ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន៖ សហរដ្ឋអាមេរិក​នឹង​«គោរព»​លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​ឥណ្ឌូណេស៊ី


រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថ្លែងសុន្ទរកថា​នៅ​សេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។
រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថ្លែងសុន្ទរកថា​នៅ​សេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។

សេតវិមាននិយាយថាសហរដ្ឋអាមេរិកនឹងទទួល​យកលទ្ធផល​នៃ​ការបោះឆ្នោត​ប្រធានាធិបតីនៃប្រទេសឥណ្ឌូណេស៊ី​ដែល​លោក Prabowo Subianto អះអាង​ថា​លោក​បានឈ្នះ។ លោកជា​អតីតឧត្តមសេនីយ៍​នៃកងទ័ព​ជើងគោកដែល​មានរឿងចម្រួង​ចម្រាស​កាលពីអតីតកាល។ លោក​ត្រូវ​បានហាម​ប្រាម​មិនឱ្យចូលក្នុង​សហរដ្ឋ​អាមេរិក​ជាង​មួយទសវត្សរ៍​មកហើយ​ ដោយសារ​មានការចោទប្រកាន់​ទាក់ទិននឹងការរំលោភលើសិទ្ធិមនុស្ស។

លោក John Kirby ទីប្រឹក្សា​ផ្នែកទំនាក់​ទំនង​នៃ​ក្រុមប្រឹក្សា​សន្តិសុខជាតិ​អាមេរិក​បាននិយាយប្រាប់វីអូអេនៅ​ក្នុង​សន្និសីទ​កាសែត​ឯសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ទី១៥​ខែកុម្ភៈ​ថា៖ «យើង​នឹងអបអរលោក Prabowo Subianto នៅពេលណា​សម​រម្យ។ ខ្ញុំ​មិនអាច​ប្រាប់​លោកអ្នក​អំពី​ថ្ងៃខែឬ​ពេលវេលាជាក់លាក់​នោះ​ទេ ពីព្រោះ​ខ្ញុំ​ដឹង​ថាលទ្ធផល​នៅ​មានតទៅទៀត។​ យើងនឹង​គោរព​ការបោះឆ្នោត​នេះ​និង​សំឡេងរបស់​ពលរដ្ឋឥណ្ឌូណេស៊ី»។​

ការរាប់សន្លឹក​ឆ្នោតដំបូងៗមក​ពី​ស្ថាប័ន​មួយចំនួន​បង្ហាញថា​លោក Prabowo ដែល​ដូច​ជា​ជនជាតិឥណ្ឌូណេស៊ី​ភាគច្រើនដែរនិយម​ប្រើ​នាមខ្លួន​ជាជាងនាម​ត្រកូល បានឈ្នះ​គូប្រជែង​គឺ​លោក Anies Baswedan និងលោក​ Ganjar Pranowo ដោយលោក​ទទួល​បាន​សន្លឹក​ឆ្នោត​គាំទ្រ​ជាង ​៥០% ដែល​ចំនួននេះ​អាច​បញ្ចៀស​កុំឱ្យមាន​ការបោះឆ្នោត​ជុំថ្មី។

លទ្ធផល​ជា​ផ្លូវការណ៍មកពី​គណៈកម្មការរៀបចំ​ការបោះឆ្នោត​ទូទៅមានកំណត់នឹង​ចេញផ្សាយនៅ​ខែក្រោយ។ ប៉ុន្តែ​លោក Prabowo បានអះអាង​ជ័យជំនះ​របស់លោក ដោយលោកបាននិយាយ​ប្រាប់​ក្រុម​អ្នកគាំទ្រលោក​រាប់ពាន់​នាក់​នៅក្នុង​រដ្ឋធានី​ហ្សាកាតាថា នេះជា«ជ័យជំនះ​របស់​ពលរដ្ឋឥណ្ឌូណេស៊ីទាំង​អស់គ្នា»។

កាល​ពីឆ្នាំ ២០២០​ រដ្ឋបាល​លោក Trump​ បានលុប​ចោល​ការហាមប្រាម​មិនឱ្យលោក​ Prabowo ចូលក្នុងសហរដ្ឋអាមេរិកដែល​ត្រូវបានដាក់កំហិត​ដោយមាន​ការចោទ​ប្រកាន់​អំពី​ការ​រំលោភលើ​សិទ្ធិ​មនុស្ស មាន​រួមការចាប់ពង្រត់និង​ការធ្វើទារុណកម្ម​ក្រុមសកម្មជន​លម្អៀង​ទៅ​ខាងប្រជាធិបតេយ្យនៅពេលបណ្តេញឳពុកក្មេកលោក​គឺ​លោកប្រធានាធិបតី Suharto ដែល​ចេញ​ពី​តំណែង​កាល​ពីឆ្នាំ ១៩៩៨ និង​មាន​ការទាក់ទិនជា​មួយ​ឧក្រិដ្ឋកម្ម​យោធា​នៅទីម័រ​ខាងកើត។

