ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទ្រព្យ​សម្បត្តិ​ប្រេង​របស់​វេណេហ៊្សូឡា​ជួយ​បំបាត់​ភាព​ក្រីក្រ​ ប៉ុន្តែ​រដ្ឋាភិបាល​ត្រូវ​ចោទ​អំពី​ ការ​ចាត់​ចែង​ឧស្សាហកម្ម​ប្រេង​មិន​ត្រឹម​ត្រូវ​


អណ្តូង​​ប្រេង​នៅ​ប្រទេស​វេណេហ៊្សូឡា​ (Venezuela)​។
អណ្តូង​​ប្រេង​នៅ​ប្រទេស​វេណេហ៊្សូឡា​ (Venezuela)​។

ទីក្រុង​ការ៉ាកាស៖​ ប្រទេស​វេណេហ៊្សូឡា​ (Venezuela)​ មាន​អណ្តូងប្រេងយ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ ហើយ​ទ្រព្យ​សម្បតិ្ត​បាន​មក​ពីប្រេងកំពុង​ផ្តល់​អំណាច​ដល់​យុទ្ធនាការ​របស់​លោក​ប្រធានាធិបតី​ ហ៊ូហ្គោ​ ឆាវេស​ (Hugo Chavez)​ ក្នុង​ការលុបបំបាត់​ភាព​ក្រីក្រ​ និង​ប្រែ​ក្លាយ​ប្រទេស​នេះ​ឲ្យ​ទៅ​ជា​ឋាន​សួគ៌​សង្គម​និយម​មួយ។​ ប៉ុន្តែ​ ក្រុម​អ្នក​រិះគន់​ចោទ​ប្រកាន់​រដ្ឋាភិបាល​ ពី​បទ​ចាត់​ចែង​ឧស្សាហកម្មប្រេង​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ មិន​បានត្រឹម​ត្រូវ។

តំបន់​ក្រីក្រ​នៅ​ក្បែរ​ជើង​ភ្នំ​ដែល​មាន​លំនៅ​ដ្ឋាន​តោក​យ៉ាក​ និង​ផ្លូវ​ដើរ​យ៉ាង​តូច​ចង្អៀត​ហ៊ុម​ព័ទ្ធ​ជុំវិញ​ទី​ក្រុង​ការ៉ាកាស។​ សហគមន៍ដ៏​យ៉ាប់​យឺន​ក្នុង​ភាព​អស់​សង្ឃឹម​ និង​គ្មាន​ច្បាប់​ទម្លាប់​ទាំង​នេះជា​តំបន់រឹង​មាំ​ ដែលលោក​ប្រធានាធិបតី​វេណេហ៊្សូអេឡា​ ហ៊ូហ្គោ​ ឆាវេស​ យក​ធ្វើ​ជាមូល​ដ្ឋាន​នៃ​ការ​គាំទ្រ​របស់​លោក។

លោក​ប្រធានាធិបតី​ ឆាវេស​ បាន​ធ្វើ​វិនិយោគ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ដើម្បី​ធ្វើ​ឲ្យសហគមន៍ទាំង​នេះ​ប្រសើរ​ឡើង​ ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ ​បាន​ធ្វើ​ដំណើរ​មក​កាន់​តំបន់​២៣​ដឺ​អេណឺ​រ៉ូ (23 de Enero)​ ដើម្បី​ត្រួត​ពិនិត្យ​ផ្ទះ​សម្បែង​ដែល​ជួស​ជុល​ឡើង​វិញ​ ក្រោម​មូល​និធិ​របស់​រដ្ឋ។

នៅ​ទី​នេះ​ ប្រាក់បាន​មក​ពី​ប្រេង​បាន​ហូរចូល​ដោយ​ផ្ទាល់​តែ​ម្តង។​ លោក​ប្រធានាធិបតី​ ឆាវេស​ បាន​បញ្ជា​ក្រុមហ៊ុន​ប្រេង​របស់​រដ្ឋ​ឈ្មោះ​ PDVSA​ ឲ្យ​កសាង​ និង​ចាត់​ចែង​មជ្ឈ​មណ្ឌល​សេវា​សង្គម​ធំ​មួយ។

