ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ទូត​អាមេរិក​នៅ​វៀតណាម​ត្រូវ​ប៉ូលិស​បំពាន​ ​ពេល​សួរ​សុខទុក្ខ​អ្នកប្រឆាំង


លោក​ គ្រីស្ទាន​ ម៉ាឆានត៍​ (Christian Marchant) មន្រ្តី​ទទួល​បន្ទុក​ផ្នែក​នយោបាយ​នៃ​ស្ថានទូត​អាមេរិក​​នៅ​ប្រទេស​វៀតណាម។
លោក​ គ្រីស្ទាន​ ម៉ាឆានត៍​ (Christian Marchant) មន្រ្តី​ទទួល​បន្ទុក​ផ្នែក​នយោបាយ​នៃ​ស្ថានទូត​អាមេរិក​​នៅ​ប្រទេស​វៀតណាម។

ក្រសួងការ​បរទេស​សហរដ្ឋអាមេរិកឲ្យ​ដឹង​ថា​ ខ្លួន​បាន​ដាក់ពាក្យ​តវ៉ា​យ៉ាង​ខ្លាំង​មួយ​ទៅ​នឹង​រដ្ឋាភិបាល​វៀតណាម​ ចំពោះ​ការណ៍​ដែល​ប៉ូលិស​បំពាន​ទៅ​លើ​អ្នកការទូត​អាមេរិក​មួយ​រូប​ ក្នុង​ប្រទេស​វៀតណាម។

Dave Gollust អ្នក​យក​ព័ត៌មាន​របស់​ វីអូអេ​រាយការណ៍​រឿង​នេះ​ក្រសួង​ការ​បរទេស​មក​ថា​ ​មន្រ្តី​ការទូត​អាមេរិក​រូប​នោះ​បាន​ព្យាយាម​ទៅ​សួរ​សុខទុក្ខ​ជន​ប្រឆាំង​ជាតិ​វៀតណាម​ដ៏​ល្បី​មួយ​រូប​ នៅ​កណ្តាល​ក្រុង​ វ៉េ (Hue)។

ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ឲ្យ​ដឹង​ថា​ ខ្លួន​បាន​ដាក់ពាក្យ​តវ៉ា​យ៉ាង​ខ្លាំង​មួយ​ទៅ​ក្រសួង​ការបរទេស​វៀតណាម​នៅ​ទីក្រុង​ហាណូយ​ និង​ស្ថានទូត​វៀតណាម​នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីងតោន​ ចំពោះ​ហេតុការណ៍​ដែល​មន្រ្តី​ការទូត​អាមេរិក​ម្នាក់​ បាន​រងរបួស​នៅ​ក្នុង​ជម្លោះ​មួយ​ជាមួយ​ប៉ូលិស​ក្នុង​ទីក្រុង​ វ៉េ។

ក្រុម​មន្រ្តី​នៅ​សហរដ្ឋអាមេរិក​ នៅ​កំពុង​ប្រមូល​ព័ត៌មាន​លម្អិត​អំពី​ហេតុការណ៍​នោះ​នៅ​ឡើយ​ ក៏ប៉ុន្តែ​ ពួកគេ​និយាយថា​ លោក​ គ្រីស្ទាន​ ម៉ាឆានត៍​ (Christian Marchant) មន្រ្តី​ទទួល​បន្ទុក​ផ្នែក​នយោបាយ​នៃ​ស្ថានទូត​អាមេរិក​ ត្រូវ​បាន​ប៉ូលិស​វាយដំ​ ក្នុង​ពេល​ដែល​លោក​ព្យាយាម​ទៅ​សួរ​សុខទុក្ខ​លោក​សង្ឃរូម៉ាំង​កាតូលិក​ និង​ជន​ប្រឆាំង​ លោក​ថាដឹស​ ងឿន​ វ៉ាន់​ លី​ (Thadeus Nguyen Van Ly) ដែល​កំពុង​ជាប់​ឃុំ​ ក្នុង​ផ្ទះ​នៅ​ទីក្រុង​វ៉េ។

ព័ត៌មាន​រាយការណ៍​ពី​ទីក្រុង​ហាណូយ​បាន​ឲ្យ​ដឹង​ថា​ មន្រ្តី​ស្ថានទូត​រូបនេះ​ ត្រូវ​គេ​បិទទ្វារឡាន​គាប​ជើង​របស់​លោក​ជា​ច្រើន​លើក​ ក្នុង​ពេល​ដែល​លោក​ បាន​ព្យាយាម​ ទៅ​សួរ​សុខទុក្ខ​ លោកលី​ ជន​ប្រឆាំង​ដ៏ល្បី​ឈ្មោះ​ម្នាក់​របស់​វៀតណាម។

នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាន​មួយ​ លោក​ ម៉ាក​ ថូនណឺរ​ (Mark Toner)​ អ្នកនាំពាក្យ​ស្តីទី​ក្រសួង​ការបរទេស​អាមេរិក​ បាន​មាន​ប្រសាសន៍​ថា​ លោក​ម៉ាឆានត៍​ បាន​រងរបួស​ស្រាល​ និង​មិន​អាច​ដើរ​ត្រង់​បាន​ ក្រោយពី​ហេតុការណ៍​ដែល​បាន​កើត​ឡើង​កាលពី​ថ្ងៃពុធ​នោះ។

«មាន​ហេតុការណ៍​មួយ​បាន​កើត​ឡើង​ ហើយ​លោក​គ្រីស្ទាន​ ម៉ាឆានត៍​មន្រ្តី​ការទូត​អាមេរិក​ បាន​រងរបួស​។ របួស​នោះ​មិន​ធ្ងន់ធ្ងរ​ទេ​ ក៏ប៉ុន្តែ​ លោក​បាន​រងរបួស​ក្នុង​ហេតុការណ៍​នោះ​។ យើង​បាន​ដាក់​ពាក្យ​តវ៉ា​ជាផ្លូវការ​យ៉ាងខ្លាំង​មួយ​ ទៅ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​នៅទីក្រុង​ហាណូយ​ និង​ស្ថានទូត​វៀតណាម​នៅ​ទីក្រុង​វ៉ាស៊ីងតោន​នេះ»។

ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​ហាណូយ​ បាន​ហៅ​ហេតុការណ៍​នោះ​ថា​ជា​បញ្ហា​ដ៏​គួរឲ្យ​ព្រួយ​បារម្ភ​មួយ​ ហើយ​លោក​បាន​និយាយ​ថា​ រដ្ឋាភិបាល​ម្ចាស់​ផ្ទះ​ ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​សុវត្ថិភាព​ និង​សន្តិសុខ​របស់​បុគ្គលិក​ការទូត​នៅ​ក្រោម​អនុសារណៈ​ទីក្រុង​វីយ៉េន​ ឆ្នាំ១៩៦១​ ស្តីអំពី​ទំនាក់ទំនង​ការទូត។

ស្រ្តី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​វៀតណាម​មួយរូប​បាន​ថ្លែង​ថា​ រដ្ឋាភិបាល​ទីក្រុង​ហាណូយ​ កំពុង​ត្រួតពិនិត្យ​មើល​អំពី​បញ្ហា​នេះ​ ដោយ​លោកស្រី​បាន​និយាយ​បន្ថែមថា​ មន្រ្តី​ការទូត​បរទេស​ ត្រូវតែ​គោរព​ទៅតាម​ច្បាប់​របស់​ប្រទេស​ម្ចាស់ផ្ទះ។

ក្នុង​វ័យ​៦៣ឆ្នាំ​ លោក​លី​ ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ ៨ឆ្នាំ​ នៅ​ក្នុង​ឆ្នាំ២០០៧​ ពីបទ​ព្យាយាម​បំផ្លាញ​រដ្ឋាភិបាល​កម្មុយនីស្ត​វៀតណាម​ ក៏ប៉ុន្តែ​ កាលពី​ឆ្នាំមុន​លោកត្រូវ​បានដោះលែង​ឲ្យ​នៅ​ក្រៅឃុំ​ដោយសារ​មាន​បញ្ហា​សុខភាព​ ហើយ​លោក​ត្រូវ​បាន​ដាក់​ឲ្យ​ជាប់​ឃុំ​ក្នុង​ផ្ទះ។

សហរដ្ឋអាមេរិក​ បាន​រិះគន់​ ជា​រហូត​មក​អំពី​ប្រវត្តិ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​វៀតណាម។

សហរដ្ឋអាមេរិក​បាន​សរសើរ​ដល់​ប្រទេស​វៀតណាម​ក្នុងការ​បន្ធូរបន្ថយ​ដល់​ការដាក់​បម្រាម​លើ​ក្រុម​សាសនា​ ក៏ប៉ុន្តែ​កាល​ពី​ពេល​ថ្មីៗ​នេះ​ ស្ថានទូត​អាមេរិក​ក្នុង​ទីក្រុង​ហាណូយ​បាន​ឲ្យ​ដឹង​ថា​ ការចាប់ខ្លួន​ និង​ការផ្តន្ទាទោស​ពលរដ្ឋ​ដែល​បាន​បញ្ចេញ​ទស្សនៈ​អំពី​នយោបាយ​ដោយ​សន្តិវិធី​ បាន​កើន​ឡើង។

ក្នុង​ពេល​ថ្មីៗ​នេះ​ ទំនាក់ទំនង​នយោបាយ​រវាង​សហរដ្ឋអាមេរិក​ និង​វៀតណាម​មាន​ភាពតានតឹង​។ ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋអាមេរិក​ ហ៊ីលឡារី​ គ្លីនតិន​ ទៅ​ប្រទេស​វៀតណាម​ កាលពី​ចុង​ខែតុលា​ទៅ​ចូលរួម​ជំនួប​កំពូល​អាស៊ីបូព៌ា​ ជាដំណើរ​ទស្សនៈកិច្ច​លើក​ទីពីររបស់​លោកស្រី​ទៅ​ប្រទេស​នេះ​ក្នុង​រយៈពេល​បួន​ខែ៕

ប្រែសម្រួល​ដោយ​ លី ម៉ូរីវ៉ាន់

XS
SM
MD
LG