នៅពេលត្រូវបាន​សាកសួរ​ដោយវីអូអេ​អំពីថា​តើ​រដ្ឋបាល​លោក Biden ​ស្រួល​ចិត្តជាមួយប្រវត្តិ​ការងារ​របស់លោក Prabowo ឬ​ទេ លោក Kirby បាន​គូស​បញ្ជាក់ថា​សិទ្ធិ​មនុស្ស​ជា«មូលដ្ឋានគ្រឹះ»នៃគោលនយោបាយ​ការបរទេស​របស់លោក Biden។​

លោកបាន​និយាយ​ថា«គ្មានការ​សន្ទនាណា​មួយ​រវាង​លោកប្រធានាធិបតីជា​មួយពួក​មេដឹកនាំបរទេសនៅទីណាក៏ដោយដែលលោកមិនបាន​លើកឡើង​អំពីបញ្ហា​និងកង្វល់​អំពី​សិទ្ធិមនុស្ស​និង​សិទ្ធិ​ពលរដ្ឋ។ ការណ៍នេះនឹង​មិនមានការផ្លាស់ប្តូរទេ»។

លោក Prabowo បាន​សន្យាថា​បន្តគោលនយោបាយ​មានប្រជាប្រិយភាពទូលំទូលាយ​របស់​ប្រធានាធិបតី​ចេញ​ពី​តំណែង​គឺលោក Joko Widodo ឬដែល​គេនិយម​ហៅលោកថា​ Jokowi។ លោក Jokowi បាន​គ្រប់គ្រង​ប្រទេសជា​មួយ​របៀបវារៈមួយនៃ​ទំនើបកម្ម«សេដ្ឋកិច្ច​មុន​អ្វីៗ​ទាំងអស់»ដែល​នាំឱ្យមាន​ការលូតលាស់​ផលិតផល​សរុប​ក្នុង​ស្រុកយ៉ាងលឿន ជំរុញឥណ្ឌូណេស៊ីដែល​ជា​ប្រទេស​មានប្រជារាស្ត្រច្រើនទីបួន​ក្នុងពិភពលោក​ ឱ្យ​ទៅ​ជាប្រទេសមួយមាន​ប្រាក់ចំណូល​មធ្យម។

លោក Jokowi បានឈ្នះលោក Prabowo ក្នុងការបោះឆ្នោតមុនៗ​ តែ​នៅឆ្នាំនេះលោកបានគាំទ្រអតីត​គូប្រជែង​របស់លោកតាមរយៈកូនប្រុស​ច្បង​របស់លោក​គឺលោក Rakabuming Raka អាយុ​៣៦ឆ្នាំ ដែល​បាន​ឈរឈ្មោះ​ជា​អនុប្រធានាធិបតី​របស់លោក Prabowo។

លោក Gibran អាចជាបេក្ខជន​អនុប្រធានាធិបតី​របស់លោក Prabowo ក្រោយតុលាការធម្មនុញ្ញរបស់ឥណ្ឌូណេស៊ីបានបង្កើតការលើកលែង​មួយ​ដល់បទបញ្ញត្តិ​មួយ​ដែល​ថា​បេក្ខជនប្រធានាធិបតីត្រូវ​តែមានអាយុយ៉ាងតិច​៤០ឆ្នាំ។ ការណ៍​នេះនាំ​ឱ្យ​មានការរិះគន់ថា​លោក Jokowi ប្រឹងប្រែង​បង្កើត​សន្តតិវង្ស​នយោបាយមួយ​នៅ​ក្នុងប្រទេសឥណ្ឌូណេស៊ីដែល​ជា​ប្រទេស​ប្រជាធិបតេយ្យធំបំផុតទី​បី​ក្នុងពិភពលោក។​

