកជន។

«យើង​មាន​ថ្នាក់​ដឹកនាំ​ក្មេងៗ​ទំាងនោះ ដែល​ទើបមាន​ជំនាញ​ថ្មី ការ​បណ្តុះបណ្តាល​ថ្មីៗ​ខ្លះ​ ​អាច​ធ្វើឲ្យ​គេ​ក្លាយ​ទៅជា​ពលករ​ពូកែ​ធ្វើការ​ ហើយ​អាច​ជា​មេដឹកនាំ​ប្រសើរ​ផងដែរ»។

លោក ​Corey Pollard ​អាយុ ​២៦​ឆ្នាំ ​ជា​អតីត​យុទ្ធជន​ម្នាក់​ដែល​រៀន​ជំនាញ​ថ្មី​ទាំងនេះ។​ នៅក្នុង​ឆ្នាំ​២០០៥​ ​ក្រោយពី​បាន​បម្រើ​កងទ័ព​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ជា​លើក​ទីបី​ ​លោក​មិនដឹង​ធ្វើអ្វី​ទេ​ក្នុង​ជីវិត​របស់​លោក។​ មិត្ដភក្រ​ក្នុង​កង​ឯកភាព​ម្នាក់​បាន​ស្នើឲ្យ​គាត់​ពិនិត្យ​មើល​កម្មវិធី​កសិដ្ឋាន​ Archi’s Acres​នេះ។​ គាត់​ពេញចិត្ដ​នឹង​កម្មវិធី​នេះ​ ដែល​បានត្រូវ​ចាត់ចែង​ដោយ​អតីត​ទាហាន​ម៉ារីន​ដូចគ្នា​ ហើយ​ដែល​ផ្ដោត​ទៅ​លើ​ការ​ជួយ​អតីត​យុទ្ធជន​ឲ្យ​វិល​ចូលមក​ក្នុង​សង្គមវិញ ​តាម​មធ្យោបាយវិជ្ជមាន។​ លោកថ្លែង​ថា កម្មវិធី​នេះ​ផ្ដល់​រឿង​ល្អ​ដល់គាត់។

«ខ្ញុំគិត​អំពី​បើក​មុខរបរ​ដោយ​ខ្លួនឯង។ ​បើយើង​ធ្វើការ​នៅ​ទីនេះ​រយៈពេល​យូរ​ យើង​អាច​រៀនចេះដឹង​ ចេះ​ប្រើ​របស់​តូចតាច​នៅទីនេះ។​ ខ្ញុំ​មិន​ដែល​រៀន​នៅ​សាកល​វិទ្យាល័យ​ទេ ​តែ​ខ្ញុំ​អាចរៀន​ជំនាញ​ខ្លះ​ដែល​ខ្ញុំ​អាច​យក​ទៅ​ប្រើ​ក្នុងពេល​អនាគត។ ​វាល្អ​សម្រាប់​ខ្ញុំ»។

កាលពី​ខែមករា​ លោក ​Colin Archipley ​បាន​ពង្រីក​កម្មវិធី ​ដើម្បី​បង្រៀន​ចំណេះ​ខាង​មុខរបរ​រកស៊ី​ ​ហើយ​បាន​បញ្ចូល​បុគ្គលិក​យោធា​សកម្ម​ជិត​បញ្ចប់​បេសកម្ម​យោធា។ ​ លោក​ Archipley ​កត់​សម្គាល់​ថា​ ​អតីត​យុទ្ធជន​ភាគច្រើន​កើត​ជំងឺ​មួយហៅ​ Post Traumatic Stress Disorder​គឺ​ជំងឺ​ផ្លូវចិត្ដ​ក្រោយ​ធ្វើ​ទាហាន ហើយ​វា​មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ​ ​នៅពេល​ដែល​ជន​ទាំងនោះ​មិនអាច​រក​ការងារ​ធ្វើបាន​ និង​គ្មាន​ផ្ទះនៅ។​ លោក​ថ្លែង​ទៀត​ថា​ ​បើផ្នែក​បុគ្គលិក​យោធា​ចំណាយពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នៅ​ក្នុង​យោធា​រៀនជំនាញ​ខ្លះ​ ​នោះ​គេ​អាច​រក​ការងារ​ធ្វើ​បាន​ក្នុងពេល​ក្រោយ​មក​ ហើយ​ធ្វើឲ្យ​អត្រា​ Post Traumatic Stress Disorder ជំងឺ​ផ្លូវចិត្ដ​នេះ​ឆ្លាក់​ចុះទាប។

