ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ដាក់​ដំណើរការ​គម្រោង​ភាព​ជា​អ្នក​ដឹកនាំ ដើម្បី​ជួយ​ដល់​យុវជន​កម្ពុជា


យុវជន​ថតរូប​នៅ​ក្នុង​កម្មវិធីដំណើរការ​ជំនួយ​ក្នុង​គម្រោង​​«ការ​ជំរុញ​ភាព​ជា​អ្នក​ដឹកនាំ​យុវជន‍» (AYLឬ Advancing Youth Leadership) របស់ USAID
យុវជន​ថតរូប​នៅ​ក្នុង​កម្មវិធីដំណើរការ​ជំនួយ​ក្នុង​គម្រោង​​«ការ​ជំរុញ​ភាព​ជា​អ្នក​ដឹកនាំ​យុវជន‍» (AYLឬ Advancing Youth Leadership) របស់ USAID

ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ប្រចាំ​កម្ពុជា ឬ​កាត់​ហៅ​ថា​ USAID ​បាន​ដាក់​ដំណើរការ​ជំនួយ​ក្នុង​គម្រោង​ថ្មី​មួយ​របស់​ខ្លួន​ហៅ​ថា​«ការ​ជំរុញ​ភាព​ជា​អ្នក​ដឹកនាំ​យុវជន‍» (AYL ឬ Advancing Youth Leadership) ដើម្បី​ពង្រឹង​ជំនាញ​ភាព​ជា​អ្នក​ដឹកនាំ​របស់​យុវជន និង​លើក​ស្ទួយ​យុវជន​ក្នុង​ការ​ចូលរួម​សកម្មភាព​សង្គម និង​ការ​អភិវឌ្ឍ​សហគមន៍។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ USAID ដែល​ចេញ​ផ្សាយ​ កាល​ពី​ថ្ងៃទី៤ ខែ​មីនា ឆ្នាំ​២០២៤ កម្មវិធី​នេះ​មាន​រយៈ​ពេល​៥​ឆ្នាំ ដែល​មាន​គោល​បំណង​ស្វែង​រក​យុវជន​ចន្លោះ​ចាប់​ពី​អាយុ​១៥​ដល់​២៩ឆ្នាំ ដោយ​ផ្តោត​លើ​អ្នក​ដែល​មក​ពី​ក្រុម​ដែល​ត្រូវ​បាន​គេ​រើសអើង និង​សហគមន៍​ដែល​ខ្វះខាត រួម​ទាំង​សហគមន៍​ LGBTQI+​ អ្នក​ដែល​មាន​ពិការភាព និង​អ្នក​ដែល​មក​ពី​ក្រុម​ជនជាតិ​ដើម​ភាគតិច ឬ​សាសនា​ជនជាតិ​ភាគតិច។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្ថែម​ថា​ យុវជន​ដែល​ចូលរួម​ក្នុង​កម្មវិធី​នេះ​នឹង​ទទួល​បាន​ជំនាញ​ជីវិត និង​មូលដ្ឋាន​គ្រឹះ​នៃ​ភាព​ជា​អ្នកដឹកនាំ ការ​តម្រង់​ទិស ការ​ត្រិះរិះ​ពិចារណា​និង​ជំនាញ​ទំនាក់ទំនង ជំនាញ​អភិវឌ្ឍន៍​សហគមន៍​មូលដ្ឋាន ដោយ​មាន​ការ​ចូលរួម​របស់​ពលរដ្ឋ ការ​កំណត់​ចំណោទ​បញ្ហា និង​ស្វែង​រក​ដំណោះស្រាយ ជំនាញ​ឌីជីថល​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ជំនាញ​វិជ្ជាជីវៈ​និង​បទពិសោធន៍​ជាក់ស្តែង តាម​ជំនួយ​ខ្នាត​តូច​ដែល​ដឹកនាំ​ដោយ​យុវជន កម្មវិធី​ដែល​ផ្តោត​លើ​សហគមន៍ និង​កម្មវិធី​ផ្សេងៗ​ដែល​រៀបចំ​ឡើង​ដោយ​យុវជន។

ប្រទេស​កម្ពុជា​មាន​យុវជន​និង​ក្មេង​ជំទង់​ច្រើន​ជាង​គេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​មាន​ជាង​៦០​ភាគរយ​នៃ​ចំនួន​ប្រជាជន​ដែល​មាន​អាយុ​ក្រោម​៣០ឆ្នាំ និង​ស្ទើរ​តែ​៣៧​ភាគរយ​ដែល​មាន​អាយុ​ចន្លោះ​ពី​១០​ទៅ​២៩​ឆ្នាំ ហើយ​បច្ចុប្បន្ន​នេះ​ជិត​៤៣​ភាគរយ​នៃ​ប្រជាជន​ដែល​មាន​អាយុ​ធ្វើការ​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ចន្លោះ​ពី​អាយុ​១៥ ទៅ​២៩ ឆ្នាំ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ USAID។

អ្នកស្រី Kerry Pelzman នាយិកា​បេសកកម្ម​របស់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ (USAID) ប្រចាំ​នៅ​កម្ពុជា​បាន​លើក​ឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​ និន្នាការ​សកល​បង្ហាញ​ថា ​យុវជន​កំពុង​ជួប​ប្រទះ​ការ​ផ្លាស់ប្តូរ​នៃ​ការ​វិវឌ្ឍបច្ចេកវិទ្យា សេដ្ឋកិច្ច និង​សង្គម​ដ៏​សំខាន់ ស្រប​ពេល​សកលលោក​កំពុង​មាន​ការ​ផ្លាស់ប្តូរ​យ៉ាង​ខ្លាំង ដូច​នេះ​ការ​គាំទ្រ​គំនិត​ផ្តួចផ្តើម​របស់​យុវជន​នៅ​ពេល​នេះ គឺជា​ការ​វិនិយោគ​ដ៏​សំខាន់​សម្រាប់​អនាគត​របស់​កម្ពុជា។

អ្នកស្រី​ថ្លែង​ដោយ​មាន​ការ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា​៖ «បទ​ពិសោធន៍​របស់​យុវជន​កម្ពុជា​សព្វ​ថ្ងៃ​គឺ​ខុស​ពី​ជំនាន់​ឪពុក​ម្ដាយ ឬ​អ្នក​ជំនាន់​មុន​របស់​ពួកគេ។ បច្ចេកវិទ្យា និង​សកលភាវូបនីយកម្ម​អនុញ្ញាត​ឱ្យ​អ្នក​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ​ទាំង​នៅ​ជិត និង​នៅ​ឆ្ងាយ ​ដោយ​ដឹង​ពី​គុណតម្លៃ​ក្នុង​ការ​គាំទ្រ​យុវជន​ដោយ​ផ្ទាល់​បែប​នេះ ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង​ដែល​បាន​ចូលរួម​ជាមួយ​អ្នក​ទាំងអស់​គ្នា​នៅ​ថ្ងៃនេះ​ ព្រម​ទាំង​បើក​ដំណើរការ​អនុវត្ត​កម្មវិធី Cambodia Advancing Youth Leadership ដែល​ជា​ជំនួយ​ឥត​សំណង​របស់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ USAID» ។

លោក អ៊ឹម សុធី នាយក​ប្រតិបត្តិ​នៃ​អង្គការ​ក្រុមប្រឹក្សា​យុវជន​កម្ពុជា (YCC) ប្រាប់​វីអូអេ​ថា ​គម្រោង​របស់​ USAID មួយ​នេះ​ពិត​ជា​មាន​សារៈសំខាន់​សម្រាប់​យុវជន​កម្ពុជា ដែល​អាច​ឱ្យ​ពួកគេ​ចូលរួម​ជាមួយ​នឹង​យុវជន​ដទៃ​ទៀត ជាមួយ​សហគមន៍​មូលដ្ឋាន និង​ភាគី​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត ក្នុង​ពង្រឹង ភាព​ទំនាក់ទំនង ការ​គិត​បែប​ស៊ីជម្រៅ និង​ភាព​ជា​អ្នកដឹកនាំ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​សង្គមជាតិ។

លោក​ថ្លែង​ថា៖ «គម្រោង​នេះ​គឺ​មាន​ន័យ​ថា ​ជួយ​ទៅ​ដល់​យុវជន​ដែល​គាត់​ងាយ​នឹង​រងគ្រោះ​ យុវជន​ដែល​បាត់​បង់​ឱកាស​ ដូច​ជា​យុវជន​ដែល​អត់​សូវ​មាន​ឱកាស​ដើម្បី​ឱ្យ​គាត់​អាច​រៀន​នូវ​ជំនាញ​ផ្សេងៗ​ដែល​ខាង​គម្រោង​នេះ​ផ្តល់​ជូន»។

បើ​តាម​លោក អ៊ឹម សុធី យុវជន​កម្ពុជាមួយ​ចំនួន​នៅ​មាន​ភាព​ខ្វះខាត​នៅ​ក្នុង​ការ​គិត​បែប​ស៊ីជម្រៅ ការ​ប្រាស្រ័យ​ទាក់ទង​ក្នុង​សហគមន៍ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​ភាព​ប្រសើរ ក៏​ដូច​ជា​ចំណេះ​ដឹង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មិន​ទាន់​អាច​ប្រើប្រាស់​ឱ្យ​បាន​ត្រឹមត្រូវ។ ដូច្នេះ​លោក​ជំរុញ​យុវជន​ទាំង​អស់​ឱ្យ​មាន​ការ​ចូលរួម​នៅ​ក្នុង​គម្រោង​កម្មវិធី​មួយ​នេះ ដើម្បី​បង្កើន​សមត្ថភាព​របស់​ពួកគេ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង។

លោក​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា​ ប្អូនៗ​យុវជន​ទាំង​អស់​គួរ​តែ​ស្វែង​យល់​គម្រោង​នេះ ហើយ​និង​ចូល​រួម​គម្រោង​នេះ​គ្រប់ៗ​គ្នា​ ដើម្បី​ឱ្យ​យុវជន​ទាំង​អស់​គាត់​អាច​មាន​សមត្ថភាព​ក្នុង​ការ​អភិវឌ្ឍ និង​ក្លាយ​ខ្លួន​ជា​អ្នក​ដឹកនាំ​សម្រាប់​ពេល​បច្ចុប្បន្ន និង​ពេល​អនាគត»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ​បាន​នៅ​ឡើយ​ទេ។

បើ​តាម​របាយការណ៍​វាយ​តម្លៃ Cross-Sector Cambodia Youth របស់​ USAID ក្នុង​ឆ្នាំ​២០១៩ យុវជន​ជា​ច្រើន​ចាប់​អារម្មណ៍​លើ​រឿងរ៉ាវ​ជាច្រើន​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​សហគមន៍​របស់​ពួកគេ ហើយ​ចង់​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សហគមន៍ និង​ជួយ​ដោះ​ស្រាយ​បញ្ហា​នានា​ដែល​កើត​ឡើង​ក្នុង​សហគមន៍​របស់​គេ​ផង​ដែរ។ ទោះ​ជាយ៉ាង​ណាក្តី យុវជន​កម្ពុជា​ជា​ច្រើន​ គ្មាន​ឱកាស​ដើម្បី​ចូលរួម​ ទទួល​បាន​ការ​អភិវឌ្ឍ​ជំនាញ ការ​ចែក​រំលែក​គំនិត ឬ​ទទួល​បាន​បទ​ពិសោធន៍​ជាក់ស្តែង ដើម្បី​យក​ទៅ​អនុវត្ត​ប្រកប​ដោយ​អត្ថន័យ​នោះ​ទេ។ ការ​វាយ​តម្លៃ​នេះ​រក​ឃើញ​ទៀត​ថា ភាគ​ច្រើន​នៃ​គំនិត​ផ្តួចផ្តើម​សមត្ថភាព​របស់​យុវជន​នៅ​មាន​ទំហំ​តូច និង​មាន​ដែន​កំណត់​នៅ​ឡើយ។

កម្មវិធី​«ការ​ជំរុញ​ភាព​ជា​អ្នក​ដឹកនាំ​យុវជន​ (AYL)»​ របស់​ USAID នឹង​គ្រប​ដណ្តប់​នៅ​រាជធានី​ភ្នំពេញ និង​រួម​មាន​តំបន់​ជុំវិញ​ខេត្ត​សៀមរាប​ (គ្រប​ដណ្តប់​លើ​ខេត្ត​កំពង់ធំ បន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង និង​ពោធិ៍សាត់) តំបន់​ជុំវិញ​ខេត្ត​រតនគិរី (គ្រប​ដណ្ដប់​លើ​ខេត្ត​ស្ទឹងត្រែង និង​មណ្ឌលគិរី) និង​តំបន់​ជុំវិញ​ខេត្ត​តាកែវ (គ្រប​ដណ្តប់​លើ​ខេត្ត​កំពត ព្រៃវែង និង​ស្វាយរៀង) ដែល​តំបន់​ទាំង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​គ្រប​ដណ្តប់​ខេត្ត​ទាំង​១៤​ដែល​តំណាង​ឱ្យ​ជាង​៦៦​ភាគរយ​នៃ​ចំនួន​ប្រជាជន​កម្ពុជា ដែល​មាន​ដង់ស៊ីតេ​ប្រជាជន​វ័យ​ជំទង់ និង​ក្រុម​ដែល​ត្រូវ​បាន​គេ​រើស​អើង​ខ្ពស់៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG