ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីភ្នាក់ងារ NASA កុងត្រា​ជាមួយ​ក្រុមហ៊ុន​អវកាស​ឯកជន​ដើម្បីអភិវឌ្ឍ​យានអវកាស​អាមេរិកាំង​ជំនាន់​ថ្មី


លោក​ Elon Musk​ នាយក​ក្រុមហ៊ុន​សារ​ជីវកម្ម​យាន​អាវកាស Space ​Exploration ​Technologies ​Corp ​ថ្លែង​ក្នុង​សន្និសីទព័ត៌មាន​កាលពី​ថ្ងៃទី​៥​ខែ​មេសា​ឆ្នាំ​២០១១​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​​ដើម្បីប្រកាស​អំពី​យាន​អាវកាស​ SpaceX​​ នឹង​រួច​រាល់​អាច​ប្រើ​បាន​នៅ​ចុង​
លោក​ Elon Musk​ នាយក​ក្រុមហ៊ុន​សារ​ជីវកម្ម​យាន​អាវកាស Space ​Exploration ​Technologies ​Corp ​ថ្លែង​ក្នុង​សន្និសីទព័ត៌មាន​កាលពី​ថ្ងៃទី​៥​ខែ​មេសា​ឆ្នាំ​២០១១​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​​ដើម្បីប្រកាស​អំពី​យាន​អាវកាស​ SpaceX​​ នឹង​រួច​រាល់​អាច​ប្រើ​បាន​នៅ​ចុង​

ជាមួយ​រយៈពេល​តែ​ប៉ុន្មាន​សប្តាហ៍​ទៀត​ដែល​កម្មវិធី​យានអវកាសចម្លង​របស់ ស.រ.អ. នឹង​ចូលនិវត្តន៍​ ទីភ្នាក់ងារ NASA បាន​ធ្វើ​ខសន្យា​ជាមួយ​ក្រុមហ៊ុន​អវកាស​ឯកជន​ដើម្បី​អភិវឌ្ឍ​យានអវកាស​អាមេរិកាំង​ជំនាន់​ថ្មី​សម្រាប់​ដឹក​ពួក​អ្នកអវកាស​ទៅកាន់​ស្ថានីយ៍​អវកាស​អន្តរជាតិ។​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​ខែ​មេសា​ ទីភ្នាក់ងារ​អវកាស​ស.រ.អ. បាន​បង្ហាញ​ក្រុមហ៊ុន​បួន​ក្នុង​បណ្តា​ក្រុមហ៊ុន​ទាំងនេះ​នៅ​ក្នុង​ការនិយាយត្រួសៗ​មួយ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

នៅក្រោយ​ការបង្ហោះ​យានអវកាសចម្លង Endeavour ចេញ​ពី​ជ្រោយ Canaveral រដ្ឋ Florida ដែល​មាន​កំណត់​ធ្វើ​នៅ​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ ទីភ្នាក់ងារ NASA មាន​កំណត់​នឹង​បញ្ជូន​បេសកកម្ម​តែ​មួយ​ទៀត​ទៅកាន់​ស្ថានីយ៍អវកាស​អន្តរជាតិ។​ ក្នុង​ខែមិថុនា​ យានអវកាសចម្លង Atlantis នឹង​ត្រូវ​បង្ហោះ​ជាលើក​ចុងក្រោយ​បង្អស់​ដោយ​បញ្ចប់​កម្មវិធី​ដែល​មាន​រយៈពេល​៣០ឆ្នាំ​មកហើយ​ដែល​មាន​សារៈសំខាន់​ជា​ចាំបាច់​សម្រាប់​ការកសាង​និង​កិច្ចប្រតិបត្តិការរបស់​ស្ថានីយ៍អវកាស​អន្តរជាតិ។

ដោយ​រង់ចាំ​ការបញ្ចប់​កម្មវិធី​នេះ​ កាលពី​ពេល​ថ្មីៗ​នេះ​ទីភ្នាក់ងារ NASA បាន​ផ្តល់កិច្ចសន្យា​មាន​ទឹកប្រាក់​២៧០លានដុល្លារ​ឱ្យ​ដល់​ក្រុមហ៊ុន​អវកាស​ស... បួនដើម្បី​ជួយ​ពួកគេ​ឱ្យ​អភិវឌ្ឍ​យាន​អវកាស​ដែល​នឹង​ដឹក​ពួក​អ្នកអវកាស​និង​ទំនិញ​ទៅ​កាន់​ស្ថានីយ៍អវកាស។

