ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ទទូច​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ឡើង​វិញ​អំពី​សេចក្តី​ព្រាង​ច្បាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល


ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​​​​ការ​ប្រជុំ​ក្នុង​វេទិកា​សាធារណៈ។
ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​​​​ការ​ប្រជុំ​ក្នុង​វេទិកា​សាធារណៈ។

ភ្នំពេញ៖ ​សហ​រដ្ឋ​អាមេរិក​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​បរទេស​ដែល​បាន​សម្តែង​ការ​ព្រួយបារម្ភ​អំពី​សេចក្តី​ព្រាងច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​បាន​អំពាវនាវ​ឲ្យរដ្ឋាភិបាល​កម្ពុជា​សើរើ សេចក្តី​ព្រាងច្បាប់​នេះ​ឡើងវិញ​ ​ដើម្បី​ជៀសវាង​ការរឹតបន្តឹង​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ ដែល​កំពុង​ធ្វើ​សកម្ម​ភាព​នានា​នៅកម្ពុជា។ ​រដ្ឋាភិ​បាល​បាន​ទទួល​យក​មតិ​យោបល់​ និង​អនុសាសន៍​ទាំងអស់​របស់​អង្គការ​សង្គម​ស៊ីវិល​ទៅ​ពិចារណា។

នៅ​ថ្ងៃព្រហស្បតិ៍នេះ ​ស្ថានទូត​សហរដ្ឋអាមេរិក​នៅក្នុង​ក្រុង​ភ្នំពេញ បាន​ទទូច​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ពិចារណា​ឡើងវិញ​នូវ​សេចក្តី​ព្រាងច្បាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​រឹតត្បិត​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ប្រតិបត្តិ​ការងារ​សកម្មភាព​នៅក្នុង​ប្រទេស​កម្ពុជា។

លោក ​Mark Wenig ​អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅកម្ពុជា ​បាន​ថ្លែង​ប្រាប់​VOA​ ថា​៖

«យើង​ទទូច​យ៉ាងខ្លាំង​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ពិចារណា​ឡើងវិញ​ថា​ ​តើ​សេចក្តី​ព្រាង​ច្បាប់​អង្គការ​ក្រៅ​រដ្ឋាភិ​បាល​នេះ​ពិតជា​ចាំបាច់​ដែរ​ឬទេ? ហើយ​បើ​ពិតជាចាំបាច់មែន​នោះ ​សូម​អនុម័ត ​និង​អនុវត្ត​តាមច្បាប់​ឲ្យ​ស្របតាម​ការប្តេជ្ញាចិត្ត​ ​ដើម្បី​បើក​ទូលាយ​នូវ​សេរីភាព​សម្រាប់​អង្គការ​សង្គម​ស៊ីវិល​ ​ដើម្បី​ឲ្យមាន​ប្រតិបត្តិការ ​ជាជាងដាក់​លក្ខខណ្ឌ​តឹងរឹង»។

លោក​Mark Wenig ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះថា៖

«យើងត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​នៅក្នុង​ការ​ពិគ្រោះ​យោបល់​យ៉ាង​ដិត​ដល់​ជាមួយ​ដៃគូ​សមាគម ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​របស់​យើង​អំពី​ផល​ប៉ះពាល់​នៃ​សេចក្តី​ព្រាងច្បាប់​នេះ​ ​ដែល​អាច​កើតមាន​ទៅលើ​សកម្ម​ភាព​នានា​របស់​ពួកគេ»។

លោក​ Mark Wenig ​បាន​បន្ថែមថា​ ​សហ​រដ្ឋ​អាមេរិក​ជឿជាក់​យ៉ាង​មុតមាំ​ថា​ ​សហគមន៍​អង្គការ​សង្គម​ស៊ីវិល​រឹងមាំ​ ​ឯករាជ្យ ​និង​ផ្សេងគ្នា​ ​គឺ​ជាកត្តា​ចាំបាច់​ចំពោះ​លទ្ធិ​ប្រជាធិប​តេយ្យ ​និង​ការ​អភិវឌ្ឍ​ជា​បន្ត​ទៅ​ទៀត​របស់​ប្រទេស​កម្ពុជា។