រដ្ឋាភិបាលក្រុង​វ៉ាស៊ីនតោននឹង​មើលរំលង​កង្វល់​ទាំង​នេះ ដោយសារមុខនាទីសំខាន់​របស់​ឥណ្ឌូណេស៊ីនៅក្នុងការ​ប្រជែងឥទ្ធិពលខាង​ភូមិសាស្ត្រ​នយោបាយជា​មួយ​ប្រទេសចិននិង​ការ​ប្រឹងប្រែង​អន្តរជាតិដើម្បី​កាត់បន្ថយបញ្ហា​នៃ​ការប្រែប្រួល អាកាសធាតុ។ ឥណ្ឌូណេស៊ី​ជា​ប្រទេសដឹកជញ្ជូនធ្យូង​ថ្ម​ច្រើនជាងគេទៅលក់ឯ​ប្រទេសក្រៅ​ហើយប្រទេសនេះ​អះអាង​ថា​ខ្លួនមាននីកែល​ច្រើនបំផុត ដែល​ជាធាតុសំខាន់មួយនៃអាគុយ​រថយន្ត​អគ្គិសនី។

លោក​ Aaron Connelly ជា​អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថានអន្តរជាតិ​ខាងការសិក្សាយុទ្ធ​សាស្ត្រ។ លោក​បាន​និយាយប្រាប់វីអូអេថា«ប្រសិន​បើលទ្ធផល​បង្ហាញជ័យជំនះរបស់លោក Prabowo នៅខែក្រោយ ខ្ញុំ​រំពឹង​ថា​សហរដ្ឋអាមេរិកនឹងទាក់ទង​ជាមួយ​លោក Prabowo​ ដូច​ដែល​ខ្លួន​ទាក់ទងជាមួយ​នាយករដ្ឋមន្ត្រីឥណ្ឌា​លោក Narendra Modi នៅ​ក្រោយលោក​បានឈ្នះ​ឆ្នោត​កាលពីឆ្នាំ២០១៤ ដោយ​បានលុបចោល​ការរឹតត្បិតលើ​ការទាក់ទង​ជាមួយលោក»។

កាល​ពីឆ្នាំទៅ លោក Biden បាន​ស្វាគមន៍លោក Modi នៅ​ក្នុងទស្សនកិច្ច​ផ្លូវការណ៍​នៅ​ឯ​សេតវិមាន។ លោក​ប្រធានាធិបតី Biden បានឱបអ្នក​ជាតិនិយមហិណ្ឌូ​អត្តាធិបតេយ្យរូបនេះដែលរដ្ឋាភិបាល​លោកបានបង្ក្រាបសេរីភាពសារព័ត៌មាន​និង​ពួកមេដឹកនាំប្រឆាំង។ ពួក​សមាជិក​សភា​និងក្រុមសកម្មជនបានរិះគន់​សកម្មភាព​នេះរបស់​លោក Biden នៅពេល​រដ្ឋបាលលោក​ផ្តល់អាទិភាព​ដល់​ភូមិសាស្ត្រ​នយាបាយ​ដោយមិនគិតគូរ​អំពី​សិទ្ធិមនុស្ស។

ដូចជាមួយ​ប្រទេស​ឥណ្ឌា​ដែរ ដែល​រដ្ឋាភិបាលក្រុង​វ៉ាស៊ីនតោនឃើញថាជាប្រទេស​មួយ​ធ្វើឱ្យមាន​តុល្យភាព​ជា​មួយ​ចិន សហរដ្ឋអាមេរិក​ចង់បង្កើនទំនាក់ទំនង​ជា​មួយឥណ្ឌូណេស៊ីដែលមាន​ពលរដ្ឋ​ម៉ូស្លីមច្រើន​បំផុតក្នុងពិភពលោក​និង​ជា​សំឡេង​សំខាន់មួយនៃ​ផ្នែកខាងត្បូងពិភពលោក។​

ជា​ច្រើន​ខែមកហើយ ​រដ្ឋាភិបាល​ក្រុង​ហ្សាកាតានិង​រដ្ឋាភិបាលក្រុង​វ៉ាស៊ីនតោនបាន​ពិភាក្សា​គ្នា​អំពីភាព​ដៃគូ​ខាង​រ៉ែ​សម្រាប់សម្រួល​ពាណិជ្ជកម្ម​នីកែល ការ​យករ៉ែនីកែល​និងឧស្សាហកម្ម​សំរិត​សំរាំងពឹងពាក់ភាគ​ច្រើនលើវិនិយោគពីក្រុមហ៊ុនចិន ហើយ​ដោយសារ​មានកង្វល់អំពី​បរិស្ថាន​ក៏មាន​ការកម្រិត​ឧស្សាហកម្ម​នេះ​ក្នុងទី​ផ្សារ​សហរដ្ឋអាមេរិក៕

ប្រែសម្រួល​ដោយ​លោក ឈឹម​ សុមេធ

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG