ឯកសាររបស់ក្រសួងការបរទេសដែលត្រូវបានលាតត្រដាងកាលពីពេលថ្មីៗនេះបង្ហាញថាសហរដ្ឋអាមេរិកបានស្វះស្វែងឲ្យមានការដកតំណែងបេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសភូមា។ ទូរលេខសម្ងាត់ថ្មីៗមួយចំនួនដែលត្រូវបានចេញផ្សាយដោយសកម្មជននៃគេហទំព័រ WikiLeaks ក៏បានចងក្រងឯកសារស្តីពីការមិនសប្បាយចិត្តរបស់ប្រទេសចិនជាមួយក្រុមឧត្តមសេនីយ៍របស់ភូមានិងពាក្យចចាមអារ៉ាមអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងជាមួយភូមា។
នៅក្នុងទូរលេខមួយកាលពីឆ្នាំ២០០៨លោកស្រី Condoleeza Rice អតីតរដ្ឋមន្ត្រីការបរទេសបានស្នើសុំស្ថានបេសកកម្មរបស់សហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ ឲ្យសុំដកតំណែងលោក Ibrahim Gambari ដែលជាប្រេសិតពិសេសរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រចាំនៅភូមា។
នៅក្នុងចំណុចសម្រាប់ពិភាក្សាមួយចំនួនដែលត្រូវពាំនាំទៅជូន លោកអគ្គលេខាធិការ បាន គីមូន ឬអគ្គលេខាធិការរងរបស់លោក ទូរលេខនេះបានសុំឲ្យមានការបញ្ចប់«ប្រកបដោយកិត្តិយស»នូវមុខតំណែងរបស់លោក Gambari។
ទូរលេខនេះបានដកស្រង់នូវអ្វីដែលហៅថាជាភាពគ្មានការរីកចម្រើនសោះរបស់លោក Gambari ទៅលើបញ្ហាសំខាន់ៗនៅភូមាពោលគឺការចរចារវាងរដ្ឋាភិបាលនិងគណបក្សប្រឆាំង ជាពិសេស លោកស្រី អ៊ុង សានស៊ូគ្យី ព្រមទាំងការដោះលែងអ្នកទោសនយោបាយជាដើម។ ទូរលេខនេះបានឲ្យដឹងថាការបរាជ័យមួយចំនួនដែលមិនបានធ្វើឲ្យមានការរីកចម្រើន ត្រូវបានចាត់ទុកថាជាលទ្ធផលនៃភាពដាច់អហង្ការបស់របបនេះ ប៉ុន្តែថាលោក Gambari មិនបានដាក់សម្ពាធទៅលើក្រុមឧត្តមសេនីយ៍ឲ្យបានខ្លាំងក្លា តាមដែលលោកអាចធ្វើទៅបាននោះឡើយហើយថា លោកមានសុទិ្ទដិ្ឋនិយមមិនប្រាកដប្រជាអំពីទស្សនៈវិស័យចំពោះការផ្លាស់ប្តូរនៅភូមា។
លោក Gambari ត្រូវបានផ្លាស់ភារកិច្ចកាលពីមួយឆ្នាំមុន ទៅធ្វើជាប្រធានបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងសហភាពអាហ្វ្រិក នៅតំបន់ Darfur។