សេចក្តី​ថ្លែង​ការណ៍​រួម​របស់​សម្ព័ន្ធ​អង្គការ​សារព័ត៌មាន​អាស៊ី​អាគ្នេយ៍ ​(SEAPA)​ ​អង្គការ ​FORUM-ASIA និង​អង្គការ​សិទ្ធិ​មនុស្ស​ដទៃទៀត​បាន​បញ្ជាក់ថា​ ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិ​បាល​ផ្តល់​អំណាច​ហួសហេតុ​ដល់​រដ្ឋាភិបាល ​ដើម្បី​ដាក់​កម្រិត​ ​ត្រួតពិនិត្យ ​និង​ធ្វើ​អន្តរាគមន៍​នៅក្នុង​សកម្មភាព​នានា​របស់​ភ្នាក់ងារ​អភិវឌ្ឍន៍ ​និង​ភ្នាក់ងារ​ជួយ​ឧបត្ថម្ភ​ក្នុង​ស្រុក ​និង​បរទេស។

នៅចុង​ខែធ្នូ​ ឆ្នាំ២០១០​ ​រដ្ឋាភិបាលបាន​ផ្សព្វផ្សាយ​សេចក្តី​ព្រាងច្បាប់​នេះ​ដល់​អង្គការ​ក្រៅ​រដ្ឋាភិ​បាល​ ដើម្បី​ឱ្យ​ផ្តល់​យោបល់​ និង​ធ្វើការ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​រវាង​តំណាង​រដ្ឋាភិបាល​ និង​អង្គការ​សង្គម​ស៊ីវិល​លើ​សេចក្តី​ព្រាងច្បាប់​នេះ​នៅថ្ងៃ​ទី១០​ ខែ​មករា​ ឆ្នាំ២០១១។

សេចក្តី​ថ្លែង​ការណ៍​រួមបាន​សរសេរ​ថា​ ​សេចក្តី​ព្រាងច្បាប់​នេះ​បាន​ដាក់​ការទាមទារ​ និង​លក្ខខណ្ឌ​នៅ គ្រប់​ជំហាន​នៃ​ដំណើរការ​បង្កើត​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​ចាប់ពី​ការ​ចុះ​បញ្ជី​ដល់​ការអនុវត្ត​សកម្មភាព​ការងារ​ដល់​របាយ​ការណ៍​ហិរញ្ញវត្ថុ។

ក្រុមអង្គការ​ក្រៅ​រដ្ឋាភិបាល​នៅក្នុង​ប្រទេស​កម្ពុជា​ចង្អុល​បង្ហាញ​ថា​ ​ប្រការ​ទាំងនេះ​ធ្វើការ​រារាំង​ដល់ ការបង្កើត​អង្គការ​ក្រៅ​រដ្ឋាភិបាល​ថ្មី​និង ​ធ្វើឲ្យ​ថយ​ចុះ​សកម្មភាព​នានារ​បស់​អង្គការ​ក្រៅ​រដ្ឋាភិ​បាល ដែល​មាន​ស្រាប់។

សេចក្តី​ថ្លែងការណ៍​រួមនេះ​បាន​បញ្ជាក់ថា ​យើង​ជឿជាក់​ថា​ ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ជួយ​គាំទ្រ​របស់ អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុងស្រុក​ និង​អន្តរជាតិ​ ដែល​រហូត​មកដល់​ពេល​នេះ​ជា​កម្លាំង​សង្គម​ស៊ីវិល ខ្វះមិន​បាន​ ​ដើម្បី​ពង្រឹង​សង្គម​ និង​លទ្ធិប្រជាធិប​តេយ្យ​ដែល​ងាយ​ផុយស្រួយ​របស់​ប្រទេស​កម្ពុជា។

លោក​នុត សាអាន ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ ​បាន​ថ្លែងថា​ ​រាជរដ្ឋាភិ​បាល​បាន​ទទួល​យក​មតិ យោបល់​ និង​អនុសាសន៍​ទាំងអស់​របស់​អង្គការ​សង្គម​សីវ៉ិល​ទៅ​ពិចារណា។

