សេអ៊ូល៖ បេសកជនជាន់ខ្ពស់ម្នាក់របស់សហរដ្ឋអាមេរិកបានជួបជាមួយប្រធានាធិបតីប្រទេសកូរ៉េខាងត្បូងនិងមន្រ្តីផ្សេងៗទៀតដើម្បីពិភាក្សាអំពីការបន្តការចរចាដែលគេរំពឹងថា នឹងធ្វើឡើងរវាងរដ្ឋាភិបាលទីក្រុងសេអ៊ូលនិងរដ្ឋាភិបាលទីក្រុងព្យូងយ៉ាង។
លោក(James Steinberg)ហ្សេមសតាញបឺរក៍ អនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក មានប្រសាសន៍ថា ទំនាក់ទំនងជិតស្និទ្ធរវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលទីក្រុងសេអ៊ូលទំនងជាបានបង្ខំឲ្យរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងស្វះស្វែងធ្វើការចរចា។
«ការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការដ៏ខ្លាំងរវាងសហរដ្ឋអាមេរិកនិងកូរេខាងត្បូង ទាំងផ្នែកយោធានិងនយោបាយ បានបញ្ជូនសារយ៉ាងខ្លាំងមួយប្រាប់ប្រទេសកូរេខាងជើងថា កូរេខាងជើងនឹងមិនបានសម្រេចជោគជ័យនូវគោលបំណងរបស់ខ្លួនតាមរយៈការគំរាម ការបង្ខិតបង្ខំទេ។ ផ្ទុយទៅវិញ អ្វីៗទាំងអស់ដែលពួកគេនឹងបានទទួលគឺភាពឯកោកាន់តែខ្លាំងឡើង ហើយនឹងនាំឲ្យមានការអនុវត្តវិធានការនានាកាន់តែមានប្រសិទ្ធិភាពឡើងដែលយើងបានធ្វើក្នុងការឆ្លើយតបនឹងការបង្កហេតុកាលពីពេលមុន»។
លោកសតាញបឺរក៍បានថ្លែងដូច្នេះកាលពីថ្ងៃពុធ បន្ទាប់ពីការចរចាជាមួយលោក(Kim Sung-hwan)គិម ស៊ុងវ៉ាន រដ្ឋមន្រ្តីក្រសួងការបរទេសកូរេខាងត្បូង។
អស់លោកទាំងពីរបានពិភាក្សាអំពីសេចក្តីថ្លែងការណ៍រួម កាលពីពេលថ្មីៗនេះរបស់ប្រធានាធិបតីអូបាម៉ានិងប្រធានាធិបតីចិន(Hu Jintao)ហ៊ូ ជិនតាវ។ សេចក្តីថ្លែងការណ៍បានសម្តែងនូវការព្រួយកង្វល់អំពីកម្មវិធីសម្រាំងជាតិអ៊ុយរ៉ានីញ៉ូមរបស់កូរេខាងជើងហើយបានអំពាវនាវឲ្យមានការសន្ទនាដោយស្មោះត្រង់និងការស្ថាបនារវាងរដ្ឋាភិបាលទីក្រុងសេអ៊ូលនិងរដ្ឋាភិបាលទីក្រុងព្យូងយ៉ាង។
ដំណើរបំពេញទស្សនកិច្ចរបស់លោក សតាញបឺរក៍ កើតមានឡើងនៅពេលដែលកូរេទាំងពីរប្រុងប្រៀបបន្តការចរចាវិស័យយោធា។
រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានស្នើធ្វើការចរចានោះ ហើយកាលពីថ្ងៃពុធរដ្ឋាភិបាលទីក្រុងសេអ៊ូលបានស្នើឲ្យមានការពិភាក្សាដំបូងនៅថ្ងៃទី១១ខែកុម្ភៈ៕
ប្រែសម្រួលដោយលោកជឹង ប៉ូជីន