ប្រទេស ទួកគី (Turkey) និងសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកនិងអឺរ៉ុបរបស់ខ្លួន អាចនឹងមានការប៉ះទង្គិចគ្នាជុំវិញបញ្ហាប្រទេស អ៊ីរ៉ង់ (Iran)។ ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងពីអន្តរជាតិដើម្បីដាក់ប្រទេស អ៊ីរ៉ង់ ឲ្យនៅឯកោ អំពីជម្លោះទាក់ទងទៅនឹងកម្មវិធីនុយក្លេអ៊ែរ របស់អ៊ីរ៉ង់នោះក៏ដោយ ក៏ប្រទេស ទួកគី បានធ្វើទំនាក់ទំនងពាណិជ្ជកម្មនិងហិរញ្ញវត្ថុកាន់តែជ្រៅថែមទៀត ជាមួយរដ្ឋាភិបាលទីក្រុង ទេហ៍រ៉ាន (Tehran)។ ធនាគាររដ្ឋ ទួកគី មួយនាពេលថ្មីៗនេះ បានជួយផ្ទេរការបង់ប្រាក់រាប់ពាន់លានដុល្លារទៅឲ្យប្រទេស អ៊ីរ៉ង់។ កិច្ចព្រមព្រៀងនេះធ្វើឡើង ខណៈពេលដែលរដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន (Washington) បានអំពាវនាវឱ្យរដ្ឋាភិបាលក្រុង អង់ការ៉ា (Ankara) បញ្ឈប់កិច្ចសហប្រតិបត្តិការនេះ។
នាពេលថ្មីនេះ ធនាគារដែលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេស ទួកគី ឈ្មោះ ហលក៍បែងក៍ (Halkbank) បានជួយប្រទេសឥណ្ឌាក្នុងការផ្ទេរប្រាក់មួយភាគនៃប្រាក់ចំណាយចំនួន៥ពាន់លានដុល្លារ ទៅឲ្យប្រទេស អ៊ីរ៉ង់ សម្រាប់ការដឹកជញ្ជូនប្រេងទៅដល់។ យោងតាមលោក ម៉េហរ៍ដាដ អេម៉ាឌី (Mehrdad Emadi) អ្នកជំនាញស្តីអំពីទំនាក់ទំនងរវាងប្រទេស ទួកគី និង អ៊ីរ៉ង់ អន្តរាគមន៍ពីសំណាក់ធនាគាររបស់ប្រទេស ទួកគី គឺជាការលើកកម្លាំងដ៏ចម្បងមួយ សម្រាប់រដ្ឋាភិបាលក្រុង ទេហ៍រ៉ាន (Tehran)។
«លុយនេះគឺត្រូវការចំបាច់ខ្លាំងណាស់ ហើយវា(ទណ្ឌកម្ម)ពិតជាបានបណ្តាលឱ្យមានការខ្វះខាតរូបិយវត្ថុជាសាច់ប្រាក់នៅក្នុងទីក្រុង ទេហ៍រ៉ាន (Tehran)។ ដូច្នេះ នៅក្នុងន័យនេះ វាពិតជាបានផ្តល់កម្លាំងសម្រាប់ជីវិតថ្មីមួយទៅឱ្យរបបនេះ»។
ការបង់ប្រាក់របស់ប្រទេសឥណ្ឌាត្រូវបានពន្យាពេល ដោយសារតែការរឹតបន្តឹងការដាក់ទណ្ឌកម្មរបស់បស្ចឹមប្រទេសទៅលើប្រទេស អ៊ីរ៉ង់ កាន់តែខ្លាំងឡើង។ ក្រុមបស្ចឹមប្រទេសមានការសង្ស័យថា ប្រទេស អ៊ីរ៉ង់ កំពុងធ្វើការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ។ ប្រទេស អ៊ីរ៉ង់ និយាយថា កម្មវិធីរបស់ខ្លួនគឺសម្រាប់ការអភិវឌ្ឍន៍ផ្នែកថាមពលប្រកបដោយសន្តិភាព។
