ក្រុមមន្ត្រីរដ្ឋាភិបាល ក្រុមតស៊ូមតិ និងសេដ្ឋវិទូនៅសហរដ្ឋអាមេរិកកំពុងខ្នះខ្នែងរកដំណោះស្រាយ ដើម្បីកាត់បន្ថយអត្រានៃភាពក្រីក្រដ៏ខ្ពស់។ ការិយាល័យជំរឿនប្រជាពលរដ្ឋរបស់សហរដ្ឋអាមេរិកបានឲ្យដឹងថា កាលពីឆ្នាំមុន ចំនួនពលរដ្ឋអាមេរិកដែលក្រីក្រមានកម្រិតខ្ពស់បំផុត ចាប់តាំងពីគេបានប្រមូល ទិន្នន័យបែបនេះ កាលពី៥ទសវត្សរ៍មុន។
បើយោងតាមការិយាល័យជំរឿនប្រជាពលរដ្ឋ ពលរដ្ឋដែលរស់នៅក្នុងភាពក្រីក្រ នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០០៩ មានចំនួន១៤,៣ភាគរយ ដែលខ្ពស់ជាងឆ្នាំមុន ជិតមួយភាគរយ។
ទាក់ទងទៅនឹងតួលេខសរុប ការិយាល័យនេះបានឲ្យដឹងទៀតថា កាលពីឆ្នាំមុន ពលរដ្ឋចំនួន៤៣លាន៦សែននាក់បាន រស់នៅក្នុងភាពក្រីក្រ ដែលត្រូវបានកំណត់តាមរយៈប្រាក់ចំណូលប្រចាំឆ្នាំ ក្នុងចំនួនតិចជាង២ម៉ឺន២ពាន់ដុល្លារ សម្រាប់គ្រួសារមួយ ដែលមានសមាជិកបួននាក់។
លោក អេវីស ចូនស៍ ឌឺវីវើ (Avis Jones-DeWeever) នៃក្រុមប្រឹក្សាជាតិសម្រាប់ស្ត្រីស្បែកខ្មៅ National Council of Negro Women បានពិនិត្យមើលទិន្នន័យនេះយ៉ាងល្អិតល្អន់ដិតដល់ ហើយមានប្រសាសន៍ថា មនុស្សលើសពីម្នាក់ក្នុងចំណោមជនជាតិអាមេរិកាំងមានដើមកំណើតជាអាហ្វ្រិកនិងជនជាតិពូជអាមេរិកឡាទីន Amerique Latine (Hispanic) ចំនួន៤នាក់នៅសហរដ្ឋអាមេរិក រស់ក្នុងភាពក្រីក្រ ព្រមទាំងក្មេងម្នាក់ក្នុងចំណោមក្មេងចំនួន៥នាក់។
«និយាយឲ្យត្រង់ទៅ ស្ថិតិទាំងអស់នេះត្រូវការធ្វើជាការភ្ញាក់រឭកសម្រាប់សហរដ្ឋអាមេរិក។ ឥឡូវនេះ ពេលវេលាបានមកដល់ហើយ ដើម្បីធ្វើការប្រយុទ្ធប្រឆាំងទៅលើភាពក្រីក្រឲ្យបានខ្លាំងក្លាម្តងទៀត។ តាមពិត ភាពចាំបាច់នេះប្រហែលជាមានសារៈសំខាន់ជាងពេលណាៗទាំងអស់ បើយើងពិនិត្យមើល អ្វីដែលខ្ញុំចាត់ទុកថាជាកម្មវិធីការពារមិនឲ្យធ្លាក់ក្ររបស់យើង ដែលមានសភាពអាក្រក់»។
ប៉ុន្តែ នៅឯជំនួបប្រជុំរបស់ក្រុមអ្នកវិភាគស្តីពីភាពក្រីក្រ នៅទីក្រុងវ៉ាស៊ីនតោន នាអាទិត្យរាប់ពីថ្ងៃចន្ទទី១៦ ខែកញ្ញា លោកវ៉េឌ ហ៊ន (Wade Horn) នាយកក្រុមប្រឹក្សាពិគ្រោះយោបល់ឌឺល្លយធ៍ (Deloitte Consulting) បានព្រមានថា បរិយាកាសនយោបាយរបស់សហរដ្ឋអាមេរិកមិនបណ្ដាលឲ្យមានមុខចំណាយច្រើនថែមទៀតនោះឡើយ។
«ខ្ញុំមិនប្រាកដទេថា ឥឡូវនេះ យើងកំពុងស្ថិតក្នុងបរិបទនយោបាយ ដែលបរិបទនេះ ជាការធ្វើឲ្យយើងងាយនឹងជឿថា នឹងធ្វើឲ្យមុខចំណាយរបស់រដ្ឋាភិបាលកើនឡើងយ៉ាងខ្លាំងនោះទេ ។ តាមពិត បើយើងពិនិត្យមើលបំណុល និងឳនភាពថវិកា ខ្ញុំគិតថា យើងប្រហែលជាស្ថិតក្នុងដំណាក់កាលចាប់ផ្តើមបន្ថយមុខចំណាយរបស់រដ្ឋាភិបាល មិនមែនជាការពង្រីកមុខចំណាយរបស់រដ្ឋាភិបាលនោះទេ»។
លោកហ៊នបានអំពាវនាវឲ្យមានគោលនយោបាយសេដ្ឋកិច្ចដ៏មុតមាំរបស់រដ្ឋាភិបាល ដើម្បីបង្កើតឲ្យមានកំណើនការងារនៅក្នុងសង្កាត់ឯកជន ខណៈដែលកំពុងអនុវត្តយុទ្ធសាស្រ្តប្រឆាំងភាពក្រីក្រ។
អត្រានៃភាពក្រីក្រដ៏ខ្ពស់កើតមានឡើង ចំពេលដែលការគ្មានការងារធ្វើមានសភាពខ្ពស់ផងដែរ ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ចដែលបុរសគ្របដណ្តប់លើសលប់ ដូចជាសំណង់ និងរោងចក្រជាដើម។
លោក អេវីស ចូនស៍ដឺវីវើ នៃក្រុមប្រឹក្សាជាតិសម្រាប់ស្ត្រីស្បែកខ្មៅ និយាយថា ការណ៍នេះធ្វើឲ្យបញ្ហាស្តីពីសិទ្ធិស្មើគ្នាទាក់ទងទៅនឹងស្រី្តតម្រូវឲ្យមានការដោះស្រាយជាបន្ទាន់។
«ខ្ញុំពិតជាគិតថា វាជាការសំខាន់ដែលមនុស្សម្នាក់ៗពិនិត្យមើលថាស្ត្រីអាចធ្វើការបានល្អដូចម្តេចខ្លះ ពីព្រោះ នៅក្នុងគ្រួសារជាច្រើនដែលមានឪពុកនិងម្តាយផង ឥឡូវនេះស្ដ្រី ជាអ្នកធ្វើការងារ។ ដូច្នេះហើយ វាជាការសំខាន់ខ្លាំងណាស់ ដែលស្រ្តីទទួល ប្រាក់បៀវត្សរ៍ ស្មើគ្នានិងបុរស ទទួលប្រាក់បៀវត្សរ៍សមស្រប ពីព្រោះបៀវត្សរ៍នេះមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែដល់គ្រួសាររបស់ពួកគេទាំងមូលទៀតផង»។
លោកឡាដូណា ផាវេធី (LaDonna Pavetti) នៃមជ្ឈមណ្ឌលស្តីពីអទិភាពថវិកានិងគោលនយោបាយ (Center on Budget and Policy Priorities) មានប្រសាសន៍ថា រដ្ឋជាច្រើននៃសហរដ្ឋអាមេរិកបានផ្តួចផ្តើមកម្មវិធី ដើម្បីផ្តល់ប្រាក់ជាជំនួយ នៅក្នុងសង្កាត់ឯកជន ដោយទទួលបានជោគជ័យយ៉ាងធំធេង។
«អ្វីដែលយើងបានឃើញនៅក្នុងកម្មវិធីទាំងនេះ គឺថាវាមានប្រយោជន៍យ៉ាងធំធេង ជាពិសេសសម្រាប់មុខជំនួញខ្នាតតូច ។ ហើយអ្វីដែលបានកើតឡើងនៅក្នុងមុខជំនួញខ្នាតតូចទាំងនោះ គឺថាកម្មវិធីនេះអនុញ្ញាតឲ្យពួកគេមានលទ្ធភាពធ្វើឲ្យមុខជំនួញរបស់ពួកគេបន្តដំណើរការទៅមុខ នៅពេលដែលការបញ្ជាទិញថយចុះក៏ដោយ។ ហើយកម្មវិធីនេះអនុញ្ញាតឲ្យមុខជំនួញមួយចំនួនពង្រីកធំឡើង ហើយមុខជំនួញទាំងនោះ ពិតជាអាចបង្កើតការងារថ្មីៗថែមទៀត ជាមិនខាន»។
លោកផាវេធីនិយាយថា កម្មវិធីទាំងនេះជាច្រើនកំពុងអស់ថវិកា ហើយថាមនុស្សរាប់សែននាក់ ដែលមានការងារធ្វើ ប្រហែលត្រូវបាត់បង់ការងាររបស់ពួកគេ។
ប៉ុន្តែលោកនីកូឡា អេប៊ើស្តាដ (Nicholas Eberstadt) នៃវិទ្យាស្ថានសហគ្រាសអាមេរិកាំង (American Enterprise Institute )បានព្រមានកុំឲ្យចាត់ទុកការងារដែល រដ្ឋាភិបាលផ្តល់ប្រាក់ជំនួយទូទាត់ ថាជាផ្នែកអចិន្ត្រៃយ៍មួយ នៃសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។
«ប្រទេសអឺរ៉ុបខាងលិចជាច្រើនដែលបានអនុវត្តកម្មវិធីនេះមួយចំនួន ក្នុងរយៈពេលយូរ អ្នកឃើញកម្លាំងពលកម្មមិនមានការផ្លាស់ប្តូរ មិនមានភាពមិនបត់បែន ហើយនិងមានឧបសគ្គមិនឲ្យ កម្លាំងពលកម្មចូលធ្វើការងារបាន ដែលពិតជាកើតមានឡើងនៅទីនោះ។ ដូច្នេះខ្ញុំគិតថា អ្នកត្រូវតែប្រយ័ត្ន អំពីរឿងនេះ»។
លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា មានប្រសាសន៍ថា គោលនយោបាយសេដ្ឋកិច្ចរបស់លោក ដូចជាកម្មវិធីប្រាក់ចំណាយដើម្បីជំរុញឲ្យសេដ្ឋកិច្ចកើនឡើង កំពុងជួយពលរដ្ឋអាមេរកាំងជាច្រើនលាននាក់បន្ថែមទៀតឲ្យងើបផុតពីភាពក្រីក្រ។ លោកប្រធានាធិបតីបានបន្ទោសគោលនយោបាយ ដែលបានធ្វើឡើងដោយអ្នកកាន់តំណែងមុនលោក គឺអតីតប្រធានាធិបតី លោក ចច ដាប់បិលយូ ប៊ូស (George W. Bush) ពីការធ្វើឲ្យពលរដ្ឋអាមេរិកាំងជាច្រើននាក់មានការលំបាកផ្នែកសេដ្ឋកិច្ចនៅពេលបច្ចុប្បន្ននេះ។ ប៉ុន្តែ អ្នកសាធារណរដ្ឋនិយម ដែលជាក្រុមអ្នកជំទាស់ ថ្លែងថា ការចំណាយរបស់រដ្ឋាភិបាលដ៏ច្រើនលើសលប់បានធ្វើឲ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើងថែមទៀត។
តួលេខថ្មីៗនៃភាពក្រីក្រមានចេញ ក្នុងពេលប៉ុន្មានសប្តាហ៍មុនការបោះឆ្នោតសភា (Congress) ពាក់កណ្តាលអាណត្តិក្នុងខែវិច្ឆិកានេះ។
ប្រែសម្រួលដោយ លី សុខឃាង