អ្នកតាក់តែងច្បាប់អាមេរិកនៃគណបក្សទាំងពីរបញ្ជាក់ការគាំទ្រ ចំពោះការវាយប្រហារតាមយន្តហោះរបស់អង្គការណេតូ (NATO) ដែលបានសម្លាប់កូនប្រុសពៅ និងចៅ៣នាក់របស់មេដឹកនាំលីប៊ី គឺវរសេនីយ៍ឯក ម៉ូអាម៉ា ហ្កាដាហ្វី (Moammar Gadhafi)។
នៅឆ្នាំ១៩៨៦ ម៉ូអាម៉ា ហ្កាដាហ្វីបានរួចជីវិតពីការវាយប្រហារតាមយន្តហោះរបស់សហរដ្ឋអាមេរិកទៅលើទីតាំងរបស់យោធាលីប៊ី និងលំនៅដ្ឋានរបស់មេដឹកនាំក្នុងទីក្រុងទ្រីប៉ូលី (Tripoli)។ បើសិនជា របាយការណ៍បច្ចុប្បន្នមានភាពត្រឹមត្រូវនោះ មានន័យថា វរសេនីយ៍ឯកហ្កាដាហ្វីបានរួចជីវិតជាថ្មីម្តងទៀតពីការវាយប្រហារតាមអាកាស ដែលបានសម្លាប់សមាជិកគ្រួសាររបស់លោកបី បួននាក់។
លោកលីនហ្ស៊ី ហ្ក្រេហាម (Lindsey Graham) សមាជិកព្រឹទ្ធសភាពីគណបក្សសាធារណរដ្ឋនៃរដ្ឋសោត ខារូឡែនណា (South Carolina) បានសរសើរដល់សកម្មភាពរបស់អង្គការណេតូ។
«ខ្ញុំគាំទ្រដល់អ្វីដែលអង្គការណេតូបានធ្វើ។ ខ្ញុំគិតថា នេះជាការបំពេញកាតព្វកិច្ចបានល្អប្រសើរមួយ។ នេះជាវិធីមួយដើម្បីបញ្ចប់ជម្លោះនេះ។ ជម្លោះនេះអូសបន្លាយកាន់តែយូរ មនុស្សរាប់ពាន់នាក់ នឹងត្រូវស្លាប់។ គ្មាននរណាម្នាក់នឹងសោកស្តាយចំពោះការដក ហ្កាដាហ្វីចេញទេ បើទោះជាគេប្រើវិធីណាក៏ដោយ។ ខ្ញុំចង់ថ្លែងអំណរគុណដល់អង្គការណេតូ ក្នុងការពង្រីកប្រតិបត្តិការទាំងនេះ»។
លោកហ្ក្រេហាម ដែលបាននិយាយក្នុងកម្មវិធី Fox News Sunday នៃបណ្តាញទូរទស្សន៍ Fox គឺជាអ្នកគាំទ្រពីដំបូងនៃការគាំទ្រជាអន្តរជាតិដល់ក្រុមបះបោរលីប៊ី ដែលបានងើបឡើងប្រឆាំងនឹង ម៉ូអាម៉ា ហ្កាដាហ្វី កាលពីដើមឆ្នាំនេះ។
អ្នកនាំពាក្យរដ្ឋាភិបាលលីប៊ីម្នាក់បានហៅការវាយប្រហារតាមអាកាសនេះថា ជាការធ្វើឃាតដោយចេតនា។ លោកសមាជិកព្រឹទ្ធសភាហ្ក្រេហាមថ្លែងថា អង្គការណេតូគ្មានអ្វីត្រូវសុំអភ័យទោសទេ។