នៅ​ឯ​គ្លីនិក​ថែទាំ​វេជ្ជសាស្រ្ត​មួយ​កន្លែង​ លោក​មីហ្គែល​ (Miguel)​ ជា​ជាង​គំនូរ​មាន​អាយុ​២៣​ឆ្នាំ​ ត្រូវ​បាន​គេ​ព្យាបាល​រោគ​រលាក​ក្រពះ។

«ខ្ញុំ​មិន​ចាំ​បាច់​បង់ប្រាក់លើ​អ្វី​ទាំង​អស់។​ អ្វី​ៗ​នៅ​ទី​នេះ​ សាធារណជន​មិន​ចាំ​បាច់​បង់ប្រាក់​ទេ។​ សេវា​នេះ​គួរ​តែមាន​បន្ត។​ ខ្ញុំ​សង្ឃឹម​ថា​ វា​នឹង​មាន​បន្ត​ ពីព្រោះ​យើង​នឹង​ធ្វើ​ឲ្យ​ប្រទេស​វេណេហ៊្សូអេឡា​ បាន​ប្រសើរ​ឡើង»។

ហើយ​តើ​នរណា​ទៅ​ ដែល​លោក​មីហ្គេល​ បាន​ថ្លែង​អំណរគុណ​សម្រាប់​ការ​ព្យាបាល​នេះ?

«លោក​ប្រធានាធិបតី​ ឆាវេស។​ លោក​ប្រធានាធិបតី​ ហ៊ូហ្គោ​ ឆាវេស​ បាន​ធ្វើ​កិច្ចការ​ទាំង​អស់​នេះ​ជាមួយ​នឹង​ការ​បដិវត្តន៍»។

នៅ​ឯ​សិក្ខា​សាលា​មួយ​នៅ​ក្បែរ​នោះ​ ប្រជាពលរដ្ឋ​បាន​កាត់​ដេរ​សម្លៀក​បំពាក់​សម្រាប់​និយោជិក​របស់​ក្រុមហ៊ុន​ប្រេង​រដ្ឋ​ PDVSA ​ និង​អ្នក​គាំទ្រ​របស់​លោក​ ឆាវេស។​ មនុស្ស​ជា​ច្រើន​ ដែល​ធ្វើការ​ជា​ទម្ងន់​នៅ​ទី​នេះ​ មាន​វ័យ​៥០​ឆ្នាំ​ និង​៦០ឆ្នាំ​ ហើយ​និយាយ​ថា​ ពួក​គេ​មិន​អាច​រក​ការងារ​ធ្វើ​បាន​ទេ​នៅ​ក្នុង​វិស័យ​ឯកជន​ ដោយ​មិន​ចាំបាច់​និយាយ​អំពី​ប្រាក់​ខែ​ ដែល​អាច​រស់​នៅ​បានដោយ​ស្រួលនោះ​ផង។

«បើ​ទោះ​ជា​យើង​មាន​វ័យ​ចំណាស់​ហើយ​ក៏​ដោយ​ យើង​មក​ទីនេះ​ដើម្បី​ធ្វើ​ការ​ងារ។​ ករណី​នេះ​នឹង​មិន​អាច​ទៅ​រួចឡើយ​នៅ​កន្លែង​ផ្សេងៗ​ទៀត​ គឺ​មិន​អាច​ទៅ​រួច​ទេ ប្រសិន​បើ​នេះ​ជា​ប្រតិបតិ្តការ​ឯកជន​នោះ»។

នៅ​កន្លែង​ផ្សេងៗ​នៅ​ក្នុង​ទីក្រុង​ការ៉ាកាស​ ប្រាក់​ចំណូល​បាន​មក​ពី​ប្រេង​បាន​ផ្តល់​ហរិញ្ញវត្ថុដល់​សេវាកម្ម​ឡាន​ថ្មីៗ​ដើរដោយ​ខ្សែ​កាប ​សម្រាប់សហគមន៍នៅក្បែរ​ជើង​ភ្នំ។​ នៅ​ក្នុង​តំបន់​មួយទៀត អ្នក​តាំង​ទី​លំនៅ​ ដូច​ជា​លោក​ហូសេ​ រ៉ូឌ្រីហ្គេស​ (Jose​ Rodriguez)​ បាន​ចង្អុល​បង្ហាញ​ទៅគ្លី​និក​ធ្មេញ​មិន​យកថ្លៃ​មួយ​ ហើយ​និង​តារាង​បាល់​បោះ​មួយ​កន្លែង។

«មនុស្ស​ជា​ច្រើន​សួរ​ថា​ តើ​ប្រាក់​បាន​មក​ពី​ប្រេង​ ចំណាយ​ទៅ​លើ​អ្វី?​ បាទ​ ខ្ញុំ​ឃើញ​ប្រាក់​ខ្លះ​បាន​យក​មក​ប្រើ​នៅទី​នេះ​ ក្នុង​សហគមន៍​របស់​ខ្ញុំ»។

ប៉ុន្តែ​មិន​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​រំភើប​ចិត្ត​នោះ​ទេ។​ នៅ​ទី​ក្រុង​មួយ​ទៀត​ឆ្លង​ពីតំបន់២៣​ដឺអេណឺរ៉ូ​ គឺ​ជាតំបន់មួយ​របស់​អ្នក​រក​ស៊ី​កាក់​កប​របស់​ទីក្រុង​ការ៉ាកាស​ និស្សិត​ផ្នែក​វេជ្ជសាស្រ្ត ​ឈ្មោះ​ក្លូឌីយ៉ា​ ប៉េរ៉េស្ហ៍​ (Claudia ​Perez)​ បាន​ចោទ​ប្រកាន់​ លោក​ប្រធានាធិបតី​ ឆាវេស​ ពី​បទ​ផ្គាប់​ចិត្តអ្នក​គាំទ្រ​រូប​លោក​តែ​ប៉ុណ្ណោះ​ ដែល​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​ដល់​អ្នក​ផ្សេង​ទៀត។

«លោក ​មើល​ថែ​តែ​អ្នក​ណា​ ដែល​គាំទ្រ​រូប​លោក​ និង​រដ្ឋាភិបាល​របស់​លោក​ មិន​មែន​អ្នក​ដែល​មាន​ទស្សនៈ​ខុស​ប្លែក​ពី​លោក​ទេ»។

ហើយ​ កញ្ញា​ ក្លូឌីយ៉ា​ ប៉េរ៉េស្ហ៍​ និយាយ​ថា​ កម្ម​វិធី​របស់​លោក​ ឆាវេស​ មិន​ក្រឡេកមើល​ទៅវែង​ឆ្ងាយ​ឡើយ។

«ប្រេង​មិន​អាច​ធ្វើ​អ្វីៗ​បាន​គ្រប់​យ៉ាង​នោះ​ទេ។​ ថ្ងៃ​ណា​មួយ​ ប្រេង​នឹង​រីង​អស់។​ ហើយ​ យើង​មិន​បាន​ធ្វើ​អ្វី​សោះ​ ដើម្បី​បង្កើត​ទ្រព្យ​សម្បតិ្ត​តាម​របៀប​ផ្សេង​ទៀត»។

លោកប្រធានាធិបតី​ ឆាវេស​ បាន​អួតអាង​ថា​ ប្រទេស​របស់​លោក​មាន​ប្រេង​គ្រប់​គ្រាន់​ល្មម​ សម្រាប់​រយៈ​ពេល​រហូត​ដល់​១០០​ឆ្នាំ​ទៅ​មុខទៀត។​ ហើយលោក ​ប្រហែលជា​និយាយ​ត្រូវ។

