ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហ​រដ្ឋ​អាមេរិក​ដាក់​បំរាម​លើការ​នាំចូល​ផលិត​ប្រេង​ដូង​ម៉ាឡេស៊ី


រូបឯកសារ៖ កម្មករម្នាក់កំពុងបេះដូងប្រេងនៅចម្ការដូងប្រេងមួយកន្លែងនៅទីក្រុង Klang ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។
រូបឯកសារ៖ កម្មករម្នាក់កំពុងបេះដូងប្រេងនៅចម្ការដូងប្រេងមួយកន្លែងនៅទីក្រុង Klang ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។

សហរដ្ឋអាមេរិក​ដាក់​បម្រាម​លើការ​នាំ​ចូល​ដូង​ប្រេស​របស់​ម៉ាឡេស៊ី​ ដោយសារ​ក្រុមហ៊ុន​ប្រេងដូង Sime Darby ​របស់​ប្រទស​នេះ ​ប្រើ​កម្លាំង​ពលកម្ម​ដោយ​បង្ខំ​ដើម្បី​ផលិត​ប្រេងដូង។

ដោយ​លើក​ឡើង​ពី​ការ​ចោទ​ប្រកាន់​ប្រើប្រាស់​កម្លាំង​ពលកម្ម​ដោយ​បង្ខំ សហ​រដ្ឋ​អាមេរិក​បាន​ប្រកាស​ថា ​ខ្លួន​បាន​ហាម​ឃាត់​ការ​នាំចូល​ប្រេងដូង​ពី​ក្រុម​ហ៊ុន​ម៉ាឡេស៊ី​ ឈ្មោះ Sime Darby Plantation Berhad។

ទីភ្នាក់​ងារ​គយ​និង​ការពារ​ព្រំដែន ​(CBP) របស់​សហរដ្ឋ​អាមេរិក ​កាល​ពីថ្ងៃទី​៣០ ​ខែធ្នូ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ​ដោយ​និយាយ​ថា ខ្លួន​បាន​ចេញ​បទបញ្ជា​ដក​ហូត​ទុក​ដែល​អនុញ្ញាត​ឱ្យ​ទីភ្នាក់ងារ​នេះ ​រារាំង​ការ​ដឹក​ជញ្ជូន​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក​នៃ​ផលិត​ផល​ប្រេង​ដូង​របស់​ក្រុម​ហ៊ុន​សៀម ដាប៊ី (Sime Darby) ​ដែល​ផលិត​ដោយ​កម្លាំង​ពលកម្ម​ដោយ​បង្ខំ។​

លោក Mark A. Morgan ស្នងការ​ស្តីទី​នៃ​ភ្នាក់ងារ​គយ​និង​ព្រំដែន បាន​មាន​ប្រសាសន៍​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា «ការចេញ​សេចក្តី​បង្គាប់​ឱ្យឃាត់​ទុក​នេះ​បង្ហាញ​ពីសារៈ​សំខាន់​ចាំបាច់​ សម្រាប់​ជនជាតិ​អាមេរិក​ដើម្បី​ស្រាវជ្រាវ​ប្រភព​ដើម​នៃ​ផលិតផល​ប្រចាំ​ថ្ងៃ​ដែល​ពួក​គេ​ទិញ»។

អតិថិជន​អាមេរិក​អាច​ជួយ​បញ្ចប់​ទាសភាព​សម័យ​ទំនើប​ ដោយ​ជ្រើសរើស​ទិញ​ផលិតផល​ដែល​ពួកគេ​ដឹង​ថា​ មាន​លក្ខណៈ​ក្រម​សីលធម៌​និង​ប្រើ​ធនធាន​មនុស្ស​ដោយ​មនុស្ស​ធម៌។​

ប្រេង​ដូង​ត្រូវ​បាន​ប្រើនៅ​ក្នុង​ផលិត​ផល​ជាច្រើន​ពី​អាហារ​រហូត​ដល់​គ្រឿង​សម្អាង​និង​រហូត​ដល់​ចំហេះ។ ប្រទេស​ឥណ្ឌូនេស៊ី​និង​ម៉ាឡេស៊ី​ ជា​អ្នកនាំ​ចេញ​ប្រេងដូង​ដ៏​សំខាន់​ដែល​ជា​ផលិត​កម្មត្រូវបាន​ស្តីបន្ទោស​ថា​នាំឲ្យ​មាន​ការកាប់​បំផ្លាញ​ព្រៃ​ឈើ។​

បណ្តាញ​ទូរទស្សន៍​ខ្សែកាប CNN រាយការណ៍ថា ​សហ​រដ្ឋ​អាមេរិក​បាននាំ​ចូល​ប្រេង​ដូង​ឆៅ​ គិត​ជាទឹក​ប្រាក់​ប្រមាណ​ ៤១០ ​លាន​ដុល្លារ​ ពី​ប្រទេស​ម៉ាឡេស៊ី​ក្នុង​ឆ្នាំ​សារ​ពើពន្ធ ២០២០។​

អ្នកស្រី​ Ana Hinojosa នាយិកា​នៃ​នាយកដ្ឋាន​ពង្រឹង​ច្បាប់​ពាណិជ្ជកម្ម​របស់​ទីភ្នាក់ងារ​គយ​និង​ព្រំដែន ​បាន​ប្រាប់ CNN ថា៖ «ប្រេងដូង​គឺជាគ្រឿង​ផ្សំ​នៅក្នុង​ផលិតផល​ជា​ច្រើន ​ដែល​អតិថិជន​អាមេ រិក​ ទិញ​និង​ប្រើប្រាស់​ ហើយខ្ញុំ​គិតថា​ វាមាន​សារៈ​សំខាន់​សម្រាប់​ក្រុមហ៊ុន​ផលិត​និង​អ្នកនាំចូល​ ត្រូវ​ដឹង​កន្លែង​ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការ​ប្រើ​កម្លាំង​ពលកម្ម​ដោយ​បង្ខំ​ និង​ទាម​ទារ​ឱ្យ​អ្នកផ្គត់ផ្គង់​របស់ពួក​គេ​ប្រកាន់​ខ្ជាប់ ដើម្បី​ការពារ​សិទិ្ធ​មនុស្ស​របស់​កម្មករ​របស់ពួក​គេ»។​

ក្រុមហ៊ុន Sime Darby មិន​បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​ការ​ប្រកាស​ការហាមឃាត់​នោះ​ទេ។ នេះ​ជា​ក្រុមហ៊ុន​ទី ​៣ ​របស់​ម៉ាឡេស៊ី​នៅឆ្នាំនេះ​ ដែល​ត្រូវបាន​ហាមឃាត់​ដោយ​អាជ្ញាធរ​សហ​រដ្ឋ​អាមេរិក​ ដោយសារ​មាន​ការ​ចោទ​ប្រកាន់​ពីការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ដោយ​បង្ខំ៕

ប្រែ​សម្រួល​ដោយ​ពីន ស៊ីសុវណ្ណ

XS
SM
MD
LG