វ៉ាស៊ីនតោន៖ ការប្រឆាំងតវ៉ា បានកើតមានឡើងនៅតាមរដ្ឋធានីរបស់រដ្ឋនានា នៅទូទាំងស.រ.អ. ដើម្បីថ្កោលទោសចំពោះវិធានការកាត់បន្ថយការចាយវាយរបស់សហព័ន្ធ ព្រមទាំងវិធានការប្រឆាំងសហជីពកម្មករ។
ក្រុមអ្នកតវ៉ាប្រឆាំងរាប់រយនាក់ បានស្រែកថា«យើងរួបរួមគ្នា រក្សាទុកសុបិន្ដ» នៅរង្វង់មូល Dupont Circle នារដ្ឋធានី វ៉ាស៊ីនតោន ដែលជាផ្នែកមួយនៃការតវ៉ាគាំទ្រសហជីពនៅទូទាំងប្រទេស។ អ្នកតវ៉ាប្រឆាំងម្នាក់ លោកស្រី Ellen Murphy និយាយថា លោកស្រីព្រួយបារម្ភអំពីសំណើសម្រាប់រដ្ឋជាច្រើនរបស់ក្រុមអភិបាលរដ្ឋដែលទើបតែត្រូវជាប់ឆ្នោតថ្មីៗ។ សំណើទាំងនោះនឹងបន្ថយសិទ្ធិនៃការចរចាគ្នារបស់សហជីពកម្មករសាធារណ:។
«អភិបាលរដ្ឋទាំងនោះចង់លុបចោលអ្វីៗទាំងអស់។ អស់លោក ចង់និយាយថា នែ! លោកអ្នកអាចជាសហជីពមួយបាន ក៏ប៉ុន្ដែលោកអ្នកមិនអាចធ្វើអ្វីបានទេ។ លោកអ្នកអាចពាក់អាវយឺតយ៉ាងសង្ហារដែលសរសេរថា សហជីពកម្មករនៅពីលើ ក៏ប៉ុន្ដែលោកអ្នកនឹងគ្មានសិទ្ធិទេ»។
លោក Jeff Blum អ្នកថ្លែងសុន្ទរកថាម្នាក់នៅវេទិកា មកពីក្រុមប្រជាជនសាមញ្ញ ដែលគាំទ្រសហជីពកម្មករ ឈ្មោះ US Action ឬសរអសកម្ម និយាយថា ក្រុមអ្នកប្រឆាំង គួរឆ្លៀតយកឱកាសនេះហើយប្រយុទ្ធតស៊ូដើម្បីឲ្យបានទទួលសិទ្ធិសហជីពកម្មករច្រើនថែមទៀតនៅក្នុងវិស័យឯកជនដែរ។
«ខ្ញុំចង់និយាយឲ្យខ្លាំងហើយច្បាស់ៗ។ នៅពេលដែលយើងមានសហជីពកម្មករដែលខ្លាំង សហជីពកម្មករនឹងធ្វើឲ្យសាជីវកម្មចែករំលែកទ្រព្យសម្បត្ដិរបស់គេ ជាមួយប្រជាពលរដ្ឋដែលបង្កើតទ្រព្យសម្បត្ដិនោះ ជាមួយអ្នកធ្វើការរបស់គេ មិនមែនត្រឹមតែធនាគារឹក ដែលលួចប្លន់ក្រុមហ៊ុន ហើយធ្វើឲ្យផែនដីកខ្វក់ប៉ុណ្ណោះទេ»។
លោករំលឹកក្រុមអ្នកតវ៉ាថា ដោយសារការខំព្យាយាមជាប្រវត្ដិសាស្ដ្ររបស់សហជីពកម្មករនេះឯងហើយ ដែលអ្នកធ្វើការភាគច្រើននៅឯការប្រជុំមហាជន បានឈប់សំរាកមួយថ្ងៃនៅថ្ងៃសៅរ៍។
រដ្ឋមួយដែលសំណើប្រឆាំងសហជីពកម្មករបានទាក់ទាញអារម្មណ៍ច្រើនជាងគេគឺរដ្ឋ Wisconsin ដែលនៅក្នុងរដ្ឋនោះលោក Scott Walker សមាជិកនៃគណបក្សសាធារណរដ្ននិយម ចង់អនុញ្ញាតឲ្យសហជីពកម្មករមានអំណាចចរចា តែនៅក្នុងករណីតម្លើងប្រាក់ខែមានកម្រិតតែប៉ុណ្ណោះ៕
ប្រែសម្រួលដោយ កង ស៊ីវន