ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព្រឹទ្ធសភា​​ស.រ.អា​​អនុម័ត​​ការ​​ពិនិត្យ​​សើរើ​​មើល​​កិច្ច​​ព្រម​ព្រៀង​​នុយ​ក្លេ​អ៊ែរ​​ជា​​មួយអ៊ីរ៉ង់


នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក​Benjamin Netanyahu ធ្វើប្រធាន​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្រ្តី​ប្រចាំ​សប្តាហ៍ នៅ​ក្នុង​ក្រុង​Jerusalem នៅ​ថ្ងៃ​អាទិត្យ ទី២៩ ​ខែមិនា​ ឆ្នាំ២០១៥។

ព្រឹទ្ធសភា​ស.រ.អា​បាន​អនុម័ត​ច្បាប់​បើក​ឲ្យ​រដ្ឋសភា​មាន​សិទ្ធិ​អាច​ធ្វើ​ការ​ពិនិត្យ​សើរើ​មើល​ ហើយ​អាច​ធ្វើ​ការ​ប្រឆាំង​ជំទាស់​និង​កិច្ច​ព្រមព្រៀង​អន្តរជាតិ​ផ្តាច់ព្រាត់​ណា​មួយ​ដែល​មាន​គោល​បំណង​កាត់​បន្ថយ​កម្មវិធី​អភិវឌ្ឍន៍​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់។​

ព្រឹទ្ធសភា​បាន​បោះ​ឆ្នោត​ដោយ​សម្លេង​ ៩៨​ ទល់​និង​ ១​ លើ​ច្បាប់​ដែល​ឥឡូវ​នេះ​ត្រូវ​បញ្ជូន​ទៅ​សភា​តំណាងរាស្រ្ត​ ដើម្បី​ឲ្យ​ធ្វើ​ការ​ពិចារណា​នៅ​សប្តាហ៍​ក្រោយ​ទៀត។​

ពី​ដំបូង​លោក​ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា​បាន​ប្រឆាំង​នឹង​ការ​ពិនិត្យ​សើរើ​មើល​របស់​រដ្ឋសភា​នូវ​កិច្ច​ព្រមព្រៀង​ដែល​សរអា​និង​ប្រទេស​មហាអំណាច​ ៥​ ទៀត​កំពុង​ធ្វើ​ការ​ចរចា​ជា​មួយ​ក្រុង​តេរ៉ង់​ (Tehran)​ ដើម្បី​កាត់​បន្ថយ​សមត្ថភាព​របស់​អ៊ីរ៉ង់​ ក្នុង​ការ​អភិវឌ្ឍន៍​អាវុធ​ នុយក្លេអ៊ែរ​មួយ។​ តែ​លោក​បាន​ថ្លែង​ថា​ លោក​នឹង​ចុះ​ហត្ថលេខា​លើ​សេចក្តី​ព្រាង​ច្បាប់​បច្ចុប្បន្ន​ បើ​សិន​ជា​រដ្ឋសភា​ផ្តល់​សេចក្តី​អនុម័ត​ផ្តាច់ព្រាត់​របស់​ខ្លួន។​

ច្បាប់​នេះ​នឹង​ទុក​ពេល​ ៣០​ថ្ងៃ​ ជូន​រដ្ឋសភា​ដើម្បី​ធ្វើ​ការ​ពិនិត្យ​សើរើ​មើល​កិច្ច​ព្រម​ព្រៀង​គ្នា​ ហើយ​បើ​មាន​សេចក្តី​សម្រេច​សភា​អាច​ប្រឆាំង​ជំទាស់​និង​កិច្ច​ព្រម​ព្រៀង​នេះ​បាន។​

ក្រុង​តេរ៉ង់​ បាន​សម្រេច​កិច្ច​ព្រមព្រៀង​ជា​គោលការណ៍​ឬ​ជា​គម្រោង​មួយ​ជា​មួយ​ប្រទេស​មហា​អំណាច​ ៦​ កាល​ពី​ខែ​មុន​ ហើយ​ក្រុម​អ្នក​ចរចា​បាន​ដាក់​កម្រិត​ថ្ងៃ​ទី​៣០​ ខែ​មិថុនា​ខាង​មុខ​ដើម្បី​សម្រេច​កិច្ច​ព្រមព្រៀង​ផ្តាច់ព្រាត់​មួយ៕

XS
SM
MD
LG