ជែមស្សីដ អាសាឌី (Jamshid Assadi) នៃសាលាពាណិជ្ជកម្ម ប័រហ្គុនឌី (Burgundy) របស់បារាំង និយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានទទួលជោគជ័យកាន់តែច្រើនឡើង នៅក្នុងការបញ្ឈប់កិច្ចព្រមព្រៀងហិរញ្ញវត្ថុរបស់បស្ចឹមប្រទេស ជាមួយរដ្ឋាភិបាលក្រុង ទេហ៍រ៉ាន (Tehran)។
«ការដាក់ទណ្ឌកម្មធ្វើឲ្យប្រទេ អ៊ីរ៉ង មានភាពយ៉ាប់យ៉ឺនកាន់តែខ្លាំងឡើង នៅក្នុងលំហូរហិរញ្ញវត្ថុ ពីព្រោះបណ្តាញហិរញ្ញវត្ថុមានដំណើរសាកលភាវូបនីយកម្មកាន់តែច្រើនឡើង។ ហើយនៅពេលដែលហិរញ្ញវត្ថុត្រូវបានធ្វើសាកលភាវូបនីយកម្ម ធនាគារទាំងឡាយរបស់សហរដ្ឋអាមេរិកមានប្រសិទ្ធភាពខ្លាំងណាស់ទៅលើបណ្តាញនេះ។ សម្រាប់ការប្តូរវិស័យហិរញ្ញវត្ថុ វាធ្វើឲ្យមានការលំបាកយ៉ាងខ្លាំង»។
នៅក្នុងដំណើរទស្សនកិច្ចក្នុងពេលថ្មីមួយទៅកាន់ប្រទេស ទួកគី មន្រ្តីរតនាគារជាន់ខ្ពស់របស់សហរដ្ឋអាមេរិក លោក រ៉ច្ហឺរ ខូហេន (Roger Cohen) បានសម្តែងអំពីការខ្វល់ខ្វាយរបស់រដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន។
«ខណៈពេលដែលពាណិជ្ជកម្មមានការកើនឡើង ខណៈពេលដែលទំនាក់ទំនងហិរញ្ញវត្ថុ បានរីកធំឡើង វា(សកម្មភាពរបស់ទួកគី) មានដំណើរប្រឆាំងទៅនឹងសេចក្តីប្រាថ្នារបស់សហគមន៍អន្តរជាតិនៅក្នុងការដាក់ការបង្ខិតបង្ខំទៅលើប្រទេស អ៊ីរ៉ង់ និងដើម្បីធានាថា ជម្រើសដែលបានដាក់ទៅលើថ្នាក់ដឹកនាំ អ៊ីរ៉ង់ រវាងការបន្តការរឹងទទឹងនិងការចូលរួមជាមួយសហគមន៍អន្តរជាតិ មានប្រសិទ្ធភាពខ្លាំងតាមតែអាចធ្វើទៅបាន»។
លោក ខូហេន (Cohen) បានលើកឧទាហរណ៍អំពីធនាគារ មេឡាត (Mellat Bank) របស់អ៊ីរ៉ង់ ដែលធ្វើពាណិជ្ជកម្មនៅក្នុងប្រទេស ទួកគី ថាបានជួយជំរុញដល់កម្មវិធីនុយក្លេអ៊ែររបស់រដ្ឋាភិបាលក្រុង ទេហ៍រ៉ាន (Tehran)។ ទោះបីជាមានការអំពាវនាវពីបស្ចិមប្រទេសឱ្យធ្វើការរឹតបណ្តឹងសកម្មភាពរបស់ខ្លួនយ៉ាងណាក្តី ក៏សាខារបស់ធនាគារ Mellat នៅក្នុងប្រទេស ទួកគី នាពេលថ្មីៗនេះ បានប្រកាសអំពីកំណើនប្រាក់ចំណេញនិងការរីកចំរើន។
ទីក្រុង វ៉ាស៊ីនតោន ត្រូវបានគេរាយការណ៍មកថា បានព្រមានធនាគារទាំងឡាយរបស់ប្រទេស ទួកគី ដែលធ្វើប្រតិបត្តិការនៅក្នុងសហរដ្ឋអាមេរិកថា ពួកគេអាចប្រឈមមុខនឹងការធ្វើទុក្ខមុកម្នេញ ប្រសិនបើពួកគេរំលោភទៅលើគោលនយោបាយដាក់ទណ្ឌកម្មទៅលើប្រទេស អ៊ីរ៉ង់។ យោងតាមប្រភពការទូតមួយ យ៉ាងហោចណាស់ក៏មានធនាគាររបស់ ទួកគី មួយ ស្ថិតនៅក្រោមការស៊ើបអង្កេតដោយអាជ្ញាធរសហរដ្ឋអាមេរិក។
ប៉ុន្តែ រដ្ឋាភិបាលក្រុង អង់ការ៉ា (Ankara) ភាគច្រើនបានបដិសេធមិនព្រមគោរពតាមការដាក់ទណ្ឌកម្មទៅលើប្រទេស អ៊ីរ៉ង់ ទេ។ ពាណិជ្ជកម្មទ្វេភាគីបានបន្តរីកចំរើន។
អ្នកនយោបាយ ទួកគី វុលកាន ប៊ូហ្សគីរ៍ (Volkan Bozkir) ដែលដឹកនាំគណៈកម្មាធិការកិច្ចការបរទេសរបស់រដ្ឋសភាជាតិ បានបដិសេធចោលការគំរាមកំហែងរបស់សហរដ្ឋអាមេរិក។
«ប្រទេសទាំងឡាយគួរតែប្រយ័ត្នប្រយែងនៅក្នុងការព្រមានប្រទេស ទួកគី ពីព្រោះថាវាមិនមែនជាប្រទេស ទួកគី កាលពី១០ឆ្នាំមុននោះទេ។ តើមានច្បាប់ណាមួយនៅលើពិភពលោក ដែលថាសហរដ្ឋអាមេរិកអាចធ្វើការដាក់ទណ្ឌកម្មណាមួយបាន ដោយមិនមានការគាំទ្រពីអង្គការសហប្រជាជាតិឬស្ថាប័នច្បាប់នោះ? វាមានតែអង្គការសហប្រជាជាតិតែមួយប៉ុណ្ណោះ ដែលអាចដាក់ទណ្ឌកម្មបាន។ យើងនឹងគោរពតាមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ»។
លោក មូរ៉ាត ប៊ីលហាន (Murat Bilhan) អតីតអ្នកការទូតរបស់ប្រទេស ទួកគី និយាយថា ទោះជាយ៉ាងណាក្តី រដ្ឋាភិបាលក្រុង អង់ការ៉ា (Ankara) នៅតែមានការប្រយ័ត្នប្រយែងនៅក្នុងការធ្វើឱ្យខូចដល់ទំនាក់ទំនងជាមួយទីក្រុង វ៉ាស៊ីនតោន ជាពិសេសនៅពេលដែលធ្វើការទាក់ទងទៅនឹងសម្ព័ន្ធភាពផ្នែកយោធា។
«ប្រទេស ទួកគី មិនមានអារម្មណ៍ថា មានការគំរាមកំហែងណាមួយពីប្រទេស អ៊ីរ៉ង់ នោះទេ ប៉ុន្តែ ខ្ញុំពិតជាអាចនិយាយបានថា ទួកគី នឹងមិនធ្វើឱ្យខូចដល់ទំនាក់ទំនងរវាងប្រទេស ទួកគី និងសហរដ្ឋអាមេរិក »ដោយសារតែប្រទេស អ៊ីរ៉ង់ នោះឡើយ ពីព្រោះថា ទួកគី ពិតជាបានគោរពដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិក ដូចដែលអ្នកបានឃើញនៅក្នុងបញ្ហារបាំងការពារគ្រាប់មីស៊ីល នោះស្រាប់»។
លោក ប៊ីលហាន (Bilhan) និយាយសំដៅទៅលើការសម្រេចចិត្តរបស់រដ្ឋាភិបាលក្រុង អង់ការ៉ា (Ankara) ក្នុងការអនុញ្ញាតឱ្យសហរដ្ឋអាមេរិកដាក់ប្រព័ន្ធរ៉ាដានៅលើទឹកដីរបស់ខ្លួន ដែលជាផ្នែកមួយនៃប្រព័ន្ធប្រឆាំងទៅនឹងគ្រាប់មីស៊ីលផ្លោងរបស់អង្គការ អូតង់ ដែលមានបំណងធ្វើឲ្យប្រទេស អ៊ីរ៉ង់ មានការញញើត។ នៅក្នុងសប្តាហ៍នេះ ទីក្រុងវ៉ាស៊ីនតោនបានលើកសរសើរដល់សេចក្តីសម្រេចចិត្តនេះ តែត្រូវបានផ្តន្ទាទោសដោយទីក្រុង ទេហ៍រ៉ាន (Tehran)៕
ប្រែសម្រួលដោយ ឌី ខាំបូលី