សេចក្តី​ថ្លែងការណ៍​រួម​របស់​គណៈ​កម្មាធិការ​សហ​ប្រតិបត្តិការ​ដើម្បី​កម្ពុជា​ ​អង្គការNGO Forum និង​អង្គការ​មេឌីខាំ ​(MEDiCAM) ​បាន​បញ្ជាក់ថា​ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំងអស់​ជឿជាក់​យ៉ាង​មុតមាំ​ថា ​អនុសាសន៍​ទាំងនេះ​នឹង​ត្រូវបាន​បញ្ចូល​ទៅក្នុង​សេចក្តី​ព្រាង​ទី២។

សេចក្តី​ថ្លែង​ការណ៍​រួមនេះ​បាន​បន្ថែមថា ​អង្គការ​ក្រៅ​រដ្ឋាភិ​បាល​ទាំងអស់​កំពុង​រង់ចាំ​ការ​សម្រេច​ចិត្ត​ពី​រាជ​រដ្ឋាភិបាល និង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ​រាជ​រដ្ឋាភិ​បាល​នឹង​ឆ្លើយតប​ជាវិជ្ជមាន​នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​នេះ​ដើម្បី​ផ្តល់​ឱកាស​ឱ្យ​មាន​ការ​ពិភាក្សា​បន្ថែម​ចំពោះ​ច្បាប់​ដ៏មាន​សារៈ​សំខាន់​នេះ​ ​សំដៅ​ឆ្លើយ​តប​នឹង​ការ​ព្រួយ​បារម្ភ​ជាក់ស្តែង​របស់​អង្គការ​សង្គមស៊ីវិល​នៅ​ទូទាំង​ប្រទេស​ដែលនឹង​ត្រូវបាន​យក​ទៅ​ដាក់​បញ្ចូល​នៅ​ក្នុង​សេចក្តី​ព្រាង​បន្ទាប់​នៃ​ច្បាប់​ស្តីពី​សមាគម ​និង​អង្គការ​ក្រៅ​រដ្ឋាភិ​បាល។

អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ​បាន​ស្នើ​សុំ​ទៅ​លោក​ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និង​លោក​ហោ ណាំហុង​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ ​បង្កើត​ក្រុម​ការងារ​បច្ចេក​ទេស​រួមគ្នា​មួយ​សម្រាប់​ពិភាក្សា​លម្អិត លើ​សេចក្តី​ព្រាងច្បាប់​នេះ។

សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការ​បរទេស​អាមេរិកបាន​បញ្ជាក់​ថា​ ​សហ​រដ្ឋ​អាមេរិក​មាន​កង្វល់​យ៉ាង​ខ្លាំង​អំពី​សេចក្តី​ព្រាងច្បាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល​នេះ​ ​និង​ជំទាស់​យ៉ាង​ខ្លាំង​នូវ​ការ​អនុម័ត​ច្បាប់ នេះ​ ដែល​បង្គាប់​បញ្ជា​សកម្មភាព​ស្របច្បាប់​នានា​របស់​អង្គការ​ក្រៅ​រដ្ឋាភិ​បាល។

សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការ​បរទេស​អាមេរិក​បាន​បន្ថែម​ថា​ សហ​រដ្ឋ​អាមេរិក​ជឿជាក់​ថា​ អង្គការសង្គម​ស៊ីវិល​រឹងមាំ​ និង​សេរី ​គឺ​ជា​កត្តា​សំខាន់​ជា​អាយុ​ជីវិតដើម្បី​ពង្រឹង​ស្ថាប័ន​ប្រជាធិប​តេយ្យ​លើក​កម្ពស់​សុខមាលភាព​មនុស្សធម៌​ និង​សេដ្ឋកិច្ច ​និង​ជំរុញ​សេដ្ឋ​កិច្ច។ ​នៅ​ប្រទេស​កម្ពុជាក៏​ដូចជា​ ប្រទេស​ដទៃ​ទៀត​ ​អង្គការ​ក្រៅ​រដ្ឋាភិ​បាល​ និង​អង្គការ​សង្គមស៊ីវិល​ដទៃទៀត​បង្កើត​ឱ្យ​មាន​ការរួម​វិភាគ​ទាន​ដ៏​សំខាន់​នៅក្នុង​វិស័យ​ទាំង​នេះ៕

XS
SM
MD
LG