លោក Mark​ Sirangelo ជា​អ្នកចាត់ចែង​កម្មវិធី​នៃ​ក្រុមហ៊ុន Sierra ​Nevada មាន​មូលដ្ឋាន​នៅ​ក្នុង​រដ្ឋ Colorado។​ក្រុមហ៊ុន​នេះ​កំពុង​អភិវឌ្ឍ​យានអវកាស​មួយមាន​ឈ្មោះ​ថា Dream ​Chaser ដែល​បាន​ត្រូវ​រចនា​ជាដំបូង​ជា​យានជំនិះ​ជួយសង្គ្រោះ​មួយ​សម្រាប់​យានអវកាសចម្លង។

យានអវកាស​នេះ​បាន​ត្រូវ​រចនា​ទ្បើង​សម្រាប់​ដឹក​មនុស្ស​៧​នាក់​ទៅកាន់​និង​មកពី​តារាវិថី​ទាប​នៃ​ផែនដី។​ លោក Sirangelo បាន​និយាយ​ថា​ការអភិវឌ្ឍ​យានអវកាស​ថ្មី​នេះ​ផ្អែក​លើ​ការជឿនលឿន​នៃ​ការធ្វើដំណើរ​របស់​មនុស្ស​ក្នុង​អវកាស​ដែល​បាន​ត្រូវ​សម្រេច​ដោយ​កម្មវិធី​យានអវកាសចម្លង។

«យានជំនិះ​របស់​យើង​ផ្អែក​ភាគច្រើន​លើ​ជោគជ័យ​ ជ័យជំនះ​ ឧបសគ្គ​ ការ​ឈឺចាប់​ដែល​មាន​នៅ​ក្នុង​កម្មវិធី​យានអវកាសចម្លង​។យើង​មិនអាច​នៅ​ទី​នេះ​បានទេ​ប្រសិន​បើ​មនុស្ស​ទាំងនោះ​មិនបាន​ធ្វើ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ»។

ពួកមន្ត្រី​ក្រុមហ៊ុន​និយាយ​ថា​នឹង​ត្រូវ​ចំណាយ​ពេល​បី​ឬ​បួន​ឆ្នាំ​ទៀត​នៅមុន​ពេល​មាន​យានអវកាស​មួយ​គ្រឿង​សម្រាប់​ដឹក​ពួក​អវកាសយានិក​ទៅ​កាន់​ស្ថានីយ៍អវកាស។​នៅ​ពេល​ជាមួយគ្នា​នេះ​ ស.រ.អ. ទិញ​ការធ្វើដំណើរ​១២​លើក​តាម​យានអវកាស​តែ​មួយ​គត់​ដែល​មាន​ប្រតិបត្តិការ​ក្នុង​ពិភពលោក​ដែល​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​និង​មក​ពី​តារាវិថី​របស់​ផែនដី -គឺ​យានអវកាស Soyuz របស់​ប្រទេសរុស្ស៊ី។

លោក Garrett​ Reisman ជា​អ្នកចាត់ចែង​កម្មវិធី​សម្រាប់​សាជីវកម្ម Space​ Exploration ​Technologies ហៅ​កាត់​ថា SpaceX ដែល​អភិវឌ្ឍ​បន្ទប់​អ្នក​បើកយានអវកាស Dragon។​លោក Reisman ថ្លែង​ថា​ជា​ការចាំបាច់​ដែល​ស.រ.អ. ត្រូវមាន​ទម្រង់​ឯករាជ្យ​មួយ​នៃ​ការដឹកជញ្ជូន​ក្នុងអវកាស។

«យើង​កំពុង​ឋិត​ក្នុង​ភាព​ជា​ដៃគូ​មួយ​ជាមួយ​ប្រទេសរុស្សី​និង​ប្រទេស​ឯ​ទៀតៗនៅ​លើ​ស្ថានីយ៍អវកាស។​យើង​មិនមែន​ជា​ដៃគូ​ល្អ​ទេ​ប្រសិន​បើ​យើង​គ្មានសមត្ថភាព​របស់​យើង​ផ្ទាល់។ ​ដូច្នេះ​ខ្ញុំ​យល់ថា​យើង​ទាំងអស់​គ្នា​ប្តេជ្ញា​ធ្វើឱ្យ​រួញ​ភាព​ឃ្លាត​ពី​គ្នា​នេះ​ឱ្យ​បាន​ឆាប់រហ័ស​ ប្រកប​ដោយ​ប្រសិទ្ធិភាព​និងសុវត្ថិភាព​តាម​ដែល​យើង​អាច​ធ្វើ​បាន»។

ក្រុមហ៊ុន SpaceX មាន​កំណត់​នឹង​បង្ហោះ​យាន​អវកាស​គ្មាន​មនុស្ស​បើក​ទៅ​កាន់ស្ថានីយ៍​អវកាស​នៅ​ដំណាច់​ឆ្នាំ​នេះ។

ប្រែ​សម្រួល​ដោយ​ ឈឹម​ សុមេធ

XS
SM
MD
LG