ទូរលេខនេះក៏បានដកស្រង់ពីការបាត់បង់ការជឿទុកចិត្តលើលោក Gambari ពីក្រុមចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅភូមាដែរ។ តាមពិត មេដឹកនាំគណបក្សប្រឆាំងបានរិះគន់លោក Gambari ជារឿយៗថាគ្មានប្រសិទ្ធភាពក្នុងការជំរុញបុព្វហេតុសិទិ្ធមនុស្ស។
នៅពេលត្រូវបានទាក់ទងនៅឯតំបន់ Darfur ដោយវីអូអេ លោក Gambari បានបដិសេធមិនធ្វើអត្ថាធិប្បាយដោយផ្ទាល់ទៅលើទូរលេខនេះទេ។ តែទោះយ៉ាងណាលោកបានគូសបញ្ជាក់ថា លោកនៅតែកាន់មុខតំណែងរយៈពេលមួយឆ្នាំកន្លះទៀតបន្ទាប់ពីមានសំណើររបស់លោកស្រីរ៉ាយ៍ រដ្ឋមន្ត្រីការបរទេសមុនពេលទៅកាន់ការងារដែលមានភាពលេចធ្លោជាងមុនទៅទៀត។ លោកក៏បានអះអាងថាបានទទួលកិត្តិយសដោយផ្នែកពីការដោះលែង លោកស្រីអ៊ុង សានស៊ូគ្យី ពីការឃុំឃាំងក្នុងផ្ទះកាលពីខែមុនដោយបានថ្លែងថា ការដោះលែងនោះបានមកដោយសារតែមូលដ្ឋានគ្រឹះដែលលោកបានធ្វើឡើងនៅក្នុងកិច្ចប្រជុំនៅភូមា ដែលត្រូវបាន ស្គាល់ថាជា ប្រទេសមីយ៉ាន់ម៉ានោះ។
«វាច្បាស់ណាស់ថា មូលដ្ឋានគ្រឹះនោះមួយផ្នែក គឺជាលទ្ធផលនៃការងារយ៉ាងច្រើន ដែលត្រូវបានធ្វើឡើងមុនពេលការដោះលែង ដូចអ្នកបានជ្រាបហើយថា មានរាប់បញ្ចូលទាំងការជួបគ្នាចំនួន៨លើក រវាងរូបខ្ញុំផ្ទាល់ និងលោកស្រី នៅក្នុងការជួបប្រជុំចំនួន៨ដងផ្សេងៗគ្នា និងការជួបគ្នាចំនួន១០ដងជាមួយមេដឹកនាំជាន់ខ្ពស់មីយ៉ាន់ម៉ា»។
ទូរលេខនេះជាទូរលេខមួយក្នុងចំណោមសារទំនាក់ទំនងការទូតមួយស៊េរីចុងក្រោយបំផុតដែលទទួលបាននិងចេញផ្សាយដោយWiliLeaks។
ទូរលេខដែលលេចធ្លាយមួយទៀតចុះកាលបរិច្ឆេទថ្ងៃទី១៨ ខែមករា ឆ្នាំ២០០៨ បានឲ្យដឹងថាប្រទេសចិន ក៏បានអស់ភាពអត់ធ្មត់ជាមួយអ្នកដឹកនាំរបស់ភូមាដែរ។ ទូរលេខនេះបានដកស្រង់សម្តីឯកអគ្គរដ្ឋទូតចិនប្រចាំនៅភូមាដោយនិយាយថាភាពដាច់អហង្ការបស់ក្រុមឧត្តមសេនីយ៍ បានកំពុងធ្វើឲ្យសភាពការណ៍អាក្រក់ស្រាប់ កាន់តែធ្ងន់ធ្ងរឡើង។ លោកឯកអគ្គរដ្ឋទូតបានប្រាប់ភារៈធារីសហរដ្ឋអាមេរិកថាការភ័យខ្លាចបាត់បង់អំណាចនិងផលប្រយោជន៍សេដ្ឋកិច្ច អាចជាអ្វីដែលធ្វើឲ្យក្រុមឧត្តមសេនីយ៍ទាំងនេះគេចចេញពីតុចរចា។