“ធ្វើការ​ជាមួយ​មន្ដ្រី​យោធា​សកម្មមានន័យ​ថា​ ​យើងអាច​បង្រៀន ផ្ដល់ចំណេះ​ឲ្យ​អ្នកទាំង​នោះ ​ហើយ​គេអាច​យល់ដឹង​អំពី​បរិយាកាស​ក្នុង​ទីកន្លែង​ការងារមុន​ពេល​រោគសញ្ញា​ទាំងនោះ​កើតមាន​ឡើង។​ ខ្ញុំ​សង្ឍឹម​ថា វា​មិនគ្រាន់តែ​បង្កើត​កសិករថ្មី​ ឬ​ សហគ្រិន​ថ្មី​ ឬ​ពាណិជ្ជករ​ថ្មី ​ឬ​ផ្តល់​ការងារ​ធ្វើឲ្យ​អ្នក​ទាំងនោះ​ប៉ុណ្ណោះ​ទេ​ តែ​យើង​បាន​កាត់បន្ថយ​ជំងឺ​ផ្លូវចិត្ដ​នេះ ហើយ​ធ្វើឲ្យ​កិច្ច​ប្រឹងប្រែង​ទាំង​នោះ​រឹតតែ​សកម្ម​ឡើង»។

ក្នុង​កម្មវិធី​បង្រៀន​៦​សប្ដាហ៍ លោក​ Colin Archipley​ បង្ហាត់​ចំណេះ​ខាង​កសិកម្ម ដូចជារបៀប​ដាំ​ដំណាំ ​និង​ការ​ប្រមូល​យក​ផល។ Karen​ អតីត​អ្នក​កាត់ដេរ​ម៉ូដ​សម្លៀកបំពាក់​ទំនើប នឹង​បង្រៀន​អំពី​ការ​រក​ទីផ្សារ​លក់​ទំនិញ។ គ្រូ​បង្រៀន​មកពី​អង្គការ​រដ្ឋបាល​ពាណិជ្ជ​កម្ម​តូចតាច​ក៏​បាន​ចូល​រួមដែរ។​ គ្រូទាំងនោះនឹងបង្រៀនគណនេយ្យលុយកាក់​ និង​ការព្យាករណ៍​ បង្រៀន​អំពី​មូលដ្ឋាន​នៃ​សហគ្រាស បង្រៀន​អំពី​ការ​សរសេរ​ប្រវត្ដិរូប​ការងារ ​និងរបៀប​រៀបចំ​ផែនការ​សម្រាប់​មុខរបរ​ទាក់ទង​នឹង​កិច្ច​ប្រតិបត្ដិការ​នៅ​ក្នុង​កសិដ្ឋាន។

លោក​ Archipley ​គិត​ថា​ ​សិស្ស​របស់លោក​នឹង​មិនមាន​បញ្ហា​ក្នុង​ការ​រក​ការងារ​ធ្វើ​ទេ។​ លោក​ថ្លែង​ថា​ ​ការងារ​ទាំង​នោះ​កំពុង​រង់​ចាំ​ពួក​គេ​ជាស្រេច​ហើយ។

«យើង​គិត​ថា​ សហគមន៍​របស់​អតីត​យុទ្ធជន​ជា​ទីកន្លែង​ល្អ​សម្រាប់​បំពេញ​ការងារ​ទាំងនោះ​ ​សម្រាប់​ជំនួស​កសិករ​ដែល​ជិត​ចូលនិវត្ដ ហើយ​ដែល​គ្មាន​នរណាជំនួស ឬ​គេ​អាច​រៀន​ជួសជុល​គ្រឿងម៉ាស៊ីន​ ដែល​គេ​អាចលក់​ចេញ​ទូទាំង​ប្រទេស​អាមេរិក ហើយ​គេ​អាច​ពេញចិត្ដ​នឹង​កិច្ចការ​របស់គេ​ ដែល​រួម​ចំណែក​ផ្ដល់​អាហារ​ដល់​ជនជាតិ​អាមេរិកាំង»។

លោក ​Archipley ​សង្ឃឹម​ថា​ ​នឹង​ពង្រីកក​ម្ម​វិធី​សិក្សារ​បស់លោក​សម្រាប់​អតីត​យុទ្ធជន​នៅ​តំបន់​ឆ្នេរសមុទ្រ​ខាង​កើត​នៃ​សរអ។ ​លោក​ក៏​គ្រោងនឹងបើកសិក្ខា​សាលា​៦​សប្ដាហ៍ ហើយ​ចុះផ្សាយ​ក្នុង​បណ្ដាញ​អ៊ីនធឺណិត ដើម្បី​ឲ្យ​ទាហាន​នៅ​គ្រប់​ទីកន្លែង​អាច​រៀន​តាម​បណ្ដាញ​អ៊ីនធឺណិត​បាន។

ប្រែសម្រួល​ដោយ​លោក​ អ៊ូ ធួក

XS
SM
MD
LG