របាយការណ៍ដែលមានចំណងជើងថា «ស្ត្រីនៅក្នុងសហរដ្ឋអាមេរិក៖ សន្ទស្សន៍នៃសុខមាលភាពផ្នែកសង្គម និងសុខភាព» ផ្តល់ការពិនិត្យមើលវិធានការនៃជីវិតរបស់ស្ត្រីម្នាក់។
លោកស្រីរឺបិកា ប្ល៊ែងក៍ (Rebecca Blank) អនុរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច មានប្រសាសន៍ថា៖
«វាគឺជារបាយការណ៍របស់រដ្ឋាភិបាលសហព័ន្ធលើកទីមួយដ៏ទូលំទូលាយនៅក្នុងផ្នែកនេះ ចាប់តាំងពីលោកប្រធានាធិបតី ឃែនណឺឌី (Kennedy) បានតែងតាំងអេលៀនន័រ រ៉ូសាវែលត៍ (Eleanor Roosevelt) នៅដើមទសវត្សរ៍ឆ្នាំ១៩៦០ ឲ្យធ្វើរបាយការណ៍មួយស្តីអំពីស្រ្តី។»
លោកស្រីបន្តទៀតថា របាយការណ៍ថ្មីនេះ គ្របដណ្តប់ចំណុចចម្បងៗចំនួនប្រាំនៃជីវិតរបស់ស្ត្រី។ លោកស្រីប្ល៊ែងក៍ថ្លែងថា៖
«របាយការណ៍នេះរូមបញ្ចូលទិន្នន័យ ដែលផ្តោតទៅលើគ្រួសារ ការអប់រំ ចំណូល ការងារសុខភាព ឧក្រិដ្ឋកម្ម និងអំពើហិង្សា ហើយពិតជាបានគូសបញ្ជាក់និន្នាការនៃអ្វីដែលកំពុងកើតឡើងចំពោះជីវិតរបស់ស្ត្រីនៅជុំវិញចំណុចទាំងអស់នោះ កាលពី២០ទៅ៣០ឆ្នាំមុន»។
លោកស្រី ប្ល៊ែងក៍ មានប្រសាសន៍ថា ការចងក្រងទិន្នន័យពីស្ថាប័នរដ្ឋាភិបាលសហព័ន្ធជាច្រើន បានបង្ហាញទាំងនិន្នាការវិជ្ជមាន និងអវិជ្ជមាន។ ស្រ្តីមិនសូវក្លាយជាជនរងគ្រោះដោយសារឧក្រិដ្ឋកម្មហិង្សា ដែលរួមទាំងអំពើមនុស្សឃាត ដូចកាលពីអតីតកាលនោះទេ។ ស្រ្តីមិនងាយរៀបការ និងមានកូនតិចជាងកាលពីអតីតកាល។ ស្ត្រីមានចំនួន៥១ភាគរយនៃប្រជាពលរដ្ឋទូទៅ និង៥៧ភាគរយនៃជនជាតិអាមេរិកដែលមានអាយុលើ៦៥ឆ្នាំជាស្ត្រី។ ស្រ្តីប្រឈមនឹងបញ្ហាសុខភាព ដូចជាជំងឺសន្លាក់ ជំងឺខ្លាញ់ក្នុងក្បាលពោះ និងបាក់ទឹកចិត្តច្រើនជាងបុរស និងប្រឈមនឹងជំងឺបេះដូង និងជំងឺទឹកនោមផ្អែមតិចជាងបុរស។ របាយការណ៍បានគូសបញ្ជាក់ការរីកចម្រើនគួរឲ្យកត់សម្គាល់នៅក្នុងផ្នែកអប់រំ។ លោកស្រីប្ល៊ែងបន្តទៀតថា៖
«មានដំណឹងល្អនៅក្នុងរបាយការណ៍នេះ ដែលបានបង្ហាញថា អត្រានៃការអប់រំរបស់ស្រ្តីមានការកើនឡើងលឿនជាងអត្រានៃការអប់រំរបស់បុរស។ តាមពិត ប្រសិនបើអ្នកសម្លឹងមើលទៅស្ត្រីវ័យក្មេងៗ ពួកគេបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ នៅក្នុងអត្រាខ្ពស់ជាងបុរសវ័យក្មេង នាពេលបច្ចុប្បន្ន នៅក្នុងសហរដ្ឋអាមេរិក។ ប្រការនេះគឺពិតសម្រាប់គ្រប់ជាតិសាសន៍ទាំងអស់ គឺមិនមែនត្រឹមតែស្ត្រីស្បែកសនោះទេ»។
ប៉ុន្តែ វ៉ាឡឺរី ដ្យាររ៉ែត្ត (Valerie Jarrett) គឺជាប្រធាននៃក្រុមប្រឹក្សាសេតវិមានស្តីអំពីស្ត្រីនិងក្មេងស្រី ថ្លែងថា ការជឿនលឿននៅក្នុងការអប់រំរបស់ស្រ្តី មិនមែនបង្ហាញពីសមភាពនៃប្រាក់ចំណូលនៅក្នុងកន្លែងធ្វើការងារនោះទេ។ លោកស្រីបន្តថា៖
«មូលហេតុមួយគឺថា ស្រ្តីមិនបានចូលធ្វើនៅក្នុងប្រភេទការងារ ដែលអាចទទួលបានប្រាក់ចំណូលខ្ពស់»។
វ៉ាឡឺរី ចារ៉ែតត៍ (Valerie Jarrett) បានប្រាប់ព័ត៌មានអេប៊ីស៊ី ថា លោកប្រធានាធិបតី អូបាម៉ា ចង់លុបបំបាត់ចោលគម្លាតប្រាក់បៀវត្សន៍នេះ។ លោកស្រីនិយាយថា៖
«ដូច្នេះ ចាប់តាំងពីដើមដំបូងនៃរដ្ឋបាលរបស់លោកមក លោកប្រធានាធិបតីមានកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញស្រ្តី និងក្មេងស្រីឲ្យចូលធ្វើការងារទាក់ទងនឹងវិទ្យាសាស្រ្ត បច្ចេកវិជ្ជាវិស្វកម្ម និងគណិតវិទ្យា»។
យោងតាម លី អាន ដឺ រឺស (Lee Ann De Reus) សាស្រ្តាចារ្យរងផ្នែកការសិក្សាអំពីស្ត្រីនៅឯសាកលវិទ្យាល័យរដ្ឋផិនស៊ីលវីញ៉ា អាលទូណា (Penn State Altoona) មានហេតុផលផ្សេងៗទៀតផងដែរ ចំពោះការទទួលបានប្រាក់បៀវត្សរ៍មិនស្មើគ្នា។
«នៅពេលដែលស្ត្រីទទួលយកតួនាទីមួយ ពួកគេជាញឹកញយមិនចរចាទាមទារប្រាក់បៀវត្សរ៍ពីដំបូង ដូចបុរសទេ។ របាយការណ៍នេះក៏បានបង្ហាញផងដែរថា នៅពេលដែលស្រ្តីទទួលបានការងារមួយ ពួកគេមិនចរចាទាមទារតម្លើងប្រាក់បៀវត្សរ៍ដូចបុរសទេ។ មានស្រ្តីជាច្រើនដែលធ្វើការពាក់កណ្តាលម៉ោង។ ស្រ្តីនៅតែព្យាយាមធ្វើឲ្យមានតុល្យភាពរវាងគ្រួសារ និងការងារក្នុងលក្ខណៈមួយដែលបុរសមិនបានធ្វើ។ ផ្នែកមួយនៃបញ្ហានេះ គឺជាអ្វីដែលយើងគិតអំពីតួនាទីមួយរបស់បុរសនៅក្នុងសង្គម និងអ្វីដែលយើងគិតអំពីតួនាទីមួយរបស់ស្ត្រីនៅក្នុងសង្គម»។
សាស្រ្តាចារ្យ ដឺ រឺស មានប្រសាសន៍ថា លោកស្រីសង្ឃឹមថា របាយការណ៍ស្តីអំពីស្រ្តីនៅសហរដ្ឋអាមេរិកនឹងគូសបញ្ជាក់ថាតើបញ្ហាដែលស្រ្តីកំពុងតែប្រឈមុខនាពេលបច្ចុប្បន្ន មានផលប៉ះពាល់ទៅលើក្មេងៗ ក្រុមគ្រួសារ និងសង្គមជាតិទាំងមូលដោយរបៀបណា។ សាស្រ្តាចារ្យ ដឺ រឺស បន្តថា៖
«ចំណុចសំខាន់គឺថា យើងទាំងអស់គ្នាឈ្នះ។ ប្រទេសជាតិឈ្នះ នៅពេលដែលយើងថែទាំប្រជាពលរដ្ឋបានល្អ។ ខ្ញុំគិតថា របាយការណ៍នេះបានចង្អុលបង្ហាញថា យើងនឹងធ្វើកិច្ចការបានល្អប្រសើរ ក្នុងនាមជាប្រទេសមួយ ហើយអនាគតរបស់យើងនឹងប្រសើរជាងមុន ប្រសិនបើយើងចាប់ផ្តើមយកចិត្តទុកដាក់ទៅលើតម្រូវការទាំងឡាយរបស់ស្ត្រី។ វានឹងផ្តល់ប្រយោជន៍ដល់យើងទាំងអស់គ្នា»។
ក្រុមអ្នកនិពន្នសង្ឃឹមថា ព័ត៌មានដែលពួកគេប្រមូលបាននៅក្នុងរបាយការណ៍ស្តីអំពីស្រ្តីនៅក្នុងសហរដ្ឋអាមេរិកនឹងអាចត្រូវបានដាក់ចូលក្នុងគោលនយោបាយ និងការផ្តួចផ្តើមទាំងឡាយក្នុងការជួយស្រ្តីឲ្យធ្វើដំណើរទៅមុខនឹងក្នុងការរៀបចំក្មេងស្រីឲ្យមានជីវិតមួយ ដែលប្រសើរជាងអ្វីដែលម្តាយ និងជីដូនរបស់ពួកគេធ្លាប់មាន៕
ប្រែសម្រួលដោយ ឌី ខាំបូលី