«ទីកន្លែងណាក៏ដោយដែលហ្កាដាហ្វីទៅដល់ គឺជាគោលដៅវាយប្រហារដោយយោធាស្របច្បាប់។ គាត់ជាមេបញ្ជាការ និងជាអ្នកត្រួតត្រាលើកងកម្លាំងលីប៊ី។ គាត់មិនមែនជាមេដឹកនាំលីប៊ីស្របច្បាប់ទេ។ តាមទស្សនៈរបស់ខ្ញុំ គាត់ជាមេឃាតករម្នាក់។ គាត់បានសម្លាប់ប្រជាពលរដ្ឋខ្លួនឯង។ គាត់កំពុងតែធ្វើសកម្មភាពខុសពីច្បាប់អន្តរជាតិ។ គាត់គួរតែត្រូវបាននាំខ្លួនមកកាន់តុលាការ ឬត្រូវប្រហារជីវិត»។
តាមរយៈការបង្ហាញខ្លួននៅក្នុងកម្មវិធីFace the Nationនៃបណ្តាញទូរទស្សន៍CBS លោកសមាជិកព្រឹទ្ធសភាចន ម៉ាក់ខេន(John McCain) នៃរដ្ឋអារីហ្សូណា (Arizona) បានមានប្រសាសន៍ថា លោកមានការសោកស្តាយចំពោះការបាត់បង់ជីវិតរបស់ពលរដ្ឋស្លូតត្រង់លីប៊ី តែលោកបញ្ជាក់ជាថ្មីចំពោះការគាំទ្ររបស់លោកក្នុងការបណ្តេញវរសេនីយ៍ឯកហ្កាដាហ្វីចេញពីតំណែង។
សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ លោកឃេនត៍ ខន់រ៉ាដ (Kent Conrad) ដែលបាននិយាយក្នុងកម្មវិធី Fox News Sunday ក៏បានបញ្ចេញមតិគាំទ្រដល់កិច្ចប្រតិបត្តិការដែលធ្វើជាបន្តរបស់អង្គការណេតូនោះផងដែរ។
«ហ្កាដាហ្វីត្រូវតែចាកចេញ។ ខ្ញុំបាននិយាយម្តងហើយម្តងទៀតថា ខ្ញុំគិតថា លោកអ្នកត្រូវកម្ទេចគ្រឹះនៃអំណាចរបស់គាត់។ ហើយគ្រឹះនៃអំណាចរបស់គាត់ គឺកងវរសេនាធំដែលត្រួតត្រាដោយកូនប្រុសរបស់គាត់ ទាហានស៊ីឈ្នួលដែលគាត់ជួលពីប្រទេសផ្សេងៗ ប្រាក់កាស និងកុលសម្ព័ន្ធរបស់គាត់។ ខ្ញុំជឿថា អ្វីៗទាំងអស់នោះគួរតែត្រូវដាក់ជាគោលដៅ និងត្រូវតាមកម្ទេចចោល។ លោកអ្នកមិនអាចអនុញ្ញាតឲ្យគាត់បន្តធ្វើដូច្នេះបានទេ»។
លោកសមាជិកព្រឹទ្ធសភាខន់រ៉ាដបានទទួលស្គាល់ថា តាមការយល់ឃើញរបស់លោកអំពីច្បាប់អាមេរិកគឺថា បុគ្គលម្នាក់ៗមិនមែនជាគោលដៅវាយប្រហារដោយយោធាទេ។ ក៏ប៉ុន្តែលោកបានថ្លែងថា ការតាមកម្ទេចរចនាសម្ព័ន្ធគាំទ្រយោធារបស់វរសេនីយ៍ឯកហ្កាដាហ្វី គឺមានភាពស្របច្បាប់យ៉ាងពេញលេញ ដែលជាសកម្មភាពអាចនាំទៅរកការសម្លាប់មេដឹកនាំហ្កាដាហ្វី។
លោកដេវីឌ ខាម៉ឺរូន (David Cameron) នាយករដ្ឋមន្រ្តីអង់គ្លេសមានប្រសាសន៍ថា អង្គការណេតូដាក់គោលដៅវាយប្រហារលើទីបញ្ជាការ និងអង្គភាពគ្រប់គ្រងលីប៊ី មិនមែនទៅលើបុគ្គលទេ៕
ប្រែសម្រួលដោយ លី ម៉ូរីវ៉ាន់