ទូរលេខកាលពីខែកក្កដា ឆ្នាំ២០០៨ បានផ្តល់ទស្សនៈដ៏ម៉ឺងម៉ាត់ពីខាងរដ្ឋាភិបាលនិងក្រុមប្រឆាំង។ ទូរលេខនេះ បានឲ្យដឹងទៀតថាក្រុមឧត្តមសេនីយ៍ បន្តតោងអំណាចតាមរយៈប្រព័ន្ធដ៏ទូលំទូលាយនៃការឧបត្ថម្ភសេដ្ឋកិច្ចដែលប្រដូចទៅនឹងក្រុមជនអន្ធពាល ឬម៉ាហ្វីយ៉ា។ ទូរលេខនេះបានបញ្ជាក់ថាពាក្យចចាមអារ៉ាមស្តីពីការបែកបាក់នៅថ្នាក់លើនៃរដ្ឋាភិបាលយោធា បានចេញពីអ្វីដែលទូរលេខនេះបានពិពណ៌នាថាជាការវិភាគគ្មានប្រភពព័ត៌មាន និងជាការគិតដែលមិនអាចទៅរួចពីសំណាក់ក្រុមនិរទេសជាតិភូមានិងអ្នកសង្កេតការណ៍ខាងក្រៅប្រទេស។ ទូរលេខនេះបានថ្លែងថាខណៈដែលមានការមិនចុះសម្រុងគ្នាមួយចំនួន ឧត្តមសេនីយ៍ទាំងនេះនៅរួមគ្នាដោយសារតែផលប្រយោជន៍ផ្ទាល់ខ្លួនពួកគេ។
ប៉ុន្តែ មានការបែកបាក់គ្នាដែរនៅក្នុងចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ភូមា។ ទូរលេខក៏បានឲ្យដឹងដែរថាខណៈដែលលោកស្រីអ៊ុង សានស៊ូគ្យី មានប្រជាប្រិយភាពយ៉ាងខ្លាំងតែ គណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (National League for Democracy) របស់លោកស្រី មិនមានកម្រិតដូចលោកស្រីទេ។ ទូរលេខបានបញ្ជាក់ដែរថាមនុស្សជំនាន់ក្រោយ មិនសប្បាយចិត្តជាមួយនឹងគណបក្សនេះដែលអនុវត្តតាមឋានានុក្រមយ៉ាងតឹងរ៉ឹង និងគ្រប់គ្រងដោយសកម្មជនវ័យចំណាស់ ដែលខកខានមិនបានស្តាប់គំនិតរបស់សកម្មជនក្មេងៗរបស់ពួកគេ។
លោកស្រី អ៊ុង សានស៊ូគ្យី ត្រូវបានដោះលែងពីការឃុំឃាំងក្នុងផ្ទះរយៈពេល៧ឆ្នាំ កាលពីខែមុន ក្រោយពីការបោះឆ្នោត។ គណបក្សរបស់លោកស្រី បានធ្វើពហិការមិនចូលរួមការបោះឆ្នោតដែលក្រុមអ្នករិះគន់និយាយថា ត្រូវបានរៀបចំដើម្បីធានាឲ្យមានសម្លេងភាគច្រើនសម្រាប់ក្រុមឧត្តមសេនីយ៍។ តែទោះយ៉ាងណាការសម្រេចចិត្តបែបនោះត្រូវបានរិះគន់ពីសំណាក់សមាជិកគណបក្សវ័យក្មេងមួយចំនួនហើយសកម្មជនវ័យក្មេងដែលអាក់អន់ចិត្តមួយចំនួនបានផ្តាច់ចេញពីគណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ហើយបានចូលរួមការបោះឆ្នោត។
ឯកសាររបស់គេហទំព័រWikiLeaks ក៏បានលើកឡើងពីលទ្ធភាពនៃសហប្រតិបត្តិការនុយក្លេអ៊ែរកូរ៉េខាងជើងនិងការជួយឧបត្ថម្ភកម្មវិធីកាំជ្រួចទៅឲ្យភូមា។ តែទោះយ៉ាងណានៅក្នុងទូរលេខ មិនបានផ្តល់ការអះអាងច្បាស់លាស់ពីរបាយការណ៍ទាំងនោះទេ៕
ប្រែសម្រួលដោយ លី សុខឃាង