ការ​ស្ទាប​ស្ទង់​ខាង​ភូមិ​សាស្រ្ត​ថ្មីៗបង្ហាញ​ថា​ អណ្តូងប្រេងរបស់​ប្រទេស​វេណេហ៊្សូអេឡា​ បាន​ធ្វើ​ឱ្យ​អណ្តូងប្រេង​នៅ​ប្រទេស​អារ៉ាប់ប៊ី​ សាអូឌី​ (Saudi ​Arabia)មើល​ឃើញ​តូច​ទៅ​វិញ។​ លោក​ ហ្វន់​ ខាឡូស​ សូសា​ (Juan​ Carlos​ Sosa)​ ជា​អ្នក​វិភាគ​ប្រេង​របស់​ប្រទេស​វេណេហ៊្សូអេឡាមាន​ប្រសាសន៍ថា​ ប៉ុន្តែ​ ការ​ដែល​មានប្រេង​វា​ជា​រឿង​មួយ។​ ការ​ថែ​រក្សា​ឧស្សាហកម្ម​ប្រេង​ ដែល​គ្រប់​គ្រង​ដោយ​រដ្ឋ​ និង​ការ​ប្រើប្រាស់​ប្រាក់​ចំណូល​ប្រកប​ដោយ​ភាព​ឆ្លាត​វៃ​ គឺ​ជា​រឿង​មួយ​ផ្សេង​ទៀត។

«ដោយ​មក​ពី​ប្រាក់ចំណូលបា​នមកពីប្រេងស្ទើរតែទាំងអស់​ ដែល​ PDVSA​ ទទួលបាន ត្រូវបាន​ប្រើក្នុង​គោលបំណងក្រៅពីប្រេង​ ដូច្នេះ​ PDVSA​ មិន​អាច​ថែ​រក្សា​អណ្តូង​ប្រេង​ ហើយ​ធ្វើ​ឲ្យអណ្តូង​ប្រេងទាំង​នេះ​មាន​ដំណើរការ​ល្អ​បាន​ទេ។​ PDVSA​ គ្មាន​ថវិកា​ឡើយ​ ដូច្ឋេះ​ PDVSA​ ត្រូវ​តែ​បិទ​អណ្តូង​ប្រេងទាំង​នោះ​ចោល។​ ហើយ​ ដោយ​សារ​តែ​ក្រុមហ៊ុន​បរទេស​ជា​ច្រើន​មិន​បាន​ផ្តល់​កម្លាំង​លើក​ទឹក​ចិត្ត​ក្នុង​ការ​វិនិយោគ​ទៅ​លើ​ប្រតិបតិ្ត​ការ​ប្រេង​ ផលិត​កម្ម​ប្រេង​ត្រូវ​ជាប់​គាំង»។

បើ​យោង​តាម​លោក​ សូសា ​ផលិត​កម្មប្រេង​របស់​ប្រទេស​វេណេហ៊្សូអេឡា​ បាន​ធ្លាក់​ចុះ​ចំនួន​១​ភាគ​៣​ ក្រោម​ការ​ដឹកនាំរបស់​លោក​ ឆាវេស។

លោក​ បាន​បន្ទោស​ទៅ​លើ​កម្ម​វិធី​សង្គម​របស់​ PDVSA​ ដែលមានប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ ក្នុង​ចំណោម​ជន​ក្រី​ក្រ។

«ជា​ជាង​គ្រប់​គ្រង​ឱ្យ​បាន​ដិត​ដល់​លើផលិត​កម្ម​ប្រេង​ និង​ការ​លក់​ជា​អន្តរ​ជាតិ​ ប្រធាន​របស់ក្រុម​ហ៊ុន​ប្រេង​រដ្ឋ​ PDVSA​ ត្រូវខ្វាយ​ខ្វល់​ពី​រឿង​ផ្សេងៗ​ទៀតរាប់​ពាន់។​ ហើយ​គ្មាន​កិច្ចការ​ណា​មួយ​ដែល​ធ្វើ​បាន​ល្អ​ឡើយ»។

ហើយ​ បើ​យោង​តាម​លោក​ អ៊ឡានដូ​ អូ​ឆាវ (Orlando​ Ochoa)​ ជា​សេដ្ឋ​វិទូ​នៅ​ឯ​សាកល​វិទ្យាល័យ​កាតូលីក​ (Catholic​ University)​ របស់​ប្រទេស​វេណេហ៊្សូអេឡា​ គឺ​ថា​ ការចែកចាយ​ប្រាក់​ ជា​ជំនួយ​ផ្ទាល់ៗ​ ជា​ជាង​ផ្តោត​ទៅ​លើ​ការ​អភិវឌ្ឍន៍​រយៈ​ពេលវែង​ លោក​ប្រធានាធិបតី​ ឆាវេស​ បែរ​ជា​កំពុង​លាក់បាំងភាព​ក្រីក្រ ជាជាង​ដោះស្រាយបញ្ហា​នេះ។

«ទ្រព្យ​សម្បតិ្ត​បាន​មក​ពី​ប្រេង​អាចប្រើ​ដើម្បី​ផ្លាស់​ប្តូរ​ និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​មូលដ្ឋាន​សេដ្ឋកិច្ច​របស់​ប្រទេស​មួយ​ ដូច​ធ្លាប់​បាន​ធ្វើ​ឡើងនៅ​ក្នុង​ប្រទេស​ន័រវ៉ែស្ហ៍​ (Norway)។​ ឬ​ក៏​ ទ្រព្យ​សម្បត្តិនោះ​អាច​ប្រើ​ដើម្បី​ប៉ះ​ប៉ូវ​ដល់​អតុល្យភាព​សេដ្ឋកិច្ច​ ដែល​និង​ពន្យា​រ​ពេល​ដល់​ការ​ឈឺចាប់​ ដូច​ដែល​បានធ្វើ​នៅ​ក្នុង​ប្រទេស​ អ៊ីរ៉ង់​ និង​ វេណេហ៊្សូអេឡា​នេះ»។

ប៉ុន្តែ​ លោក​ប្រធានាធិបតី​ ឆាវេស​ មិន​ធ្វើ​ការ​សុំ​ទោស​ចំពោះ​របៀប​ដែល​លោក​កំពុង​ចំណាយប្រាក់​ចំណូល​បាន​មក​ពី​ប្រេង​របស់​ប្រទេស​វេណេហ៊្សូអេឡា​ទេ។

«យើង​កំពុងកសាង​មន្ទីរ​ពេទ្យ​ សាកល​វិទ្យាល័យ ​ផ្ទះ​សម្បែង​ ផ្លូវ​យន្តបថ​ ផ្លូវ​រថភ្លើង​ កម្មវិធី​សាធារណៈការ​ ដូច​ជា​ការ​ចែក​ចាយ​ទឹក។​ ហើយ​កិច្ចការ​ទាំង​អស់​នេះ​ ត្រូវ​ការ​ចំណាយប្រាក់»។

ហើយ​ប្រាក់​ទាំង​នោះ​ មិន​គ្រាន់​តែ​ពឹង​ផ្អែក​ទៅ​លើ​ផលិត​កម្ម​ប្រេង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំងទៅ​លើ​តម្លៃ​ប្រេង​ជា​សកល​ ដែល​លោក​ប្រធានាធិបតីឆាវេស​ មិន​អាចការ​គ្រប់​គ្រង​បាន​ទេ៕

ប្រែ​សម្រួល​ដោយ​លី សុខឃាង

XS
SM
MD
LG