លោកស្រី Jill Biden ភរិយាប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រារព្ធការចូលជាសមាជិកឡើងវិញរបស់សហរដ្ឋអាមេរិកនៅក្នុងអង្គការយូណេស្កូ (UNESCO) បន្ទាប់ពីសហរដ្ឋអាមេរិកបានដកខ្លួនចេញពីសមាជិកភាពរបស់អង្គការនេះអស់រយៈពេល ៥ ឆ្នាំមក នៅចំពេលមានក្ដីបារម្ភថា អវត្តមានរបស់សហរដ្ឋអាមេរិកនៅក្នុងអង្គការនេះអាចធ្វើឱ្យប្រទេសចិនដឹកមុខក្នុងផ្នែកសំខាន់ៗដូចជាបច្ចេកវិទ្យា AI និងការអប់រំផ្នែកបច្ចេកវិទ្យាជាដើម។
លោកស្រី Biden បាននិយាយនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំងថា៖ «ខ្ញុំមានកិត្តិយសដែលបានចូលរួមជាមួយអ្នកនៅថ្ងៃនេះ នៅពេលដែលយើងបង្ហូតទង់ជាតិសហរដ្ឋអាមេរិក ដែលជានិមិត្តរូបនៃការតាំងចិត្តរបស់យើងចំពោះកិច្ចសហការនិងសន្តិភាពសាកលលោក»។ លោកស្រី Biden ថ្លែងដូច្នេះ នៅពេលដែលទង់ជាតិសហរដ្ឋអាមេរិកត្រូវបានបង្ហូតឡើងអមជាមួយនឹងទង់ជាតិនៃប្រទេសចំនួន ១៩៣ ផ្សេងទៀតនៅក្រោមស្រមោលនៃប៉មតួអេហ្វែល (Eiffel Tower)។
ឫសគល់នៃការដកខ្លួនចេញរបស់សហរដ្ឋអាមេរិកពីអង្គការយូណេស្កូនេះគឺមានតាំងពីឆ្នាំ ២០១១ មកម៉្លេះ នៅពេលដែលអង្គការយូណេស្កូផ្ដល់សមាជិកភាពពេញលេញដល់ដែនដីប៉ាឡេស្ទីនដូចប្រទេសដទៃទៀត។ អង្គការសហប្រជាជាតិមិនចាត់ទុកប៉ាឡេស្ទីនថា ជាប្រទេសនោះទេ។ ការផ្ដល់សមាជិកភាពពេញលេញដល់ប៉ាឡេស្ទីននេះបាននាំឱ្យរដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិកលោក Barrack Obama បង្កកការរួមចំណែកថវិការបស់សហរដ្ឋអាមេរិកចំពោះអង្គការយូណេស្កូ ដែលការរួមចំណែកនេះគឺមានចំនួនប្រហែលមួយភាគប្រាំនៃថវិការបស់អង្គការយូណេស្កូទាំងអស់។
កាលពីឆ្នាំ២០១៧ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានលើកឡើងអំពី «បំណុលដែលនៅសល់កើនឡើងនៅឯអង្គការយូណេស្កូ តម្រូវការនៅក្នុងការធ្វើកំណែទម្រង់មូលដ្ឋាននៅក្នុងអង្គការយូណេស្កូ និងការរើសអើងប្រឆាំងនឹងអ៊ីស្រាអែលជាបន្តនៅក្នុងអង្គការយូណេស្កូ» ថា ជាមូលហេតុនៅក្នុងការចាកចេញទាំងស្រុងរបស់សហរដ្ឋអាមេរិកពីអង្គការនេះនៅឆ្នាំបន្ទាប់៕