ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​រដ្ឋអាជ្ញា​ពិសេស​សហរដ្ឋ​អាមេរិក​ថា ​មាន​ភស្តុតាង​គ្រប់គ្រាន់​ ដើម្បី​កាត់​ទោស​លោក Trump ក្នុង​សំណុំរឿង​បោះឆ្នោត​ឆ្នាំ២០២០


រូបផ្គុំ​រវាង​ប្រធានាធិបតី​ជាប់ឆ្នោតលោក Donald Trump និង​លោក Jack Smith រដ្ឋអាជ្ញា​ពិសេស​សហរដ្ឋ​អាមេរិក​លោក Jack Smith។
រូបផ្គុំ​រវាង​ប្រធានាធិបតី​ជាប់ឆ្នោតលោក Donald Trump និង​លោក Jack Smith រដ្ឋអាជ្ញា​ពិសេស​សហរដ្ឋ​អាមេរិក​លោក Jack Smith។

ក្នុង​របាយការណ៍​មួយ​ដាក់​ជូន​សភា​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ រដ្ឋអាជ្ញា​ពិសេស​សហរដ្ឋ​អាមេរិក​លោក Jack Smith ថា​ ការិយាល័យ​របស់​លោក មាន​ភស្តុតាង​គ្រប់គ្រាន់​ ដើម្បី​«‍រក្សាទុក និង​ដំណើរការ» ​ការ​កាត់​ទោស​ក្នុង​សវនាការ​លើ​ប្រធានាធិបតី​ជាប់ឆ្នោត​លោក Donald Trump ចំពោះ​កិច្ចប្រឹងប្រែង​របស់​លោក ក្នុង​ការ​ប្រែក្រឡាស់​លទ្ធផល​លោក Trump ចាញ់​លោក​ប្រធានាធិបតី​ Joe Biden ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០២០។

លោក Smith ថា​លោក Trump «‍ជ្រើស​យក​សកម្មភាព​ឧក្រិដ្ឋ​ជា​បន្តបន្ទាប់ ដើម្បី​នៅ​ក្រាញ​អំណាច» ក្រោយ​ពី​លទ្ធផល​បង្ហាញ​ច្បាស់​ថា ​លោក​បាន​ចាញ់ ហើយ​របៀប​តវ៉ា​តាម​ផ្លូវ​ច្បាប់​ជំទាស់​នឹង​លទ្ធផល​បោះឆ្នោត​នោះ បាន​បរាជ័យ។

លោក Smith បាន​និយាយ​ក្នុង​របាយការណ៍​របស់​លោក​ថា៖ ​«‍ការណ៍​នេះរួមទាំង​ការ​ប៉ុនប៉ង​ជំរុញ​មន្ត្រី​ថ្នាក់​រដ្ឋ ឱ្យ​ធ្វើ​អើពើ​លើ​ចំនួន​សន្លឹក​ឆ្នោត​ពិតប្រាកដ​ បង្កើត​បញ្ជី​ឈ្មោះ​អង្គ​បោះឆ្នោត​ប្រធានាធិបតី​ក្លែងក្លាយ​ក្នុង​រដ្ឋ​ចំនួន​៧​ដែល​លោក [Trump] បាន​ចាញ់ បង្ខំ​មន្ត្រី​ក្រសួង​យុត្តិធម៌​និង​អនុប្រធានាធិបតី​របស់​លោក​ផ្ទាល់ គឺ​លោក Michael R. Pence ឱ្យ​ធ្វើ​ផ្ទុយ​នឹង​សម្បថ​របស់​ពួកគេ ហើយ​បម្រើ​ប្រយោជន៍​ផ្ទាល់ខ្លួន​របស់​លោក Trump វិញ ហើយ​នៅ​ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ បញ្ជា​ឱ្យ​ហ្វូង​មនុស្ស​ដែល​ខឹងសម្បា​ឱ្យ​ទៅ​វិមាន​សភា ដើម្បី​បង្អាក់​នីតិវិធី​បញ្ជាក់​របស់​សភា លើ​អ្នក​ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី ហើយ​ក្រោយ​មក ប្រើ​ឥទ្ធិពល​លើ​ក្រុម​កុបករ»។

លោក Smith​ ថា ​លោក Trump បាន​ធ្វើ​សកម្មភាព​ទាំង​ក្នុង​នាម​ជា​បុគ្គល​ឯកជន​ជា​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត ព្រម​ទាំង​មាន​ការ​ជួយ​ពី​អ្នក​សមគំនិត​ជាច្រើន​ផង និង​ថា ​លោក Trump បាន​ព្យាយាម​ប្រើ​«‍អំណាច​និង​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ ដើម្បី​ជំរុញ​ផែនការ​របស់​លោក»។

របាយការណ៍​បន្ត​ទៀត​ថា ​ការ​អះអាង​មិន​ពិត​របស់​លោក Trump ដូច​ជា​ថា ​សន្លឹកឆ្នោត​ត្រូវ​បាន​បោះ​ដោយ​អ្នក​ស្លាប់​ឬ​អ្នក​គ្មាន​សិទ្ធិ​បោះឆ្នោត​ក្នុង​ចំនួន​ច្រើន ឬ​ថា​ ម៉ាស៊ីន​រាប់​សន្លឹកឆ្នោត បាន​ប្តូរ​សន្លឹក​ឆ្នោត​ដែល​បោះ​ឱ្យ​លោក Trump ទៅ​ជា​បោះ​ឱ្យ​លោក Biden ជា​ដើម «‍ក្នុង​ករណី​ជាច្រើន​គឺ​មិន​ពិត​ទាល់​តែ​សោះ»។

លោក Trump បាន​ប្រកែក​ម្តង​ហើយ​ម្តង​ទៀត​ថា​ លោក​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ ហើយ​បាន​វាយប្រហារ​លើ​កិច្ចការ​របស់​រដ្ឋអាជ្ញា​ពិសេស​ថា ​មាន​លក្ខណ:​នយោបាយ។ លោក Trump បាន​ឆ្លើយតប​ទៅ​នឹង​ការ​ចេញផ្សាយ​របាយការណ៍​កាលពី​ថ្ងៃ​អង្គារ​ដោយ​បង្ហោះ​សារ​មួយ​តាម​ប្រព័ន្ធ Truth Social របស់​លោក ដោយ​ហៅ​លោក Smith ថា​ជា​«‍រដ្ឋអាជ្ញា​ល្ងីល្ងើ»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG